អគ្គស្នងការ​នគរបាល​ជាតិ​ថា ការ​ហ្វឹកហាត់​បែប​ទាត់​ធាក់​មិនមែន​ជា​ការ​ធ្វើ​ទារុណកម្ម​ឡើយ

ដោយ ហេង រស្មី
2019-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
រូប៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ហ្វេសប៊ុក ភ័ណ្ឌ សម្ភស្ស សេនាខមយុទ្ធ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាង​ថា ការ​វាយ​ទាត់​ធាក់​ទៅលើ​កងកម្លាំង ដែល​រង​ការរិះគន់​ពី​សាធារណជន​នោះ គឺជា​ការ​ហ្វឹកហាត់​កាយសម្បទា មិនមែន​ជា​អំពើ​ទារុណកម្ម​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ពិតប្រាកដ ព្រោះ​ច្បាប់​ហាមឃាត់​មិន​ឱ្យ​មានការ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាងកាយ​របស់​ពល​រដ្ឋ​ណា​ម្នាក់​ឡើយ។

អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ទទួលស្គាល់​ថា ពិតជា​មានការ​ហ្វឹកហាត់​បែប​វាយ​ទាត់​ធាក់​ទៅលើ​កងកម្លាំង​នគរបាល ដូច​ក្នុង​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) នោះ​ប្រាកដ​មែន។ ក៏ប៉ុន្តែ​លោក​ថា នេះ​ជា​ការ​ហ្វឹកហាត់​កាយសម្បទា​ឱ្យ​រឹងមាំ មិនមែន​ជា​ការ​ធ្វើ​ទារុណកម្ម ឬ​អំពើ​សាហាវយង់ឃ្នង​អ្វី​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា សិក្ខាកាម​ដែល​ចូលរួម​ហ្វឹកហាត់​ទាំងនោះ មិន​មាន​ការ​រង​របួស​ឡើយ៖ «ហាត់​ហ្នឹង គឺ​មិន​ប៉ះពាល់​ដល់​រូបរាងកាយ​នោះ​ទេ ដូច​យើង​ឃើញ​ទាត់​ដួល​ខ្ពោក​អ៊ីចឹង តាមពិត​មិនមែន​ទាត់​មួយ​ទំហឹង ដួល​មនុស្ស​រហូតដល់​មាន​គ្រោះថ្នាក់​ដល់​សុខភាព ឬ​អាយុជីវិត​នោះ​ទេ។ គេ​ហាត់​របៀប​ទាត់ របៀប​ដួល ហើយ​តាមពិត​មន្ត្រី​ដែល​ហ្វឹកហ្វឺន​នេះ គ្នា​អត់​មាន​របួស អត់​មាន​ស្នាម​អ្វី​ទេ​។ យើង​មើល​កាយវិការ​ឃើញ​ដូច​វ៉ៃ​មែនទែន​អ៊ីចឹង ដូចគ្នា​នឹង​កីឡាកាស​ដែរ។ កីឡាកាស​គេ​ធ្វើ​ដូច​វ៉ៃ​មែនទែន​អ៊ីចឹង ប៉ុន្តែ​តាមពិត អត់​មាន​របួស​អ្វី​ធ្ងន់​នោះ​ទេ។ នេះ​ជា​ការ​ពន្យល់​របស់​អ្នកបច្ចេកទេស»

ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ចែករំលែក​យ៉ាង​ព្រោងព្រាត​នូវ​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​ពី​ការ​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់។

ក្នុង​វីដេអូ​នោះ សិក្ខាកាម​បាន​ឈរ​តម្រៀប​គ្នា ហើយ​គ្រូបង្ហាត់​មា្នក់​បាន​ដើរ​វាយ ទាត់ ធាក់ ឬ​ដាល់​ពួកគេ​ម្នាក់​ម្តងៗ ឱ្យ​ដួល​លើ​ដី​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ដោយ​ពួកគេ​យល់ថា នេះ​ជា​ការ​ធ្វើ​ទារុណកម្ម និង​មិន​សមជា​ការ​ហ្វឹកហាត់​កង​កម្លាំង​ឡើយ។

ទោះជា​យ៉ាងណា គ្រូបង្ហាត់​នោះ បាន​ចេញ​វីដេអូ​បកស្រាយ​ថា លោក​មានឈ្មោះ ទួន សុភក្ត្រា គឺជា​គ្រូបង្ហាត់​ក្បាច់គុន​យុទ្ធក្រមខម។ លោក​បញ្ជាក់​ថា ការ​វាយ​ផ្ដួល​សិក្ខាកាម​លើ​ដី​នេះ គឺ​ដើម្បី​ពង្រឹង​កាយសម្បទា​របស់​ពួកគេ​ឱ្យ​រឹងមាំ មិនមែន​ជា​ការ​ធ្វើ​ទារុណកម្ម ឬ​ការ​មាន​គំនុំ​គុំកួន​អ្វី​ឡើយ៖ «សូម​បងប្អូន​កុំ​យល់​ច្រឡំ ខ្ញុំ​ធ្វើ​នេះ​គឺ​ចង់​ពង្រឹង​រាងកាយ​សម្បទា​របស់​ពួកគាត់ ជំហរ​របស់​គាត់ គាត់​ឃុំ គាត់​វ៉ៃ​បាន​ហើយ ឬ​នៅ​? គាត់​ឈរ​បាន​ហើយ ឬ​នៅ​? តែ​ប៉ុណ្ណឹង​ទេ ដើម្បី​ទប់ទល់​ជាមួយ​សត្រូវ ឬក៏​ពេល​គេ​វាយលុក​មក​លើ​គាត់។ ពេល​ហ្នឹង​គាត់​អាច​រឹងមាំ ទប់ទល់​បាន​។ ហើយ​មួយទៀត ពួកគាត់​ជា​សិក្ខាកាម​ទាំងអស់ ខ្ញុំ​ស្រឡាញ់​ដូចជា​បងប្អូន​ជាមួយគ្នា​បង្កើត​អ៊ីចឹង អត់​មាន​គំនុំ គុំកួន ឬ​ក៏​ធ្វើ​ទារុណកម្ម​ទៅលើ​ពួកគាត់ គឺ​អត់​ទេ»

ចំណែក តំណាង​សិក្ខាកាម​ទាំងនោះ​វិញ ក៏បាន​បកស្រាយ​ដូចគ្នា​ថា ការ​វាយ​ទាក់​ធាក់​នេះ មិនមែន​ជា​ការ​ដាក់​ទារុណកម្ម​ឡើយ ក៏ប៉ុន្តែ​គឺជា​មេរៀន​ឱ្យ​សិក្ខាកាម​ទាំងអស់​មាន​លំនឹង និង​ភាព​រឹងមាំ​ទប់ទល់​ជាមួយ​សត្រូវ។ ពួកគេ​បន្ត​ថា សិក្ខាកាម​ទាំង​អស់​​ពេញចិត្ត​ចំពោះ​ការ​ហ្វឹកហាត់​បែបនេះ និង​ស្នើ​ឱ្យ​សាធារណជន​កុំ​មានការ​ភ័ន្តច្រឡំ​ចំពោះ​រឿង​នេះ៖ «ខ្ញុំ​សូម​មហាជន​ទាំងអស់​កុំ​មានការ​ភ័ន្តច្រឡំ ថា​ការ​ធ្វើ​ទារុណកម្ម ឬក៏​ការ​ទាត់​ធាក់​របស់​គ្រូ​នេះ គឺជា​ការ​ស្អប់ ឬក៏​គំនុំ ឬ​ជា​ការ​ដាក់​ពិន័យ​។ នេះ​​គឺ​ជា​ការ​ហ្វឹកហាត់​កាយសម្បទា ដើម្បី​ឱ្យ​គាត់​មាន​ជំហរ​រឹងមាំ​។ គាត់​សាកមើល តើ​សិស្ស​ទាំងអស់​អាច​មាន​ជំហរ​រឹងមាំ ហើយ​ឬ​នៅ»

តំណាង​សិក្ខាកាម​បញ្ជាក់​ថា ការ​ហ្វឹកហ្វឺន​នេះ ធ្វើឡើង​នៅ​ក្នុង​ទីបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ហើយ​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​លំ​ហាត់​នេះ គឺជា​មន្ត្រី​នគរបាល​ព្រំដែន​នៅ​ទីនោះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា លោក​មិន​បាន​ដឹង​ច្បាស់​ពី​បទ​បញ្ជា ឬ​លក្ខន្តិកៈ​របស់​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​នោះ​ឡើយ ក៏ប៉ុន្តែ​លោក​ថា ច្បាប់​មិនបាន​បើកផ្លូវ​ឱ្យ​មាន​ការ​វាយ​ទាត់​ធាក់​បែប​នេះ​ឡើយ។ ជាពិសេស​លោក​ថា ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ហាមឃាត់​ការបំពាន​លើ​រូបរាងកាយ​របស់​បុគ្គល​ម្នាក់ៗ ទោះជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ឬ​កងកម្លាំងប្រដាប់អាវុធ​ក្ដី៖ «ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ​ឡើងវិញ​ទៅលើ​រឿង​​ហ្នឹង ហើយ​ពិនិត្យ​ទៅលើ​លក្ខន្តិកៈ ឬក៏​លក្ខខណ្ឌ​នៃ​ការ​ហ្វឹកហាត់​ហ្នឹង ពីព្រោះ​បញ្ហា​ហ្នឹង​មើល​ទៅ​វា​ធ្វើ​ឱ្យ​មាន​ការរិះគន់។ វា​មើល​ទៅ​ឃើញ​ថា ជា​ការ​រំលោភបំពាន​ទៅលើ​រូបរាងកាយ​របស់​បុគ្គល»

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន មិន​បកស្រាយ​អំពី​គោលការណ៍​ក្នុង​ការ​ហ្វឹកហាត់​កាយសម្បទា​របស់​កងកម្លាំង​នគរបាល​នោះ​ទេ។ ដោយឡែក អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត វិញ អះអាង​ថា ការ​ហ្វឹកហាត់​របស់​កងទ័ព​មិន​មាន​លក្ខណៈ​វាយ​ទាត់​ធាក់​បែប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល