អ្នក​ជំនាញ​អប់រំ​ផ្ដល់​គន្លឹះ​៥​ចំណុច​ដល់​សិស្ស​ទើប​បញ្ចប់​បាក់​ឌុប​ដើម្បី​បន្ត​ការ​សិក្សា

ដោយ អ៊ុំ រង្សី
2015-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាសាលា​ស្ដីពី "យុវជន ការ​អប់រំ និង​ការងារ" ប្រចាំ​ឆ្នាំ​២០១៥ ដែល​រៀបចំ​ឡើង​នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥។
សិក្ខាសាលា​ស្ដីពី "យុវជន ការ​អប់រំ និង​ការងារ" ប្រចាំ​ឆ្នាំ​២០១៥ ដែល​រៀបចំ​ឡើង​នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Um Rainsey

ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ​នៃ​ក្រសួង​ការងារ ឲ្យ​ដឹង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​និស្សិត​កម្ពុជា ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​តែ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ។ បញ្ហា​នេះ បណ្ដាល​មក​ពី​និស្សិត​ភាគ​ច្រើន នាំ​គ្នា​រៀន​តែ​មុខ​ជំនាញ​សេដ្ឋកិច្ច និង​ធុរកិច្ច មិន​សូវ​ចាប់​អារម្មណ៍​រៀន​ជំនាញ​បច្ចេកទេស។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​អប់រំ បាន​ផ្តល់​អនុសាសន៍ ៥​ចំណុច​ដល់​សិស្ស​បាក់​ឌុប ដើម្បី​គេច​ចេញ​ពី​ភាព​អត់​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា។

អ្នក​ជំនាញ​ខាង​អប់រំ លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​នូវ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ការ​អប់រំ និង​តម្រូវ​ការ​ការងារ ចាំបាច់​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​សម្រេច​ចិត្ត​របស់​សិស្ស​ជ្រើស​រើស​មុខវិជ្ជា ឬ​សិក្សា​ជំនាញ​បាន​ត្រឹមត្រូវ។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី "យុវជន ការ​អប់រំ និង​ការងារ" ប្រចាំ​ឆ្នាំ​២០១៥ ដែល​រៀបចំ​ឡើង​នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ហៅ​កាត់​ថា ស៊ី.ជេ.ស៊ី.ស៊ី (CJCC) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា។ កម្មវិធី​នេះ មាន​គោល​បំណង​ផ្តល់​ចំណេះ​ដឹង​ដល់​សិស្ស​ដែល​ទើប​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ ឬ​ហៅ​ថា​បាក់​ឌុប ដើម្បី​រៀបចំ​ដំណើរ​ជីវិត​ឲ្យ​បាន​ត្រឹមត្រូវ។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ជិត ៤០០​នាក់ ប្រធាន​មជ្ឈមណ្ឌល​ផ្លាស់ប្ដូរ​ផ្នត់​គំនិត និង​សហគ្រិន លោក គុណ វិជ្ជា មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ដែល​ជះ​ឥទ្ធិពល​ដល់​ឱកាស​ការងារ​របស់​សិស្ស ភាគ​ច្រើន​មក​ពី​ការ​ជ្រើស​រើស​មុខ​ជំនាញ ឬ​មុខ​វិជ្ជា​សិក្សា​នៅ​សាកលវិទ្យាល័យ​មិន​បាន​ត្រឹមត្រូវ។ លោក​បន្ត​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​កង្វះ​ព័ត៌មាន កត្តា​អូស​ទាញ​ពី​ក្រុម​គ្រួសារ និង​សង្គម កត្តា​ខ្លួន​ឯង​មិន​ដឹង​ពី​ទេពកោសល្យ ឬ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ពិត​ប្រាកដ។ ជាង​នេះ​ទៀត លោក​ថា នៅ​ពេល​សិស្ស​សម្រេច​ចិត្ត​សិក្សា​ជំនាញ ឬ​មុខ​វិជ្ជា​នៅ​សាកលវិទ្យាល័យ មិន​ស៊ី​សង្វាក់​នឹង​ទេពកោសល្យ​កំណើត និង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន វា​មិន​ត្រឹម​តែ​រក្សា​កំណើន​និស្សិត​អត់​ការងារ​ធ្វើ​ប៉ុណ្ណោះ​ទេ វា​នឹង​ជះ​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​ផង​ដែរ៖ «នៅ​ពេល​ពួក​គាត់​ជ្រើស​មុខ​ជំនាញ​សិក្សា​ខុស គាត់​នឹង​សោកស្ដាយ គាត់​មាន​វិប្បដិសារី គាត់​មិន​អាច​បញ្ចេញ​សមត្ថភាព​ដុង​របស់​ខ្លួន ខាត​ពេលវេលា ចឹង​នៅ​ពេល​ដែល​គាត់​មិន​ពេញ​ចិត្ត គាត់​នឹង​មិន​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​នោះ​ដែរ»

អ្នក​ជំនាញ​ខាង​អប់រំ​រូប​នេះ បាន​ផ្តល់​អនុសាសន៍ ៥​ចំណុច​ដល់​សិស្ស​បាក់​ឌុប ដើម្បី​ងាយ​ស្រួល​ជ្រើស​រើស​មុខ​វិជ្ជា​បាន​ត្រឹមត្រូវ និង​គេច​ចេញ​ពី​ភាព​អត់​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា គឺ​សិស្ស​ចាំបាច់​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ចំណូល​ចិត្ត ទេពកោសល្យ​ពី​កំណើត ផែនការ​ជីវិត តម្រូវ​ការ​ទីផ្សារ​ការងារ និង​ស្វែង​យល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផ្ទាល់ ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់។

ចំណែក​យុវជន​ដែល​ទើប​បញ្ចប់​ការ​ប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១៥ នេះ យុវជន ចក់ សុងឈៀង មក​ពី​វិទ្យាល័យ​ទួល​ទំពូង បាន​និយាយ​ថា កម្មវិធី​នេះ​ល្អ​សម្រាប់​សិស្ស​វិទ្យាល័យ ព្រោះ​បាន​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​របស់​សិស្ស និង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ជាង​មុន។ យុវជន ចក់ សុងឈៀង បាន​ឲ្យ​ដឹង​ថា លោក​បាន​ជ្រើស​រើស​មុខ​វិជ្ជា​អក្សរសាស្ត្រ​អង់គ្លេស ព្រោះ​ជា​មុខ​វិជ្ជា​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​ពី​កំណើត​របស់​ខ្លួន៖ «សិក្ខាសាលា​នេះ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ដឹង​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ត្រៀម​ខ្លួន​ជា​មុន មុន​ឈាន​ទៅ​សម្រេច​បាន​ឱកាស​ការងារ​នៅ​ថ្ងៃ​អនាគត»

ជា​សិស្ស​ទើប​បញ្ចប់​ប្រឡង​បាក់​ឌុប​ម្នាក់​ទៀត កញ្ញា ហៀង សាវហ្គេច មក​ពី​វិទ្យាល័យ​សន្ធរ​មុខ បាន​និយាយ​ដែរ​ថា កន្លង​មក​កញ្ញា​តែង​តែ​ពិបាក​បែង​ចែក​ឲ្យ​ច្បាស់​រវាង​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​ពី​កំណើត ដែល​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ជ្រើស​មុខ​វិជ្ជា​សិក្សា។ កញ្ញា​ថា ក្រោយ​បទ​បង្ហាញ​ពី​អ្នក​ជំនាញ​ខាង​អប់រំ​រួច​មក កញ្ញា​យល់​ច្បាស់​ពី​គម្រោង​ការ​ជីវិត ដើម្បី​ឈាន​ទៅ​ប្រកួត​ប្រជែង​ទីផ្សារ​អាស៊ាន។ កញ្ញា​ជំរុញ​ឲ្យ​សិស្ស​ដែល​មិន​ចូលរួម​កម្មវិធី​នេះ ត្រូវ​តែ​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​សិក្សា​មុខ​វិជ្ជា​ណា​មួយ៖ «ដំបូង​ឡើយ​ខ្ញុំ​មាន​ការ​លំបាក តែ​នៅ​ពេល​ខ្ញុំ​បាន​ចូលរួម​សិក្ខាសាលា ធ្វើ​ខ្ញុំ​យល់​ពី​ខ្លួន​ឯង​ច្បាស់ ថា​វា​អ្វី​ទៅ​ដុង និង​ចំណង់​ចំណូល​ចិត្ត ចឹង​ខ្ញុំ​នឹង​ខិតខំ​រៀន​បន្ត ដើម្បី​ក្តី​ស្រមៃ​របស់​ខ្ញុំ​ដែល​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​ម្នាក់»

សិក្ខាសាលា​ស្ដីពី "យុវជន ការ​អប់រំ និង​ការងារ" ប្រចាំ​ឆ្នាំ​២០១៥ ដែល​មាន​រយៈពេល ៣​ថ្ងៃ ក្រៅ​ពី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ជួប​អ្នក​ជំនាញ​ខាង​អប់រំ បទ​បង្ហាញ​ពី​បទពិសោធន៍​របស់​សិស្ស​ច្បង។ សិក្ខាសាលា​នេះ ក៏​មាន​ទស្សនកិច្ច​សិក្សា​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ និង​បណ្ដា​ក្រុមហ៊ុន ព្រម​ទាំង​មាន​ការ​ធ្វើ​តេស្ត​សមត្ថភាព​ពី​កំណើត (ដុង) របស់​សិស្ស ដើម្បី​វាយ​តម្លៃ​លើ​ទេពកោសល្យ​កំណើត​របស់​សិស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល