មតិ​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​រិះគន់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​របស់​ប៉ូលិស​តាម​ដង​ផ្លូវ

ដោយ សេក បណ្ឌិត
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

រឿងរ៉ាវ​នៅ​ស្រុក​ខ្មែរ ធ្វើ​ឱ្យ​ពលរដ្ឋ ឈឺចាប់ កើតទុក្ខ ដេក​ភ័យ​ព្រួយ​នោះ បាន​កើត​មាន​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​នោះ​ទេ ពោល​គឺ​ចប់​ពី​មួយ​រឿង ចូល​ដល់​មួយ​រឿង​ទៀត។

ពួកគាត់​ថា សព្វថ្ងៃ​នេះ​ម្នាក់ៗ​កំពុងតែ​ភ័យ​រឿង​ជំងឺ​Covid-19 មិនទាន់​បាត់​ផង ឥឡូវ​ចូល​មក​រឿង​ភ័យ​នឹង​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ថ្មី ដែល​ប៉ូលិស​ចាប់​អ្នក​បើកបរ​ប្រើប្រាស់​យានយន្ត​មិន​ត្រឹមត្រូវ​តាមច្បាប់​ផាក​ពិន័យ​ថ្លៃ​ខ្ពស់​កប់​ពពក ហួស​ពី​សមត្ថភាព​ដែល​ពួកគាត់​អាច​ទទួល​ខុស​ត្រូវ​បាន។

តើ​នៅ​លើ​បណ្ដាញ​សង្គម មាន​ទិដ្ឋភាព​យ៉ាង​ដូចម្តេចខ្លះ​ក្នុងអំឡុងពេល​មន្ត្រី​ប៉ូលិស​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​តឹងទ្រូង​និយាយ​មិន​ចេញ ដោយ​មិន​ដឹង​ថ្លែងប្រាប់​អ្នកណា​អំពី​រឿងរ៉ាវ​ហ្មងសៅ​នៅ​ក្នុង​សង្គម​ដូច​សព្វថ្ងៃ​នេះ ក៏បាន​នាំគ្នា​ប្រើប្រាស់​បណ្ដាញ​​សង្គម មាន​ហ្វេសប៊ុក​ជាដើម ដើម្បី​បញ្ចេញ​នូវ​រាល់​ទុក្ខ​កង្វល់​របស់​ខ្លួន។

ពួកគាត់​ថា​៖ ភ័យ​ទាំងនោះ​មាន​ដូចជា ការចោទប្រកាន់​ពលរដ្ឋ រហូត​ចាប់​ដាក់គុក​ច្រវាក់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ បន្តបន្ទាប់​គ្នា​ចូល​ដល់​រឿង​កើត​ជំងឺឆ្លង​កាច​សាហាវ​កូវីដ១៩។ រឿង​នេះ ទាំង​ស្ដេច ទាំង​មន្ត្រី និង​រាស្ត្រ​សាមញ្ញ កំពុង​នាំគ្នា​ពាក់​ម៉ាស់ ឃ្លុំ​មុខមាត់​ដូច​ពួក​អារ៉ាប់ មិន​ទាន់​ហ៊ាន​បង្ហើប​ចេញមុខ​មកវិញ​បាន​ស្រួលបួល​ផង ក៏​ចូល​ដល់​រឿង​ដេញ​ប្រផាប់​ចាប់ប្រភីង​ដោយសារ​រឿង​ច្បាប់​ចរាចរណ៍​ថ្មី​លេចចេញ​មក​ទៀត គឺថា ឥត​ល្ហែ​តែម្ដង។

ទាំងនេះ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​អ្នក​ច្រៀង​អាយ៉ៃ ដែល​តែងតែ​ច្រៀង​ជា​រើ​យៗ​មក​ថា​៖ «​អស់​មួយ​គូរ​អុញ​នៅ មួយ​គូរ ដូច​ទឹកត្នោត​ជូរ មិន​ដាច់​ពពុះ​អ៊ីចឹង​ដែរ»

ទាក់ទង​ករណី​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក មួយ ឈ្មោះ ខេក ខេមរ៉ាត់ (Khek Khemrath) សរសេរ​ថា​៖ «​ភ័យ​រឿង​កូវីដ​មិនទាន់​ផុត មក​ភ័យ​រឿង​ប៉ូលិស​ផាក​អី​ទៀត​! ឱ​២​ពាន់​ម៉ា​ភ័យ អូន​អើយ​! �� មានតែ​ជិះ​កង់​សិន​ហើយ​��»

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ សុជាតា ចាប (Sochenda Chap) «បាន​ផុស​ផ្ទាំង​រូបភាព​មួយ​ដែល​សរសេរ​អក្សរ​ជា​ភាសាខ្មែរ លាយ​ជាមួយ​ភាសា​អង់គ្លេស​ផង​ថា​៖ កាលពីមុន Stay Home ព្រោះ​ខ្លាច Corvid -​ឥឡូវ​នៅផ្ទះ ឬក៏ Stay Home ព្រោះ​ខ្លាច​ប៉ូលិស​។ ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​ក៏​សរសេរ​បន្ថែម​នៅ​លើ​ផ្ទាំង​រូប​នេះ​ដែរ​ថា«​ឃើញ​បង​ប៉ូលិស ដូច​ឃើញ​កូវីដ​អ៊ីចឹង!! ខ្ញុំ​!! គឺ​សែន​ខ្លាច​»

ហ្វេសប៊ុក​ដដែល​នេះ ក៏បាន​ផុស​រូប​ស្រី​ស្អាត​ស្រស់​ប្រិមប្រិយ អង្គុយ​លើ​កង់​ប្រើ​អាគុយ​បញ្ឈរ​ច្រងាង​កណ្ដាល​ផ្លូវ ដោយមាន​សំណេរ​ពីលើ​រូបថត​នោះ​ផង​ថា​៖ «​កង់​អា​កុយ is Calling... មានតែ​លក់​ម៉ូតូ ដូរ​កង់ គេច​ប៉ូលិស​ចាប់»

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​សរសេរ​ខម​មិន​(Comment) តប​ថា​៖ «ពីមុន​ខ្លាច Covid-19 ប៉ុន្តែ​ឥឡូវ​ត្រូវ​នៅផ្ទះ​ដដែល ព្រោះ​ខ្លាច​police​ចាប់​ជំរិត»

បទល្មើស​ចរាចរណ៍ ដែល​ត្រូវ​ផាក​ពិន័យ​ក្នុង​អនុក្រឹត្យ​ថ្មី លេខ​៣៩ បង្ហាញ​ថា​៖ ការ​ល្មើស​សម្រាប់​ម៉ូតូ ត្រូវ​ផាក​ពិន័យ​ចាប់​ពី ១៥​ដុល្លារ​អាមេរិក ដល់​៣០​ដុល្លារ ក្នុង​មួយ​បទល្មើស​ចរាចរណ៍។

ចំណែក​រថយន្ត​វិញ ផាក​ពិន័យ​ពី ៣០​ដុល្លារ ១៥០)​ដុល្លារ​។ បទល្មើស ដែល​រង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ជាងគេ គឺ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ត្រូវ​ពិន័យ​ពី ៥២​ដុល្លារ ទៅ ២៥០​ដុល្លារ តាម​ស្ថានភាព​នៃ​កម្រិត​ស្រវឹង។

ក្នុង​រឿងរ៉ាវ​ផាក​ពិន័យ​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ សុវណ្ណរិទ្ធ ឱក (Sovannarith Ork) គាត់​បាន​ផុស​រូបថត​ពីរ​សន្លឹក​។ មួយ​ជា​រូបលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និង​មួយ​សន្លឹក​ទៀត លោក ហ៊ុន សែន ជិះ​ម៉ូតូ​ដឹក​ពលរដ្ឋ​ពីក្រោយ​ដោយ​អត់​ពាក់មួក​សុវត្ថិភាព​ទាំងពីរ​នាក់​។​

ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ​សរសេរ​ថា​៖ ពួក​អស់លោក​ប៉ូលិស មើល​មិន​ឃើញ​ទេ​ឬ​…? អ្នកធំ​ជិះ​ម៉ូតូ​អត់​មាន​ពាក់មួក​សុវត្ថិភាព​ទេ ត្រូវតែ​ផាក​ពិន័យ​វា​ឱ្យ​ចាស់ដៃ​បន្តិច។

ចំណែក​ហ្វេសប៊ុក​ឈ្មោះ មករា ស៊ីង (Makara Singh) ក៏បាន​ផុស​បង្ហាញ​នូវ​រូបភាព​គ្រួសារ​អ្នកលក់​កន្ទេល​ដែល​មាន​គ្នា​បី​នាក់​ជិះ​លើ​ម៉ូតូ​ចាស់​មួយ ម៉ាក អាសង់កូរ៉េ ពណ៌​ក្រហម ដឹក​កន្ទេល​ជាច្រើន​។​

បី​នាក់​នោះ មាន​ប្តី​ប្រពន្ធ និង​កូនប្រុស​តូច​ម្នាក់​ផង ដោយ​ប្តី​ជា​អ្នក​បើក​ម៉ូតូ ប្រពន្ធ​ជិះ​លើ​កន្ទេល​ដែល​ដឹក​ពីក្រោយ​។ បី​នាក់​នេះ​មាន​មួយ​សុវត្ថិភាព​តែមួយ​ទេ ហើយ​បាន​ពាក់​ឱ្យ​កូនប្រុស​តូច​ដែល​ជិះ​ពីមុខ​ជាប់ដៃ​ចង្កូត។

ម្ចាស់​គណនី​ហ្វេសប៊ុក មករា ស៊ីង សរសេរ​បែប​ស៊ី​អារម្មណ៍​បន្តិច អម​មក​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​នោះ​ថា​៖ នៅ​លើ​ដង​ផ្លូវ​ចូល​ក្រុង ព្រឹក​ថ្ងៃ​សៅរ៍ ខ្ញុំ​ចេញពី​ក្រុង​ទៅ​ស្រុកស្រែ​។ ឯ​គ្រួសារ​មួយ​នេះ កំពុង​ដឹក​អីវ៉ាន់​ពី​ស្រែ ចូល​មក​លក់​ក្នុង​ក្រុង គ្រាន់តែ​គាត់​បើក​ជ្រួស​ហួស​ខ្ញុំ​បន្តិច ស្រាប់តែ​ខ្ញុំ​អួល​ដើម ក រួច​គិតក្នុងចិត្ត​ថា​៖ តើ​ពួកគាត់ ហូប​បាយ​ហើយ​នៅ​? ព្រោះ​ខាងមុខ​មាន​ពូ​ប៉ូលិស។

ម្ចាស់​គ​ណី​មួយទៀត ឈ្មោះ នុត ផាន់ណា ខមមិន(Comment)​តប​ថា ៖ ខ្ញុំ​ពិតជា​ពិបាក​សម្រេចចិត្ត​ណាស់​បង ថា​តើ​គួរ​សើច ឬ​យំ?

ហ្វេសប៊ុក ឈ្មោះ Tho Vuthy ខម​មិន​តប​ដែរ​ថា​៖ ឈឺក្បាល​ណាស់​មេ​អឺយ​! ខ្លាច​ការ​ផាកពិន័យ​ជាង​ខ្លាច​កូរ៉ូណា​ទៀត​ពេល​នេះ។

ដោយឡែក​ហ្វេសប៊ុក​ផ្សេងៗ​ទៀត ក៏បាន​ផុស​នូវ​សំណេរ និង​រូបភាព​ជា​វីដេអូ (Video) ចែកចាយ ឬ Share​បន្ត​គ្នា​ផង អំពី​សកម្មភាព​សមត្ថ​កិច្ច​ប៉ូលិស​គ្រប់​ច្រកល្ហក​ចាំ​ស្ទាក់​ចាប់​យានយន្ត​គ្រប់​ប្រភេទ​ត្រួតពិនិត្យ​លក្ខណសម្បត្តិ​យានជំនិះ​ទៅ​តាម​ច្បាប់​កំណត់​។​

សកម្មភាព​នេះ បង្ក​ជា​ភាព​រញ៉េរញ៉ៃ​ឃ្លោះ​ប្រកែក​គ្នា​ពេញ​ដង​ផ្លូវ​រវាង​ប៉ូលិស និង​ពលរដ្ឋ​អ្នកបើកបរ​។​

សមត្ថកិច្ច​ប៉ូលិស​ស្ទើរ​គ្រប់​ជាន់ថ្នាក់ បាន​បកស្រាយ​ស្រដៀង​គ្នា​ថា​៖ នេះ​ជា​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ជា​របស់​រដ្ឋាភិបាល ព្រមទាំង​ការណែនាំ​ដោយ​ផ្ទាល់​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​។ សមត្ថកិច្ច​ក៏​ទាមទារ​ពលរដ្ឋ​ទាំង​អស់​យោគយល់ និង​ចូលរួម​អនុវត្ត​ច្បាប់​នេះ​ទាំងអស់​គ្នា។

រីឯ​ហ្វេសប៊ុក Makara Singh៖ ក៏បាន​សរសេរ បែប​ឌឺដង​ផង​ថា​៖ ប៉ុន្មាន​ថ្ងៃនេះ គេ​នាំគ្នា​និយាយ​រឿង​ចរាចរណ៍ បែប​ភ្លេច​រឿង​កូរ៉ូណា​ហើយ​មើល​ទៅ​? អ៊ីចឹង​តើ បាន​ពូ​ច្រូច ភ្លេច​លាងដៃ ហើយ​ភ្លេច​ពាក់​ម៉ាស់​ទៀត ពេល​និយាយ​ម្តងៗ គាត់​ខ្ចាយ​ទឹកមាត់ ដូច​នាគ​ព្រួស​ភ្លើង​អ៊ីចឹង។

ដោយឡែក ហ្វេសប៊ុក​មួយទៀត ឈ្មោះ យ៉ងសាំង កុមារ (Yang Saing Koma) សរសេរ​ចាប់អារម្មណ៍​លើ​បញ្ហា​នេះ​ដែរ​ថា​៖ ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជា​រឿង​ល្អ តែ​គួរ​ទុក​ពេល ២ ទៅ​៣​ខែ ឱ្យ​អ្នកបើកបរ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ដោយ​ផ្សា​ភ្ជាប់​ជាមួយ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ និង​រំលឹក​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​គ្រប់​ភូមិ​ឃុំ​ជាមុន​សិន​។ ណាមួយ​ពេលនេះ​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ជីវភាព ដូចនេះ​ការ​ពិន័យ​ដោយ​ទឹក​លុយ​ច្រើន​គួរតែ​លើក​ពេល​សិន​ក៏​មិនទាន់​យឺត​ពេល​ដែរ។

ហ្វេសប៊ុក ឈ្មោះ Chet Phirum៖ សរសេរ​ដែរ​ថា​៖ ខ្ញុំ​គិត​ហើយ​គិត​ទៀត​នៅ​មិន​យល់​? ប្រហែល​ខ្ញុំ​រៀន​បាន​តិច​ពេក​យល់​មិនបាន​ឆ្ងាយ​? ពេល​សេដ្ឋកិច្ច​យើង​កំពុង​ល្អ ហេតុអ្វី​មិន​អនុវត្ត​ច្បាប់​ចរាចរណ៍​ដូច​ពេលនេះ​។​

សព្វថ្ងៃ​រាស្ត្រ​កំពង់​ច្របូកច្របល់​ដើម្បី​ឆ្នាំងបាយ និង​សងបំណុល​ផ្សេងៗ ម្នាក់ៗ​គ្នា​ខំ​ចេញ​ពី​ផ្ទះ​ដើម្បី​ក្រពះ​ដោយ​មិន​ខ្លាច Covid-19 ទេ ហេតុ​អី​បានជា​យើង​មិន​មើល​ឱកាស​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​រាស្ត្រ​ឱ្យ​រស់​បាន​ស្រួល?

ហ្វេសប៊ុក​មួយ ឈ្មោះ វិទូ ប៊ីស អាយឌល (Vitou Biz Idol) ដែល​បាន​សរសេរ​ឌឺដង​ថា​៖ បើ​មាន​កូនស្រី​លើក​ឱ្យ​ពូ​ប៉ូលិស​ចរាចរណ៍​ទៅ​រក​លុយ​បាន​ច្រើន​ណាស់​!! ជាមួយ​គ្នា​នេះ មាន​អ្នក​ខម​មិន​តប​ដោយ​ដាក់​រូប​សើច​ស្ទើរ​រយះ​មាត់ និង​រូប​សញ្ញា​បែប​ភ្ញាក់​ផ្អើល​ផង!

កាលពី​សម័យ​រដ្ឋ​កម្ពុជា​ដែល​ជា​របប​មួយ​ឡើង​គ្រប់គ្រង​ប្រទេស ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​នោះ គេ​តែង​ដំណាល​ឱ្យ​ដឹង​ដែរ​ថា​៖ អ្នក​មាន​កូនស្រី​ស្អាតៗ គេ​ត្រៀម​លើក​ឱ្យ​ប៉ូលិស​ចរាចរណ៍ និង​ឌុកទ័រ ព្រោះ​ជា​ក្រុម​អ្នក​រកលុយ​បាន​ច្រើន​ជាង​គេ​ក្នុង​សម័យ​នោះ​។ ប្រពន្ធ​ប៉ូលិស​ចរាចរណ៍ មិន​ខ្វល់​ទៅ​ឆែក​ហោប៉ៅ និង​កាបូប​លុយ​របស់​ប្តី​ពេល​មកពី​ធ្វើការ​នោះ​ទេ គឺ​គេ​ឆែក​តែ​កញ្ចែ​ទេ បើ​មាន​ទឹក​ម៉ាត់​សើម​ខ្លាំង គឺ​ប្រាកដ​ជា​លុយ​ខាប់​ដូច​ទឹកគ្រឿង​ផ្ទះ​អ្នក​មាន​អ៊ីចឹង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល