អភិបាល​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​ប្រតិបត្តិករ​ទេសចរ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ទេសចរណ៍

ដោយ ដែន អយុធ្យា
2015-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឆ្នេរ​សមុទ្រ​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ចុង​ឆ្នាំ​២០១៤
ឆ្នេរ​សមុទ្រ​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ចុង​ឆ្នាំ​២០១៤
RFA/Den Ayuthyea

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ដែល​មិន​ទាន់​គោរព​តាម​ច្បាប់​ស្ដីពី​ទេសចរណ៍ ត្រូវ​មក​ដាក់​ពាក្យ​ស្នើសុំ ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

សារ​អំពាវនាវ​នេះ ដោយ​សព្វថ្ងៃ​នេះ​មាន​ប្រតិបត្តិករ​ទេសចរ​ខ្លះ បាន​ធ្វើ​អាជីវកម្ម​បម្រើ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​សាលា​ខេត្ត ឬ​មន្ទីរ​ទេសចរណ៍​ផ្តល់​ជូន​ស្រប​ច្បាប់​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​បាន​រក​ឃើញ​ថា សព្វថ្ងៃ​នេះ​មាន​ប្រតិបត្តិករ ឬ​ម្ចាស់​អាជីវកម្ម​ទាំង​ក្នុង​ស្រុក និង​បរទេស​មួយ​ចំនួន បាន​បើក​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ដោយ​មិន​បាន​មក​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

ត្រង់​ចំណុច​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​នានា​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ គឺ​ត្រូវ​មក​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ស្រប​តាម​ច្បាប់​ទេសចរណ៍ ព្រោះ​រាល់​ថ្ងៃ​នេះ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​ធ្វើ​អាជីវកម្ម​លើ​សេវា​ទេសចរណ៍​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ជំនាញ៖ «ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ គឺ​យើង​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន។ ការ​ឃោសនា​រក​ភ្ញៀវ​ទេសចរ គឺ​ជា​ការ​លំបាក ប៉ុន្តែ​បើ​ភ្ញៀវ​ទេសចរ​គាត់​ឃោសនា​ឲ្យ​យើង គឺ​ជា​ការងារ​មួយ​ល្អ​បំផុត និង​ភ្ញៀវ​ទេសចរ​ផ្សេងៗ​គេ​មាន​ជំនឿ​ជឿជាក់​ច្រើន​ថែម​ទៀត»

លោក ឈិត សុខុន សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​ទៅ​ថ្ងៃ​អនាគត ប្រសិន​បើ​ប្រតិបត្តិករ​ទេសចរ​ទាំង​ឡាយ​ណា​នៅ​បន្ត​ធ្វើ​អាជីវកម្ម​វិស័យ​ទេសចរណ៍ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្រប​តាម​ច្បាប់​ស្ដីពី​ទេសចរណ៍​ត្រឹមត្រូវ​ទេ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ឬ​ក៏​ឈាន​ដល់​បញ្ឈប់​អាជីវកម្ម​ទេសចរណ៍​ទាំង​នោះ​ទៀត។

សារ​អំពាវនាវ​នេះ កើត​ឡើង​បន្ទាប់​ពី លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ស្ថិតិ​ទេសចរណ៍ ៣​ខែ​ដើម​ឆ្នាំ​២០១៥ រក​ឃើញ​ថា មាន​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន​មិន​ទាន់​គោរព​តាម​ច្បាប់​ស្ដីពី​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ លោក នូ សុផល បញ្ជាក់​ថា សព្វថ្ងៃ​នេះ​មាន​ប្រតិបត្តិករ​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​ខ្លះ កំពុង​បម្រើ​សេវាកម្ម​វិស័យ​ទេសចរណ៍​ដោយ​គ្មាន​អាជ្ញាប័ណ្ណ មាន​ដូចជា ទូក​ដឹក​ភ្ញៀវ​ទេសចរ ទីភ្នាក់ងារ​ទេសចរណ៍ ម៉ូតូ​ទឹក ទូក​កីឡា​ទេសចរណ៍ ព្រម​ទាំង​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​ទៀត បាន​ធ្វើ​អាជីវកម្ម​គ្មាន​អាជ្ញាប័ណ្ណ​ទេ។ ត្រង់​ចំណុច​នេះ លោក នូ សុផល ព្រមាន​ថា ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ត​ទៅ នឹង​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ចុះ​ពិនិត្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា និង​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​បម្រើ​វិស័យ​ទេសចរណ៍​គ្មាន​ច្បាប់​ទាំង​នោះ ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ៖ «បញ្ហា​ប្រឈម​នោះ គឺ​ប្រតិបត្តិករ​ទេសចរ ឬ​ម្ចាស់​អាជីវកម្ម​ទាំងអស់ គឺ​មិន​ទាន់​បាន​គោរព​នូវ​ច្បាប់​ស្ដីពី​ទេសចរណ៍ និង​ច្បាប់​របស់​រដ្ឋ​នានា​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ជាពិសេស​អាជីវកម្ម​មួយ​ចំនួន​កំពុង​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាប័ណ្ណ មាន​ដូចជា ទូក​ដឹក​ភ្ញៀវ​ទេសចរ គឺ​ពុំ​បាន​ចុះ​បញ្ជី​យានយន្ត​ពី​មន្ទីរ​សាធារណការ នៅ​ឡើយ​ទេ។ ហើយ​មាន​អាជីវកម្ម​មួយ​ចំនួន​មិន​បាន​សុំ​លិខិត​បញ្ជាក់ ឬ​អាជ្ញាប័ណ្ណ​ពី​មន្ទីរ ឬ​ក្រសួង​សុខាភិបាល ឬ​ការ​បំពាក់​ឧបករណ៍​ពន្លត់​អគ្គីភ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ ទាំង​នេះ ក៏​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​រៀបចំ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ផង​ដែរ»

ទាក់ទិន​បញ្ហា​នេះ ប្រតិបត្តិករ​ទាំង​ជនជាតិ​ខ្មែរ និង​ជន​បរទេស​មួយ​ចំនួន ដែល​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​មិន​ទៅ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម ដោយ​យល់​ថា អាជីវកម្ម​ពួក​គេ​មាន​លក្ខណៈ​តូចតាច ឬ​ជា​លក្ខណៈ​គ្រួសារ។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន ពួក​គេ​មិន​បាន​យល់​អំពី​ច្បាប់​ទម្លាប់​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ខ្នាត​តូច ឬ​ជា​លក្ខណៈ​ក្រុមហ៊ុន​បាន​ច្បាស់លាស់។ ជាង​នេះ ក៏​មាន​អាជីវករ​ខ្លះ​ទៀត​បញ្ជាក់​ថា មូលហេតុ​មិន​ទៅ​ចុះ​បញ្ជី​ត្រឹមត្រូវ ដោយ​សំអាង​ថា មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ទទួល​មើល​ការ​ខុស​ត្រូវ​លើ​អាជីវកម្ម​របស់​ពួក​គេ ជា​ថ្នូរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ហើយ​កាង​ការពារ​មិន​ឲ្យ​មាន​ផ្នែក​ពាក់ព័ន្ធ​មក​រំខាន ជាដើម។

ទោះ​ជា​បែប​នេះ​ក្តី លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​ដែល​មិន​ទាន់​បាន​មក​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​ប្រញាប់​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​ទេសចរណ៍ បើ​មិន​ដូច្នេះ​ទេ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ប្រកប​របរ​ទទួល​ទាន ឬ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នា​ថ្ងៃ​អនាគត។

ស្ថិតិ​ទេសចរណ៍ ៣​ខែ​ដើម​ឆ្នាំ​២០១៥ របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ខេត្ត​នេះ​មាន​ភ្ញៀវ​ទេសចរ​សរុប ៥៣៣.៨៣០​នាក់ បាន​មក​ទស្សនា​ខេត្ត​នេះ។ ចំនួន​នេះ​កើន​ជិត ២០​ភាគរយ (១៩,៩៥%) បើ​ប្រៀបធៀប ៣​ខែ​ដើម​ឆ្នាំ​២០១៤។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន ៥០៦.៦០៩​នាក់ កើន​ជិត ២៤​ភាគរយ (២៣,៨២%) និង​ភ្ញៀវ​អន្តរជាតិ​មាន ១២៧.២២១​នាក់ កើន​ជាង ៩​ភាគរយ (៩,០៥%)។ ស្ថិតិ​ទេសចរណ៍​ដដែល ខេត្ត​ព្រះសីហនុ មាន​សណ្ឋាគារ​ចំនួន ៥៩​កន្លែង ស្មើ​ជិត ៣​ពាន់​បន្ទប់ (២.៨៨៦​បន្ទប់)។ ផ្ទះ​សំណាក់​មាន ២៣២​កន្លែង ស្មើ​ជាង ៣​ពាន់​បន្ទប់ (៣.០០៨​បន្ទប់)។ ភោជនីយដ្ឋាន​មាន ១០១​កន្លែង។ ហាង​ម៉ាស្សា​មាន ១៦​កន្លែង និង​ហាង​ខារ៉ាអូខេ​មាន ៩​កន្លែង ស្មើ ១៥២​បន្ទប់។ ឌីសស្កូថែក​មាន ២​កន្លែង។ កីឡា​ទេសចរណ៍​មាន ៨​កន្លែង។ ទីភ្នាក់ងារ​ទេសចរណ៍​មាន ២៤​កន្លែង។ ទូក​ដឹក​ភ្ញៀវ​ទេសចរ​មាន​ចំនួន ១២​កន្លែង និង​រមណីយដ្ឋាន ឬ​កន្លែង​កម្សាន្ត​មាន​ចំនួន ២២​កន្លែង។

ទាក់ទិន​ស្ថិតិ​នេះ ទាំង លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​បញ្ជាក់​ថា ចំនួន​ពិត​ប្រាកដ​នៃ​ទីតាំង​បម្រើ​វិស័យ​ទេសចរណ៍​ដែល​កំពុង​បម្រើ​សេវាកម្ម​ទេសចរណ៍ អាច​មាន​ច្រើន​ជាង​នេះ ជាពិសេស​ហាង​ផឹក​ស៊ី គឺ​មាន​ច្រើន​ជាង​ស្ថិតិ​នេះ ដោយសារ​ប្រតិបត្តិករ​ទេសចរ​ទាំង​នោះ​មិន​បាន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ ម្ចាស់​អាជីវកម្ម​ទាំង​នោះ​មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជន​បរទេស។

របាយការណ៍​របស់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប្រចាំ​ខែ​មករា ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា មាន​ជន​បរទេស​ស្នាក់នៅ​រយៈពេល​យូរ ឬ​វែង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជិត ២​ពាន់​នាក់ (១.៩២៨​នាក់) ស្រី ៥៥៧​នាក់។ ចំនួន​នេះ បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ បាន​កើន​ចំនួន ៧១​នាក់ និង​មាន ៥៣​ជនជាតិ​ផ្សេងៗ​គ្នា។

មន្ត្រី​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ជន​បរទេស​ស្នាក់នៅ​កម្ពុជា រយៈពេល​វែង ពួក​គេ​បាន​បើក​ធ្វើ​អាជីវកម្ម​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដូច​ពលរដ្ឋ​កម្ពុជា ដែរ មាន​ដូចជា បើក​ភោជនីយដ្ឋាន ឬ​ហាង​ផឹក​ស៊ី និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ ជាដើម ប៉ុន្តែ​មិន​មាន​ស្ថិតិ​ចំនួន​ភ្ញៀវ​បរទេស​ចូល​មក​ស្នាក់នៅ​កម្ពុជា មាន​ប៉ុន្មាន​ភាគរយ បើក​មុខ​របរ​រក​ស៊ី​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​លើ​ឧត្តមភាព​នៃ​សក្ដានុពល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ពិសេស​ផែនការ​យុទ្ធសាស្ត្រ​ល្អ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ក្រសួង​ទេសចរណ៍ ហើយ​មាន​ការ​គាំទ្រ​ពី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​ឯកជន ជាពិសេស​ប្រជាពលរដ្ឋ ក្នុង​កិច្ចការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រម​ទាំង​មាន​ការ​ចូលរួម​កែលំអ​រាល់​ចំណុច​ខ្វះខាត​ពី​ផ្នែក​ពាក់ព័ន្ធ។ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​សុទិដ្ឋិនិយម​ថា នឹង​រួម​ចំណែក​កសាង​សេដ្ឋកិច្ច​សង្គម បង្កើត​ឱកាស​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ជាមួយ​រាជ​រដ្ឋាភិបាល​បាន​កាន់​តែ​ប្រសើរ​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល