ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​រដ្ឋាភិបាល​អន្តរាគមន៍​ជួសជុល​ផ្លូវ​លំ​និង​ស្ពាន​​ឈើ​ចាស់

ដោយ ជិន ជេដ្ឋា
2015-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្លូវ​លំ​ចូល​ទៅ​ភូមិ​ស្ដុកកប្បាស ឃុំ​បន្ទាយព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៣
ផ្លូវ​លំ​ចូល​ទៅ​ភូមិ​ស្ដុកកប្បាស ឃុំ​បន្ទាយព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៣
RFA/Chin Chetha

ប្រជាពលរដ្ឋ និង​មេ​ភូមិ​ស្ដុកកប្បាស នៃ​ឃុំ​បន្ទាយព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ និង​ស្ពាន​ឈើ​ចាស់​ទ្រុឌទ្រោម លំបាក​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​ភូមិ​ទៅ​មន្ទីរពេទ្យ សាលា​រៀន និង​ទីផ្សារ។ អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ប៉ុន្តែ​ស្ថានភាព​ផ្លូវ​លំបាក​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​១៩៧៩ មក មិន​ទាន់​ដោះស្រាយ​ចេញ។

ផ្លូវ​លំ​ប្រវែង ៤០០​ម៉ែត្រ ចេញ​ពី​ចំណុច​ភូមិ​ស្ដុកកប្បាស ឆ្ពោះ​ទៅ​ភូមិ​ឈើនាគលើ នៃ​ឃុំ​បន្ទាយព្រាល ឆ្លង​កាត់​ដៃ​អូរ និង​ស្ទឹង ដោយ​ស្ពាន​ឈើ​ចំនួន ៥​កន្លែង លំបាក​ធ្វើ​ដំណើរ​ខ្លាំង ពិសេស​នៅ​រដូវ​វស្សា។ ក្រុម​ពលរដ្ឋ បាន​រៃអង្គាស​លុយ​គ្នា​ជួសជុល​ស្ពាន​មួយ​រួច​រាល់ នៅ​សល់​ស្ពាន​បួន​ទៀត ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ពួក​គាត់​ថា ផ្លូវ និង​ស្ពាន​នេះ​នឹង​អភិវឌ្ឍ តែ​ជា​ជំហាន​គីង្គក់​ដោយ​ប្រើ​រយៈពេល​យូរ។

មេ​ភូមិ​ស្ដុកកប្បាស លោក ស្រី សារ៉ុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ថា ភូមិ​ស្ដុកកប្បាស ឋិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង។ ភូមិ​ស្ដុកកប្បាស មាន​ពលរដ្ឋ​ចំនួន ១៥០​គ្រួសារ និង​មាន​ពលរដ្ឋ​ពីរ​ភូមិ​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩។ លោក​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ពុំ​មាន​លទ្ធភាព​រក​ថវិកា​ជួសជុល​ស្ពាន​ចំនួន ៤ ទៀត​ទេ ព្រោះ​ការ​ជួសជុល​ស្ពាន​ឈើ​ទ្រុឌទ្រោម​មួយ​ខ្សែ​ប្រវែង​ជាង ២០​ម៉ែត្រ បាន​ចំណាយ​ប្រាក់​អស់​ជាង ៥​លាន​រៀល ហើយ​អ្នក​ភូមិ​នៅ​ជំពាក់​ប្រាក់​គេ​ខ្លះ​ទៀត​ផង៖ «មាន​ផល​លំបាក​ជាច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញ​ទៅ​ទីផ្សារ ឬ​សិស្ស​ចេញ​ទៅ​រៀន​នៅ​វិទ្យាល័យ និង​អនុវិទ្យាល័យ​រលាប្អៀរ​ខាង​ជើង ហើយ​ម្យ៉ាង​ទៀត​នៅ​រដូវ​វស្សា​ទឹក​លិច យើង​ចង់​ធ្វើ​ដំណើរ​រហ័ស​វា​លំបាក។ ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល​ក្ដី ឬ​ក្រៅ​រដ្ឋាភិបាល​ក្ដី សូម​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​នៅ​ក្នុង​ភូមិ​ស្ដុកកប្បាស ទាំង​មូល ដែល​មាន​ការ​ខ្វះខាត (ស្ពាន​ឈើ និង​ផ្លូវ)»

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា កន្លង​ទៅ​មាន​អ្នក​របួស និង​អ្នក​ជំងឺ​មួយ​ចំនួន​ស្ទើរ​ដាច់​ខ្យល់​ស្លាប់​តាម​ផ្លូវ ព្រោះ​តែ​ផ្លូវ​លំបាក។ បើ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​តាម​ផ្លូវ​ពីរ​ផ្សេង​ទៀត គឺ​វាង​ឆ្ងាយ​ពី​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។ អ្នកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​នេះ ហើយ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ជាក់ស្ដែង។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​រលាប្អៀរ លោក សោម វឺន ថ្លែង​យ៉ាង​ខ្លី​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ហើយ​អាជ្ញាធរ​កំពុង​យក​ចិត្ត​ទុក​ដាក់ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​ខណៈ​ដែល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ឆ្នាំង លោក លៀង សេង បង្ហើប​យ៉ាង​ខ្លី​ថា លោក​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង គឺ​អ្នកស្រី ម៉ាត់ ម៉ារ៉ា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា។

យ៉ាង​ណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង លោក លៀង សេង ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤ ថា ក្រសួង​បាន​ទម្លាក់​ថវិកា​សម្រាប់​ជួសជុល និង​ថែទាំ​ផ្លូវ​លំ​ប្រវែង ១៤​គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​នៅ​ទូទាំង​ខេត្ត​មាន​ជាង ២​ពាន់​គីឡូម៉ែត្រ ប៉ុន្តែ​សំណើ​សុំ​ជួសជុល​ស្ពាន និង​ផ្លូវ​លំ​នៅ​ឃុំ​បន្ទាយព្រាល លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល