អាជីវករផ្សារដើមគ ប្រមាណ ៤០០នាក់ តវ៉ាប្រឆាំងនឹងគម្រោងរុះរើ និងសាងសង់ផ្សារដើមគ ថ្មីឡើងវិញ ដោយលើកហេតុផលថា គម្រោងនេះនឹងធ្វើអោយប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ យ៉ាងណាក៏ដោយ អាជ្ញាធររាជធានីភ្នំពេញ មិនទាន់សម្រេចយ៉ាងណានៅឡើយចំពោះគម្រោងសាងសង់ផ្សារដើមគ ថ្មីទំនើបនេះ ប្រសិនបើមិនទាន់មានការឯកភាពពីក្រុមអាជីវករ។
ក្នុងការតវ៉ានោះពួកគាត់លើកឡើងដែរថា គម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ នេះ គឺហាក់ដូចជាវាយកម្ទេចឆ្នាំង បាយរបស់ពួកគាត់។
យ៉ាងនេះហើយបានជាក្រុមអាជីវករផ្សារដើមគ ចេញមុខជំទាស់ដាច់ខាតចំពោះគម្រោងរបស់សាលាក្រុងភ្នំពេញ ដែលចង់សាងសង់ផ្សារដើមគថ្មី នៅពេលខាងមុខនេះ។ ក្រុមអាជីវករអះអាងថា សព្វថ្ងៃនេះពួកគាត់មានកន្លែងលក់ដូរសមរម្យ ហើយអាជីវករទាំងអស់បានរៀបចំអនាម័យ និងសណ្ដាប់ធ្នាប់ត្រឹមត្រូវហើយ មិនចាំបាច់មានផ្សារដើមគ ថ្មីមកជំនួសនោះទេ។
អាជីវករ៖ «ខ្ញុំចង់លក់នៅផ្សារដើមគ ចាស់នេះបន្តទៀត ព្រោះផ្សារនេះស្អាត ដោយសារក្នុង ១អាទិត្យលាងផ្សារម្ដង។ នៅពេលរុះរើ ហើយទម្រាំសាងសង់រួចទៀតនោះ ពួកខ្ញុំបាត់ម៉ូយអស់ហើយ។ ដោយឡែកអាជីវករមួយចំនួនគាត់ជំពាក់បំណុលធនាគារ ហើយបើរុះរើផ្សារចេញទៅ តើអាជីវករបានលុយណាបង់ការអោយធនាគារ និងចិញ្ចឹមគ្រួសារ»។
យោងតាមប្លង់ផ្សារដើមគ បង្ហាញថា បច្ចុប្បន្ននេះ មានតូបចំនួន ៨២៥ កំពុងដំណើរការ ប៉ុន្តែមានអាជីវករលក់ដូរដាក់កញ្ច្រែង ល្អី ក្រោមតង់រាយប៉ាយជាច្រើនទៀតនៅតាមផ្លូវចូលផ្សារ ដែលមានដីទំហំជិត ១ហិកតារ។
ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា កិច្ចប្រជុំជាមួយអាជីវករផ្សារដើមគ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា នោះ ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីគម្រោង និងដំណោះស្រាយជុំវិញការបារម្ភរបស់ក្រុមអាជីវករនោះ មិនទាន់សម្រេចយ៉ាងណានៅឡើយទេចំពោះគម្រោងនេះ ដោយដកឃ្លាពិភាក្សាគ្នាសិន។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា តាមគោលការណ៍នោះ បើសិនជាគ្មានការតវ៉ា ឬប្រតិកម្មណាមួយទេនោះ ទើបសាលារាជធានីភ្នំពេញ ស្នើសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្សារដើមគ ថ្មីដែលមានលក្ខណៈទំនើប ប្រកបដោយសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យខ្ពស់៖ «អ្នកណាក៏ទៅផ្សារដែរ អ៊ីចឹងហើយបានជាយើងចង់ធ្វើអោយត្រឹមត្រូវតាមស្តង់ដារ រហូតដល់សព្វថ្ងៃអ្នកលក់នៅតាមផ្លូវដាក់កញ្ច្រែងដាក់អីហ្នឹង ក៏យើងរៀបចំឲ្យបានសមរម្យជូនពួកគាត់ដែរ ជាពិសេសមានទាំងចំណតសម្រាប់ឡាន ម៉ូតូទៀត ប៉ុន្តែប្រហែលជាបងប្អូនអាជីវករមិនទាន់យល់អស់។ សាលារាជធានីភ្នំពេញ មិនបានឲ្យក្រុមហ៊ុនឯកជនណាមួយមកវិនិយោគនោះទេ គឺរដ្ឋជាអ្នកចេញថវិកាសាងសង់ទាំងស្រុង ហើយក៏មិនមានការជួលតូបដល់អាជីវករនោះទេ បន្ទាប់ពីសាងសង់ផ្សារថ្មីរួច»។
បើទោះបីជាយ៉ាងណាក៏ដោយចុះ ក្រុមអាជីវករផ្សារដើមគ ព្រមានថា នឹងតវ៉ាជាទ្រង់ទ្រាយធំ ប្រសិនបើសាលារាជធានីភ្នំពេញ នៅតែបន្តគម្រោងរុះរើ និងសាងសង់ផ្សារដើមគ ថ្មីដោយគ្មានការឯកភាពពីពួកគាត់ទេនោះ៕