លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​ចំ​ពេល​កូន​ស្លាប់

ដោយ ម៉ម មុនីរតន៍
2015-07-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ុក ពេជ្រសំណាង ក្នុង​សំលៀក​បំពាក់​អ្នក​ទោស​ពណ៌​ទឹកក្រូច ពេល​នាំ​មក​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី ១២ ធ្នូ ២០១៤។
លោក អ៊ុក ពេជ្រសំណាង ក្នុង​សំលៀក​បំពាក់​អ្នក​ទោស​ពណ៌​ទឹកក្រូច ពេល​នាំ​មក​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី ១២ ធ្នូ ២០១៤។
Photo: Provided

លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​ថា ជា​អ្នក​ទោស​នយោបាយ​ម្នាក់​ក្នុង​ចំណោម​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់ ដែល​ត្រូវ​ប្រធាន​ក្រុម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧ ទៅ ២០​ឆ្នាំ។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុប្បកម្ម និង​ចូលរួម​ធ្វើ​កុប្បកម្ម បង្ក​ឲ្យ​មាន​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ លោក អ៊ុក ពេជ្រសំណាង គឺ​ជា​អ្នក​ទោស​តែ​ម្នាក់​ដែល​គាប់​ជួន​មាន​កូន​ស្លាប់​នៅ​ចំ​ពេល​ដែល​តុលាការ​ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ។

សំឡេង​ភរិយា​លោក អ៊ុក ពេជ្រសំណាង៖ «ខ្ញុំ​បាត់​បង់​គ្រួសារ គេ​កាត់​ទោស​រយៈពេល ៧​ឆ្នាំ។ ខ្ញុំ​មិន​ដឹង​ថា​គិត​យ៉ាង​ម៉េច​ទេ ហើយ​កូន​ត្រូវ​ស្លាប់។ ឥឡូវ​នេះ​ខ្វះ​ខាត ខ្ញុំ​ត្រូវ​ធ្វើ​បុណ្យ​សព​កូន​ខ្ញុំ ៧​ថ្ងៃ​ទៀត»

នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ទោស លោក អ៊ុក ពេជ្រសំណាង និង​សកម្មជន ១០​នាក់​ផ្សេង​ទៀត គឺ​ជា​ពេល​វេលា​ចំ​ពេល​ដែល​កូន​ប្រុស​ច្បង​របស់​លោក អ៊ុក ពេជ្រសំណាង ត្រូវ​ទទួល​មរណភាព​ដែរ។

ប្រពន្ធ​របស់​លោក អ៊ុក ពេជ្រសំណាង គឺ​លោកស្រី ទិត្យ ណារិន្ទ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា ប្ដី​របស់​លោកស្រី​ពុំ​បាន​ជូន​ដំណើរ​កូន​ឲ្យ​ចប់​ចុង​ចប់​ដើម​ជា​លើក​ចុងក្រោយ​ទេ។

ការ​លាចាក​លោក​នៃ​កូន​ប្រុស​ច្បង​របស់​លោក អ៊ុក ពេជ្រសំណាង នេះ គឺ​ចំ​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា លោក​មាន​ទោស ដោយសារ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បង្ក​ហិង្សា និង​មាន​ចេតនា​ចង់​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ​អសកម្ម តាម​រយៈ​បាតុកម្ម។

ភរិយា​លោក អ៊ុក ពេជ្រសំណាង លោកស្រី ទិត្យ ណារិន្ទ ថ្លែង​បន្ទាប់​ពី​ធ្វើ​ពិធី​បូជា​សព​កូនប្រុស​រួច នា​វត្ត​ទឹកថ្លា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth
ភរិយា​លោក អ៊ុក ពេជ្រសំណាង លោកស្រី ទិត្យ ណារិន្ទ ថ្លែង​បន្ទាប់​ពី​ធ្វើ​ពិធី​បូជា​សព​កូនប្រុស​រួច នា​វត្ត​ទឹកថ្លា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth

ស្ថិត​ក្នុង​វ័យ ៤៨​ឆ្នាំ លោកស្រី ទិត្យ ណារិន្ទ មាន​ប្រសាសន៍​​ថា នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ទេ ដែល​ប្តី​របស់​លោកស្រី គឺ​លោក អ៊ុក ពេជ្រសំណាង ត្រូវ​ជាប់​ពន្ធនាគារ​នោះ ក៏ប៉ុន្តែ​អ្វី​ដែល​សោកសង្រេង​ពេល​នេះ នៅ​ត្រង់​ថា សាលក្រម​ផ្ដន្ទាទោស​ប្ដី​របស់​លោកស្រី គឺ​ដំណាល​គ្នា​នឹង​កូន​ប្រុស​ច្បង​របស់​លោកស្រី​ត្រូវ​ស្លាប់ ទាំង​លោក អ៊ុក ពេជ្រសំណាង ពុំ​បាន​ជូន​ដំណើរ និង​ឃើញ​មុខ​កូន​ជា​លើក​ក្រោយ​ទាល់​តែ​សោះ។

លោកស្រី​បន្ត​ថា៖ «អារម្មណ៍​អត់​មាន​នៅ​នឹង​ខ្លួន​ទេ ណា​មួយ​ត្រូវ​មក​មើល​សព​កូន ហើយ​ប្តី​ជាប់​ត្រូវ​ជាប់​គុក ត្រូវ​ទៅ​រក​ប្ដី។ ឥឡូវ​នេះ ប្តី​មិន​ទាន់​បាន​ទៅ​ជួប​មុខ​ទេ មិន​ដឹង​ថា គាត់​ជាប់​ដោយ​របៀប​ណា​ទេ»

មាន​ស្រុក​កំណើត​ចេញ​ពី​ខេត្ត​កំពង់ស្ពឺ និង​ស្ថិត​ក្នុង​គ្រួសារ​កសិករ​ផង លោក អ៊ុក ពេជ្រសំណាង បាន​រៀបការ​ជា​មួយ​លោកស្រី ទិត្យ ណារិន្ទ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤។ ក្នុង​រយៈពេល ៣១​ឆ្នាំ​កន្លង​ទៅ​នេះ នាក់​ទាំង​ពីរ​មាន​កូន ៤​នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍ ដែល​ក្នុង​ចំណោម​កូន​ទាំង ៤​នាក់​នោះ គឺ​លោក អ៊ុក ពេជ្រសំណាង មាន​តែ​កូនស្រី​ម្នាក់​ប៉ុណ្ណោះ។

ភរិយា​របស់​លោក អ៊ុក ពេជ្រសំណាង គឺ​លោកស្រី ទិត្យ ណារិន្ទ ថ្លែង​​ថា ដោយ​មើល​ឃើញ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ចេះ​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើងៗ ព្រំដែន​ក៏​ចេះ​តែ​មាន​បញ្ហា​មិន​ឈប់ឈរ និង​ដោយ​មាន​ឈាមជ័រ​ជា​អ្នក​តស៊ូ​ដើម្បី​សេរីភាព​ផង ទើប​ប្ដី​របស់​លោកស្រី​សម្រេច​ចិត្ត​ចូលរួម​នៅ​ក្នុង​សកម្មភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​សកម្មភាព​សង្គម​ដទៃ​ទៀត។ គិត​មក​ដល់​ពេល​នេះ លោក អ៊ុក ពេជ្រសំណាង ធ្លាប់​ឆ្លង​កាត់​ជីវិត​ក្នុង​ពន្ធនាគារ​ចំនួន ៣​លើក​រួច​មក​ហើយ។

នៅ​ចន្លោះ​ឆ្នាំ​១៩៨០ លោក​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ ប៉ុន្តែ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​ក្រោម​ព្រះ​រាជកិច្ច​ព្រះ​មហាក្សត្រ ព្រះ​បាទ​សម្ដេច ព្រះនរោត្ដម សីហនុ មាន​អ្នក​ទោស​នយោបាយ​ជា​ច្រើន​នាក់​កាល​ណោះ​ត្រូវ​បាន​ដោះ​លែង ក្នុង​នោះ​ក៏​មាន​រូប​លោក អ៊ុក ពេជ្រសំណាង ម្នាក់​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត ក្រោម​ហេតុផល​បាន​ចូល​រួម​ការ​តវ៉ា​ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព ក្រោយ​មក​​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​លើក​ចុង​ក្រោយ​នេះ គឺ​លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក លឹម មករន្ទ ផ្ដន្ទាទោស ៧​ឆ្នាំ និង​ពិន័យ​លុយ​ចំនួន ៨​លាន​រៀល។

នៅ​ថ្ងៃ​ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា នោះ ​លោក អ៊ុក ពេជ្រសំណាង មាន​ពេល​វេលា​ដ៏​តិចតួច គឺ​លោក​បាន​ផ្ញើ​ទូរស័ព្ទ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ តាម​រយៈ​មេធាវី​ការពារ​ក្តី​របស់​លោក ដើម្បី​ទុក​ឲ្យ​កូន​ដែល​នៅ​ផ្ទះ​​បាន​ប្រើប្រាស់។ នៅ​ពេល​នោះ លោក​បាន​និយាយ​ពីរ​បី​មាត់​នៅ​នាទី​ចុងក្រោយ មុន​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​លោក​ចូល​រថយន្ត​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ថា "ចូល​ពន្ធនាគារ​ម្ដង​នេះ មិន​ដឹង​ជា​ពេល​ណា​អាច​មាន​សេរីភាព​ឡើង​វិញ​ទេ"

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​សាលក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ​ថា គឺ​ជា​សាលក្រម​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ ជា​ជាង​ផ្ដល់​ការ​ជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌ ជា​ពិសេស​ជា​សាលក្រម​ដែល​ធ្វើ​ឡើង​ដោយ​តក់ក្រហល់។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ការ​ពិត​លោក អ៊ុក ពេជ្រសំណាង ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត ដែល​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ជីវិត​របស់​លោក​សម្រាប់​សកម្មភាព​សង្គម។ លោក​បន្ត​ថា អ្វី​​ដែល​ជាំ​បញ្ហា​នោះ នៅ​ត្រង់​ថា លោក អ៊ុក ពេជ្រសំណាង ហាក់​មាន​បញ្ហា​ស្មារតី ហេតុ​នេះ ចម្លើយ​សារភាព​ទាំង​នៅ​មុខ​ចៅក្រម​ស៊ើបសួរ និង​ក្នុង​ដំណាក់កាល​នៃ​ការ​ជំនុំជម្រះ​របស់​លោក គួរ​ត្រូវ​បាន​ពិចារណា​ឡើង​វិញ។ ជាង​នេះ​ទៀត សុខភាព​របស់​លោក​ទៀតសោត គប្បី​ពិនិត្យ​រក​មូលហេតុ ថា​តើ​លោក អ៊ុក ពេជ្រសំណាង ពិត​ជា​មាន​សម្បទា​គ្រប់គ្រាន់​ទេ​រាល់​ពេល​សវនាការ​ម្ដងៗ នោះ?

លោក អំ សំអាត៖ «ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត ហើយ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ថា គួរ​ណាស់​ឲ្យ​ពេទ្យ​ចិត្តសាស្ត្រ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​លោក អ៊ុក ពេជ្រសំណាង ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​ទាំង​ការ​ឆ្លើយ និង​ការ​និយាយ​របស់​គាត់​ហាក់​បីដូច​ជា យើង​គិត​ថា គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត ឬ​ក៏​រោគ​ចិត្ត។ នេះ​ហើយ​ដែល​យើង​សោកស្ដាយ​ដែល​គ្មាន​អ្នក​ណា​មួយ​គិតគូរ​ទៅ​ដល់​គាត់​ទេ។ ទាំង​នេះ យើង​មិន​និយាយ​ដល់​យក​គាត់​ទៅ​កាត់​ទោស​ដូច​អ្នក​ដទៃ​ទៀត»

ក្រុម​គ្រួសារ​របស់​លោក អ៊ុក ពេជ្រសំណាង លាង​ជម្រះ​ឆ្អឹង​សព​កូន​ប្រុស​ច្បង​ក្រោយ​បូជា​រួច កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth
ក្រុម​គ្រួសារ​របស់​លោក អ៊ុក ពេជ្រសំណាង លាង​ជម្រះ​ឆ្អឹង​សព​កូន​ប្រុស​ច្បង​ក្រោយ​បូជា​រួច កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៥។ RFA/Morm Moniroth

 

លោកស្រី ទិត្យ ណារិន្ទ បញ្ជាក់​ថា ប្ដី​របស់​លោកស្រី​ គឺ​លោក អ៊ុក ពេជ្រសំណាង ក្រៅ​ពី​ធ្លាប់​ត្រូវ​ប្រឈម​មុខ​នឹង​ជីវិត​ក្នុង​ពន្ធនាគារ​ជា​ច្រើន​ដង លោក​ក៏​ធ្លាប់​រង​របួស​ដោយ​ការ​​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ក្នុង​ពេល​ចូលរួម​បាតុកម្ម​ម្ដងៗ​ដែរ។

លោកស្រី​ឲ្យ​ដឹង​បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក អ៊ុក ពេជ្រសំណាង មិន​រាថយ​ក្នុង​សកម្មភាព​សង្គម​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម បើ​ទោះ​ជា​ដឹង​ថា ការ​ចូលរួម​នេះ​ត្រូវ​ប្រឈម​នឹង​ពន្ធនាគារ ឬ​ពេល​ខ្លះ​ត្រូវ​ឈឺ​ខ្លួន​ក្ដី ព្រោះ​តែ​លោក​មើល​ឃើញ​ភាព​អយុត្តិធម៌​សង្គម​ចេះ​តែ​បន្ត​ញាំញី​ធ្ងន់ធ្ងរ​ទៅៗ៖ «ពី​មុន​ខ្ញុំ​ប្រឆាំង​នឹង​គាត់​ដែរ។ ខ្ញុំ​អត់​ចូលចិត្ត​ទេ ខ្ញុំ​ថា ក្នុង​គ្រួសារ​ខ្វះ​មុខ​ខ្វះ​ក្រោយ អត់​មាន​គិត​ទេ គិត​តែ​ពី​រឿង​ការងារ​សង្គម។ កាល​ពី​មុន​កូន​ខ្ញុំ​នៅ​តូចៗ ខ្ញុំ​ទំនាស់​ជាមួយ​គាត់... ឪ​ឯង​រវល់​តែ​ជួយ​ជាតិ តើ​ឲ្យ​ខ្ញុំ​រស់​នៅ​ជាមួយ​កូន​តូចៗ​ហ្នឹង​យ៉ាង​ណា?»

លោកស្រី ទិត្យ ណារិន្ទ បញ្ជាក់​ថា ប្ដី​របស់​លោកស្រី​ពុំ​បាន​ដឹង​ថា កូន​ប្រុស​ច្បង​ដែល​មាន​វ័យ ៣០​ឆ្នាំ​ទៅ​ហើយ​នោះ បាន​ស្លាប់​ចំ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក លឹម មករន្ទ រក​ឃើញ​ថា ​មាន​ទោស​នោះ​ទេ។

កូន​ប្រុស​របស់​លោក អ៊ុក ពេជ្រសំណាង ស្លាប់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា ពេទ្យ រុស្សី កាល​ពី​វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃ​ទី​២១ ខែ​កក្កដា ដោយ​ជំងឺ​បូស​ថ្លើម​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ដែល​ពុំ​​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ជា​សះស្បើយ​បាន។

បច្ចុប្បន្ន​នេះ ក្រុម​គ្រួសារ​របស់​លោក អ៊ុក ពេជ្រសំណាង រស់​នៅ​ផ្ទះ​ជាន់​ទី​៤ ដែល​ជា​ផ្ទះ​ផ្ទាល់​ខ្លួន នៅ​សង្កាត់​ផ្សារ​កណ្ដាល រាជធានី​​ភ្នំពេញ។ លោកស្រី ទិត្យ ណារិន្ទ ថ្លែង​ថា សព្វ​ថ្ងៃ​នេះ មិន​ដឹង​ថា ពួក​គេ​អាច​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​បាន​ដោយ​របៀប​ណា​ទេ ព្រោះ​ទាំង​ប្តី និង​កូន​ប្រុស​ធ្លាប់​រក​ចំណូល​សម្រាប់​គ្រួសារ ត្រូវ​កាត់ផ្ដាច់​ទៅ​ហើយ​នោះ។ លោកស្រី​បន្ត​ថា ថ្វី​បើ​ពេល​ខ្លះ​គ្រួសារ​របស់​លោកស្រី​ត្រូវ​ប្រឈម​មុខ​នឹង​ជីវភាព ដោយសារ​ស្វាមី​រវល់​ចូល​រួម​តវ៉ា​នៅ​ខាង​ក្រៅ ក៏​ក្រុម​គ្រួសារ​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ជានិច្ច។

លោកស្រី ទិត្យ ណារិន្ទ ថ្លែង​ថា ប្តី​របស់​លោកស្រី​នៅ​មិន​ទាន់​ដឹង​ពី​ការ​ស្លាប់​របស់​កូន​ប្រុស​ច្បង​ម្នាក់​នេះ​នៅ​​ឡើយ​ទេ មុន​ពេល​ចាប់​ខ្លួន។ លោកស្រី​យល់​ឃើញ​ថា នៅ​ពេល​​ដែល​លោក អ៊ុក ពេជ្រសំណាង បាន​ទទួល​ដំណឹង​នេះ គេ​មិន​ដឹង​ថា តើ​គាត់​មាន​អារម្មណ៍​បែប​ណា​ទេ ពីព្រោះ​ជីវិត​ចុង​ក្រោយ​ដែល​វិល​ទៅ​ហើយ មិន​អាច​ត្រឡប់​វិញ​បាន​របស់​កូន​ប្រុង​ច្បង​របស់​លោក គឺ​គាត់​ពុំ​បាន​ជូន​ដំណើរ​អ្វី​សូម្បី​បន្តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Of cause you 11 are not wrong,but Hen sen orders khmer court to catch them because Hun sen use khmer court to suppress CNRP. and Khmer court should not be under Hun Sen.

Jul 25, 2015 03:07 AM

ក្មេងវត្ត

ពី វត្តភ្នំ

សុំលោកស្រីកុំព្រួយពេកនៅពេលលោកប្រធានវ៉ាប់ប៉ាក់ធ័រសន់ទាក់ទា
ចូលស្រុកវិញលោកនឹងយកលុយ៤-១០ដុល្លាមកចូលបុណ្យហើយ
និយាយលួងលោមអ្នកស្រីថា"មិនអីទេវ៉ាប់ប៉ាក់ធ័រសន់ទាក់ទា"នឹងដោះ
លែងប្តីអ្នកស្រីមិនខានឱ្យតែប្តីអ្នកស្រីនិងដំណាងបក្សសង្គ្រោះជាតិនៅក្នុង
សភាឈប់តវ៉ាពីរឿងទល់ដែនជាមួយយួន។ចូរធ្វើដូចលោកកឹមសុខាទៅឥ
ឡូវគាត់ស្លូតហើយព្រោះខ្លាចសំដាច់ហ៊ុនសែនចាប់ដាក់គុក

Jul 24, 2015 04:44 PM

Chan seyha

ពី Kandal

Oh My Country

Jul 24, 2015 09:34 AM

គេហទំព័រ​ទាំងមូល