កម្ពុជា​មាន​ពលរដ្ឋ​ជាង ១៥​លាន​នាក់ យោង​តាម​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ជំរឿន​ឆ្នាំ​២០១៩

ដោយ ទីន ហ្សាការីយ៉ា
2019-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ លោក ស ខេង ចូលរួម​​ផ្សព្វផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី៧ សីហា ២០១៩។
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ លោក ស ខេង ចូលរួម​​ផ្សព្វផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី៧ សីហា ២០១៩។
រូប​ពី​គេហទំព័រ​អគ្គស្នងការនគរបាល​ជាតិ

របប​ក្រុងភ្នំពេញ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ សីហា នេះ​ថា ចំនួន​ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ជិត ២ លាននាក់ ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​២០១៩។ ​មន្ត្រី​ជាន់ខ្ពស់​របប​នេះ​ថា លទ្ធផល​ជំរឿន​នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ជាតិ ក៏ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​យល់ថា ជំរឿន​បែប​ប្រជាសាស្ត្រ​ទំនងជា​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​បាន​ស៊ីជម្រៅ​ឡើយ។

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ឆ្នាំ​២០១៩ បង្ហាញ​ថា ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង​១៥ លាន​នាក់ គិត​ត្រឹម​ដើមខែ​មីនា។ ចំនួន​ប្រជាជន​ជា​ស្ត្រី​នៅ​តែ​មាន​អត្រា​ខ្ពស់​ជាង​បុរស​ដដែល គឺ​ជាង​៧ លាន ៨ សែន​នាក់ ឬ​ស្មើនឹង​៥១.% គិត​ត្រឹម​ដើមខែ​មីនា ឆ្នាំ​២០១៩។

តួលេខ​ដដែល​ឱ្យ​ដឹង​ទៀត​ថា រាជធានី​ភ្នំពេញ​ដែល​ជា​មជ្ឈមណ្ឌល​នយោបាយ និង​សេដ្ឋកិច្ច​របស់​ជាតិ មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ គឺ​ជាង​២ លាន​នាក់ ខណៈ​ខេត្ត​កែប​ដែល​ជា​តំបន់​ទេសចរណ៍​មាត់សមុទ្រ មាន​ប្រជាជន​តិច​ជាង​គេ គឺ​ជាង​៤ ម៉ឺន​នាក់។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ លោក ស ខេង ថ្លែង​ថា ទិន្នន័យ​ប្រជាជន​ទាន់សម័យ​កាលដែល​បាន​មក​ពី​ការ​ធ្វើ​ជំរឿន​នេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​តាមដាន​ដំណើរការ​អភិវឌ្ឍ ការវាយតម្លៃ និង​ការរៀបចំ​គោលនយោបាយ​ផ្សេងៗ​របស់​រដ្ឋាភិបាល៖ «ទិន្នន័យ​នេះ​មានតម្លៃ​ណាស់​សម្រាប់​ការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ព្រមទាំង​កម្មវិធី​អភិវឌ្ឍ​ដទៃ​ទៀត និង​ការ​សហការ​ជាមួយ​ប្រព័ន្ធ​ស្ថិតិ​អន្តរជាតិ»

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ជំរឿន​ឆ្នាំ ២០១៩ បង្ហាញ​ទៀត​ថា ទំហំ​គ្រួសារ​ជា​មធ្យម​នៅ​ថេរ​ដដែល គឺ​៤.៦ នាក់ តាំងពី​ឆ្នាំ​២០០៨ មក ក៏ប៉ុន្តែ​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ទំនង​ដោយសារ​អត្រា​បង្កើត​កូន​ថយ​ចុះ និង​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​ទៅ​កាន់​ប្រទេស​ដទៃ​។

ទោះជា​យ៉ាងណា តួលេខ​បណ្ដោះអាសន្ន​នេះ មិនបាន​រាប់បញ្ចូល​ពលករ​ចំណាកស្រុក​រាប់​លាន​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ ហើយក៏​មិន​មាន​តួលេខ​ចំនួន​យុវជន​ដែរ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ អ្នកស្រី ហង់ លីណា បាន​ឡើយ នៅ​ថ្ងៃ​ទី​០៧ សីហា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ទិន្នន័យ​ដែល​បាន​មក​ពី​ជំរឿន​នេះ​ទំនងជា​មិន​អាច​ជួយ​អ្វី​ច្រើន​ឡើយ ពីព្រោះ​ជំរឿន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​រាប់​ចំនួន​មនុស្ស មិន​បាន​សួរនាំ​ពី​តម្រូវការ​របស់​ពលរដ្ឋ​ឡើយ​។ លោក​បន្ត​ថា ទាំង​រូបលោក និង​ពលរដ្ឋ​ផ្សេងទៀត សុទ្ធតែ​ចង់​លើកឡើង​ពី​សំណូមពរ និង​តម្រូវការ​មួយ​ចំនួន​ប្រាប់​ទៅ​រដ្ឋាភិបាល ក៏ប៉ុន្តែ​កម្រង​សំណួរ​របស់​មន្ត្រី​ជំរឿន​មិន​មាន​ចំណុច​ទាំង​នេះ​ឡើយ៖ «បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដែល​ពលរដ្ឋ​ចង់​និយាយ ដូចជា ភាព​មាន​ការងារ​ធ្វើ ការ​ព្យាករណ៍​សេដ្ឋកិច្ច​ទៅ​ថ្ងៃមុខ ហើយ​និង​សំណូមពរ​ដែល​ពលរដ្ឋ​ចង់​ស្នើ​ទៅ​រដ្ឋាភិបាល​ទាក់ទង​នឹង​វិស័យ​អាទិភាព​មួយ​ចំនួន ដូចជា បញ្ហា​ប្រឈម​រឿង​សេវា​សុខាភិបាល ផ្នែក​កសិកម្ម ហើយ​និង​គុណភាព​ហេដ្ឋារចនាសម្ពន្ធ​ជាដើម ប៉ុន្តែ​សំណួរ​ពាក់ព័ន្ធ​នឹង​វិស័យ​ដែល​យើង​ចង់​លើកឡើង​នេះ គឺ​មិនបាន​សួរ​នៅ​ក្នុង​ជំរឿន​នោះ​ទេ»

អ្នកឃ្លាំមើល​សង្គម​រូប​នេះ​ជឿ​ថា ជំរឿន​ឆ្នាំ​២០១៩ នឹង​អាច​រួម​ចំណែក​សំខាន់​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ជាតិ​បាន លុះត្រាតែ​មានការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ផ្សេងទៀត​ផ្ដោត​លើ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ហើយ​យ​រដ្ឋាភិបាល​យក​លទ្ធផល​ទាំងនេះ​ទៅ​សំយោគ​ជាមួយគ្នា៖ «ខ្ញុំ​គិត​ថា មិនទាន់​គ្រប់គ្រាន់​ទេ គួរតែ​មាន​ការពិនិត្យ​មើល​ឱ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ​ទៅ​ទៀត ជាពិសេស​ទាក់ទង​នឹង​បញ្ហា​បំណុល បញ្ហា​ស្ថិរភាព​ការងារ ហើយ​និង​តម្រូវការ​មូលដ្ឋាន​របស់​មនុស្ស​នៅ​ក្នុង​គ្រួសារ​នីមួយៗ​សម្រាប់​ស្នើ ឬក៏​ជំរុញ​ឱ្យ​មាន​គណនេយ្យភាព​សាធារណៈ​ហ្នឹង​កាន់តែ​ប្រសើរ​ឡើង»

កម្ពុជា​ធ្លាប់​បាន​ធ្វើ​ជំរឿន​ប្រជាជន​បែបនេះ​ចំនួន ៣​ដង​រួច​មក​ហើយ គឺ​លើកទីមួយ​នៅ​ឆ្នាំ​១៩៦២ លើក​ទី​២ នៅ​ឆ្នាំ​១៩៩៨ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០០៨។

ក្រសួងផែនការ​បញ្ជាក់​ថា តួលេខ​បណ្ដោះអាសន្ន​នៃ​ជំរឿន​ឆ្នាំ​២០១៩​នេះ អាច​នឹង​មាន​ការប្រែប្រួល​ខ្លះ បើ​ធៀប​នឹង​តួលេខ​ផ្លូវ​ការដែល​គ្រោង​ចេញផ្សាយ​នៅ​ឆ្នាំ​២០២០ ខាងមុខ ដោយសារតែ​កំហុស​ឆ្គង ឬ​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​បូកសរុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល