សមត្ថកិច្ច កំពុង​តាម​ចាប់​ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​បុក​ពលរដ្ឋ​ស្លាប់​ហើយ​រត់​គេច​ខ្លួន

ដោយ អាស៊ីសេរី
2020-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ម៉ាក ហ្វត (Ford) និង​អ្នក​បើកបរ​ដែល​នគរបាល​ស្គាល់​អត្តសញ្ញាណ​ថា ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ៥ ឈ្មោះ ឈុន សារ៉េត កំពុង​លើក​ម៉ូតូ​ជន​រងគ្រោះ​ចេញ​ពី​មុខ​ឡាន មុន​ពេល​បើក​គេច​ខ្លួន ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​យប់​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០។
រថយន្ត​ម៉ាក ហ្វត (Ford) និង​អ្នក​បើកបរ​ដែល​នគរបាល​ស្គាល់​អត្តសញ្ញាណ​ថា ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ៥ ឈ្មោះ ឈុន សារ៉េត កំពុង​លើក​ម៉ូតូ​ជន​រងគ្រោះ​ចេញ​ពី​មុខ​ឡាន មុន​ពេល​បើក​គេច​ខ្លួន ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​យប់​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា សមត្ថកិច្ច កំពុង​តាម​ចាប់​ខ្លួន​មន្ត្រី​យោធា​ពាក់​ស័ក្តិ៥ ឈ្មោះ ឈុន សារ៉េត តាម​ដីកា​របស់​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បី​នាំ​ជន​សង្ស័យ​រូប​នេះ មក​ផ្ដន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​បើក​រថយន្ត​បុក​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​បើក​គេច​ខ្លួន​ កាល​ពី​ជាង​បី​សប្តាហ៍​មុន។ លោក ឆាយ គឹមខឿន អះអាង​ថា ជន​សង្ស័យ​រូប​នេះ មិន​អាច​គេច​ខ្លួន​ពី​សំណាញ​ច្បាប់​បាន​ទេ ទោះ​បី​ជា​ខំ​គេច​ខ្លួន​យ៉ាង​ណា​ក្តី៖ «»

កាល​ពី​យប់​ថ្ងៃ​ទី២៥ ខែ​មេសា មន្ត្រី​យោធា​រូប​នេះ ​បាន​បើក​រថយន្ត​ម៉ាក់ហ្វត (Ford) ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង នៅ​តាម​បណ្ដោយ​ផ្លូវ២០០៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​។ នៅ​ពេល​កើត​ហេតុ​ម្ចាស់​រថយន្ត បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជន​រង​គ្រោះ ឬ​ហៅ​ឡានពេទ្យ​ទៅ​ជួយ​សង្គ្រោះ​នោះ​ទេ ទុក​ឲ្យ​ជន​រង​គ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹក​ភ្លៀងរហូត​ដល់​ស្លាប់។

ជន​រង​គ្រោះ ដែល​ស្លាប់​នោះ​មាន​ឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ចោមចៅ ក្រុង​ភ្នំពេញ ប៉ុន្តែ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍​ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

ភរិយា​ជន​រង​គ្រោះ លោកស្រី សិន ថា នៅ​តែ​ទទូច​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ពន្លឿន​ការ​អនុវត្ត​ច្បាប់ ដើម្បី​ឲ្យ​លោក​ស្រី ទទួល​បាន​សំណង​សមរម្យ​សម្រាប់​ចិញ្ចឹម​កូន​តូច​ចំនួន ២នាក់ និង​ផ្ដន្ទាទោស​ជន​បង្ក ទៅ​តាម​ច្បាប់។ លោក​ស្រី​លើក​ឡើង​ថា ការ​យឺតយ៉ាវ​របស់​សមត្ថកិច្ច និង​តុលាការ ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​លោក​ស្រី​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល