គ្រួសារ​បុរស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ដោយ​មន្ត្រី​យោធា​បើកឡាន​បុក កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព

ដោយ សុជីវី
2020-05-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ម៉ាក ហ្វត (Ford) បើកបរ​ដោយ​មន្ត្រី​យោធា​ឈ្មោះ ឈុន សារ៉េត បុក​ម៉ូតូ​មួយ​គ្រឿង​របស់​កម្មករ​ បណ្ដាល​ឱ្យ​ស្លាប់ នៅ​ផ្លូវ​២០០៤ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០។
រថយន្ត​ម៉ាក ហ្វត (Ford) បើកបរ​ដោយ​មន្ត្រី​យោធា​ឈ្មោះ ឈុន សារ៉េត បុក​ម៉ូតូ​មួយ​គ្រឿង​របស់​កម្មករ​ បណ្ដាល​ឱ្យ​ស្លាប់ នៅ​ផ្លូវ​២០០៤ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​មន្ត្រី​យោធា​ម្នាក់​បើកឡាន​បុក​រួច​រត់គេច កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​។ នាង​ថា ជីវភាព​នាង​កាន់តែ​លំបាក​ដោយសារ ម្យ៉ាង​ត្រូវ​បាត់បង់​ប្ដី​ជា​បង្គោល​រក​ចំណូល​ចិញ្ចឹម​គ្រួសារ និង​ម្យ៉ាងទៀត​នាង​កំពុង​បាត់បង់​ការងារ​នៅ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩។

លោកស្រី សិន ថា មាន​អាយុ​៣១​ឆ្នាំ ដែល​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ ដោយ​ប្ដី​ស្លាប់​ចោល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អំពាវនាវ​ដល់​អាជ្ញាធរ​ពន្លឿន​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​សំណង ដើម្បី​ឱ្យ​បាន​ស្ងប់ចិត្ត​ពី​ការ​បាត់បង់​ប្ដី និង​អាច​ចិញ្ចឹម​កូន​តូចៗ​ឱ្យ​បាន​រៀនសូត្រ​មាន​អនាគត​ត្រឹមត្រូវ។

កំពុង​រស់នៅ​ជាមួយ​កូន​នៅផ្ទះ​ម្ដាយ​របស់​នាង​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោកស្រី សិន ថា និយាយ​ថា នាង​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្រោយ​ពេល​ដែល​ប្ដី​ស្លាប់​។ នាង​បន្ត​ថា រូប​នាង​គឺ​ទុក្ខ​ផ្ទួន​លើ​ទុក្ខ​ស្រប​ពេល ដែល​បាត់បង់​ប្ដី​ហើយ ការងារ​របស់​នាង​ក៏​បាត់បង់​ដែរ ព្រោះ​ក្នុង​រោងចក្រ ដែល​នាង​ធ្វើការ​ងារ​នោះ​លែង​មាន​អ្នក​បញ្ជា​ទិញ ក្នុងអំឡុងពេល​ជំងឺ​កូវីដ-១៩​រាតត្បាត​នេះ​។ នាង​ថា ជីវភាព​នាង​ពឹង​ផ្អែកលើ​ប្រាក់​ជំនួយ​ដែល​នៅ​សេសសល់​ពី​បុណ្យ​សព​ប្ដី និង​ម្ហូបអាហារ ដែល​អាច​រក​បាន​ក្នុង​ភូមិ៖ «និយាយ​ទៅ​បង​ចំណូល​យើង​ក៏​គ្មាន​ចូល​ទៀត​ទៀត​ដែរ​ឥឡូវ​ហ្នឹង កូន​ក៏​ខ្វះ​ភាព​កក់ក្ដៅ​។ តែ​យើង​នៅ​ស្រែ​មាន​ហូប​ខ្លះ អត់​ខ្លះ​អ៊ីចឹង​ទៅ។ ពេល​ខ្ញុំ​នៅ​ធ្វើការ​ខ្ញុំ​នៅ​ពីរ​នាក់​ប្ដី​ខ្ញុំ ពេល​អត់​ពី​ប្ដី​ទៅ​នៅ​ម្នាក់ឯង​នៅ​ផ្ទះ​ជួល ហើយ​ការងារ​ឥឡូវ​ក៏​អត់​សូវ​មាន​រក​បង់​តែ​ថ្លៃ​ផ្ទះ​ជួល​អត់​គ្រប់​ផង គ្មាន​បាន​លុយ​ឱ្យ​កូន​ទេ​។ ពេល​ប្ដី​ខ្ញុំ​ស្លាប់​ហ្នឹង​បាន​ជំនួយ​ម៉ោង បាន​អង្ករ​បាន​ថវិកា​អី សល់​បាន​ខ្លះ​ដែរ​បង ឱ្យ​កូន​ហូប​រាល់ថ្ងៃ​ហ្នឹង»

ប្ដី​របស់​លោកស្រី សិន ថា គឺ​លោក វង រដ្ឋា មាន​អាយុ ៣០​ឆ្នាំ​ជា​កម្មករ​រោងចក្រ​មួយ​នៅ​ក្នុង​សង្កាត់​ចោមចៅ ក្រុង​ភ្នំពេញ​។ លោក​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ម៉ាកហ្វត (Ford) មួយ​គ្រឿង បាន​បុក​ម៉ូតូ​របស់​លោក​ក្នុង​យប់​ដែល​មាន​ភ្លៀង​ធ្លាក់ គឺ​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ វីដេអូ​ឃ្លីប​ដែល​គេ​ថត​បាន​ពី​ហេតុការណ៍​នោះ ហើយ​ត្រូវ​គេ​ចែកចាយ​តៗ​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា ពេល​បុក​ម៉ូតូ លោក វង រដ្ឋា រួចហើយ​ម្ចាស់​រថយន្ត​បាន​ចុះទៅ​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ទៅ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជនរងគ្រោះ ឬ​ហៅ​ឡាន​ពេទ្យ​ឱ្យ​ទៅ​ជួយ​សង្គ្រោះ​ឡើយ​គឺ​ទុក​ឱ្យ​ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹកភ្លៀង។

លោកស្រី សិន ថា រម្លឹក​ថា លោកស្រី​បាន​ទៅ​ទទួល​សព​ប្ដី​មន្ត្រី​ពេទ្យ​ព្រះសង្ឃ​នៅ​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ គ្រូពេទ្យ​ប្រាប់​ថា គេ​មិន​អាច​សង្គ្រោះ​បាន​ដោយសារតែ​ជនរងគ្រោះ​ត្រូវ​បញ្ជូន​មក​យឺតយ៉ាវ​ពេក​។ លោកស្រី​ថា ប្ដី​លោកស្រី​ស្លាប់​ដោយ​អយុត្តិធម៌​ណាស់៖ «បើ​គាត់​ឃើញ​អ៊ីចឹង​ហើយ គាត់​ជួយ​យក​ទៅ​ពេទ្យ​ទៅ ហើយ​ខ្ញុំ​ជឿជាក់​ថា ពេទ្យ​ពេល​យើង​មាន​សាច់ញាតិ​ទៅ​ពេទ្យ ក៏​ស្រវេស្រវា​ទៅ​ក៏​អាច​ថា លឿន​ជាង​អត់​សាច់ញាតិ​ដែរ​ណា​បង។ ខ្ញុំ​នៅតែ​ស្ដាយ​ខ្ញុំ​ស្ដាយ​ណាស់​បង ព្រោះ​ប្ដី​ខ្ញុំ​តាំងពី​ការ​ហើយ​មក​គាត់​ល្អ​ណាស់ គាត់​មិនដែល​ចេះ​ឈ្លោះ​ប្រពន្ធ ឈ្លោះ​កូន​ទេ ស្រឡាញ់​ប្រពន្ធ កូន»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ឱ្យ​អាស៊ីសេរី​ដឹង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរ​នោះ ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៥ ឈ្មោះ ឈុន សារ៉េត តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រៅ​ពី​ទាមទារ​ឱ្យ​នាំ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរ​មក​ទទួល​ខុសត្រូវ​តាមច្បាប់ ហើយ​នោះ លោកស្រី សិន ថា ក៏​ទាមទារ​ចង់បាន​សំណង ដើម្បី​យក​មក​ផ្គត់ផ្គង់​ការរស់នៅ​របស់​កូន​នាង​តូចៗ​ទាំង​២ ដែល​មាន​អាយុ ៦​ឆ្នាំ​ម្នាក់ និង​ជាង ៤​ឆ្នាំ​ម្នាក់​។ សិន ថា មិន​បាន​បញ្ជាក់​ថា នាង​ចង់បាន​សំណង​ចំនួន​ប៉ុន្មាន​ទេ គឺ​នាង​បាន​ទុក​ដាក់​រឿងក្ដី​នេះ​ទៅលើ​ឪពុក​មារ​ប្ដី​របស់​នាង គឺ​នាង​គ្រាន់តែ​បញ្ជាក់​ថា នាង​ចង់​បាន​ឱ្យ​កូនៗ​អាច​រៀន​សូត្រ​មាន​អនាគត​ត្រឹមត្រូវ មាន​ផ្ទះ​ស្នាក់នៅ​ដូច ដែល​ប្ដី​នាង​ចង់បាន​កាល​នៅ​មាន​ជីវិត៖ «ព្រោះ​អី​ខ្ញុំ​អត់​មាន​ទីពឹង​ទៀត​ទេ ផ្ទះ​ក៏​អត់​ទាន់​មាន​ឱ្យ​កូន​នៅ​ដែរ ហើយ​បើ​ប្ដី​ខ្ញុំ​នៅ​អាយ​ពឹង​ថា បន្តិច​ម្ដងៗ បាន​ផ្សែផ្សំ​អាច​ធ្វើ​ឱ្យ​កូន​នៅ​អ៊ីចឹង​ណា​បង​។ សុំ​ឱ្យ​បងប្អូន​គាត់​អ្នក​ចេះដឹង​រឿង​ច្បាប់​គាត់​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង ព្រោះ​អី​ខ្ញុំ​អ្នក​ល្ងង់​ណាស់​បង»

មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ​ម្នាក់​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា សាច់ញាតិ​ជនរងគ្រោះ​បាន​ប្ដឹង​ទាមទារ​សំណង​ចំនួន​៥​ម៉ឺន​ដុល្លារ។ បើ​ទោះ​ជា​យ៉ាងណា​លោកស្រី សិន ថា ឱ្យ​ដឹង​ដែរ​ថា ធ្លាប់​មាន​គ្រួសារ​ខាង លោក សក្ដិ​៥ ឈុន រ៉េត ទៅ​សុំ​ចរចា​ផ្ដល់​ប្រាក់ ៣.០០០ដុល្លារ​ដែរ ប៉ុន្តែ​គ្រួសារ​លោកស្រី​មិន​អាច​ទទួល​យក​បាន។

ការ​ចរចា​បញ្ចប់​រឿង​ដោយ​ការ​ផ្ដល់​សំណង​ទៅ​ឱ្យ​គ្រួសារ​អ្នករងគ្រោះ​ដែល​ជា​អ្នក​ក្រីក្រ​ខ្សត់ខ្សោយ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ ដែល​បង្ក​ដោយ​មន្ត្រី ឬ​សាច់ញាតិ​មន្ត្រី​មានអំណាច គឺជា​រឿង​ដែល​កើត​មាន​ហូរហែ​ជា​ធម្មតា​នៅ​ក្នុង​សង្គម​ខ្មែរ។ ពេលខ្លះ​ពលរដ្ឋ​ក្រីក្រ​មាន​តែ​បង្ខំចិត្ត​ទទួល​សំណង ព្រោះ​គ្មាន​ប្រាក់​ប្ដឹងផ្ដល់ ឬ​បាន​ប្ដឹងផ្ដល់​ដែរ តែ​ពិបាក​នឹង​ទទួល​បាន​យុត្តិធម៌។

ត្រង់​ចំណុច​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា នេះ​ជា​អំពើ​អមនុស្សធម៌ ដែល​អាជ្ញាធរ​ត្រូវតែ​ពន្លឿន​ការ​ចាប់​ជនសង្ស័យ​ឱ្យ​មក​ទទួលខុសត្រូវ​តាម​ច្បាប់​។ លោក​ថា ការ​រក​យុត្តិធម៌​ផ្ដល់​ឱ្យ​ជនរងគ្រោះ​នឹង​បាន​រួម​ចំណែក​ជួយ​សម្រួល​ផ្លូវចិត្ត ការ​ឈឺចាប់​របស់​គ្រួសារ​ជនរងគ្រោះ​។ លោក​ថា ការ​មិន​ប្រឹងប្រែង​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​គឺជា​ផ្នែក​មួយ ដែល​នាំ​ឱ្យ​វប្បធម៌​និទ្ទណ្ឌភាព​នៅតែ​បន្ត​ចាក់​ឬស​ក្នុង​សង្គម​ខ្មែរ៖ «កាលណា​តែ​គាត់​មិន​ទទួល​បាន​យុត្តិធម៌​គាត់​រស់នៅ​ក្នុង​ក្ដី​មមើមមាយ មិន​ដឹង​ថា យុត្តិធម៌​នៅឯណា​ហ្នឹង​ធ្វើ​ឱ្យ​គាត់​អត់​សូវ​មាន​សង្ឃឹម អត់​សូវ​មាន​គោលដៅ​នៅ​ក្នុង​ការរស់នៅ​ច្បាស់លាស់​ទេ អ៊ីចឹង​ធ្វើ​ឱ្យ​គាត់​អាច​ធ្លាក់ខ្លួន​ទៅ​ក្នុង​ស្ថានភាព​ដែល​យ៉ាប់​យឺន​ខាង​ជីវភាព យ៉ាប់​យឺន​ខាង​ផ្លូវចិត្ត​គ្រប់​បែប​យ៉ាង​។ ការ​ដោះស្រាយ​ឱ្យ​បាន​យុត្តិធម៌​ឱ្យ​បាន​ឆាប់​គឺ​គ្រាន់តែ​បាន​លួងលោម បាន​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ផ្លូវចិត្ត​របស់​គាត់​បានតែ​ប៉ុណ្ណឹង​ទេ​បាទ»

មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០​លាន​រៀល​។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២៥​លាន​រៀល ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ។

ក្នុង​ពេល​ដែល​ទន្ទឹង​រង់​ចាំ​យុត្តិធម៌​ពី​ការអនុវត្ត​ច្បាប់​នេះ​ហើយ លោកស្រី សិន ថា ដែល​មិន​បាន​រៀន​សូត្រ​ចេះដឹង​គឺ​មិនបាន​ចប់​បឋមសិក្សា​ផង​នោះ ក៏​ទន្ទឹង​ង​ឱ្យ​ជំងឺ​កូវីដ-១៩ រសាត់​បាត់​ទៅ​វិញ​ដែរ ដើម្បី​ឱ្យ​អ្នកស្រី​អា​ចរក​ការងារ​នៅ​តាម​រោងចក្រ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។ លោកស្រី​ថា ការងារ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ អាច​ឱ្យ​លោកស្រី វិល​មក​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច​មើលថែ​កូន​តូចៗ​។ នាង​ថា បើ​រំពឹង​ធ្វើ​ស្រូវ​លើ​ដី​ស្រែ ដែល​ម្ដាយ​នាង​ចែក​ឱ្យ​នោះ​គឺ​មិន​អាច​ឱ្យ​នាង​ចិញ្ចឹម​ជីវិត​បាន​ទេ៖ «ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ​បង ប្រសិនបើ​ស្ងាត់​កូវីដ​ហ្នឹង​ទៅ នៅ​ជិត​ស្រុក​ហ្នឹង​រោងចក្រ​គេ​បើក​ខ្ញុំ​អាច​ជា​ធ្វើការ​នៅ​ជិត​ហ្នឹង​ជិះ​ឡាន​ដាក់​ខែ បាន​មក​មើល​កូន​វិញ​។ បើ​ធ្វើ​ស្រែ​ខ្ញុំ​ចេះ​ធ្វើ​តើ​បង តែ​នៅ​ហ្នឹង​ស្រែ​គ្មាន​ស្រែ​ធ្វើ​ដែរ​ហ្នឹង​បង មិនមែន​ថា គ្មាន​ទេ​មាន​ដែរ​ដីស្រែ​ម៉ែ​ចែក​ឱ្យ​មួយ​កូន​អំពក​តូច​ដែរ យើង​ធ្វើ​ប៉ុណ្ណឹង​ក៏​ហូប​មិន​គ្រប់​ដែរ»

បើ​ទោះ​ជា​យ៉ាងណា​មក​ដល់​ពេល​នេះ លោកស្រី សិន ថា នៅ​តែ​ទន្ទេញ​ជានិច្ច​ថា បើ​ប្ដី​នៅ​រស់​ទោះជា​មុខរបរ​ជា​កម្មករ​រោងចក្រ ដែល​រក​ចំណូល​ជា​មធ្យម ២០០​ដុល្លារ​ក្នុង​មួយ​ខែ រួម​នឹង​ប្រាក់ខែ​របស់​នាង​ដែរ​នោះ ពិតជា​អាច​ជួយ​ឱ្យ​កូនៗ​របស់​នាង​អាច​រៀន​សូត្រ​បាន​ចេះដឹង មាន​អនាគត​ត្រឹមត្រូវ​មិន​ពិបាក​ដូច​រូប​នាង​ទៀត​ឡើយ ប៉ុន្តែ​សុបិន​នេះ បាន​រលាយ​ទៅ​តាម​សព​របស់​ប្ដី​នាង​អស់​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល