គ្រូបង្រៀន​នៅ​ស្រុក​ភ្នំក្រវាញ​មិន​ទាន់​បើក​ប្រាក់​តំបន់​និង​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍

ដោយ ជិន ជេដ្ឋា
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម ដារ៉ានី ឈរ​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៤។
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម ដារ៉ានី ឈរ​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៤។
RFA/Chin Chetha

គ្រូបង្រៀន​នៅ​តាម​សាលា​មួយ​ចំនួន​ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បង្ហាញ​ពី​ការ​បាក់​ទឹក​ចិត្ត​បង្រៀន​សិស្ស និង​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ បន្ទាប់​ពី​ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ អាក់​ខាន​បើក​ជាច្រើន​ខែ​មក​ហើយ​នោះ។ យ៉ាង​ណា ប្រធាន​ការិយាល័យ​អប់រំ​អះអាង​ថា ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ របស់​គ្រូ នឹង​បើក​ព្រម​គ្នា​ក្នុង​ពេល​ឆាប់ៗ។

ក្រុម​គ្រូបង្រៀន​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ អះអាង​ថា ប្រាក់​តំបន់​ក្នុង​មួយ​ខែ ៤​ម៉ឺន​រៀល ហើយ​រដ្ឋាភិបាល​កម្ពុជា ទើប​ប្រកាស​ដំឡើង​ជូន​គ្រូបង្រៀន​នៅ​តាម​សាលា​ដាច់​ស្រយាល​ក្នុង​មួយ​ខែ ៨​ម៉ឺន​រៀល ប៉ុន្តែ​ពួក​គាត់​មិន​បាន​បើក​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៤។ ចំណែក​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍ ជាង ៣​ម៉ឺន​រៀល​ទៀត​ក្នុង​មួយ​ខែ ក៏​អាក់​ខាន​បើក​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៥ មក​ដែរ។

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​លាជ ស្រុក​ភ្នំក្រវាញ លោក ឌី សុខឌឿន ថ្លែង​នៅ​ថ្ងៃ​ទី​២៨ មិថុនា ថា រូប​លោក និង​គ្រូបង្រៀន​ក្នុង​សាលា​ជាង ២០​នាក់​ផ្សេង​ទៀត ទន្ទឹង​រង់ចាំ​បើក​ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍ ដូច​គ្រូបង្រៀន​នៅ​ទូទាំង​ស្រុក​ដែរ។ លោក​ថា គ្រូ​មាន​ប្រភព​ចំណូល​ពី​ការ​បង្រៀន​សិស្ស​តែ​មួយ​មុខ​គត់ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ តែ​នៅ​ពេល​ប្រាក់​បន្ទាប់​បន្សំ​មាន​បញ្ហា​បែប​នេះ ធ្វើ​ឲ្យ​គ្រូបង្រៀន​បាក់​ទឹក​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស៖ «ជីវភាព​រាល់​ថ្ងៃ​ពឹង​ផ្អែក​លើ​អា​ហ្នឹង (ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍) ដល់​អត់​ពិបាក​ដែរ​បង ចិញ្ចឹម​មាន់​ទា ជួន​កាល​ខ្ចី​លុយ​ឪពុក​ម្ដាយ​មក​ចាយ​ដែរ»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ភ្នំក្រវាញ លោក អ៊ុំ គឹមហ៊ន បញ្ជាក់​ថា ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍ នឹង​បើក​ដំណាល​គ្នា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៥ នេះ។ លោក​បដិសេធ​ថា លោក​មិន​ដឹង​ច្បាស់​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​បើក​ប្រាក់​តំបន់ និង​ប្រាក់​បង្រៀន​សិស្ស​ថ្ងៃ​ព្រហស្បតិ៍ នេះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា បុគ្គលិក​ការិយាល័យ​អប់រំ និង​លោកគ្រូ​អ្នកគ្រូ​សរុប​ជាង ៥០០​នាក់ ពិត​ជា​អាក់​ខាន​បើក​ប្រាក់​ទាំង​នេះ​ជាច្រើន​ខែ​មក​ហើយ​មែន៖ «ប្រាក់​តំបន់​ដែល​ខ្ញុំ​បាន​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២៥ គឺ​គេ​រៀបចំ​ឯកសារ​ឲ្យ​អស់​ហើយ ប៉ុន្តែ​លុយ​ប្រហែល​ក្នុង​សប្ដាហ៍​នេះ​ធ្លាក់​មក​ហើយ។ វា​ពិបាក​ដែរ​ការ​ណែនាំ​ម្ដង ៤​ម៉ឺន ដល់​កែ​សម្រួល​លើក​ក្រោយ ៨​ម៉ឺន ដូច្នោះ​វា​ធ្វើ​ពីរ​បី​ដំណាក់​កាល​ណា!»

ប្រាក់​តំបន់ គឺ​ជា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​គ្រូបង្រៀន​នៅ​តាម​សាលា​ដាច់​ស្រយាល​ជួប​ការ​លំបាក និង​នៅ​តំបន់​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុនចាញ់។ ប្រាក់​ឧបត្ថម្ភ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ពី​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ទៅ ៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដែល​ចាប់​អនុវត្ត​ពី​ខែ​មេសា ឆ្នាំ​២០១៥ ប៉ុន្តែ​សម្រាប់​គ្រូបង្រៀន​នៅ​ទូទាំង​ស្រុក​ភ្នំក្រវាញ មិន​ទាន់​បាន​បើក​ប្រាក់​ដំឡើង​នេះ​ម្ដង​នៅ​ឡើយ​ទេ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម ដារ៉ានី ព្រមាន​ថា រយៈពេល ១៥​ថ្ងៃ​ក្រោយ​ពី​ការ​ត្អូញត្អែរ និង​អំពាវនាវ​របស់​ក្រុម​គ្រូបង្រៀន​តាម​រយៈ​សារព័ត៌មាន​ហើយ​នេះ ហើយ​រដ្ឋាភិបាល ឬ​ស្ថាប័ន​អប់រំ នៅ​តែ​ព្រងើយ​កន្តើយ អ្នកស្រី​នឹង​ធ្វើ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​គ្រូបង្រៀន​នៅ​ទូទាំង​ស្រុក​ភ្នំក្រវាញ ដើម្បី​ដាក់​ជូន​រដ្ឋសភា និង​សមាគម​គ្រូបង្រៀន​នៅ​ថ្នាក់​ជាតិ ដើម្បី​ជួយ​អន្តរាគមន៍​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ជីវិតគ្រូបង្រៀន

ពី បានលុង រតនគីរី

ខេត្តខ្ញុំក៏មិនទាន់បើកដែរសូមជួយគិតគូរផង ជាពិសេសលុយពីរពេល ហើយអាលុយ ថ្ងៃព្រហស្ប័ ណឹងក បាត់ស្រមោលដែរ លុយប្រាក់តំបន់ លឺថាបើកប៉ុន្តែមិនឃើញសោៈ

Jul 04, 2015 11:46 AM

គេហទំព័រ​ទាំងមូល