កម្មករ​រោងចក្រ​អែស.អិល​បរាជ័យ​ក្នុង​ការ​ស្វែង​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី

សមត្ថកិច្ច​ជាច្រើន​រយ​នាក់ រារាំង​កម្មករ​រោងចក្រ អែស.អិល (SL) មិន​ឲ្យ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​តំណាង ៣០​នាក់ យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​របស់​ប្រមុខ​ដឹក​នាំ។ តំណាង​កម្មករ ឲ្យ​ដឹង​ថា ការ​ចូល​ជួប​តំណាង​ខុទ្ទកាល័យ​មិន​ទាន់​មាន​លទ្ធផល​ទេ ហើយ​អះអាង​ថា នឹង​ប្រមូល​ផ្តុំ​គ្នា​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​ជា​ថ្មី​ទៀត​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​អន្តរាគមន៍ ឬ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គេ។
ដោយ វិទ្យុ​អាស៊ីសេរី
2013-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមត្ថកិច្ច​រារាំង​ក្រុម​កម្មករ​ដើរ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជិត​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​២៧១ និង​ផ្លូវ​៣៧១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
ក្រុម​សមត្ថកិច្ច​រារាំង​ក្រុម​កម្មករ​ដើរ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជិត​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​២៧១ និង​ផ្លូវ​៣៧១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Uon Chhin

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៥០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ទំនប់​ថ្មី ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា ដើម្បី​ទប់ស្កាត់​កម្មករ​រោងចក្រ អែស.អិល ប្រមាណ ២​ពាន់​នាក់ ដែល​មាន​បំណង​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុម​កម្មករ​រោងចក្រ អែស.អិល បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដើរ​ហែ​ក្បួន​ចេញ​ពី​ទីតាំង​រោងចក្រ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន។

ក្រុម​កម្មករ​បាន​ចោទ​ក្រុមហ៊ុន​ថា បាន​បិទ​ទ្វារ​មិន​ឲ្យ​ពួក​គាត់​ចូល​ធ្វើ​ការ និង​មិន​បាន​ផ្តល់​សំណង​សមរម្យ​ជូន​ពួក​គាត់។ កម្មករ​បន្ថែម​ថា ពួក​គេ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​លក្ខខណ្ឌ​ការងារ​ចំនួន ១១​ចំណុច មាន​ដូច​ជា ស្នើ​ដក លោក មាស សុត្ថា ប្រធាន​រដ្ឋបាល ឬ​ទីប្រឹក្សា​រោងចក្រ​កាត់​ដេរ អែស.អិល ចេញ​ពី​ការងារ ស្នើ​ឲ្យ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទីតាំង​រោងចក្រ ទាមទារ​ឲ្យ​រោងចក្រ​ផ្តល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម ស្នើ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​លុយ​បាយ​ជូន​កម្មករ និង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​កម្មករ​ពី​តុលាការ​ជាដើម។

-ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​ត្រៀម​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

-ក្រុម​កម្មករ និង​ក្រុម​សមត្ថកិច្ច​ប្រឈម​មុខ​ដាក់​គ្នា។

-ក្រុម​សមត្ថកិច្ច​ដាក់​ពង្រាយ​រារាំង​ក្រុម​កម្មករ។

-ឡាន​ទឹក​ដាក់​ត្រៀម​នៅ​ជិត​កន្លែង​កើត​ហេតុ។

-ក្រុម​សមត្ថកិច្ច​ដាក់​ពង្រាយ​រារាំង​ក្រុម​កម្មករ។

-ឡាន​ដឹក​ក្រុម​សមត្ថកិច្ច។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ ឬ​ពាន់​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​មក​រារាំង​កម្មករ មិន​ឲ្យ​ដើរ​ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា៖ «កម្មករ​បាន​ទាមទារ​ក្នុង​ក្របខ័ណ្ឌ​កម្មករ​រោងចក្រ និង​ថៅកែ​ក្រុមហ៊ុន គឺ​មិន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នយោបាយ ឬ​រាជ​រដ្ឋាភិបាល​ណា​ទេ។ ពួក​ខ្ញុំ​ធ្វើ​កូដកម្ម​អត់​មាន​ប្រើ​អំពើ​ហិង្សា​អី​ទេ គឺ​ខ្ញុំ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ថៅកែ​រោងចក្រ​ត្រូវ​រក​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ ដែល​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ពួក​ខ្ញុំ​ទេ។ រយៈពេល ២​ខែ​ហើយ គឺ​ថៅកែ​រោងចក្រ​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​បាន​មួយ​ចំណុច​ណា​ទេ។ តើ​សម​ដែរ​ទេ ដែល​យក​កម្លាំង​ប៉េអិម ឬ​កង​រាជ​អាវុធហត្ថ​មក​ដាក់​ពង្រាយ​អ៊ីចឹង? ពួក​ខ្ញុំ​សុទ្ធតែ​ដៃ​ទទេ និង​គ្មាន​អ្វី​នៅ​ក្នុង​ដៃ រីឯ​កម្លាំង​សមត្ថកិច្ច​មាន​ដំបង​ឆក់ ខែល និង​កាំភ្លើង​គ្រប់​ដៃ​ដូច្នេះ»

លោក ប៊ុត ប៊ុនឈាន មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​នៃ​សម្ព័ន្ធ​សហជីព ស៊ីខាវឌូ (CCAWDU) ក៏​បាន​សំណូម​ពរ​ឲ្យ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ អែស. អិល ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ជម្លោះ​កុំ​ឲ្យ​រីក​រាល​ដាល​ធ្ងន់ធ្ងរ។

កម្មករ​ឲ្យ​ដឹង​ថា ជម្លោះ​នៅ​រោងចក្រ អែស.អិល បាន​កើត​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី១២ ខែ​សីហា មក​ម្ល៉េះ ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​មិន​ទាន់​ជួយ​រក​ដំណោះស្រាយ​ជូន​ទេ។ បញ្ហា​នេះ កម្មករ​បាន​អះអាង​ថា ដោយសារ​តែ​ភាគី​ថៅកែ​ក្រុមហ៊ុន ហាក់​មិន​មាន​ចេតនា​ជួប​ចរចា​ជាមួយ​កម្មករ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អែស.អិល ដើម្បី​បំភ្លឺ​ជុំវិញ​វិវាទ​នៅ​រោងចក្រ អែស.អិល បាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា ព្រោះ​គ្មាន​អ្នក​លើក​ទទួល។

លោក គួច ចំរើន អភិបាល​ខណ្ឌ​មានជ័យ ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង​ដែល​កម្មករ និង​សមត្ថកិច្ច​ប្រឈម​មុខ​ដាក់​គ្នា នៅ​ក្បែរ​ចំណុច​ប្រសព្វ​ផ្លូវ​លេខ​៣៧១ និង​ផ្លូវ​លេខ​២៧១។ លោក​បាន​សម្រប​សម្រួល​ឲ្យ​កម្មករ បញ្ឈប់​សកម្មភាព​ដើរ​ហែ​ក្បួន និង​ស្នើ​ឲ្យ​ចាត់​តំណាង​ចំនួន ៣០​នាក់ ចូល​ជួប​មន្ត្រី​ខុទ្ទកាល័យ​ប្រមុខ​ដឹក​នាំ​ជួយ​រក​ដំណោះស្រាយ៖ «ខ្ញុំ​គ្រាន់​តែ​សុំ​ជួយ​សម្រប​សម្រួល ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ញត្តិ​របស់​បង​ប្អូន ដែល​មាន​បំណង​ចង់​ទាមទារ​ថ្ងៃ​នេះ​បាន​ផ្ញើ និង​យក​ទៅ​ដាក់​ដល់​ខុទ្ទកាល័យ​របស់​សម្ដេច​តេជោ»

ប៉ុន្តែ តំណាង​កម្មករ​ក្រុមហ៊ុន អែស.អិល លោក តេង រី បាន​ឲ្យ​ដឹង​ថា ជំនួប​រវាង​តំណាង​កម្មករ​ចំនួន ៣០​នាក់ ជាមួយ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា មិន​មាន​លទ្ធផល​ទេ។ វិវាទ​នេះ លោក​ថា ក្រុម​កម្មករ​មាន​គម្រោង​ដើរ​ដង្ហែ​ក្បួន​ជា​ថ្មី​ទៀត​ទៅ​មុខ​ផ្ទះ​ប្រមុខ​ដឹក​នាំ ដើម្បី​ស្នើ​ជួយ​រក​ដំណោះស្រាយ​ជា​បន្ត​នៅ​ថ្ងៃ​ខាង​មុខ៖ «កម្មករ​យើង​គាត់​សម្ដែង​ឆន្ទៈ​មោះមុត​ថា បើ​គ្មាន​ដំណោះស្រាយ​ទេ សូម្បី​តែ​រដូវ​បុណ្យ​ភ្ជុំ​ហ្នឹង ក៏​គាត់​អត់​ទៅ​ស្រុក​កំណើត ឬ​ទៅ​ផ្ទះ​ដែរ ពីព្រោះ​អី​វា​ពាក់ព័ន្ធ​នឹង​គាត់​អត់​មាន​លុយ​មាន​កាក់​ផង គឺ​ឥឡូវ​កម្មករ​យើង គឺ​លំបាក​ខ្លាំង​មែន​ទែន។ ហើយ​គាត់​ថា គាត់​អត់​ទៅ​ណា​ទេ គឺ​នៅ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ។ គាត់​ថា គាត់​ធ្វើ​បុណ្យ​ភ្ជុំ​នៅ​ភ្នំពេញ ហ្នឹង​តែ​ម្តង គឺ​គាត់​អត់​ទៅ​ស្រុក​ទេ»

ក្រុម​កម្មករ​បាន​អះអាង​ថា ពួក​គេ​នឹង​មិន​បញ្ឈប់​សកម្មភាព​ជួប​ប្រជុំ ឬ​គម្រោង​ដើរ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដរាប​ណា​មិន​ទទួល​បាន​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​ពី​ថៅកែ​ក្រុមហ៊ុន​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

only hun sen can solve the problem. he is the real king of cambodia.

Oct 01, 2013 07:48 AM

អ្នក​អាន​អនាមិក

លោកហុ៑ន សែន . អត់សមត្ថភាព ដោះស្រាយជូន កម្មករ . បែរ ជា យកប៉េអុឹម មក រា រាំង កម្មករទៅវិញ ! . _ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវតែដឹងថា តើអ្នក
ណាជួយប្រជាពលរដ្ឋ ពិតប្រាកដ . ឫ បានតែមាត់ ឡូឡា អត់បានការ . សូមពិចារណា តាមការ គួរ ! .

Sep 30, 2013 08:59 AM

កូនខ្មែរ

ពី ភព

ចង់បានដំណោះស្រាយត្រូវតែរកក្បាលម៉ាស៊ីនឬអ្នកដែលចង។ករណីយ៍នេះក្បាលម៉ាស៊ីនឬអ្នកដែលចងមិនមែនហ៊ុនសែនមន្រ្តី(រដ្ឋ
មន្រ្តី)ទេគឺហ៊ុន សែន-ចិនម្នាក់គត់។កម្មករទាំងអស់រកអ្នកចងត្រូវ
ហើយគឺហ៊ុន សែន-ចិននេះឯង។

Sep 27, 2013 07:07 PM

អ្នក​អាន​អនាមិក

ពី USA

Folks-Hun Sen is the priminister of illigal gov created/approved by the CPP which created by yuon.. Stopping doing that. need to join the mass rally starting next october 6 to 23rd, 2013! Need Pdo!

Sep 27, 2013 04:48 PM

អ្នក​អាន​អនាមិក

ការដោះស្រាយគួរតែធ្វើឡើងអោយបានឆាប់ កុំអោយងាកប្រជាជនចេះតែទៅរកនាយករដ្ឋមន្រ្តី។ ព្រោះនាយករដ្ឋមន្រ្តីបានប្រគល់សិទ្ធិ​និងការងារជូនដល់រដ្ឋមន្រ្តីអស់ហើយ។ បើរដ្ឋមន្រ្តីណាគ្មានសមត្ថភាពដោះស្រាយទេ គួរចុះចេញពីដំណែងទៅ ដើម្បីរក្សាមុខមាត់ជាតិនិងបក្ស

Sep 27, 2013 03:31 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល