ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ពី​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ

ដោយ ដែន អយុធ្យា
2015-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចូលរួម​ឆ្លង​ឆ្នាំ​សកល​២០១៥ នា​ខេត្ត​ព្រះសីហនុ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ឆ្លង​ចូល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥។
ពលរដ្ឋ​ចូលរួម​ឆ្លង​ឆ្នាំ​សកល​២០១៥ នា​ខេត្ត​ព្រះសីហនុ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ ឆ្លង​ចូល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ចំពោះ​បទល្មើស​ប្លន់​ប្រដាប់​អាវុធ កើត​មាន​ច្រើន​ករណី​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​នេះ​ចាប់​ជន​បង្ក​មិន​បាន។ ក្តី​ព្រួយ​បារម្ភ​នេះ ដោយសារ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ករណី​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាញ់​ប្លន់​ធំៗ​ចំនួន ៣​ករណី នៅ​ចំ​កណ្ដាល​ខេត្ត ហើយ​ជនល្មើស​អាច​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន នៅ​ក្រោយ​ពេល​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាន​ប្លន់​អាជីវករ​លក់​ដូរ និង​ប្រជាពលរដ្ឋ​ចំនួន ៣​ករណី​ធំៗ កក្រើក​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

លោក​ថា បទល្មើស​ចោរ​ប្លន់​ប្រដាប់​អាវុធ ពិសេស​ជនល្មើស​ប្រើ​អាវុធ​វែង​បាន​កម្រើក​ឡើង​វិញ​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​មិថុនា នេះ។ ក្នុង​នោះ ជនល្មើស​មាន​លទ្ធភាព​ប្រើប្រាស់​អាវុធ​វែង ដើម្បី​បាញ់​ត​ដៃ​គ្នា​នឹង​កម្លាំង​ចម្រុះ​ដោយ​មិន​ញញើត​ទេ។ យ៉ាង​ណា កម្លាំង​សមត្ថកិច្ច កង​រាជ​អាវុធហត្ថ និង​នគរបាល មិន​ដែល​ចាប់​បាន​ជនល្មើស​បាន​ម្តង​ណា​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ លោក ឃុន សាវឿន បាន​ស្នើ​ដល់ លោក ហេង ប៊ុនទី មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ និង​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ គួរ​ប្រមូល​កង​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ល្បាត​ឃ្លាំ​មើល​សកម្មភាព​ចោរ​លួច ឆក់ ប្លន់ ឬ​ជួញដូរ​គ្រឿង​ញៀន​នៅ​តាម​មូលដ្ឋាន ប្រសើរ​ជាង​យក​កម្លាំង​ទាំង​នោះ​ទៅ​បម្រើ​ប្រយោជន៍​ឈ្មួញ ឬ​គំរាម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី៖ «គួរ​ត្រូវ​យក​កង​កម្លាំង​ទាំងអស់​ដែល​ធ្លាប់​យក​ទៅ​យាម​ដី​ឲ្យ​ឯកជន ឬ​យាម​ឃ្លាំ​មើល​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ឲ្យ​ទៅ​ចុះ​ល្បាត​នៅ​តាម​មូលដ្ឋាន ឬ​តាម​ផ្សារ​ដែល​ធ្លាប់​កើត​មាន​អំពើ​ឆក់​ប្លន់​បាញ់​កើត​ឡើង​ក្តៅ​គគុក ដូចជា​នៅ​ផ្សារ​ពាណិជ្ជកម្ម ឬ​ផ្សារ​ចិន ជាដើម។ ចោរ​ប្លន់​កើត​ឡើង​កក្រើក​ធំៗ​ប៉ុណ្ណឹង​ហើយ ហេតុ​អី​សមត្ថកិច្ច​មិន​មាន​ពន្លឺ​អី ដើម្បី​បង្ហាញ​សាធារណជន​បាន​ដឹង។ សំណួរ​សួរ​ថា គេ​ឲ្យ​តម្លៃ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ត្រង់​កន្លែង​ណា? បើ​អសន្តិសុខ​កើត​មាន​នៅ​ចំ​កណ្ដាល​ទីក្រុង​ដូច្នេះ? ដូច្នេះ​សូម​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់​ស្ថាប័ន ពិចារណា​ឡើង​វិញ បើ​មាន​គំនិត​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​បាន​សុខសាន្ត​មែន​នោះ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បើ​សិន​ជា​សកម្មភាព​ចោរ​លួច​ឆក់ ពិសេស​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​នា​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​មុខ​សញ្ញា​មិន​បាន​ទេ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ និង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្ត​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ជុំវិញ​សកម្មភាព​ចោរ​ប្លន់​ប្រដាប់​អាវុធ ដែល​ធ្វើ​សកម្មភាព​ជា​ថ្មី​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មិថុនា។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បាន​ពង្រាយ​កម្លាំង​តាមដាន​មុខ​សញ្ញា​ប្លន់ ឬ​បទល្មើស​គ្រឿង​ញៀន​ជាដើម ដោយ​យក​ចិត្ត​ទុក​ដាក់។

ទោះ​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ និង​អាជីវករ​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ ពិសេស​អាជីវករ​លក់​ដូរ​មាស​ពេជ្រ និង​ដូរ​លុយ បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​បន្ត​ប្រកប​មុខ​របរ​របស់​ខ្លួន ដោយសារ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្មភាព​ប្លន់​ទាំង​ថ្ងៃ​នៅ​ចំ​កណ្ដាល​ទីក្រុង ដោយ​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទេ។

ទាក់ទិន​បទល្មើស​នេះ​ដែរ លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា កម្លាំង​នគរបាល​នៅ​តាម​មូលដ្ឋាន​នានា​មិន​ត្រូវ​លាក់​បាំង​បទល្មើស ឬ​មិន​រាយការណ៍​ជុំវិញ​បទល្មើស​ដែល​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន មក​ថ្នាក់​ដឹក​នាំ​ជួយ​មាន​វិធានការ​នោះ​ទេ៖ «លាក់​សភាពការណ៍​ប្រៀប​ដូច​លាក់​មេរោគ ទោះ​បី​គ្រូពេទ្យ​មក​ពី​ខាង​ណា​ក៏​ព្យាបាល​មិន​ជា​សះ​ស្បើយ​ដែរ។ សូម​កុំ​លាក់​សភាពការណ៍​នៃ​បទល្មើស។ បើ​លាក់​ក្នុង​មួយ​ឃុំ ឬ​សង្កាត់​តែ ២​ករណី ចុះ​ក្នុង​មួយ​ប្រទេស តើ​មាន​បទល្មើស​ប៉ុន្មាន​ពាន់​ករណី ដែល​កម្លាំង​នៅ​តាម​មូលដ្ឋាន​លាក់​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ។ ដូច្នេះ​សូម​ឲ្យ​កង​កម្លាំង​នគរបាល​ទាំងអស់ កុំ​លាក់​បទល្មើស​ថ្នាក់​ដឹក​នាំ គឺ​គ្មាន​អ្នក​ណា​គេ​ចាប់​ទោសពៃរ៍​អ្វី​នោះ​ទេ»

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ចោទ​ថា បទល្មើស​ចោរ​លួច​កាច់​ក​ម៉ូតូ ឆក់ ពិសេស​ប្លន់​ប្រដាប់​អាវុធ​កក្រើក​ជា​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ អាច​បណ្ដាល​មក​ពី​បទល្មើស​ល្បែង​ភ្នាល់​កើត​មាន​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​មិន​បង្ក្រាប​ទេ។ បទល្មើស​ល្បែង​ស៊ី​សង​ទាំង​នោះ​មាន​ដូចជា ទីតាំង​ជល់​មាន់ ចាក់​កន្ទុយ​លេខ និង​ល្បែង​ភ្នាល់​បាល់ ជាដើម បាន​កើត​មាន​រីក​ដូច​ផ្សិត​នា​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ប៉ុន្តែ​អាជ្ញាធរ​កង​រាជ​អាវុធហត្ថ ឬ​នគរបាល​ខេត្ត​នេះ គ្មាន​វិធានការ​បង្ក្រាប​ទេ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

soksaby

ពី texas

I tell to cambodia people that lieutenant general keat chan Tharith said was wrong . only cambodia Doctor can't research the virus,disease in the body but usa or in the world can do

Jun 21, 2015 10:40 AM

គេហទំព័រ​ទាំងមូល