ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​ឃុំ​ថា​មិន​ខ្វាយខ្វល់​នឹង​ការងារ​បម្រើ​សេវា​ជូន​ពលរដ្ឋ

ដោយ សូត សុខប្រាថ្នា
2015-01-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​នៅ​ឃុំ​រការពរប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ឃុំ​ថា មិនបាន​យក​ចិត្ត​ទុកដាក់​បំពេញ​ការងារ ជូន​ប្រជាពលរដ្ឋ​ទេ ដោយ​តែង​យក​លេស​ថា​ជាប់រវល់​រហូត ប៉ុន្តែ​បែរ​គិត​ការងារ​ផ្ទាល់ខ្លួន ឬ​រឿង​បក្ស​ច្រើនជាង​ទៅវិញ។ យ៉ាងណា​មេឃុំ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ចុះបញ្ជី អត្រានុកូលដ្ឋាន​អោយ​កូនៗ​របស់​ពួកគេ អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ បាន​លើក​ឡើងថា​អាជ្ញាធរ​ឃុំ​ហាក់​មិន​មាន​ឆន្ទៈ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ទេ។

ពលរដ្ឋ​នៅ​ឃុំ​រការពរប្រាំ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ថា​ពួកគាត់​នាំគ្នា​ទៅ​ចុះ​សំបុត្រ​កំណើត​កូន​របស់​ខ្លួន នៅ​ឃុំ​ជាច្រើនលើក​ច្រើន​សារ ប៉ុន្តែ​ចម្លើយ​បាន​ត្រឹម​ថា​ការ​ជាប់រវល់ និង​មិន​មាន​ឯកសារ​ប៉ុណ្ណោះ។ ពួកគាត់​ថា ហេតុផល​នេះ គឺ​មិន​អាច​ទទួលយក​បានទេ ព្រោះ​មាន​ពលរដ្ឋ​ជាច្រើន នៅ​ក្នុង​ឃុំ​ត្រូវ​ខកខាន​មិនបាន​ចុះបញ្ជី សំបុត្រកំណើត​កូន​ជាច្រើន​ខែ​មក​ហើយ និង​ម្យ៉ាងទៀត ឃើញ​អាជ្ញាធរ​ឃុំ​យក​ការងារ​ផ្ទាល់ខ្លួន មក​ធ្វើ​ច្រើនជាង​ការងារ​សាធារណៈ​និង​អាច​ជា​លេស​ដើម្បី​ទារ​ប្រាក់​ផាក​ពិន័យ​ពី​ពួកគាត់​ផង៖ «គាត់​សរសេរ​មិនទាន់​គាត់ ថា​វា​ច្រើនពេក​គាត់​សរសេរ​មិនទាន់។ ប៉ុន្តែ​មើល​សភាព​ការងារ​របស់​គាត់ៗ​ច្រើនតែ​អង្គុយលេង ហើយ​ជួនកាល​គាត់​យក​ការងារ​ក្រៅ​មក​ធ្វើ និង​ការងារ​បក្ស​មក​ធ្វើ​ក្នុង​សាលាឃុំ​តែម្ដង។ អាហ្នឹង​ជាហេតុ​ផល​មួយ​ហើយ​តែ​នៅ​ពេល​មាន​ហើយ យើង​ទៅ​បង្ខំ​គាត់ៗ​ចេះ​ថា មិន​ទាន់​ធ្វើ​មិនទាន់​ធ្វើ»

ពួកគាត់​ចង់​ឱ្យ​អាជ្ញាធរ​បំពេញការងារ ដោយ​យកចិត្តទុកដាក់ និង​ទៅតាម​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មាន​ជំនឿ​លើ​ប្រព័ន្ធ​បម្រើ​សេវា​របស់​រដ្ឋ។ ជាង​នេះ ទៀត​រាជរដ្ឋាភិបាល​គប្បី​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ ពីព្រោះ​ពលរដ្ឋ​ជាច្រើន​ត្រូវការ​បញ្ជី​សំបុត្រ​កំណើត​កូនៗ យក​ទៅ​បម្រើ​ការងារ​ផ្សេងៗ​របស់​ខ្លួន។

ឆ្លើយតប​ការ​លើក​ឡើង​នេះ មេឃុំ​រកាពរប្រាំ លោក អ៊ុំ ជា មាន​ប្រសាសន៍​ថា មិនមែន​អាជ្ញាធរ​គេច វេះ មិន​ចង់​បំពេញការងារ​ជូន​ពលរដ្ឋ ឬ​រវល់​យក​ការ​បក្ស​មក​ធ្វើ​ដូច​ការចោទប្រកាន់​នោះ​ទេ ប៉ុន្តែ មូលហេតុ​យឺតយ៉ាវ ដោយសារតែ​សៀវភៅ​សម្រាប់​ចុះបញ្ជី​សំបុត្រកំណើត​នោះ គឺ​ខាង​ក្រសួង​មិន​បាន​ចេញ​មក​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ទាន់​ពេលវេលា។ ម្យ៉ាងទៀត លោ​កថា​នៅ​ក្នុង​ឃុំ​លោក គឺ​មាន​ពលរដ្ឋ​ច្រើន ដូចនេះ​អត្រា​កើត​ក៏​មាន​ច្រើន​ដែរ ទើប​អាជ្ញាធរ​មិន​អាច​ចុះឈ្មោះ បញ្ជី​សំបុត្រកំណើត​ឱ្យ​ទាន់​ចិត្ត​ពលរដ្ឋ​បាន៖ «អីចឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍ ដោយ​ប្រជាជន​ខ្លះ​ក៏​ស្ដាប់ ព្រោះ​យើង​មិន​មែនមាន​សៀវភៅ​ធ្វើ​ហើយ​ចេះតែ​ពន្យារ​បងប្អូន​ទេ»

យ៉ាងណា​ក៏​ដោយ​លោក​ថា ត្បិត​តែ​យឺតយ៉ាវ​ពិតមែន តែ​អាជ្ញាធរ​ក៏បាន​កត់​ឈ្មោះ​ពួកគាត់ ក្នុង​បញ្ជី​ទៅតាម​លេខ​រៀង​នីមួយៗ ហើយ​សៀវភៅ​ចុះបញ្ជី​ឈ្មោះ​មកដល់​ពេលណា អាជ្ញាធរ​នឹង​ធ្វើ​ជូន​ពួកគាត់​ភ្លាម ដោយ​មិនបាន​ផាក​ពិន័យ ចំពោះ​ការ​ខកខាន​នោះ​ទេ។ លោក​ក៏បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ឱ្យ​អធ្យាស្រ័យ​ចំពោះ​ការ​យឺតយ៉ាវ​នេះ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា ករណី​នេះ កំហុស​អាច​មក​ពី​ខាង​ក្រសួង ដែល​បាន​ដាក់​ចេញ​គោលនយោបាយ​របស់​ខ្លួន​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ព្រោះ​អាហ្នឹង​ជា​ការងារ​របស់​ក្រសួង​ហើយ។ គាត់​ដឹង​ហើយ​ថា ត្រូវ​ធ្វើ​អ្វីខ្លះ​ឱ្យ​ដូច​គោលបំណង​របស់​រដ្ឋ ថា​ឱ្យ​វា​បាន​ជិត​ឱ្យ​វា​បាន​ឆាប់»

លោក​ថា ដើម្បី​ឱ្យ​ការបម្រើ​សេវា​ជូន​ពលរដ្ឋ ឱ្យ​មាន​ភាព​ងាយស្រួល គប្បី​ខាង​ក្រសួងមហាផ្ទៃ​កំណត់​ផែនការ​មួយ​ច្បាស់លាស់ ហើយ​ត្រូវ​តាមដាន​ការអនុវត្ត​ផែនការ​ទាំងនោះ​ឱ្យ​បាន​ជាក់លាក់ និង​ត្រូវ​វាយតម្លៃ​ពី​លទ្ធផល​ផែនការ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មានតែ​គោលនយោបាយ ឬ​ផែនការ​តែ​នៅ​លើ​ក្រដាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល