នគរបាល​ឱ្យ​ស្ត្រី​ម្នាក់​ទៀត​សុំទោស​ចំពោះ​ការ​បង្ហោះ​សារ​មិន​ពេញចិត្ត​ការ​ផាក​ពិន័យ​ចរាចរណ៍

ដោយ មាន ឫទ្ធិ
2020-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​
លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​
រូប៖ ​អគ្គស្នងការ​នគរបាល​ជាតិ​

នគរបាល​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​ស្ត្រី​ម្នាក់​ទៀតហើយ ធ្វើ​វីដេអូ​សុំទោស ចំពោះ​ការ​បង្ហោះ​សារ​មិន​ពេញចិត្ត ការ​ផាក​ពិន័យ​ចរាចរណ៍​ថ្លៃ ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ដក​មេ​ប៉ូលិស​ចរាចរណ៍​ខេត្ត​កំពង់ធំ​ម្នាក់ ដោយសារ​ផឹកស្រា​ស្រវឹង បើកបរ​បុក​រង្វង់​មូល អ្នកតា​អាចារ្យ​លាក់​។ មន្ត្រី​សិទ្ធិមនុស្ស រិះគន់​ទង្វើ​របស់​សមត្ថកិច្ច​ដែល​បាន​ចាប់​បង្ខំ​ឱ្យ​ពលរដ្ឋ​សុំទោស ដោយសារតែ​ការ​បញ្ចេញ​មតិ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា គ្មាន​ផ្លូវច្បាប់​ណា បើក​ឱ្យ​មានការ​ចាប់ចង ចាប់​បង្ខំ​ពលរដ្ឋ ដោយសារតែ​ពួកគេ​បង្ហាញ​ការ​មិន​ពេញចិត្ត​បែបនេះ​ទេ​។ លោក​ថា វិធានការ​របស់​ប៉ូលិស ជា​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ មិន​ឱ្យ​បង្ហាញ​ការ​មិន​ពេញចិត្ត។

លោក​បន្ត​ថា ការ​គំរាម​ឱ្យ​ភ័យខ្លាច មិន​ហ៊ាន​បង្ហាញ​ការ​មិន​ពេញចិត្ត នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស របស់​មន្ត្រី​អនុវត្ត​ច្បាប់​។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ ថា វិធានការ​គំរាម បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ទើរ​លែង​ហ៊ាន​បញ្ចេញមតិ បើ​ទោះ​មិន​ពេញចិត្ត នឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ក៏ដោយ៖ «ប៉ុន្តែ​យើង​សុំ​កោតសរសើរ ចំពោះ​ពលរដ្ឋ ដែល​ហ៊ាន​រិះគន់ ចំពោះ​ចំណាត់ការ​ផ្សេងៗ ដែល​ខ្លួន​អត់​ពេញចិត្ត ហ៊ាន​បញ្ចេញ​ទស្សនៈ​ទាំងអស់​ហ្នឹង ដើម្បី​ឱ្យ​មន្ត្រី​ទាំងអស់​ហ្នឹង រួម​ទាំង​រដ្ឋាភិបាល ដែល​ប្រើ​វិធានការ​ទាំងអស់​ហ្នឹង ដែល​គាត់ ហ៊ាន​រិះគន់ ដើម្បី​ឱ្យ​មាន​ការ​កែប្រែ ដើម្បី​កុំ​ឱ្យ​មាន​វិធានការ​បែប​ហ្នឹង ជា​រឿង​ដែល​យើង​កម្រ​ណាស់ ព្រោះ​មនុស្ស​រាប់​លាន​នាក់ យើង​ឃើញ​មនុស្ស​តិច​នាក់ ដែល​ហ៊ាន​រិះគន់​ទៅលើ​ចំណាត់ការ​ទាំងអស់​ហ្នឹង​។ អ៊ីចឹង គួរតែ​បើក​ឱ្យ​គេ មាន​សិទ្ធិ​សេរីភាព​រិះគន់​ផង»

ការ​រិះគន់​នេះ​ដោយសារតែ ប៉ូលិស​នៅ​រាជធានី​ភ្នំពេញ ចោទប្រកាន់ ស្ត្រី​ឈ្មោះ ស៊ឹម មួយ​គ្រី អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​កង់ឡាន ថា បាន​កាត់ត​ច្នៃប្រឌិត​រូបភាព និង​អត្ថបទ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាល​ជាតិ ក្នុង​កំឡុង​ពេល​អនុវត្ត ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធ្វើ​ឱ្យ​សាធារណជន យល់​ច្រឡំ និង​ជា​ការ​ចំអកឡកឡឺយ​នគរបាល​។ ស្ត្រី​រូប​នេះ ជា​មនុស្ស​ទី​៦​ហើយ ដែល​ប៉ូលិស បាន​ចុះទៅ​ចាប់ខ្លួន និង​បង្គាប់​ឱ្យ​ធ្វើ​វីដេអូ​សុំទោស ជា​សាធារណៈ ដើម្បី​រួចខ្លួន​។ ប៉ុន្តែ ក្នុង​ករណី​មិន​រាងចាល ប៉ូលិស ព្រមាន​ថា នឹង​បញ្ជូន​ទៅ​តុលាការ។

ស្ត្រី​ឈ្មោះ ស៊ឹម មួយគ្រី បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក មាន​ក្រុម​នគរបាល​ចម្រុះ និង​សរសេរ​ថា ភាពយន្ត​ខ្នាត​ធំ រឿង​អ្នកប្រមាញ់ បទល្មើស បង្ហាញ​ពី​ឈុត​ឆាក ស៊ីសាច់ហុតឈាម ដេញ​ចាប់​ជនល្មើស​ពេញ​ថ្នល់ តម្លៃ​សំបុត្រ​ចាប់ពី​៦​ម៉ឺន (៦០ ០០០)​រៀល​ឡើង​ទៅ​។ តែ​យ៉ាងណា ស្ត្រី​រូប​នេះ បាន​សរសេរ​ថា សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា។

ក្រោយ​ការ​ចាប់​ខ្លួន ស្ត្រី​រូប​នេះ បាន​ធ្វើ​វីដេអូ សុំទោស នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ទទួល​បាន​ការ​ដោះលែង​វិញ នៅ​ថ្ងៃ​ទី​២១ ឧសភា។

គេហទំព័រ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះផ្សាយ​ថា ការ​កាត់​ត​រូបភាព និង​អត្ថន័យ​ការ​សរសេរ​នេះ ជា​ការ​មើលងាយ​លើ​សមត្ថកិច្ច ខណៈ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា ប្រតិកម្ម​ខ្លះ មាន​ចរិត​ទុច្ចរិត ក្នុង​បំណង​ស្ដីបន្ទោស​រដ្ឋាភិបាល និង​សមត្ថកិច្ច។

របាយការណ៍​ប៉ូលិស​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍ សម្រាប់​ថ្ងៃ​ទី​២២ ខែ​ឧសភា មាន ៩​ករណី ស្លាប់​៥​នាក់ របួសធ្ងន់​១០​នាក់ របួសស្រាល ១៩​នាក់​។ ចំណែក​យានយន្ត​ផាក​ពិន័យ​នៅ​ថ្ងៃ​ទី​២២ ឧសភា មាន​ចំនួន ជាង​១​ពាន់ (.៣៩៣) គ្រឿង ក្នុង​នោះ​ម៉ូតូ ជិត​មួយ​ពាន់ (៩៧០)​គ្រឿង ឡាន​ជាង បួន​រយ (៤២៣)​គ្រឿង​។​

រយៈពេល​២២​ថ្ងៃ ប៉ូលិស​ចរាចរណ៍ ចាប់​ផាក​ពិន័យ​យានយន្ត​ជាង ៣​ម៉ឺន ៣​ពាន់ (៣៣.៤០៤)​គ្រឿង ក្នុង​នោះ​ម៉ូតូ ជាង​២​ម៉ឺន (២៤ ៤១៧)​គ្រឿង និង រថយន្ត ជិត​មួយ​ម៉ឺន (៨ ៩៨៧)​គ្រឿង​។ បទល្មើស​ចរាចរណ៍​ភាគច្រើន គឺ អត់​ពាក់មួក​សុវត្ថិភាព ល្មើស​ភ្លើង​សញ្ញា ផ្លាក​សញ្ញា​ចរាចរណ៍ គ្មាន​ស្លាក​លេខ ដឹក​លើស​ទម្ងន់ ប្រើប្រាស់​ទូរស័ព្ទ​ដៃ អត់​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ល្មើស​ល្បឿន និង​ស្រវឹង ជាដើម។

សម្រាប់​នគរបាល អះអាង​ថា ការ​ផាក​ពិន័យ​ថ្លៃ ជាង ២០​ថ្ងៃ​មកនេះ បាន​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ពលរដ្ឋ​ក្រីក្រ ទាមទារ​ឱ្យ​កែប្រែ​តម្លៃ​ផាក​ពិន័យ​មក​ទាប​ជាង​នេះ ព្រោះ​ពួកគេ​កំពុង​បាត់បង់​ចំណូល ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ (Covid-19)។

ស្រប​ពេល​មាន​ការ​​គំរាម​កំហែង ពលរដ្ឋ​ជា​ហូរ​ហែ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏​បាន​ដក​តំណែង​នាយការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ លោក រុំ សុវិជ្ជា ដែរ កាលពី​ថ្ងៃ​ទី​២១ ឧសភា​។ ក្នុង​ប្រកាស​របស់​ក្រសួង លោក ស ខេង តម្រូវ​ឱ្យ​ប៉ូលិស​ចរាចរណ៍​រូប​នោះ បង្ហាញ​ខ្លួន នៅ​នាយកដ្ឋាន​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ រហូត​ដល់​មាន​ការ​សម្រេច​ថ្មី។

កាល​ពី​យប់ ថ្ងៃ​ទី​១៥ ឧសភា លោក រុំ សុវិជ្ជា បាន​ផឹក​ស្រា​ស្រវឹង​ជោកជាំ រួច​បើក​រថយន្ត​ទៅ​បុក​រនាំង​បរិវេណ​រូបសំណាក​អ្នកតា​អាចារ្យ​លាក់ និង​បាន​ស្រែក​រិះគន់​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ថា មិន​ព្រម​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំង​ផ្លាត នៅ​រង្វង់​មូល​ថ្មី​នោះ ទើប​បណ្ដាល​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បានទេ នៅ​ថ្ងៃ​ទី​២២ ឧសភា។

ប៉ុន្តែ ពលរដ្ឋ​រស់នៅ​នៅ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា នៅ​ម្ដុំ​រង្វង់​មូល​អ្នកតា​អាចារ្យ​លាក់ គ្មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​គ្មាន​ចំណាំង​ផ្លាត ហើយ​ឧស្សាហ៍​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​មែន។ អ្នក​ខេត្ត​កំពង់ធំ លោក ឆាយ ចែង ប្រាប់​ថា ផ្លូវ​ម្ដុំ​រង្វង់​មូល​ថ្មី​នោះ ជា​ផ្លូវ​ចំណោត និង​ឆ្វាត់ឆ្វែង​ច្រើន ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​ពេលយប់ គ្មាន​ភ្លើង​សញ្ញា​មិន​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល