អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជា​ឱ្យ​ទប់ស្កាត់​ការ​ជួបជុំ​កម្សាន្ត​តាម​ទី​សាធារណៈ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ

ដោយ យន់ សាមៀន
2020-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​លេង​ទឹក​តាម​ដង​ផ្លូវ​នៅ​សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃទី១៦ មេសា ឆ្នាំ​២០១៨។
សកម្មភាព​ពលរដ្ឋ​លេង​ទឹក​តាម​ដង​ផ្លូវ​នៅ​សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃទី១៦ មេសា ឆ្នាំ​២០១៨។
Photo Provided

អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ល្បាត ត្រួតពិនិត្យ និង​ទប់ស្កាត់​រាល់​ការ​ប្រមូល​ផ្តុំ​ជួបជុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​ប្រពៃណី ពិធីជប់លៀង​រាំ​កម្សាន្ត​តាម​ទី​សាធារណៈ តាម​សហគមន៍ ព្រមទាំង​ការ​ជួបជុំ​តាម​បែប​សាសនា នៅ​តាម​ទី​វត្ត​អារាម​ផង​ដែរ។

ទោះ​យ៉ាងណា ប្រជាពលរដ្ឋ អាច​ធ្វើ​ការ​ជួប​ជុំគ្នា​ជា​លក្ខណៈ​គ្រួសារ​តូចៗ​នៅ​ក្នុង​គេហដ្ឋាន ឬ​ផ្ទះ​របស់​ខ្លួន​បាន​។ សេចក្តី​ណែនាំ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចុះ​ថ្ងៃ​ទី​៣ មេសា ឱ្យ​ដឹង​ទៀត​ថា ការ​ហាមឃាត់​ទាំងនេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

សេចក្តី​ណែនាំ​ដដែល ក៏បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​តាម​ស្ថានភាព​ពលករ​ចំណាកស្រុក​ដែល​វិលត្រឡប់​មកពី​ក្រៅ​ប្រទេស ដើម្បី​បន្ត​អប់រំ និង​តាមដាន​ការអនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល រួម​ទាំង​មាន​វិធានការ​សង្គ្រោះ​ភ្លាមៗ ប្រសិនបើ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ណា​ម្នាក់​មាន​សញ្ញា​ផ្ទុក​ជំងឺ​កូវីដ​-១៩​។​

ដោយឡែក នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ក្រសួង​សុខាភិបាល ប្រកាស​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ជាសះស្បើយ​ចំនួន ១៥ នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​អ្នកជា​សះស្បើយ កើន​ដល់​៤៩​នាក់ ហើយ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ នៅ​សល់​ចំនួន​៦៥​នាក់​ទៀត​។ ក្រសួង​បញ្ជាក់​ដែរ​ថា ចំណែក​ករណី​ឆ្លង​ថ្មី គឺ​មិន​មាន​នោះ​ទេ ដែល​ធ្វើ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅតែ​រក្សា​ចំនួន​១១៤​នាក់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល