ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ជប៉ុន

ដោយ សូត សុខប្រាថ្នា
2015-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) និង​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​ប្រទេស​ជប៉ុន ឈ្មោះ រ៉ាយ ណេតធ្យូរ៉ល់ (Rice Natural) មិន​បាន​គោរព​តាម​កិច្ចសន្យា។ ពលរដ្ឋ​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា បាន​ប្រមូល​ប្រាក់​ពួក​គាត់ ប៉ុន្តែ​មិន​បាន​នាំ​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ដូច​ការ​ផ្សព្វផ្សាយ​ឡើយ។

ពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ ហៅ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ឈ្មោះ រ៉ាយ ណេតធ្យូរ៉ល់ ថា​ជា​ក្រុមហ៊ុន​បោកប្រាស់​ប្រជាពលរដ្ឋ។ ការ​អះអាង​ដូច​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​នេះ​ជាច្រើន​រយ​ដុល្លារ កាល​ពី​ឆ្នាំ​២០១៤ ដោយ​ខាង​ក្រុមហ៊ុន​សន្យា​ថា​នឹង​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​រហូត​ពេល​នេះ គ្មាន​ដំណឹង​ពី​ក្រុមហ៊ុន​ឡើយ។ លើស​ពី​នេះ​ទៀត អាសយដ្ឋាន និង​លេខ​ទំនាក់ទំនង​ក្រុមហ៊ុន គឺ​មិន​អាច​ទាក់ទង​បាន​ទៀត។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ទ្រា ឃុំ​ក្រូចឆ្មារ លោក ស្មាអែល ប៉ារ៉ានី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដាក់​ពាក្យ​នៅ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ជប៉ុន ឈ្មោះ រ៉ាយ ណេតធ្យូរ៉ល់ អស់​ប្រាក់​ជាង ៣០០​ដុល្លារ លោក​តែង​តែ​ព្យាយាម​សាកសួរ​ទៅ​ភាគី​ក្រុមហ៊ុន ថា​តើ​ពួក​គាត់​នឹង​ត្រូវ​ចូល​រៀន​ពេល​ណា ហើយ​នឹង​អាច​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន ពេល​ណា? លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​បាន​សន្យា​មួយ​ខែ​ជា​ពីរ​ខែ ថា​នឹង​នាំ​ពួក​គាត់​ទៅ​ធ្វើ​ការ​ប្រទេស​ជប៉ុន។ ចុង​ក្រោយ​សន្យា​ថា​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច នឹង​នាំ​ពួក​គាត់​ចេញ​ទៅ ប៉ុន្តែ​ការ​សន្យា គឺ​មិន​ពិត​ទេ៖ «ខ្ញុំ​នឹង​ឃើញ​ថា ក្រុមហ៊ុន​ហ្នឹង​ជា​ក្រុមហ៊ុន​បោកប្រាស់​អ៊ីចឹង នៅ​ពេល​ដល់​ផ្ទះ​ពេល​ឃើញ​វិក្កយបត្រ​ហ្នឹង​អត់​មាន​ឈ្មោះ​ក្រុមហ៊ុន អត់​មាន​អី»

ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន មួយ​នេះ មាន​ទីតាំង​នៅ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ ប្រមាណ​ជាង ១០​នាក់ នាំ​គ្នា​ទៅ​ដាក់​ពាក្យ និង​បង់​ប្រាក់​ចំនួន​ចាប់​ពី​ជាង ៣០០​ដុល្លារ ទៅ ៤០០​ដុល្លារ អាស្រ័យ​លើ​ពួក​គេ​មាន​លិខិត​ឆ្លង​ដែន​ឬ​អត់។ ពលរដ្ឋ​ទាំង​នោះ ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ​ផ្សព្វផ្សាយ និង​ទទួល​ដំណឹង​ត​គ្នា​តាម​រយៈ​មិត្តភក្ដិ​ផង ដោយ​ក្រុមហ៊ុន រ៉ាយ ណេតធ្យូរ៉ល់ ថា​នឹង​រក​ការងារ​នៅ​ប្រទេស​ជប៉ុន ឲ្យ​ធ្វើ ដោយ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ចាប់​ពី ១.៥០០​ដុល្លារ ទៅ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

ទោះ​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ឧសភា ដោយ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​បាន​បិទ​ទៅ​ហើយ។

យ៉ាង​ណា ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ឃុំ​ក្រូចឆ្មារ លោក ស្លេះ សុក្រគ្រី ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​ក្រុមហ៊ុន​នេះ និង​ទាមទារ​ប្រាក់​ដែល​បង់​ឲ្យ​ក្រុមហ៊ុន​ត្រឡប់​មក​វិញ ព្រោះ​ប្រាក់​ដែល​លោក​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ គឺ​ជា​ប្រាក់​ចង​ការ​ពី​គេ​ទេ៖ «អ្នក​ខ្លះ​ដូចជា​ខ្ញុំ​អី​ចង​ការប្រាក់​គេ ដើម្បី​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដើម្បី​បាន​លុយ​ជួយ​គ្រួសារ។ ហើយ​ប្រាំ​ប្រាំមួយ​ខែ​មក​បែរ​បោក​គ្នា​អ៊ីចឹង។ គ្នា​បង់​ការប្រាក់​រហូត»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ខាង​លោក​នឹង​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ខាង​មន្ទីរ​ការងារ​ខេត្ត រួម​នឹង​ក្រសួង​ពាក់ព័ន្ធ​ផង ដើម្បី​ឲ្យ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​នេះ ទាមទារ​ទៅ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ទាំង​នោះ។ លោក​បន្ថែម​ថា បញ្ហា​នេះ​តែង​កើត​មាន​ជា​រឿយៗ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ពាក់ព័ន្ធ​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខាតបង់ និង​ភាព​រងគ្រោះ​របស់​ពលរដ្ឋ​ដែរ៖ «រឿង​នេះ​រាជ​រដ្ឋាភិបាល​យើង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។ ភាគ​ច្រើន គឺ​ពលករ​គាត់​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង»

មន្ត្រី​សម្រប​សម្រួល​ដដែល​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​មាន​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ខិតខំ​ផ្សព្វផ្សាយ​ហួស​ពី​ព្រំដែន ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​គេ​ជឿ ចុង​ក្រោយ​បែរ​បិទ​ទីតាំង ផ្ដាច់​ទំនាក់ទំនង​ជាមួយ​អ្នក​ដាក់​ពាក្យ និង​មិន​បាន​បំពេញ​តួនាទី​នាំ​ពលករ​ទាំង​នោះ​ទៅ​រក​ការងារ​ធ្វើ​ដូច​ការ​សន្យា​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​នៅ​ឃុំ​ក្រូចឆ្មារ អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គប្បី​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​ទាំង​នោះ​ថា ប្រសិន​បើ​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ ត្រូវ​សិក្សា​ពី​ក្រុមហ៊ុន​ឲ្យ​បាន​ច្បាស់លាស់ ដូចជា​និរន្តរភាព​ក្រុមហ៊ុន។ បន្ថែម​ពី​នេះ ថា​តើ​ក្រុមហ៊ុន​នោះ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ការងារ ឬ​ក៏​អត់? និង​គប្បី​សិក្សា​ពី​ទីកន្លែង​ដែល​គេ​គ្រោង​នឹង​បញ្ជូន​ទៅ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ជៀសវាង​មាន​បញ្ហា​ដូច​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល