សាលា​ក្រុង​ប្រកាស​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ឡាន​ក្រុង​និង​ឡាន​ដឹក​ទំនិញ​រក​ចំណត​នៅ​ជាយ​ក្រុង

ដោយ ខែ សុណង
2015-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥
រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ទាំងអស់ រក​ចំណត​នៅ​ក្រៅ​ក្រុង​ចាប់​ពី​ពេល​នេះ​ត​ទៅ ព្រោះ​អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​អនុវត្ត​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី ដោយ​លែង​ឲ្យ​រថយន្ត​ធំៗ​ទាំង​នោះ ចូល​ក្នុង​ក្រុង​ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ។

ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​ចំនួន បាន​ទទួល​យក​សំណើ​ពី​អាជ្ញាធរ​រាជធានី ដែល​តម្រូវ​ឲ្យ​ពួក​គេ​រៀបចំ​ឲ្យ​មាន​ចំណត​នៅ​ខាង​ក្រៅ​ក្រុង ដើម្បី​បញ្ចៀស​នូវ​ការ​កក​ស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍។

សមាគម​ដឹក​ជញ្ជូន បាន​គាំទ្រ​លើ​គម្រោង​របស់​អាជ្ញាធរ​រាជធានី ហើយ​ពួក​គេ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព។

ជំនួយការ​នាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន កាពីតូល (Capitol) លោក ភូ កុកវ៉ាន់ ថ្លែង​នៅ​ថ្ងៃ​ទី​២៥ សីហា ថា ក្រុមហ៊ុន​បាន​ទទួល​ដំណឹង​នេះ​បន្ទាប់​ពី​កិច្ច​ជំនួប​ជាមួយ​អាជ្ញាធរ​រាជធានី។ លោក​បន្ត​ថា ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន​នឹង​ពិចារណា​ចំពោះ​បទបញ្ជា​របស់​អាជ្ញាធរ​ក្រុង៖ «តាម​ធម្មតា​បើ​សិន​ជា​អាជ្ញាធរ​គាត់​តម្រូវ យើង​ត្រូវ​តែ​ធ្វើ យើង​មិន​អាច​ធ្វើ​ផ្ទុយ​ពី​ច្បាប់​បាន​ទេ»

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ស្ដីពី​បញ្ហា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុន​ធ្ងន់ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ រវាង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចង់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ទាំងអស់ រក​ចំណត​នៅ​ក្រៅ​ក្រុង គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ និង​ទប់ស្កាត់​ការ​កក​ស្ទះ​ចរាចរណ៍។ លោក​ថា រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ នឹង​លែង​ចូល​ក្រុង​ទៀត​ហើយ ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ គឺ​តម្រូវ​ឲ្យ​រក​ចំណត​នៅ​ក្រៅ​ក្រុង។ គម្រោង​នេះ ជា​វិធានការ​មួយ​ដែល​សាលា​រាជធានី បាន​គិតគូរ​ជា​យូរ​មក​ហើយ ដើម្បី​ដោះស្រាយ និង​កែលំអ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ក្រុង៖ «គម្រោង​របស់​យើង គឺ​យើង​អត់​ចង់​ឲ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ក្នុង​ខណ្ឌ​នៅ​កណ្ដាល​ក្រុង​ទាំងអស់​នេះ មិន​អាច​ឲ្យ​មាន​ការ​ចត​រថយន្ត​ក្រុង​ធំៗ​នេះ មិន​ចង់​ឲ្យ​មាន​ចត​កណ្ដាល​ផ្លូវ​តាម​ចិញ្ចើម​ផ្លូវ​ដូច​សព្វថ្ងៃ ដែល​គាត់​ចង់​លើក​ដាក់​ក្រុង​ទាំងអស់ ក្រុមហ៊ុន​គួរ​តែ​រៀបចំ​រក​កន្លែង​លក់​សំបុត្រ​លក់​អី រក​កន្លែង​អ្នក​ដំណើរ គាត់​រៀបចំ​ឡើង​ចុះ​មក​វិញ​អី​ជា​ដើម​នោះ គឺ​សុំ​ឲ្យ​គាត់​ធ្វើ​នៅ​ក្រៅ​ក្រុង​ហើយ មាន​ដូចជា ផ្សារ​ថ្មី ផ្សារ​អូរឫស្សី ជាដើម»

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ដដែល​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​ធ្វើ​ការ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ ទៅ​លើ​កិច្ចការ​រៀបចំ​ចំណត​របស់​ខ្លួន​នៅ​តំបន់​ជាយ​ក្រុង ដែល​ជា​ចំណត​ថ្មី​នោះ។ សាលា​រាជធានី​ភ្នំពេញ រំពឹង​ថា បើ​គម្រោង​ជម្លៀស​ចំណត​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ធំៗ​នេះ​បាន អាច​នឹង​ផ្ដល់​ឲ្យ​មាន​ផល​ល្អ​ចំពោះ​ដំណើរ​ការ​រថយន្ត​សាធារណៈ​របស់​សាលា​រាជធានី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល