ស្នងការ​ខេត្ត​ព្រះសីហនុ​ចុះ​ធ្វើ​រដ្ឋបាល​ជន​បរទេស​ក្នុង​មូលដ្ឋាន

ដោយ ដែន អយុធ្យា
2015-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​តែង​តាំង​ថ្មី លោក ជួន ណារិន (ឆ្វេង​ទី​២) និង​ស្នងការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ លោក ស៊ាង កុសល (ឆ្វេង​ទី​៣) ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា ២០១៥។
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​តែង​តាំង​ថ្មី លោក ជួន ណារិន (ឆ្វេង​ទី​២) និង​ស្នងការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ លោក ស៊ាង កុសល (ឆ្វេង​ទី​៣) ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា ២០១៥។
RFA/Den Ayuthyea

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ធ្វើ​រដ្ឋបាល​ទូទៅ​លើ​ជន​បរទេស​គ្រប់​ជាតិ​សាសន៍ ដែល​មាន​វត្តមាន​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា ជន​បរទេស​ទាំង​នោះ​មាន​លិខិត​ស្នាម​ស្នាក់នៅ ឬ​ប្រកប​ការងារ​ស្រប​តាម​ច្បាប់​កម្ពុជា ឬ​បែប​ណា?

ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ថ្លែង​រិះគន់ ដោយ​ចាត់​ទុក​ថា គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង និង​ធ្វើ​សកម្មភាព​ឲ្យ​តែ​ល្អ​មើល​តែ​ប៉ុណ្ណោះ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​ឧសភា ថា យុទ្ធនាការ​ចុះ​ត្រួត​ពិនិត្យ ឬ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​បរទេស​មួយ​ចំនួន​មាន ជនជាតិ​វៀតណាម ចិន អ៊ុយក្រែន និង​រុស្ស៊ី ជាដើម នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន ២១​នាក់​ដែល​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​ក្រសួង​មហាផ្ទៃ បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម រួច​ហើយ។

លោក ជួន ណារិន ថ្លែង​បញ្ជាក់​ថា យុទ្ធនាការ​ចុះ​ធ្វើ​រដ្ឋបាល​ដោយ​ពិនិត្យ​ទៅ​លើ​លិខិត​ឆ្លង​ដែន ឬ​ទិដ្ឋាការ​ស្នាក់នៅ ឬ​ធ្វើ​ការងារ​របស់​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ទៅ​លើ​ជន​បរទេស​ដែល​ចូល​មក​ខេត្ត​ទេសចរណ៍​មួយ​នេះ គឺ​ធ្វើ​ឡើង​តាម​លក្ខណៈ​ភ្លៀង​រលឹម ហើយ​មាន​លក្ខណៈ​ច្បាស់លាស់ និង​ស្រប​តាម​ច្បាប់​កម្ពុជា។

លោក​ឲ្យ​ដឹង​ថា មាន​ជន​បរទេស​ជាង ១០០​នាក់​រួច​ហើយ​ដែល​សមត្ថកិច្ច​ត្រួត​ពិនិត្យ​រដ្ឋបាល ដែល​ចូល​មក​រស់នៅ ឬ​ធ្វើ​ការងារ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ហើយ​ភាគ​ច្រើន​មាន​ជនជាតិ​ចិន និង​វៀតណាម៖ «យើង​ធ្វើ​រដ្ឋបាល ឬ​ត្រួត​ពិនិត្យ​ទៅ​លើ​លិខិត​ស្នាម ទៅ​លើ​គ្រប់​ជន​បរទេស​នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​ក្នុង​រយៈពេល ២​ថ្ងៃ​មក​នេះ យើង​បាន​ពិនិត្យ​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​ស្នាក់នៅ និង​ប្រកប​របរ​ការងារ​ផ្សេងៗ​ទៅ​លើ​ជនជាតិ​ចិន រុស្ស៊ី ឥណ្ឌូនេស៊ី និង​អ៊ុយក្រែន ជាដើម គឺ​ពួក​គេ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ ប៉ុន្តែ​កន្លង​មក​នេះ យើង​រក​ឃើញ​ថា មាន​ជនជាតិ​វៀតណាម ចំនួន ២១​នាក់ មិន​មាន​លិខិត​ស្នាម​ស្នាក់នៅ ឬ​ក៏​ប្រកប​របរ​មាន​ឯកសារ​ត្រឹមត្រូវ​នៅ​ខេត្ត​ព្រះសីហនុ ទេ និង​បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​ក្រសួង​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម រួច​ហើយ តាម​ច្រក​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង។ ករណី​នេះ សមត្ថកិច្ច​យើង​នឹង​អនុវត្ត​ជា​រៀង​រាល់​ថ្ងៃ​ដូច​ភ្លៀង​រលឹម»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​លំនៅឋាន​របស់​ជនជាតិ​ចិន មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​រក​ឃើញ​ជនជាតិ​ចិន ទាំង​ពីរ​ភេទ​ចំនួន ១០៩​នាក់ ដែល​ចូល​មក​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ ប៉ុន្តែ​ជនជាតិ​ចិន ទាំង ១០៩​នាក់​នោះ ពួក​គេ​មាន​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​សម្រាប់​ការ​រស់នៅ និង​ប្រកប​អាជីវកម្ម​ការងារ​របស់​ពួក​គេ​ត្រឹមត្រូវ ស្រប​តាម​ច្បាប់​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក ហ៊ុន សុរិទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ការងារ​អន្តោប្រវេសន៍ ថ្លែង​ថា គ្រប់​ជន​បរទេស​ទាំងអស់​ដែល​សមត្ថកិច្ច​រក​ឃើញ​គ្មាន​លិខិត​ស្នាម​ស្នាក់នៅ ឬ​ប្រកប​អាជីវកម្ម​ស្រប​ច្បាប់ នឹង​ត្រូវ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ពិនិត្យ​សម្រេច និង​មាន​វិធានការ​បន្ត។ លោក​សង្កត់​ធ្ងន់​ថា រាល់​សកម្មភាព​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​បរទេស​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​អនុវត្ត​ជា​រៀង​រាល់​ថ្ងៃ។

ទោះ​ជា​បែប​នេះ​ក្តី លោក​បណ្ឌិត ហៀង រិទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ​កម្ពុជា ហាក់​មិន​មាន​ជំនឿ​ថា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ខេត្ត​ផ្សេង អនុវត្ត​ការងារ​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​អន្តោប្រវេសន៍​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​បណ្ឌិត ហៀង រិទ្ធី ដែល​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា ផង​នោះ ចាត់​ទុក​សកម្មភាព​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​បរទេស​របស់​កម្លាំង​សមត្ថកិច្ច​កម្ពុជា ពេល​នេះ ថា​ជា​សកម្មភាព​ឲ្យ​តែ​ល្អ​មើល និង​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ ពិសេស​ការ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជនជាតិ​វៀតណាម៖ «សកម្មភាព​នេះ​គ្រាន់​តែ​ជា​កំណែ​ទម្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ឲ្យ​ងាក​ទៅ​គាំទ្រ​គណបក្ស​នេះ​ឡើង​វិញ ដោយ​យក​បញ្ហា​បណ្ដេញ​ជនជាតិ​វៀតណាម បន្តិចបន្តួច​មក​ធ្វើ​ជា​ចំណុច​ចាប់​អារម្មណ៍។ ប៉ុន្តែ ជាក់ស្តែង​មាន​ជនជាតិ​វៀតណាម រាប់​លាន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ទាំង​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​មន្ត្រី​រាជការ និង​មាន​ជនជាតិ​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​មិន​ឆ្លង​កាត់​ព្រះមហាក្សត្រ​ឡាយព្រះហស្ដ គឺ​មាន​ច្រើន​រាប់​លាន​នាក់។ ជាង​នេះ​ជនជាតិ​វៀតណាម ជាច្រើន​នាក់ កំពុង​តាំង​ទីលំនៅ​ក្បែរ​ផ្ទះ​ខ្ញុំ​រស់នៅ​នា​ទីក្រុង​ភ្នំពេញ មិន​ឃើញ​សមត្ថកិច្ច​មាន​សកម្មភាព​បណ្ដេញ ឬ​ចុះ​ធ្វើ​រដ្ឋបាល​រក​លិខិត​ស្នាម​ស្នាក់នៅ​នោះ​ទេ»

យ៉ាង​នេះ​ក្តី លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​ចុះ​ធ្វើ​រដ្ឋបាល​ទៅ​លើ​ជន​បរទេស ដែល​ចូល​មក​ស្នាក់នៅ ឬ​ប្រកប​ការងារ​ផ្សេងៗ​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ នឹង​ត្រូវ​អនុវត្ត​ជា​រៀង​រាល់​ថ្ងៃ​ទៅ​លើ​គ្រប់​ជាតិ​សាសន៍ ពោល គឺ​សមត្ថកិច្ច​លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ជនជាតិ​បរទេស​ណា​ម្នាក់ អាច​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ច្បាប់​ទម្លាប់​ទៀត​ទេ។

មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤ មក​ដល់​ចុង​ខែ​ឧសភា នេះ សមត្ថកិច្ច​បាន​ចាប់​ជន​បរទេស​ដែល​ចូល​មក​រស់នៅ ឬ​ធ្វើ​ការងារ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជិត ២​ពាន់​នាក់ ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា ហើយ​ជន​បរទេស​ទាំង​នោះ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

DO NOT GORGET VN OK

May 30, 2015 02:55 AM

គេហទំព័រ​ទាំងមូល