កត្តា​នាំ​ឲ្យ​អាជីវកម្ម​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ​មិន​អាច​បង្កើន​ការ​ផលិត

ដោយ អ៊ុក សាវបូរី
2015-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក លុច សុខុម ដែល​ទើប​ចុះ​ពី​ដាក់​ទឹក​ត្នោត ភូមិ​បឹងត្រាវ ឃុំ​សូគង ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
លោក លុច សុខុម ដែល​ទើប​ចុះ​ពី​ដាក់​ទឹក​ត្នោត ភូមិ​បឹងត្រាវ ឃុំ​សូគង ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Saut Sokprathna

អាកាស​ធាតុ​ប្រែប្រួល បាន​ធ្វើ​ឲ្យ​ការ​ផលិត​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ មិន​អាច​បង្កើន​ការ​ផ្គត់ផ្គង់​បាន​លើស ១៥០​តោន​ក្នុង ១​ឆ្នាំ តាម​ការ​បញ្ជា​ទិញ​ពី​បរទេស​ទេ។ ទន្ទឹម​នោះ អ្នក​ផលិត​ស្ករ​ត្នោត​កម្ពុជា បាន​ត្អូញត្អែរ​ថា កង្វះ​ឧស​ដុត​រំងាស់​ស្ករ កង្វះ​ពពេល និង​បង្អោង​ឡើង​ថ្លៃ ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​ផលិត​ស្ករ​មួយ​ចំនួន​បាន​បោះបង់​ការ​ផលិត។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សហគមន៍​លើក​កម្ពស់​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ លោក សំ សារឿន អះអាង​ថា ប្រទេស​ចំនួន​១៥ នៅ​លើ​ពិភពលោក បាន​ទិញ​ស្ករ​ត្នោត​ពី​កម្ពុជា។ លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៤ ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ បាន​ផលិត​ជា​ស្ករ​ម្សៅ​ទម្ងន់ ១៥០​តោន ដឹក​ទៅ​លក់​នៅ​បរទេស។ លោក​ថា ឆ្នាំ​២០១៥ មាន​ការ​បញ្ជា​ទិញ​ម្សៅ​ស្ករ​ត្នោត​លើស ១៥០​តោន ប៉ុន្តែ​ក្រុម​ផលិត​មិន​អាច​ផ្គត់ផ្គង់​បាន ដោយសារ​អាកាស​ធាតុ​ប្រែប្រួល ធ្វើ​ឲ្យ​ដើម​ត្នោត​ចេញ​ផ្កា​ខុស​រដូវ ប៉ះពាល់​ដល់​ការ​ផលិត​ស្ករ​ត្នោត៖  «ស្ករ​សាច់ និង​ស្ករ​ផែន យើង​មិន​អាច​ទុក​បាន​យូរ។ មូលហេតុ​មក​ពី​វា​យំ គឺ​វា​ឆាប់​ជោរ​ទឹក។ កាល​ណា​យើង​ទុក​វា​តែ​រយៈពេល ១​ខែ ឬ ២​ខែ វា​ជោរ​ទឹក​ហើយ។ បាន​សមាគម​យើង​រិះរក​វិធី​ដើម្បី​ធ្វើ​ទៅ​ជា​ស្ករ​ម្សៅ​វិញ​សម្រាប់​នាំ​ចេញ ធានា​ទុក​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ មិន​មាន​ជាតិ​ជោរ​ទេ តែ​គ្រាន់​វា​ដូរ​ពណ៌។ ក្នុង ១​ឆ្នាំ​វា​ដូរ​ពណ៌​បន្តិច តែ​គុណភាព​វា​នៅ​តែ​ដដែល​ទេ»

លោក សំ សារឿន បន្ត​ថា សមាជិក​សមាគម​ផលិត​ស្ករ​ត្នោត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ចំនួន ១៤៥​នាក់ បាន​ផលិត​ស្ករ​នៅ​ស្រុក​ឧត្ដុង្គ ស្រុក​សំរោងទង និង​មួយ​ចំនួន​ដែរ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​លក់​ស្ករ​ត្នោត​មក​សមាគម​នេះ​សម្រាប់​នាំ​ចេញ ប៉ុន្តែ​ក្រុម​អ្នក​ផលិត​បាន​ថយ​ចំនួន​គ្រួសារ​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះ​តែ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សង្គមកិច្ច ធ្វើ​ឲ្យ​គ្មាន​ដី​ព្រៃ​បម្រុង​សម្រាប់​កាប់​ដើម​ឈើ​ធ្វើ​ឧស មិន​អាច​រក​ឫស្សី​ធ្វើ​បង្អោង និង​ដើម​ពពេល មក​បំពេញ​ការ​ផលិត​ស្ករ​ត្នោត​ដូច​មុន។ មូលហេតុ​នេះ អ្នក​ផលិត​ស្ករ​ត្រូវ​ទិញ​ទាំងអស់ ហើយ​ការ​ផលិត​ស្ករ​ត្នោត​ជា​ម្សៅ ត្រូវ​អនុវត្ត​តាម​សៀវភៅ​បន្ទុក​ទៀត។ បើ​ធៀប​តម្លៃ​ចំណេញ​ទទួល​បាន​ជា​មធ្យម ប៉ុន្តែ​មិន​ស្មើ​នឹង​ចំណូល​ពី​របរ​កាត់​ដេរ និង​សំណង់​ទេ។ លោក​ថា បញ្ហា​នេះ​ទើប​យុវជន​ខ្លះ​មិន​ចង់​ឡើង​ត្នោត​បន្ត​ពី​គ្រួសារ​ទេ ពួក​គេ​ងាក​ទៅ​រក​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ និង​សំណង់​វិញ៖ «អ្នក​ឡើង​ត្នោត​យើង​ជួប​បញ្ហា ទី​១ គឺ​ពពេល។ ទី​២ គឺ​ឧស និង​បង្អោង។ តែ​ទន្ទឹម​នឹង​នេះ គឺ​សមាគម​បាន​សហការ​ជាមួយ លោក ទេព ចាន់ឆាយា គាត់​ជា​បុគ្គលិក​របស់​អង្គការ ជេរេស ដើម្បី​រៀបចំ​សំណើ​សុំ​លុយ​ពី យូ.អិន.ឌី.ភី មក នឹង​ធ្វើ​ជា​ចង្ក្រាន ដែល​ប្រើប្រាស់​ឧស​តិច​បំផុត»

បង្ហាញ​ពី​ការ​លំបាក​ផលិត​ម្សៅ​ស្ករ​ត្នោត លោក ឡុក លីម អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងកំប៉ោះ ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ ឲ្យ​ដឹង​ថា គាត់​មាន​កូន ១០​នាក់ ក្នុង​នោះ​កូន​ប្រុស ៩​នាក់។ ពួក​គេ​មិន​ចង់​ឡើង​ត្នោត​ត្រង​ទឹក​ត្នោត​ផលិត​ស្ករ​ដូច​គាត់​ឡើយ។ ពួក​គេ​បាន​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ និង​កម្មករ​កាត់​ដេរ​ដែល​បាន​ថវិកា​ទៀងទាត់​ប្រចាំ​ខែ។ លោក​បន្ត​ថា គាត់​ខំ​ពន្យល់​កូន​ថា ចូល​ជា​សមាជិក​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ ធ្វើ​ឲ្យ​គ្រួសារ​គាត់​ចេះ​ផលិត​ស្ករ​ត្នោត​ពី​ស្ករ​សាច់​ទៅ​ជា​ស្ករ​ម្សៅ​លក់​បាន​ថ្លៃ ប៉ុន្តែ​កូនៗ​គាត់​ឆ្លើយ​ថា នឿយ ព្រោះ​ការ​លក់​ស្ករ​ម្សៅ​នេះ​ចំណាយ​ពេល​ច្រើន​ម៉ោង យូរ​ជាង​ការ​ផលិត​ស្ករ​ធម្មតា ឬ​ហៅ​ថា​ស្ករ​សាច់​ទៅ​ទៀត។ លោក​ទទួល​ស្គាល់​គំនិត​កូន ព្រោះ​ថា ការ​ផលិត​ស្ករ​ម្សៅ​នេះ គឺ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ ទើប​គេ​ទទួល​ទិញ ហើយ​សមាគម​បាន​តម្រូវ​ឲ្យ​ត្រង​ទឹក​ត្នោត​ដែល​ល្អ គឺ​ចាប់​ពី​ខែ​ធ្នូ ទៅ​ដល់​ខែ​មេសា។ បើ​ហួស​ពី​នោះ ទឹក​ត្នោត​មិន​ល្អ អាច​លាយឡំ​ទឹក​ភ្លៀង​ហូរ​ចូល នាំ​ឲ្យ​ការ​ផលិត​ម្សៅ​ស្ករ​ត្នោត​សម្រាប់​នាំ​ចេញ ខូច​ឈ្មោះ​ផលិតផល​ក្នុង​ស្រុក។ បញ្ហា​ទាំង​នេះ ទើប​កូន​គាត់​មិន​ព្រម​បន្ត​វេន​ឡើង​ត្នោត ហើយ​ក៏​ថយ​ចុះ​ចំនួន​ក្រុម​ផលិត​ស្ករ​ត្នោត​នេះ​ជា​លំដាប់។

សកម្មភាព​ឡើង​ត្នោត​របស់ លោក ហាប អ៊ុន នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។ RFA/Chhin Chetha
សកម្មភាព​ឡើង​ត្នោត​របស់ លោក ហាប អ៊ុន នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។ RFA/Chhin Chetha

ដូច​គ្នា​ដែរ លោក លីម សុថាវី អាយុ ៥១​ឆ្នាំ អ្នក​ផលិត​ស្ករ​នៅ​ភូមិ​ព្រៃស្យា ឃុំ​សែនដី ស្រុក​សំរោងទង អះអាង​ថា គាត់​បោះបង់​ហើយ​ការ​ឡើង​ត្នោត ព្រោះ​តែ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​គេ​វាស់​ព្រំ​ដី​អស់​គ្មាន​ព្រៃ​កាប់​ធ្វើ​ឧស គ្មាន​បង្អោង គ្មាន​ពពេល គឺ​អ្វីៗ​ត្រូវ​ទិញ​ទាំងអស់ រីឯ​ការ​លក់​ស្ករ​បាន​តែ​មួយ​វគ្គៗ មិន​បាន​ជាប់​ហូរហែ​ទេ ហើយ​តម្រូវ​ឲ្យ​ការ​ផលិត ត្រូវ​តាម​ស្តង់ដារ​គេ​កំណត់​ទៀត។ លោក​ថា ក្រៅ​ពី​នោះ បញ្ហា​ធម្មជាតិ​ដូចជា​ខ្យល់​ខ្លាំង រហូត​ព្យុះ​កន្ទ្រាក់ និង​អាកាស​ធាតុ​ក្តៅ​ខ្លាំង ក៏​ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង​មិន​ហ៊ាន​ឡើង​ត្នោត​ដែរ៖ «ធម្មតា​នៅ​ខាង​នេះ​លក់​ស្ករ​សាច់ ហើយ​ស្ករ​សាច់​ក្នុង ១​ខ្ទះ​ហ្នឹង​បាន​យ៉ាង​ច្រើន​បំផុត​តែ ៨​គីឡូ​ទេ។ ហើយ​អស់​ឧស​ប្រមាណ បើ​ទិញ​គេ ៣​ម៉ឺន​រៀល។ បើ​ទូទាត់​នឹង​កម្លាំង​ពលកម្ម​អី​ទៅ វា​អាច​នៅ​សល់ ៤ ទៅ ៥​ពាន់​អី​ហ្នឹង»

លើក​ទឹក​ចិត្ត​ដល់​ក្រុម​ផលិត​ស្ករ​ត្នោត លោក ហុង ហឿន ប្រធាន​សហគមន៍​កសិកម្ម​ខេត្ត​កំពង់ស្ពឺ អះអាង​ថា មាន​ក្រុមហ៊ុន​ចំនួន​៧ បាន​ទិញ​ម្សៅ​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ យក​ទៅ​លក់​នៅ​បរទេស។ លោក​ថា ស្ករ​ត្នោត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជីអាយ ឬ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (Geographical Identivication = GI) ពី​ប្រទេស​កម្ពុជា នាំ​ទៅ​លក់​នៅ​បរទេស​ដែល​គេ​ទទួល​ស្គាល់​គុណភាព​ល្អ​ផ្តាច់​គេ គឺ​មាន​តែ​ម្រេច​ខេត្ត​កំពត និង​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ នេះ​ទេ។ ដោយសារ​តែ​ចង់​រក្សា​ឈ្មោះ ជីអាយ នេះ ទើប​ការ​ប្រមូល​ទិញ​ម្សៅ​ស្ករ​ត្នោត គឺ​រើស​យក​ទឹក​ត្នោត​ត្រង​ពី​ដើម​ដុះ​នៅ​លើ​ដី​ខ្សាច់​ជម្រៅ ៧​តឹក​ចុះ​ក្រោម និង​ខាង​ក្រោម​ខ្សាច់​មាន​ក្រួស​ដែល​ធ្វើ​ឲ្យ​ទឹក​ត្នោត​ផ្អែម​មុត។ បើ​ដើម​ត្នោត​ណា​ដុះ​លើ​ខ្សាច់​ដែរ តែ​ខាង​ក្រោម​ខ្សាច់​ជា​ដី​ឥដ្ឋ គឺ​មិន​ទិញ​ទឹក​ត្នោត​នោះ​ទេ ព្រោះ​ទឹក​ត្នោត​មិន​ល្អ នៅ​ពេល​ផលិត​ជា​ស្ករ​មិន​ផ្អែម​មុត។ លោក​ថា សហគមន៍​កសិកម្ម​ខេត្ត​កំពង់ស្ពឺ នេះ បាន​ទិញ​ម្សៅ​ស្ករ​ត្នោត​ពី​សមាជិក​សហគមន៍​ផលិត​ស្ករ​ជាង ១៤០​គ្រួសារ​នោះ។ តម្លៃ​ទិញ​ក្នុង ១​តោន​ជាង ១​ពាន់​ដុល្លារ។ នៅ​ឆ្នាំ​២០១៥ ក្រុម​ផលិត​ម្សៅ​ស្ករ​ត្នោត​មិន​អាច​បង្កើន​តោន​បាន ដោយសារ​គ្រោះ​ធម្មជាតិ​ផង និង​ការ​ចុះ​ថយ​អ្នក​ផលិត​ផង។ ទោះ​ជា​យ៉ាង​ណា សហគមន៍​នេះ​បាន​ឲ្យ​អ្នក​ភូមិ​ដាំ​ដើម​ត្នោត​បាន​ច្រើន​ពាន់​ដើម ប៉ុន្តែ​ទម្រាំ​វា​ផ្តល់​ផ្លែ​ផ្កា ដាំ​ដល់​ទៅ ២០ ទៅ ៣០​ឆ្នាំ។ លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ កុំ​កាប់​ដើម​ត្នោត ព្រោះ​វា​ជា​និមិត្តរូប​នៃ​ប្រទេស​ជាតិ​ផង និង​ជា​ប្រាក់​ចំណូល​របស់​អ្នក​រស់នៅ​ជនបទ​ផង៖ «យើង​ទិញ​ពី​កសិករ​ប្រហែល​ជា ១.១០០​ដុល្លារ»

នាយក​អង្គការ​សេដាក លោក សម វិទូ ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​រោងចក្រ​សម្រាប់​ផលិត​ស្ករ​ត្នោត​នៅ​ឡើយ។ ការ​ផលិត​ស្ករ​ត្នោត គឺ​កសិករ​ផលិត​តាម​គ្រួសារ​នីមួយ។ លោក​ថា គ្រួសារ​ភាគ​ច្រើន​ចេះ​ផលិត​ស្ករ​សាច់​តាម​ទម្លាប់​ដូនតា។ គ្រួសារ​ខ្លះ​ទើប​ចេះ​ផលិត​តាម​បច្ចេកទេស​ថ្មី គឺ​ផលិត​ជា​ស្ករ​ម្សៅ អ្នក​ខ្លះ​ហៅ​ថា​ស្ករ​ហុយ ដើម្បី​នាំ​ចេញ​ទៅ​បរទេស។ លោក​បន្ថែម​ថា នៅ​គ្រា​ដែល​ទីផ្សារ​ស្ករ​ត្នោត​កំពុង​តែ​ប្រកួត​ប្រជែង​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក ក្រុម​អ្នក​ផលិត​ស្ករ​ត្នោត​បាន​ថយ​ចុះ ផ្សំ​នឹង​កង្វះ​ដើម​ត្នោត​ផង ហើយ​អាកាស​ធាតុ​ប្រែប្រួល​ផង ធ្វើ​ឲ្យ​ការ​ផលិត​ស្ករ​ត្នោត​ទំនង​ជា​មិន​អាច​យូរ​អង្វែង​សម្រាប់​នាំ​ចេញ ប្រសិន​បើ​ក្រសួង ឬ​ស្ថាប័ន​នានា​មិន​ជួយ​ពង្រឹង​កសិករ​ទេ​នោះ។ លោក​ថា អង្គការ​សេដាក បាន​ជួយ​ទិញ​ស្ករ​សាច់ និង​ស្ករ​ម្សៅ​លក់​ក្នុង​ផ្សារ​សេដាក សម្រាប់​អតិថិជន​នៅ​ក្នុង​ស្រុក​បាន​ច្រើន​តោន​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អន ភារម្យ

ពី កំពុងស្ពឺ

សូមឱ្យអ្នកជួយផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃដើមត្នោតដល់ប្រជាជន និង ជួយជំរុញឱ្យអង្គការ ស្ថាប័ន សមាគមន៍ដែលជាប់ពាក់ព័ន្ធចាត់វិធានការដោះស្រាយបញ្ហានេះ

Jul 22, 2015 11:44 PM

គេហទំព័រ​ទាំងមូល