ប៉ូលិស​ដោះ​លែង​អ្នក​ផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ តាម​អនឡាញ ៦នាក់ ក្រោយ​ពី​បាន​អប់រំ និង​ឲ្យ​ធ្វើ​កិច្ច​សន្យា

ដោយ អាស៊ីសេរី
2020-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ តាម​អនឡាញ ៦នាក់ ដែល​ប៉ូលិស​ដោះ​លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០២០ ក្រោយ​ពី​បាន​អប់រំ និង​ឲ្យ​ធ្វើ​កិច្ច​សន្យា។
អ្នក​ផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ តាម​អនឡាញ ៦នាក់ ដែល​ប៉ូលិស​ដោះ​លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០២០ ក្រោយ​ពី​បាន​អប់រំ និង​ឲ្យ​ធ្វើ​កិច្ច​សន្យា។
រូប៖ នគរបាល​ជាតិ

នគរបាល​រាជធានី​ភ្នំពេញ ដោះលែង​អ្នក​ផ្សព្វផ្សាយ​លក់​​ឧបករណ៍​ធ្វើតេស្ត​សុខភាព រក​ជំងឺ​កូវីដ​១៩ (Covid 19) តាម​អនឡាញ (Online) ​ចំនួន ៦នាក់​ ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ អស់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ក្រោយ​ពេល​​កិច្ច​អះអាង​ថា បាន​អប់រំ ណែនាំ និង​បង្គាប់​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​លក់​ផលិត​ខុស​ច្បាប់​បន្ត​ទៀត។

គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា នគរបាល​តាម​បណ្ដា​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ បាន​ចុះ​ឃាត់​ខ្លួន​ក្រុម​អ្នក​លក់​ផលិត​ផល​ក្លែងក្លាយ ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣០ មីនា គឺ​ភ្លាមៗ ក្រោយ​មាន​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​តាម​សន្និសីទ​សារព័ត៌មាន។

អ្នក​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ទាំង​​៦​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ បាន​យក​រូប​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​មក​បង្ហោះ ប៉ុន្តែ​អត់​មាន​ផលិត​ផល​លក់​ទេ។ ក្នុង​នោះ ស្ត្រី​​ផ្សព្វផ្សាយ​លក់​ផលិត​ផល​តាម​អនឡាញ​​ម្នាក់ ឈ្មោះ វ៉ា វួចគៀង ​បាន​ប្រាប់​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ ថា គ្រាន់​តែ​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក​ ហើយ​បើ​មាន​អ្នក​កុម្ម៉ង់​ទិញ នឹង​ផ្ញើ​សារ​ (Messenger) ទៅ​ប្រាប់​អ្នក​លក់​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ផ្ញើ​ឧបករណ៍​មក​ឲ្យ។ ប៉ុន្តែ​ជាក់​ស្ដែង​នៅ​ក្នុង​ដៃ គ្មាន​ឧបករណ៍​ធ្វើតេស្ត​សុខភាព​នេះ​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ​ករណី​នេះ ពី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​ទេ នៅ​ថ្ងៃ​ទី៣១ មីនា។

មន្ត្រី​ជាន់​ខ្ពស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ម្នាក់ បាន​​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី៣០ មីនា សមត្ថកិច្ច​​បង្ក្រាប​បាន​ករណី​លក់​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូវីដ១៩ ក្លែងក្លាយ ចំនួន ១៣នាក់ រួម​ទាំង​រក​ឃើញ​ម៉ាស់​ក្លែងក្លាយ​ជិត ម្ភៃ​ម៉ឺន ២០០.០០០) ​ម៉ាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល