អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ហ្វឹកហាត់​កម្លាំង​ត្រៀម​បង្ក្រាប​អ្នក​តវ៉ា​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត

ដោយ វ៉ែន សុមេធ
2020-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ​ហ្វឹកហាត់ សម្រាប់ការ​បង្ក្រាប​បាតុកម្ម។ រូប​ភាព​​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញសង្គម នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០២០។
សកម្មភាព​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ​ហ្វឹកហាត់ សម្រាប់ការ​បង្ក្រាប​បាតុកម្ម។ រូប​ភាព​​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញសង្គម នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០២០។
photo courtesy

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​ហ្វឹកហាត់​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល​ដើម្បី​ត្រៀម​ទប់ស្កាត់​ក្រុម​ប្រជាពលរដ្ឋ​ដែល​គ្រោង​តវ៉ា​នៅ​ច្រកទ្វារ​ព្រំដែន​កម្ពុជា​និង​ថៃ​នៅ​ថ្ងៃ​ទី​១ មិថុនា។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​របស់​សមត្ថកិច្ច​នេះ ថា ជា​ការ​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ភ័យខ្លាច​ដើម្បី​កុំ​ឱ្យ​ពួកគាត់​ទៅ​ចូលរួម​ធ្វើបាតុកម្ម​តាម​ការ​គ្រោងទុក។

ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ប្រមាណ​៦០​នាក់​និង​មន្ត្រី​អាវុធហត្ថ​ប្រហែល​៤០​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​នាំគ្នា​ហ្វឹកហាត់​នៅ​ក្នុង​ទី​បញ្ជាការ​ដ្ឋាន​រៀងៗ​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ឧសភា​មក​។​សមត្ថកិច្ច​ទាំងនោះ​មាន​បំពាក់​ដោយ​ដំបង​ឆក់ និង​ខែល ឈរ​តម្រង់​ជួរ​កម្ដៅ​សាច់ដុំ​ស្រប​ពេល​ក្រុម​ប្រជាពលរដ្ឋ​គ្រោង​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​​ទី​៣១​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

រីឯ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លោក នី ណារ៉ូ សុំ​មិន​ឆ្លើយតប​ជុំវិញ​ពី​ការ​ហ្វឹកហាត់​កងកម្លាំង​នេះ​ទេ ដោយ​លោក​ប្រា​ប់ថា លោក​មិន​បាន​នៅ​បន្ទាយ​ជាច្រើន​ថ្ងៃ​ហើយ៖ «ខ្ញុំ​ជាប់​ច្បាប់​ខ្ញុំ​បាន​ផ្ទេរ​សិទ្ធ​ឱ្យ​គេ​ហើយ​បង»

ចំណែក​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម បាន​បង្ហោះ​រូបថត​សកម្មភាព​របស់​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣០​ឧសភា​ថា​ប៉ូលិស​អនុវត្តន៍​តាម​បទបញ្ជា​លោកស្នងការ​នគរបាល​ខេត្ត គឺជា​ការ​រំលឹក​មេរៀន​ឡើងវិញ​កុំឲ្យ​ភ្លេច​ប៉ុណ្ណោះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បន្ថែម​ទៀត​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

ទាក់ទង​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្តបន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទ​គា យល់ថា អាជ្ញាធរ​កម្ដៅ​សាច់ដុំ​នៅពេលនេះ​គឺជា​រូបភាព​បំភិតបំភ័យ ដើម្បី​កុំឱ្យ​ពលរដ្ឋ​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​១​មិថុនា​។​។​លោក​ចាត់​ទុក​ទង្វើ​បែបនេះ​ថា​ជា​ការ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ទៅវិញ​ទេ​៖ «ហើយ​មួយទៀត​បើសិនជា​ឈាន​ទៅ​ដល់​បំបែក​ហើយ​វាយ​ដុំ​ប្រជាពលរដ្ឋ​ទៀត​វា​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ព្រោះថា​យើង​ស៊ី​ប្រាក់​រដ្ឋ​ហើយ​រដ្ឋ​បាន​លុយ​ពី​ប្រជាពលរដ្ឋ​មក​ចិញ្ចឹម​សមត្ថកិច្ច​ហើយ​បែរ​ទៅជា​វាយដំច្រំធាក់​ដល់​អ្នកមាន​គុណ​ខ្លួនឯង​វា​ជា​រឿង​មួយ​អកតញ្ញូ​ខ្លាំង​ណាស់​។ ព្រោះថា​ហាត់​ក៏ដោយ​អី​ក៏ដោយ​គ្រាន់តែ​ហាត់​ដើម្បី​រំលឹក​មេរៀន​កុំ​ឱ្យ​ភ្លេច ប៉ុន្តែ​កុំ​ឱ្យ​ទៅ​​វាយ​ធ្វើបាប​ពលរដ្ឋ»

ចំណែក​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ថ្លែង​ថា បើទោះបី​ជា​មាន​កងកម្លាំង​ច្រើន​នាក់​បែបនេះ​ក្ដី ក៏​មិន​អាច​ទប់ស្កាត់​ពួកគាត់​មិន​ឱ្យ​ធ្វើបាតុកម្ម​បាន​ដែរ។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្រុម​អ្នក​រត់ម៉ូតូឌុ​ប កម្មករ​អូស​រទេះ​អាជីវករ​ដែល​មាន​តូប​លក់​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ និង​កម្មករ​ស៊ីឈ្នួល​លីសែង​នៅ​ក្នុង​ទឹកដី​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​នាំគ្នា​ធ្វើបាតុកម្ម​តាម​ការ​គ្រោង​ទុក​ដដែល៖ «ខ្ញុំ​ត្រូវតែ​ធ្វើ​ស្អែក​នេះ​ត្រូវតែ​ទៅ​ឱ្យ​គេ​រក​ដំណោះស្រាយ​ដែល​ឱ្យ​ចង់​បាន​ធ្វើ​យ៉ាងម៉េច​ឱ្យ​បាន​យល់ស្រប​ទាំងអស់​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ចូល​ទៅ​ផ្សារ​។​យើង​ពាក់​ម៉ាស់​ទាំងអស់​គ្នា ទៅ​យើង​ការពារ​ដូច​តែ​គ្នា​ហ្នឹង​យើង​ចរចា​គ្នា​ដោយ​សន្តិវិធី​អត់​មាន​ប្រើ​អំពើ​ហិង្សា​ទេ​។ បើ​សមត្ថកិច្ច​មក​វាយ​ពួក​ខ្ញុំ​ក៏​ពិបាក​ដែរ​ព្រោះ​ធម្មតា​មនុស្ស​ដល់ក​មិន​ខ្លាច​ការ​វាយ​ទេ បើ​ធ្វើ​បាប​គ្នា​ក៏​ខ្មាស​គេ​ខ្មាស​ឯង​ដូច​តែ​គ្នា​ដែរ​។​អាជ្ញាធរ​ធ្វើ​អី​ក៏ដោយ​ត្រូវ​គោរព​សិទ្ធ​យើង​ជា​ខ្មែរ​ដូចគ្នា»

នៅ​ថ្ងៃ​ទី​៣១​ឧសភា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ជាច្រើន​នាក់ ក៏បាន​ដាក់​ពង្រាយ​ត្រៀម​ទប់ស្កាត់​ក្រុម​បាតុករ​ខ្មែរ​នៅ​តំបន់​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ​ជាប់​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា តំណាង​ពលរដ្ឋ​បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ​ស្នើសុំ​បើកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឡើងវិញ​ដោយសារ​ការ​បិទ​ព្រំដែន​យូរ​បែបនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ។ នៅ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន ១.៥០០នាក់ គ្រោង​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទៅ​៧​មិថុនា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បដិសេធ​។​ការ​តវ៉ា​នេះ​ក្រុម​ប្រជាពលរដ្ឋ​នឹង​បិទ​ផ្លូវជាតិ​លេខ​៥​នៅ​ច្រក​ទ្វារ​ព្រំដែន​ហាមឃាត់​មិន​ឱ្យ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល