"សាលារៀន​រដ្ឋ​មិន​ទាន់​មាន​ផាសុកភាព​​​អាច​ឲ្យ​សិស្ស​ទទួល​ការ​អប់រំ​ពេញ​លេញ"

ដោយ សាន សែល
2015-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សញ្ញា​របស់​គម្រោង «ជួយ​មើល​សាលារៀន (Checkmyschool)» ដើម្បី​លើក​កម្ពស់​ការ​អប់រំ និង​ផ្ដោត​លើ​ការ​តាម​ដាន​វត្តមាន​សិស្ស និង​ការ​អភិវឌ្ឍ​នៅ​តាម​សាលារៀន។
ស្លាក​សញ្ញា​របស់​គម្រោង «ជួយ​មើល​សាលារៀន (Checkmyschool)» ដើម្បី​លើក​កម្ពស់​ការ​អប់រំ និង​ផ្ដោត​លើ​ការ​តាម​ដាន​វត្តមាន​សិស្ស និង​ការ​អភិវឌ្ឍ​នៅ​តាម​សាលារៀន។
RFA/San Sel

អង្គការ​សង្គម​ស៊ីវិល សិស្ស និស្សិត និង​មាតាបិតា​សិស្ស ថ្លែង​ថា បរិយាកាស​នៃ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​របស់​រដ្ឋ​មិន​ទាន់​មាន​អនាម័យ និង​ផាសុកភាព​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​សិស្ស​ក្រីក្រ​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពេញ​លេញ​ទេ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​យុវជន​រៀបចំ​ឡើង​ដោយ​គម្រោង​ជួយ​មើល​សាលារៀន​ខុមហ្វ្រែល (COMFREL នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នា​រាជធានី​ភ្នំពេញ។

​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ បាន​រៀបចំ​វេទិកា​យុវជន​ដោយ​បាន​អញ្ជើញ​សិស្ស និស្សិត និង​មាតា បិតា​សិស្ស មក​ពិភាក្សា​គ្នា​ពី​ស្ថានភាព​សាលារៀន​របស់​រដ្ឋ។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ (KIND) លោក កៅ ពឿន ថ្លែង​ប្រាប់​វេទិកា​នេះ​ថា សាលារៀន​របស់​រដ្ឋ ពិសេស​នៅ​កម្រិត​បឋមសិក្សា ដល់​វិទ្យាល័យ មាន​បញ្ហា​អនាម័យ និង​បរិយាកាស​ក្នុង​ថ្នាក់​រៀន ក្ដៅ​ស្អុះស្អាប់ ដែល​សិស្ស​ពិបាក​ផ្ដោត​អារម្មណ៍​លើ​ការ​រៀន​សូត្រ។ លោក​បន្ថែម​ថា មាន​សិស្ស​ប្រមាណ ៣​លាន​នាក់ ដែល​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ ហើយ​សិស្ស​ទាំង​នោះ​ភាគ​ច្រើន​ជា​កូន​អ្នក​ក្រីក្រ៖ «តាម​រយៈ​ការ​ជួប​ជាមួយ​អ្នកគ្រូ​លោកគ្រូ សិស្សានុសិស្ស គាត់​បាន​ត្អូញត្អែរ​រួច​ទៅ​ហើយ​សាលា​គាត់​ហ្នឹង គឺ​ពិបាក​នៅ​រដូវ​ក្តៅ។ លោកគ្រូ​ខ្លះ​ថា ដល់​ពេល​សិស្ស​បក់​ច្រើន​ពេក​ចឹង គាត់​ឈប់​បង្រៀន ឲ្យ​សិស្ស​គាត់​បក់​តែ​ម៉ង់​ទៅ»

​ជា​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ លោក ស ស៊ីណែត រៀបរាប់​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជូន​កូន​ពីរ​នាក់​ទៅ​រៀន​នៅ​សាលា​របស់​រដ្ឋ។ លោក​បន្ត​ថា ដោយសារ​កូន​លោក​ប្រាប់​ថា បង្គន់​របស់​សាលា​កង្វល់​មិន​អាច​ប្រើប្រាស់​បាន លោក​តែង​ចំណាយ​ប្រាក់​ចន្លោះ​ពី ៨​ពាន់ ទៅ ១២.០០០​រៀល ក្នុង​មួយ​ខែ ជូន​ដល់​អ្នក​លក់​ដូរ​នៅ​ក្បែរ​សាលារៀន ដើម្បី​ឲ្យ​កូន​របស់​លោក​អាច​ទៅ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​ផ្ទះ​អ្នក​លក់​ដូរ​នោះ​បាន៖ «ខ្ញុំ​សំណូមពរ​ឲ្យ​សាលា​រដ្ឋ ទី​មួ​យ​គឺ​វិបត្តិ​អនាម័យ​បន្ទប់​ទឹក​តែ​ម្ដង។ បន្ទប់​ទឹក​មាន តែ​ប្រើ​មិន​កើត គឺ​ប៉ះពាល់​នឹង​ក្លិន។ កូន​ប្រុស​ខ្ញុំ​ដែល​ទៅ​រៀន គាត់​មិន​ចូល​ទេ លើក​លែង​តែ​បត់​ជើង​ធំ គាត់​តេ​ប្រាប់​យាយ តេ​ប្រាប់​ខ្ញុំ។ ខ្ញុំ​ទៅ​ទំនាក់​ទំនង​ជួប​ជាមួយ​អ្នក​លក់​អីវ៉ាន់ គាត់​មាន​បន្ទប់​ទឹក​ស្អាត។ ពេល​គាត់​ឈឺ​បត់​ជើង​ធំ ខ្ញុំ​សូម​បន្ទប់​ទឹក​ផ្ទះ​អ្នក​លក់​ដូរ»

សិស្ស​និស្សិត មាតាបិតា សមាជិក​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​វេទិកា​យុវជន​អំពី​ស្ថានភាព និង​បរិស្ថាន​តាម​​សាលារៀន​សាធារណៈ ឬ​សាលា​រដ្ឋ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/San Sel
សិស្ស​និស្សិត មាតាបិតា សមាជិក​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​វេទិកា​យុវជន​អំពី​ស្ថានភាព និង​បរិស្ថាន​តាម​​សាលារៀន​សាធារណៈ ឬ​សាលា​រដ្ឋ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/San Sel

 

​នៅ​ក្នុង​វេទិកា​នេះ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ លោក កៅ ពឿន ពន្យល់​ថា បើ​តាម​ប្រាក់​មូលនិធិ​ថវិកា​គម្រោង (Program Budgeting funds) ឬ​ហៅ​ថា ប្រាក់ ភី.ប៊ី (PB) ដែល​ក្រសួង​អប់រំ បាន​ផ្ដល់​ឲ្យ​ដល់​សាលារៀន​របស់​រដ្ឋ​ទៅ​តាម​ចំនួន​សិស្ស តាម​ការ​បែងចែក​សិស្ស​ម្នាក់​អាច​ទទួល​បាន ១២.០០០​រៀល​ក្នុង​ឆ្នាំ។ លោក​អះអាង​ថា ទំហំ​ទឹក​ប្រាក់​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ចាយ​វាយ​លើ​ការ​អប់រំ​សិស្ស​នោះ​ទេ៖ «ក្រសួង​អប់រំ គួរ​ទំនាក់​ទំនង​ជាមួយ អឺ.ដេ.សេ (EDC) គួរ​តែ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាករ​ទឹក ធ្វើ​ម៉េច​ដើម្បី​ឲ្យ​សាលា​ដែល​មាន​ប្រព័ន្ធ​ភ្លើង ឲ្យ​មាន​តម្លៃ​អាច​សម្រួល​ថោក​ជាង​អតិថិជន​ធម្មតា។ មួយ​ទៀត គឺ​សំរាម។ សំរាម​ក៏​ជា​បន្ទុក​ធ្ងន់​ផង​ដែរ ដូច​សាលា​បឋម​សិក្សា​ដែល​មាន​កូន​ក្មេង​ច្រើន និយាយ​ទៅ រដ្ឋ​ដូចជា​គ្មាន​ការ​គិតគូរ​បរិស្ថាន​សាលា​ទេ តាំង​ពី​ទឹក​ភ្លើង ប្រព័ន្ធ​សំរាម អនាម័យ​អី​ហ្នឹង គឺ​សាលា​រដ្ឋ​ដូចជា​កន្លែង​ឯកជន​សម្រាប់​រក​ស៊ី បើ​សិន​គ្មាន​លុយ គ្មាន​សេវា​នោះ​ទេ»

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន ពន្យល់​ថា សាលា​របស់​រដ្ឋ​នីមួយៗ ទទួល​ថវិកា​ពី​ប្រភព​ពីរ​សំខាន់ គឺ​ថវិកា ភី.ប៊ី និង​គម្រោង​លើក​ស្ទួយ​សាលារៀន (SIP) ដែល​អាច​ឲ្យ​សាលា​របស់​រដ្ឋ​ពង្រឹង​គុណភាព​អប់រំ និង​ការ​គ្រប់គ្រង​បាន​ប្រសើរ​ឡើង។ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា ការ​អភិវឌ្ឍ​របស់​សាលា​រដ្ឋ គឺ​ធ្វើ​ឡើង​ជា​ជំហានៗ៖ «ក្រសួង​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្រសួង​បាន​កំណត់​ពិនិត្យ​មើល​សាលា​ណា​ដែល​ជ្រើស​រើស​ជា​មណ្ឌល​សម្រាប់​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ហើយ​ក្នុង​នោះ ក្រសួង​បាន​ចុះ​ពិនិត្យ​មើល​ធ្វើ​ការ​កែលំអ​បន្ថែម ភ្ជាប់​បណ្ដាញ​អគ្គិសនី និង​ការ​ពិនិត្យ​មើល​បង្គន់​អនាម័យ»

​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ផ្ដល់​អាទិភាព​ទី​មួយ​ដល់​វិស័យ​អប់រំ ដោយ​ក្រសួង​អប់រំ ទទួល​បាន​ថវិកា​ចំនួន ៥០៧,៨​លាន​ដុល្លារ​អាមេរិក ដែល​កើន ២៨​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥។ មាតាបិតា​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ ស្នើ​ឲ្យ​ក្រសួង​អប់រំ អនុវត្ត​ផែនការ​ប្រាក់​ចំណាយ​លើ​ការ​អភិវឌ្ឍ​សាលារៀន​របស់​រដ្ឋ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

stupid leader

Oh...como'n man ,this a horrible school children in cambodia with the last 36s by one-man-rule and many school children in the countryside have no real public access .See schools in the countryside with have no properly building and many school kids stayed and learn under trees shaded or some of the school building made from straw sticks or palm trees with wide open sky and we can sees the sky ,the bird ,the wind ,the sun ,the rain in every direction " poor proud to be shame leader ",because the leader raised from crook and thief .

Dec 19, 2015 11:18 AM

គេហទំព័រ​ទាំងមូល