ក្រសួង​មហាផ្ទៃ​នឹង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បាញ់​ប្រហារ​លើ​បុរស​រើស​អេតចាយ

ដោយ ប្រាជ្ញ ចេវ
2015-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ​ឈ្មោះ វ៉ាន សុភា កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់ និង​ភរិយា នៅ​ក្នុង​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យ​រុស្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ​ឈ្មោះ វ៉ាន សុភា កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់ និង​ភរិយា នៅ​ក្នុង​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យ​រុស្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

បុរស​រើស​អេតចាយ​នៅ​រាជធានី​ភ្នំពេញ ម្នាក់ ដែល​រង​ការ​បាញ់​ប្រហារ​ពី​អ្នក​បើក​រថយន្ត​ទំនើប​ម្នាក់ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដង្ហោយ​ហៅ​រក​យុត្តិធម៌ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ឆ្លើយ​តប​នឹង​ករណី​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​សមត្ថកិច្ច​កំពុង​ស្វែង​រក​ជន​ប្រព្រឹត្ត ទោះ​អ្នក​ប្រព្រឹត្ត​នោះ​ជា​នរណា​ក៏ដោយ។

​ស្រប​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​មិន​ទាន់​បាន គ្រួសារ​របស់​បុរស​ជា​អ្នក​រើស​អេតចាយ កំពុង​ជួប​បញ្ហា​យ៉ាង​ច្រើន ពីព្រោះ​គាត់​ជា​ជន​បង្គោល​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ។

បុរស​រើស​អេតចាយ​ឈ្មោះ វ៉ាន សុភា កំពុង​ស្ថិត​សភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី មាន​សភាព​ធ្ងន់ធ្ងរ កម្រើក​ខ្លួន​មិន​បាន យូរៗ​ម្ដង​លោក​ស្រែក​ដង្ហក់​ដោយ​សំឡេង​តិចៗ​ថា ឈឺៗ។ មក​ទល់​នេះ ក្រុម​គ្រូពេទ្យ​បាន​វះ​កាត់​យក​គ្រាប់​កាំភ្លើង​ចេញ​រួច​ហើយ។

​បុរស​រើស​អេតចាយ​ដែល​មាន​សម្បុរ​ខ្មៅ ស្ថិត​ក្នុង​សភាព​ស្លេកស្លាំង គេង​លើ​គ្រែ​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន  ប្រាប់​វិទ្យុ​អាស៊ីសេរី ទាំង​សំឡេង​ខ្សាវៗ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ថា នៅ​ពេល​នេះ​លោក​ឈឺ​ចាប់​ខ្លាំង​នៅ​កន្លែង​របួស និង​កន្លែង​វះកាត់​យក​គ្រាប់​កាំភ្លើង​ចេញ។ បុរស​ដដែល​បន្ត​ថា លោក​មិន​ដែល​ស្គាល់​ជន​បង្ក​ហេតុ​ទេ ហើយ​ក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​ប្រហារ​លើ​រូបលោក​ដែរ។

ជនរងគ្រោះ វ៉ាន សុភា អោយ​ដឹង​ថា នៅ​យប់​កើត​ហេតុ ក្នុង​ពេល​លោក​កំពុង​រើស​អេតចាយ​ពី​គំនរ​សំរាម​នៅ​ម្ដុំ​លូ​ទឹក​ស្អុយ និង​បាន​ចត​រទេះ​អេតចាយ​នៅ​បណ្ដោយ​ផ្លូវ​នោះ ស្រាប់តែ​បុរស​ម្នាក់​ដែល​មិន​ស្គាល់​មុខ​ទាញ​កាំភ្លើង​បាញ់​លោក​ហើយ ក៏​គេច​ខ្លួន​បាត់​ស្រមោល៖ «»។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នេះ ព្រោះ​បុរស​ជា​អ្នក​រើស​អេតចាយ ឈប់​រទេះ​ធ្វើ​អោយ​ទើស​ផ្លូវ​ធ្វើ​ចរាចរណ៍​របស់​បុរស​ជិះ​ឡាន​ទំនើប​នៅ​យប់​កើត​ហេតុ​នោះ។

ផ្ទះ​ជួល​របស់​បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ​ឈ្មោះ វ៉ាន សុភា និង​ក្រុម​គ្រួសារ នៅ សង្កាត់​បឹងត្របែក ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ រូប​ថត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Phann Yasy
ផ្ទះ​ជួល​របស់​បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ​ឈ្មោះ វ៉ាន សុភា និង​ក្រុម​គ្រួសារ នៅ សង្កាត់​បឹងត្របែក ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ រូប​ថត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Phann Yasy

 

បុរស​រើស​អេតចាយ ឈ្មោះ វ៉ាន សុភា ដែល​រង​ការ​បាញ់​ប្រហារ មាន​អាយុ ៣៦​ឆ្នាំ មាន​កូន​បី​នាក់​ក្នុង​បន្ទុក និង​ជួយ​ចិញ្ចឹម​ក្មួយ​បី​នាក់​ទៀត​ត្រូវ​បុរស​ម្នាក់​ជិះ​ឡាន​ម៉ាក​ឡិចស៊ីស សេរី ៥៧០ (Lexus 570) ទាញ​កាំភ្លើង​ពី​ក្នុង​ឡាន​បាញ់​មួយ​គ្រាប់​ចំ​ចង្កេះ​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នៅ​ម្ដុំ​លូ​ទឹក​ស្អុយ​ក្បែរ​គំនរ​សំរាម ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ ១០៥ កែង​ផ្លូវ​លេខ ៤៣២ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ភរិយា​របស់​លោក វ៉ាន សុភា លោកស្រី សុខ ពាន ដែល​ជា​អ្នក​ដើរ​រើស​អេតចាយ​ដែរ​នោះ និង​កំពុង​ថែរក្សា​ស្វាមី​នៅ​មន្ទីរពេទ្យ រំលឹក​ប្រព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​យប់​នោះ​ថា នៅ​ពេល​លោកស្រី​ទៅ​ដល់​កន្លែង​កើត​ហេតុ ឃើញ​ប្ដី​របស់​លោកស្រី​ដេក​ដួល​លើ​ផ្លូវ​ហូរ​ឈាម​សស្រាក់៖ «»។

លោកស្រី​បន្ត​ថា ដោយសារ​ប្ដី​លោកស្រី​ជា​អ្នក​រើស​អេតចាយ គ្មាន​ឡាន​សង្គ្រោះ​បន្ទាន់​មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ។ លោកស្រី​ថា នៅ​ទីបំផុត ប៉ូលិស​សង្កាត់​បឹងត្របែក បាន​យក​ម៉ូតូ​ផ្ទាល់​ខ្លួន​ដឹក​ប្ដី​លោកស្រី​មក​មន្ទីរពេទ្យ។ លោកស្រី​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ចាច់​ខ្លួន​បុរស​បាញ់​លើ​ប្ដី​របស់​លោកស្រី​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​ឲ្យ​ជន​ប្រព្រឹត្ត​ផ្ដល់​សំណង​មក​លោកស្រី​ឲ្យ​បាន​សមរម្យ៖ «»។

​បុរស​រើស​អេតចាយ​សព្វថ្ងៃ​មាន​កូន​បី​នាក់​ក្នុង​បន្ទុក។ កូន​ពីរ​នាក់​កំពុង​រៀន​នៅ​ថ្នាក់​បឋមសិក្សា និង​លោក​ក៏​ត្រូវ​ចិញ្ចឹម​ក្មួយ​បី​នាក់​ទៀត។ ពីរ​នាក់​ប្ដី​ប្រពន្ធ​រើស​អេតចាយ មាន​រទេះ​តែ​មួយ​ទេ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ប្ដូរ​វេន​គ្នា​ចេញ​រើស​អេតចាយ។ ស្ត្រី​ជា​ប្រពន្ធ​ថា នៅ​ដើម​ខែ​ធ្នូ នេះ ប្តី​លោកស្រី​ប្រឹង​ដើរ​រើស​អេតចាយ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​ម្ចាស់​ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល គឺ​ពី ២៥​ដុល្លារ ទៅ ៣០​ដុល្លារ។ អ្នក​ទាំង​ពី​អាច​រក​ចំណូល​ពី​របរ​នេះ​បាន​ពី ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

អ្នក​រស់​នៅ​ក្បែរ​បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ គឺ​លោក ឯក សំណាង ប្រាប់​ថា អ្នក​ទាំង​ពីរ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង ឬ​លួច​អីវ៉ាន់​របស់​អ្នក​ណា​នោះ​ទេ។ លោក​ថា ប្ដី​ប្រពន្ធ​នេះ​ក្រៅ​ពី​មាន​ជីវភាព​ក្រលំបាក ថែម​ទាំង​ឈឺ​ញឹកញាប់​ទៀត​ផង៖ «»។

ប្ដី​ប្រពន្ធ​រើស​អេតចាយ​នេះ ស្នាក់​នៅ​ក្នុង​ភូមិ​៥ ក្រុម​៣១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន ប្ដី​មាន​រស់​នៅ​រាជធានី​ភ្នំពេញ តាំង​ពី​ដើម​មក ចំណែក​ប្រពន្ធ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។ នៅ​ផ្ទះ​ជួល​ដែល​ពួកគេ​រស់​នៅ​ម្ដុំ​មាត់​បឹង​ត្របែក ជា​កន្លែង​ស្តុក​ទឹក​កខ្វក់។ ទំហំ​ផ្ទះ​មាន​ជាង​បណ្ដោយ ៥​ម៉ែត្រ ទទឹង​ជាង ៣​ម៉ែត្រ សង់​ពី​ឈើ ដែល​ដំបូល និង​ជញ្ជាំង​បាំង​បិទ​ដោយ​ស័ង្កសី។ ប៉ុន្តែ​បើ​ទោះ​គ្រួសារ​កំពុង​ជួប​បញ្ហា​នេះ​ក្ដី ក៏​លោកស្រី សុខ ពាន អះអាង​ថា នៅ​តែ​ឲ្យ​កូន​លោកស្រី​ទៅ​រៀន​ជា​ធម្មតា។

អំពើ​បាញ់​ប្រហារ​លើ​បុរស​អ្នក​រើស​អេតចាយ​នៅ​ពេល​នេះ ខណៈ​ដែល​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន កំពុង​រង​គ្រោះ​ដោយ​ករណី​ឆក់​ប្លន់​ប្រដាប់​អាវុធ​ស្ទើរ​រាល់​ថ្ងៃ។  ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ មាន​ករណី​បាញ់​សម្លាប់​ឪពុក និង​កូន​រង​របួស​ធ្ងន់​ដោយសារ​រឿង​ទារ​ថ្លៃ​អំពូល​ភ្លើង​ដាក់​បំភ្លឺ​ផ្លូវ ប៉ុន្តែ​ភ្លាមៗ​នោះ​ដែរ សមត្ថកិច្ច​ចាប់​ជនសង្ស័យ ៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ។

​ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថា លោក​បាន​ដឹង​រឿង​នេះ​ហើយ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ។ លោក​បន្ត​ថា ច្បាប់​មិន​លើក​លែង​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ទេ ហើយ​លោក​ថា ករណី​នេះ​គ្មាន​អ្វី​ជា​អាថ៌កំបាំង​នោះ​ទេ៖ «»។

​ទោះ​យ៉ាង​ណា​ក្តី កន្លង​មក​មាន​ករណី​ដែល​អ្នក​រង​គ្រោះ​ជា​ពលរដ្ឋ​ធម្មតា ជា​ជន​ក្រីក្រ គេ​កម្រ​ឃើញ​ទទួល​បាន​យុត្តិធម៌​ភ្លាមៗ ឬ​ពេញលេញ​ពី​សមត្ថកិច្ច​ណាស់។ ឧទាហរណ៍​ដូចជា​អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់​រះ​លើ​កម្មករ ហើយ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ខ្លះ លុះត្រាតែ​លោក​នាយករដ្ឋមន្ត្រី​ស្រែក​ហៅ​ឲ្យ​ចូល​សារភាព។ នេះ​ស​បញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​ហាក់​គោរព​បុគ្គល​ជាង​គោរព​ច្បាប់។ ប៉ុន្តែ​បើ​អ្នក​គំរាម​សម្លាប់​លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ សុខ ទូច និង​អ្នក​គំរាម​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ស្វែង​ជន​ល្មើស​បាន​លឿន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ជិះឡានថ្លៃតែគំនិតថោកជាងសត្វ!ពិតជាអាសូរជាតិខ្មែរណាស់! មិនសង្ឃឹមថាសមត្ថកិច្ចរកឃើញអាថោកអ្នកបាញ់នេះទេ។

Dec 17, 2015 05:17 AM

ហានិភ័យ

ពី តាកែវ

នៅមានរឿងឆ្កួតៗមួយទៀតរបស់ពួកអ្នកមានលុយ មានអំណាច រមាស់ដៃ ទាញកាំភ្លើងបាញ់អ្នកលក់ដូងកណ្តាលក្រុង​មិនញញើតច្បាប់របស់លោកខៀវសុភក័្ត​នោះគឺនឹមសុភា​ក្មួយប្រុសសំណប់ចិត្តលោកហ៊ុនសែន ។

Dec 17, 2015 03:58 AM

អ្នក​អាន​អនាមិក

Yes a poor people is a people needs a justice for all in Cambodia.You said it is easy to fin a suspect who did this.How about Chea Vichea and all of them who was killed by suspect will you ?

Dec 16, 2015 06:31 PM

គេហទំព័រ​ទាំងមូល