អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​គាំទ្រ​ឲ្យ​កម្ពុជា​មាន​ស្ពាន​អាកាស​ថ្មើរជើង​ឆ្លង​កាត់​ផ្លូវ

ដោយ យន់ សាមៀន
2018-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(​ឆ្វេង) អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ទោ ទី ឡុង និង​អតីត​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក និង​ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៃ​សាកលវិទ្យាល័យ Queensland នៃ​ប្រទេស​អូស្ត្រាលី ឆ្នាំ​ទី​២ កញ្ញា សាន់ សុជាតា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥។
(​ឆ្វេង) អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ទោ ទី ឡុង និង​អតីត​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក និង​ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៃ​សាកលវិទ្យាល័យ Queensland នៃ​ប្រទេស​អូស្ត្រាលី ឆ្នាំ​ទី​២ កញ្ញា សាន់ សុជាតា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥។
Photo: RFA

សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ អូ.​ស៊ី​.អាយ.​ស៊ី (OCIC) នឹង​ចាប់​ផ្ដើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​តម្លៃ​ជាង ៣​លាន​ដុល្លារ ​នៅ​ដើម​ឆ្នាំ​២០១៨​ នេះ។

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​គាំទ្រ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ស្ពាន​អាកាស​ថ្មើរជើង​ឲ្យ​បាន​ច្រើន​ និង​ចំ​តំបន់​សំខាន់ៗ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដើរ​ឆ្លង​កាត់​ផ្លូវ។

មន្ត្រី​ជំនាញ​សុវត្ថិភាព​ចរាចរណ៍ កញ្ញា សាន់ សុជាតា ថ្លែង​ថា ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង​ គឺ​ជា​មធ្យោបាយ​ល្អ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​គ្រោះថ្នាក់​ចរាចរណ៍ ​សម្រាប់​អ្នក​ថ្មើរជើង​ទាំង​យប់​ទាំង​ថ្ងៃ។ កញ្ញា​បន្ត​ថា អ្វី​ដែល​សំខាន់ ​អាជ្ញាធរ​ត្រូវ​ជ្រើសរើស​យក​ទីតាំង​សង់​ស្ពាន​ឲ្យ​បាន​ចំ​កន្លែង​ដែល​មាន​ភាព​ចាំបាច់​ដូចជា កន្លែង​សាលារៀន និង​ទីផ្សារ​ជាដើម«គោលបំណង​ដែល​គាត់​ធ្វើ​ស្ពាន​នេះ​ខ្ញុំ​គិត​ថា ល្អ​មែន​ទែន អ្វី​ដែល​ចាំបាច់​ក្រៅ​ពី​ស្ពាន​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​តំបន់​នេះ ធម្មតា​ស្ពាន​នេះ​នឹង​ធ្វើ​លើក​ទឹក​ចិត្ត​ឲ្យ​ថ្មើរជើង​គាត់​ដើរ​នៅ​លើ​ស្ពាន​នេះ បន្ទាប់​ពី​ចុះ​មក​វិញ​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ឲ្យ​គាត់​ចុះ​ដើរ​ដោយ​សុវត្ថិភាព​ទៅ​ដល់​ទីតាំង​ដែល​គាត់​ចង់​ទៅ។ សំដៅ​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​មាន​សុវត្ថិភាព ព្រោះ​មិន​អាច​ចុះ​នៅ​លើ​ស្ពាន​អាកាស​មក​មិន​អាច​ឲ្យ​គាត់​ដើរ​នៅ​លើ​ផ្លូវ​មាន​ឡាន​ដដែល ដោយសារ​ចិញ្ចើម​ផ្លូវ​មាន​អ្វី​នៅ​បាំង មាន​ហាង​មាន​អី ដែល​សុវត្ថិភាព​របស់​គាត់​នៅ​ប្រឈម​ដដែល»

សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន សាជីវកម្ម​វិនិយោគ​អូ.ស៊ី.អាយ.ស៊ី នឹង​ចាប់​ផ្ដើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​​នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​តម្លៃ​ជាង ៣​លាន​ដុល្លារ​ នៅ​ដើម​ឆ្នាំ​២០១៨​ នេះ។

គេហទំព័រ​ខ្មែរ បៀល មីឌា (Khmer Build Media) បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​ផ្លូវ​ប្រសព្វ​អតីត​រង្វង់​មូល​នាងគង្ហីង ដែល​ស្ថិត​នៅ​ចន្លោះ​មហាវិថី​ហ្សាល ឌឺហ្គោល និង​ផ្លូវ​ឧកញ៉ា​ទេពផន។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី សង្ឃឹម​ថា ស្ពាន​ថ្មើរជើង​នេះ​នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​អ្នក​ថ្មើរ​ជើង និង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

អ្នកនាំពាក្យ​ដដែល​បន្ត​ថា ផ្លូវ​ថ្មើរ​ជើង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ទីក្រុង​អូឡាំព្យា (Olympia City) នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ គឺ​នៅ​មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

ប៉ុន្តែ នាយក​គ្រប់គ្រង​គម្រោង​ទីក្រុង​អូឡាំព្យា លោក ម៉េង ចំរើន មិន​ទាន់​សង្ឃឹម​ថា គម្រោង​នេះ​ អាច​បញ្ចប់​ក្នុង​រយៈពេល ​៦​ខែ​នោះ​ទេ ដោយសារ​ការ​សាងសង់​ស្ពាន​អាច​ប៉ះពាល់​ដល់​ ​ការ​ធ្វើ​ចរាចរណ៍ ការ​ប្រកប​អាជីវកម្ម​នានា ​នៅ​តាម​ផ្លូវ និង ​ផ្ទះ​មួយ​ចំនួន​ផង។

តម្លៃ​គម្រោង​ជាង​ ៣​លាន​ដុល្លារ​នេះ ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ទាំងស្រុង ដោយ​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​អូឡាំព្យា​ទាំង​មូល។ គម្រោង​ទីក្រុង​អូឡាំព្យា ដែល​នឹង​រួម​មាន អាគារ​ខ្ពស់ៗ អាគារ​ការិយាល័យ និង​ផ្សារ​លក់​ទំនិញ​ផ្សេងៗ សង់​​លាត​សន្ធឹង​លើ​ទំហំ​ផ្ទៃដី ១១​ហិកតារ នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ នៃ​ដី​របស់​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

កន្លង​មក​មាន​ការ​រិះគន់​ពី​អ្នកបច្ចេកទេស​ថា ការ​យក​ដី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក សាងសង់​អគារ​ព័ន្ធ​ជុំវិញ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​ប្រើប្រាស់ និង​បរិស្ថាន​របស់​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

គម្រោង​សាងសង់​ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង​នេះ គឺ​ជា​ស្ពាន​ទី​៣ ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សាងសង់​ស្ពាន​ប្រភេទ​នេះ​ចំនួន ២ កាត់​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ ចំណុច​ផ្សារ​ជំពូវ័ន្ត ក្នុង​ដង្កោ។ ប៉ុន្តែ​ស្ពាន​នោះ​ហាក់​ពុំ​សូវ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ប៉ុន្មាន​ទេ ដោយសារ​​កន្លងមក ​មាន​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ថា ស្ពាន​នេះ​ធ្វើ​ខុស​បច្ចេកទេស ដោយសារ​តែ​អ្នក​ថ្មើរជើង ត្រូវ​ដើរ​ឆ្លង​កាត់​ផ្លូវ​ដដែល​បន្ទាប់​ពី​ឆ្លង​ស្ពាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dan

ពី LA

ស្អីទៅស្ពានអាកាសនោះ? នៅអាមេរិកនិងអឺរុបគ្មាននរណាធ្វើស្ពានអាកាសបានទេ ម្តេចក៏នាំគ្នាហៅតាមហ៊ុនសែនដែមានចំណេះដឹងត្រឹមថ្នាក់ទី៦អីចឹងឬមួយក៍អ្នកសរសេរវិទ្យុអាស៊ីសេរីមានចំណេះដឹងស្មើថ្នាក់ទី៦ដែរ

Jan 07, 2018 05:51 AM

គេហទំព័រ​ទាំងមូល