សិស្ស​ជាង​៤០០​នាក់​នៅ​ពោធិ៍សាត់​កំពុង​ខ្វះ​ខាត​ថ្នាក់​រៀន​ត្រឹមត្រូវ

ដោយ ជិន ជេដ្ឋា
2015-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សិស្ស​ជាង ៤០០​នាក់ រៀន​នៅ​សាលា​បឋម​សិក្សា​ដំណាក់ត្រប់ នៃ​ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កំពុង​ខ្វះ​ថ្នាក់​រៀន​ដោយសារ​អគារ​សិក្សា​នៅ​ទី​នោះ​ចាស់​ទ្រុឌទ្រោម​ធ្ងន់ធ្ងរ។ បញ្ហា​នេះ​បាន​បង្ខំ​ចិត្ត​សិស្ស​ខ្លះ​ទៅ​អង្គុយ​រៀន​នៅ​ក្រោម​កុដិ​លោក និង​ខ្លះ​នៅ​បន្ត​រៀន​​ក្នុង​អគារ​ចាស់​ទ្រុឌទ្រោម​ទាំង​​ភ័យ​ខ្លាច​អគារ​បាក់​សង្កត់​លើ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​នេះ​អះអាង​ថា លោក​បាន​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល និង​សប្បុរសជន​ពី​​គ្រប់​ច្រកល្ហក ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ។

នាយក​រង​នៃ​សាលា​បឋម​សិក្សា​ដំណាក់ត្រប់ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា សម្ដែង​ក្ដី​បារម្ភ​អំពី​សុវត្ថិភាព​របស់​គ្រូ និង​សិស្ស ដែល​កំពុង​រៀន និង​បង្រៀន​សិស្ស​នៅ​ក្នុង​អគារ​ពីរ​ខ្នង​ស្មើ​នឹង ៦​បន្ទប់ ក្រោម​ដំបូល​ប្រក់​ស៊ី​ប្រូ និង​ស័ង្កសី​ចាស់​ទ្រុឌទ្រោម។ អគារ​ទាំង​ពីរ​ខ្នង​ជា​ជំនួយ​របស់​សប្បុរសជន និង​សហគមន៍ ដែល​មួយ​ខ្នង​កសាង​តាំង​ពី​អំឡុង ឆ្នាំ​១៩៩៣ និង​មួយ​ខ្នង​ទៀត​បាន​កសាង​នៅ​អំឡុង​ឆ្នាំ​២០០០។

នាយក​រង​សាលា​ដំណាក់​ត្រប់ គឺ​លោក ង៉ែត រ៉ា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​សិស្ស​ប្រុស​ស្រី​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ សរុប​ចំនួន ៤០៩​នាក់ បាន​ជម្លៀស​ពាក់​កណ្ដាល​ឲ្យ​ចូល​ទៅ​រៀន​ក្រោម​កុដិ​លោក​ក្បែរ​នោះ បន្ទាប់​ចេញ​ពី​ថ្នាក់​មក​រៀន​ហាលវាល​ក្រោម​ដើម​ឈើ​ក្នុង​បរិវេណ​សាលា​មួយ​រយៈ​កាល​ពី​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

លោក​បន្ដ​ថា ពេល​មេឃ​រក​កល​ភ្លៀង​ម្ដងៗ លោក​​នាំ​សិស្ស​ចេញ​ពី​ថ្នាក់​ទៅ​ជ្រក​ក្រោម​កុដិ​លោក ព្រោះ​ខ្លាច​អគារ​បាក់​ធ្លាក់​សង្កត់​លើ​នៅ​ពេល​ត្រូវ​ទឹក​ភ្លៀង ឬ​ខ្យល់​បក់​បោក​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សិស្ស និង​គ្រូបង្រៀន​ក្នុង​ថ្នាក់៖ «កាល​ពី​មុន​ចូល​ឆ្នាំ​មួយ​ខែ​ហ្នឹង ឮ​សូរ​គម្រោង​អង្គការ​របស់​ប្រទេស​ជប៉ុន មក​ជួយ​អ៊ីចឹង​មក ហើយ​នាយក​សាលា​ក៏​ឲ្យ​បង្រៀន​នៅ​ខាង​ក្រៅ ដើម្បី​ឲ្យ​គេ​ឃើញ​ថា សាលា​យើង​ទ្រុឌទ្រោម​ខ្លាំង​ឲ្យ​គេ​ជួយ​កសាង​សាលា។ ដល់​ពេល​ចូល​ឆ្នាំ​ហ្នឹង​ខ្ញុំ​ឲ្យ​សិស្ស​ប្រមូល​តុ​ដាក់​ក្នុង​ថ្នាក់​វិញ​ទៅ។ ឥឡូវ​បង្រៀន​ក្នុង​ថ្នាក់​បណ្ដោះអាសន្ន​សិន​ទៅ បង្រៀន​ទាំង​ភ័យ​ខ្លាច។ បង្រៀន​នៅ​ក្នុង​សាលា​ខ្លះ និង​នៅ​ក្នុង​វត្ដ​ខ្លះ។ ចង់​អំពាវនាវ​ឲ្យ​អង្គការ​ណា​ក៏​បាន​ដែរ​ឲ្យ​តែ​ជួយ​កសាង​បាន​ទាំង​ស្រុង ព្រោះ​ខ្ញុំ​កំពុង​ខ្វះខាត​ទាំង​ស្រុង​ហើយ​បច្ចុប្បន្ន​ហ្នឹង»

លោក​បញ្ជាក់​ថា អគារ​មួយ​ដែល​សង់​តាំង​ពី​ឆ្នាំ​១៩៩៣ នោះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ជាង​ប្រាំ​ឆ្នាំ​ហើយ ដោយ​អគារ​នេះ​ពុក​ផុយ និង​មាន​សត្វ​កណ្ដៀរ​ស៊ី បើ​ទោះ​បី​លោក​ឲ្យ​សិស្ស​សំអាត​ជា​ប្រចាំ​យ៉ាង​ណា​ក្តី។

ឆ្លើយ​តប​បញ្ហា​នេះ​ប្រធាន​មន្ទីរ​អប់រំ​​យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់ លោក សួង សុភី បញ្ជាក់​ថា នៅ​ចំពោះ​មុខ​គណៈ​គ្រប់គ្រង​សាលា​បាន​សុំ​កុដិ​លោក​បង្រៀន​សិស្ស​បណ្ដោះ​អាសន្ន ហើយ​លោក​បាន​ធ្វើ​សំណើ​មួយ​តាម​រយៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ដោះស្រាយ។

លោក​ថា ស្រប​ពេល​គ្នា​នេះ​មាន​សប្បុរសជន​មួយ​ចំនួន​ត្រៀម​ខ្លួន​ជួយ​ដែរ៖ «យើង​បាន​ដាក់​សំណើ​សុំ​ទៅ​អង្គការ និង​ស្ថានទូត ហើយ​គេ​បាន​មក​សិក្សា ឃើញ​ក្មេង​ឃើញ​អី​យើង ហើយ​នៅ​តែ​គេ​ឆ្លើយ​ថា គេ​ឲ្យ​ប៉ុន្មាន​បន្ទប់ ហើយ​យើង​បាន​ដាក់​សំណើសុំ​គ្រប់​ច្រក​ហើយ​នរណា​ឲ្យ​មុន​យក​មុន»

សាលា​បឋម​សិក្សា​ដំណាក់ត្រប់ ឋិត​នៅ​ភូមិ​ថ្មី នៃ​ឃុំ​តាលោ ស្រុក​បាកាន។ សាលា​នេះ​មាន​កុមារ​មក​ចុះ​ឈ្មោះ​សិក្សា​ភាគ​ច្រើន​ពី​តាម​ភូមិ​ចំនួន​បី នៃ​តាលោ គឺ​ភូមិ​រហាទិល ភូមិ​តាំងគោក និង​ភូមិ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល