អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​ពិនិត្យ​ករណី​មន្ត្រី​ប៉ូលិស​មាន​ងារ​ជា​ឧកញ៉ា

ដោយ ទីន ហ្សាការីយ៉ា
2019-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
រូប​៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​ពិនិត្យ​មើល​​ករណី​មន្ត្រី​ប៉ូលីស​​មាន​ងារ​ជាឧកញ៉ា បន្ទាប់​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​លែង​ឱ្យ​មាន​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​​អាវុធតទៅទៀត។ សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​អំណាច​ប្រព្រឹត្ត​ដោយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី៩ កញ្ញា​ថា ខាង​មន្ត្រី​ជំនាញ​កំពុង​ប្រមូល​តួលេខ​ចំនួន​ឧកញ៉ា​ក្នុង​​ជួរ​ប៉ូលិស ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ប្រជុំ​សម្រេច។ លោក​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​ឧកញ៉ា​ក្នុង​ជួរ​នគរបាល​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា ​រឿង​នេះ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់​ជាមុន​សិន។ នាយ​ឧត្ដមសេនីយ៍​​រូប​នេះ​អះអាង​ថា ប្រសិន​បើ​មន្ត្រី​ប៉ូលិស​មាន​ងារ​ជា​ឧកញ៉ា​ណា​ម្នាក់ ហ៊ាន​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​បំពាន​ច្បាប់​នោះ​សមត្ថកិច្ច​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​មិន​រារែក​ឡើយ៖ «រងារ​នេះ​ត្រូវ​ល្អិត​ល្អន់​បន្តិច មិន​ហ៊ាន​កំណត់​រយៈ​ពេល​ទេ ប៉ុន្តែ​រឿង​ប៉ុណ្ណឹងវា​មិន​ដែល​ធ្វើ​ពីរបី​ឆ្នាំ​ទេ គ្រាន់​តែ​មាន​ពេល​សម​ស្រប​មួយ។ ត្រូវ​ហ្មត់​ចត់​បន្តិច ទី​មួយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​សាមី​​ខ្លួន​ ទី​ពីរ​ធម្មតា​ងារ​ឧកញ៉ា​មាន​ព្រះរាជក្រឹត្យ អ៊ីចឹង​យើង​ត្រូវ​រក​នីតិវិធី​ច្បាស់លាស់»

ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ​បាន​ចាប់​ផ្ដើម​ត្រួតពិនិត្យ​ករណី​មន្ត្រី​របស់​ខ្លួន​មាន​ងារ​ជា​ឧកញ៉ា​នេះ​ បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​ថា កង​កម្លាំង​ប្រដាប់​អាវុធ រួមមាន ទាហាន ប៉ូលិស និង​ប៉េអឹម ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​មាន​ងារ​ជា​ឧកញ៉ា​ទៀត​ឡើយ ពីព្រោះ​លោក​​ទទួល​ស្គាល់​ថា កន្លងមក​ មាន​មនុស្ស​មួយ​ចំនួន​បាន​យក​តួនាទី​ទាំង​នេះ​ទៅ​ប្រកបការងារ​ផ្សេងៗ​ខុស​ច្បាប់។

រដ្ឋមន្ត្រី​​ការពារ​ជាតិ​លោក ទៀ បាញ់ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ថា ​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ចំនួន​៩៩ នាក់ ក្នុង​នោះ ៦៥នាក់​ នៅ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​៣៤ នាក់ នៅ​ចំណុះ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ។ លោក​អះអាង​ថា ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​ខ្លះ​បាន​សម្រេចចិត្ត​ជ្រើស​រើស​យក​តួនាទី និង​ខ្លះ​ទៀត​ជ្រើស​យក​គោរមងារ ក៏​ប៉ុន្តែ​លោក​ថា ការ​សម្រេច​ផ្លូវ​ការ​នោះ នឹង​ត្រូវ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី៩ កញ្ញា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​ជម្រុះ​ចោល​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ បើ​ពុំ​ដូច្នេះ​ទេ ការ​រំលោភ​អំណាច​ប្រព្រឹត្ត​ដោយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​នៅ​តែ​កើត​មាន។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​ហាម​ឃាត់​មិន​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ងារ​ជា​ឧកញ៉ា​នេះ នឹង​អាច​ជួយ​បន្ថយ​ឥទ្ធិពល​បុគ្គល​ដែល​ធ្លាប់​យក​អំណាច​ទៅ​​ប្រើប្រាស់​ដោយ​​បំពាន។ ក៏​​ប៉ុន្តែ​លោក​​ថា រឿង​ដែល​​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​អាជ្ញាធរ​ត្រូវ​តែ​​ហ៊ាន​អនុវត្ត​ច្បាប់​លើ​កង​កម្លាំង​ប្រដាប់​អាវុធ ឬ​ឧកញ៉ា​ណា​ ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់៖ «ធ្វើ​យ៉ាងណា​ កុំ​ឱ្យ​យក​ងារ​ ឬក៏​តួនាទី​អំណាច​ហ្នឹង​យក​ទៅ​​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់ អា​ហ្នឹង​បាន​ជា​ការ​គោរព​ឋានានុក្រម។ បើ​ការ​​រំលោភ​​បំពាន​​ ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់​ជាធំ អា​ហ្នឹង​ទើប​ធានា​បាន»

ការ​ប្រើ​ប្រាស់​អំណាច​ និង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​បទល្មើស ឬ​ប្រកប​ការងារ​ខុសច្បាប់​របស់​ក្រុម​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ បាន​កើត​ឡើង​ជា​ហូរហែ ហើយ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ជាឧទាហរណ៍ ​ឧកញ៉ា គង់ ក្រឹង ដែល​ល្បី​ខាង​រក​ស៊ី​ឈើ​ដុះស្លែ​ និង​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នៅ​ខេត្ត​ភាគ​ឦសាន​នោះ គឺជា​មន្ត្រី​យោធា​ថ្នាក់​​វរសេនីយ៍ទោ​ក្នុង​ជួរ​ទ័ព​ជើងគោក។ ឧកញ៉ា​រូប​នេះ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាល​ពី​ពេល​ថ្មីៗនេះ ពាក់ព័ន្ធ​នឹង​រឿង​បទ​ល្មើស​ព្រៃឈើ។ ចំណែក ឧកញ៉ា ហូរ ចំរើន ដែល​ជា​អតីត​ឧត្ដមសេនីយ៍​ក្នុង​ជួរ​កង​អង្គរក្ស​លោក ហ៊ុន សែន វិញ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ​កន្លះ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​​ចេញ​សែក​ស្អុយ។

ដោយ​ឡែក នៅ​ក្នុង​ជួរ​ប៉ូលិស​វិញ អ្នក​ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ឧកញ៉ា ហ៊ុន ជា ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា មាន​ឋានន្តរសក្ដិ​ជា​មន្ត្រី​ប៉ូលិសផ្កាយ៣ ក៏​ប៉ុន្តែ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ករណី​ ហើយ​ករណី​ចុងក្រោយ​គេ គឺ​ការ​បាញ់​បោះ​ដោយ​សេរី។ លោក​​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ២០១៨ ពី​បទ​គំរាម​កំហែង​ថា នឹង​សម្លាប់ និង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា ក៏​ប៉ុន្តែ​លោក​ទំនង​ជា​​​ជាប់​ពន្ធនាគារ​មិន​បាន​គ្រប់​ចំនួន​ទេ ដោយសារ​មន្ត្រី​ពន្ធនាគារ​ថា មាន​សាលដីកា​មួយ​ទៀត​ពី​​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​លោក​មាន​ទោស​ត្រឹម ៦ខែ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ជឿ​ថា មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​នៅ​តែ​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​ប្រកប​ការងារ​ខុស​ច្បាប់ ឬ​ប្រព្រឹត្ត​បទល្មើស​បាន​ដដែល បើ​ទោះជា​ពួកគេ​លែង​មាន​ងារ​ជា​ឧកញ៉ា​ក៏ដោយ។ លោក​សង្កត់​ធ្ងន់​ថា ករណី​នេះ​គួរ​តែ​មាន​ការ​បង្កើត​ច្បាប់​ស្ដីពី​ទំនាស់​ផល​ប្រយោជន៍ ដែល​ចែង​ឱ្យ​ច្បាស់​ពី​ប្រភេទ​ការងារ​ដែល​ត្រូវ​ហាម​ឃាត់​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ៖ «ឧបមា​ថា ឥលូវ​គាត់​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​គាត់​មាន​ងារ​ជា​ឧកញ៉ា។ គាត់​បោះបង់​ងារ​ឧកញ៉ា​ចោល ប៉ុន្តែ​សួរ​ថា គ្រាន់​តែ​បោះបង់​ងារ​ជា​ឧកញ៉ា​ហ្នឹង គាត់​នៅ​មាន​ឥទ្ធិពល​នៅ​ក្នុង​ជំនួញ​គាត់​ទៀត​ដែរ​ឬទេ? ចម្លើយ​ឆ្លើយ​ថា នៅ​តែ​មាន​អ៊ីចឹង មិន​មែន​មាន​ន័យ​ថា គ្មាន​​ជា​ឧកញ៉ា គាត់​មិន​អាច​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​បាន​ឯណា។ អ៊ីចឹង​ចំណុច​ហ្នឹង គេ​ត្រូវ​តែ​មាន​ច្បាប់​មួយ​និយាយ​ពី​ទំនាស់​ផល​ប្រយោជន៍។ បើ​ពួក​គេ​ចង់​រកស៊ី ឱ្យ​គេ​ទៅ​រកស៊ី​ទៅ តែ​បើ​ពួក​គេ​ចង់​ធ្វើ​ជា​មន្ត្រី​​ជាន់ខ្ពស់ មន្ត្រី​ដែល​​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​​អាវុធ ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកប​ជំនួញ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង់​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ហ្នឹង»

ងារ​ជា​ឧកញ៉ា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​ដល់​ជន​ណា​ដែល​មាន​អាជីវកម្ម​សុចរិត និង​មាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ដម្ភ ហើយ​បាន​បរិច្ចាគ​ទ្រព្យធន​របស់​ខ្លួន​ក្នុង​ការ​កសាង​ជាតិ និង​ជួយ​ដល់​ផ្នែក​មនុស្ស​ធម៌ ដោយ​មាន​ការ​ស្នើ​ពី​របប​ក្រុង​ភ្នំពេញ។ នៅ​ខែ​មីនា ឆ្នាំ២០១៧ របប​លោក ហ៊ុន សែន បាន​កំណត់​តម្លៃ​បរិច្ចាគ ៥០ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ងារ​ជា​ឧកញ៉ា ដែល​មុន​នេះ​មាន​តម្លៃ ១០ម៉ឺន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល