នាយក​សាលា​មួយ​នៅ​បន្ទាយមានជ័យ​រិះគន់​សមត្ថកិច្ច​ថា​ចាប់​ច្រឡំ​ឧក្រិដ្ឋជន​គ្រឿង​ញៀន

ដោយ ហ៊ុំ ចំរើន
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​បន្ទាយមានជ័យ
ផែនទី​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

នាយក​វិទ្យាល័យ​ទួលប្រាសាទ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ថា​ចាប់​រូប​គាត់​ចង​ស្លាប​សេក​ទាំង​កណ្ដាល​ថ្ងៃ​នៅ​ទី​សាធារណៈ ដោយ​យល់​ច្រឡំ​ថា ជា​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន។ ប៉ុន្តែ​សមត្ថកិច្ច​បញ្ជាក់​ថា ពុំ​មាន​ចេតនា​ចាប់​លោក​នាយក​សាលា​ឡើយ គឺ​កើត​ឡើង​ដោយសារ​សម្លៀកបំពាក់ និង​រូប​រាង​របស់​គាត់​ស្រដៀង​នឹង​ឧក្រិដ្ឋជន។

នាយក​វិទ្យាល័យ​ទួលប្រាសាទ លោក ជា ពិសេស ប្រតិកម្ម​ចំពោះ​សមត្ថកិច្ច​ចាប់​ចង​រូប​លោក​អស់​រយៈពេល​ជា ១០​នាទី ទើប​អះអាង​ថា​ចាប់​ច្រឡំ។

នាយក​សាលា​រូប​នេះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា ហេតុការណ៍​ចាប់​ចង​រូប​លោក គឺ​ជា​ការ​បង្ហាញ​កាយវិការ​មួយ​អាក្រក់​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​គ្រូបង្រៀន​វិទ្យាល័យ​មាន​ការ​អាម៉ាស់​មុខ។

កម្លាំង​សមត្ថកិច្ច​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​គ្នា​ប្រមាណ ៣​នាក់ បាន​បើក​រថយន្ត​កៀរ​ម៉ូតូ​របស់ លោក ជា ពិសេស នាយក​វិទ្យាល័យ​ទួលប្រាសាទ បណ្ដាល​ឲ្យ​ដួល​ក្បែរ​ចិញ្ចើម​ថ្នល់​នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ខណៈ​ដែល​រូប​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​មួយ​ចេញ​ពី​សាលា​បង្រៀន​សិស្ស នៅ​វិទ្យាល័យ​ទួលប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២០ មិថុនា កន្លង​ទៅ។ លោក​បន្ត​ថា បន្ទាប់​ពី​ម៉ូតូ​របស់​លោក​ដួល​ភ្លាម កម្លាំង​សមត្ថកិច្ច​ចំនួន ៣​នាក់ បាន​ស្ទុះ​មក​ចាប់​ដៃ​របស់​គាត់​ចង​ស្លាប​សេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ ដោយ​ប្រាប់​លោក​ថា ជា​ជន​សង្ស័យ​ឧក្រិដ្ឋជន​គ្រឿន​ញៀន៖ «សមត្ថកិច្ច​គំរាម​មិន​ឲ្យ​រើ ហើយ​ចាប់​សង្កត់​រូប​លោក​ទៅ​នឹង​ដី​ចង​ស្លាប​សេក​តែ​ម្ដង​ទៅ។ ភ្លាម​នោះ ខ្ញុំ​ក៏​ប្រាប់​គាត់​ថា ខ្ញុំ​ជា​នាយក​សាលា​ទេ លោក​ចាប់​ខ្ញុំ​ច្រឡំ​មនុស្ស​ហើយ។ ក្រោយ​មក​ប្រមាណ ១៥​នាទី ទើប​សមត្ថកិច្ច​ដោះ​លែង​ខ្ញុំ​វិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក ជា ដា មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​ពុំ​មាន​ចេតនា​ចាប់​លោក​នាយក​សាលា​ទួល​ប្រាសាទ នោះ​ទេ។ លោក​អះអាង​ថា ហេតុការណ៍​ដែល​កើត​ឡើង​នោះ ដោយសារ​ការ​ភាន់​ច្រឡំ ពីព្រោះ​ថា កម្លាំង​សមត្ថកិច្ច​បាន​តាម​ដាន​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ចំនួន ៣​នាក់ ដែល​បាន​បង្កប់​ខ្លួន​ក្នុង​ក្រុង​ប៉ោយប៉ែត ជាច្រើន​ថ្ងៃ​មក​ហើយ។ លោក​បន្ត​ថា ជន​សង្ស័យ​ទាំង​បី​នាក់​នោះ មាន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន និង​រូប​រាង​ស្រដៀង​លោក​នាយក​សាលា ទើប​សមត្ថកិច្ច​សម្រេច​ចាប់​ខ្លួន​បណ្ដោះអាសន្ន​ទៅ៖ «បាទ! ចាប់​ចង​ស្លាប​សេក​គាត់​មែន ប៉ុន្តែ​ក្រោយ​ពី​យើង​ពិនិត្យ​មើល​ទៅ​ឃើញ​ថា គាត់​ពុំ​មែន​ជា​ជន​សង្ស័យ​ទេ យើង​ក៏​បាន​សុំ​ទោស​គាត់ ហើយ​ក៏​ដោះ​លែង​វិញ​ទៅ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ចាប់​លោក​នាយក​សាលា​ច្រឡំ​នេះ ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សតិ​អារម្មណ៍​របស់​គ្រូបង្រៀន​ជា​ខ្លាំង៖ «ប្រសិន​បើ​សមត្ថកិច្ច​ចាប់​ជន​ណា​ម្នាក់​ដោយ​ប្រើ​អំពើ​ហិង្សា ឬ​វាយ​ដំ ឬ​បើក​ឡាន​កៀរ​ឲ្យ​ដួល​ទៅ​លើ​ជន​នោះ សមត្ថកិច្ច​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់»

យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២១ មិថុនា កន្លង​ទៅ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ធ្វើ​ពិធី​សុំ​ទោស​លោក​នាយក​សាលា ចំពោះ​ការ​ចាប់​ច្រឡំ​នោះ​នៅ​ក្រុង​ប៉ោយប៉ែត រួច​រាល់​ហើយ។ ចំណែក​ឯ​លោក​នាយក​សាលា​វិញ លោក​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​អ្វី​នោះ​ទេ ដោយ​យល់​ឃើញ​ថា ហេតុការណ៍​ដែល​កើត​ឡើង​នោះ​ជា​ការ​ភាន់​ច្រឡំ​មែន។ ប៉ុន្តែ​លោក​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ មុន​នឹង​ចាប់​ជន​ណា​ម្នាក់ ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ការ​ចាប់​មនុស្ស​ភាន់​ច្រឡំ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល