អ្នក​រិះគន់​ចង់​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ឯកសារ​ភស្តុតាង​​តួលេខ​មាស​ជាង ៣៦​តោន ជា​ទុន​បម្រុង​របស់​ជាតិ

ដោយ ខែ សុណង
2020-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

សកម្មជន​ការពារ​ធនធានធម្មជាតិ រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​បង្ហាញ​តួលេខ​មាស​ដែល​ជា​ទុន​បម្រុង​របស់​ជាតិ ថា មាន​ដល់​ទៅ​ជាង ៣៦​តោន​។ អ្នក​រិះគន់​ថា របប​ក្រុងភ្នំពេញ មិន​បាន​បង្ហាញ​ឯកសារ​ភស្តុតាង​ច្បាស់លាស់​ពី​ចំនួន​តួលេខ​នេះ ខណៈ​កម្ពុជា​បន្ត​ខ្ចីបុល​លុយ​ពី​បរទេស និង​ជាប់ជំពាក់​បំណុល​វ័ណ្ឌក។ ការ​លើកឡើង​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ថា រដ្ឋាភិបាល​មិនមែន​អត់​មារយាទ​ដូច​ស្រី​កញ្ជើ​ធ្លុះ ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ​នោះ​ឡើយ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ​កាត់​ថា អាឡិច អះអាងថា មាស​ដែល​ជា​ទុន​បម្រុង​របស់​ជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិលសង្ស័យ ពី​ចំនួន​តួលេខ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​រួមគ្នា​ឱ្យ​ពលរដ្ឋ​ឃើញ ខុស​ពី​ចំនួន​តួលេខ​ដែល​មាន​ក្នុង​បញ្ជី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)

លោក អាឡិច ចោទ​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា ការ​បង្ហាញ​តួលេខ​នេះ​មាន​ភាព​ខុសគ្នា​? លោក​ថា ដើម្បី​ឱ្យ​សាធារណជន​ជឿជាក់​បាន លុះត្រាតែ​លោក ហ៊ុន សែន និង​ធនាគារ​ជាតិ​នៃ​កម្ពុជា បង្ហាញ​អំណះអំណាង និង​ភស្តុតាង​ច្បាស់លាស់​ជាជាង​សរសេរ​សារ​ខ្លី​នៅ​លើ​ហ្វ៊េសប៊ុក និង​ឱ្យ​ធនាគារ​ជាតិ ចេញ​សេចក្ដី​បញ្ជាក់​ត្រឹម​១​ទំព័រ ដើម្បី​បន្សាប​ចម្ងល់​សាធារណជន​នោះ។ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ រូប​នេះ​ថ្លែង​ថា លោក​កំពុង​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​ភាគី​អន្តរជាតិ ពោល​គឺ​ពី​រដ្ឋាភិបាល​ប្រទេស​ស្វីស និង​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​បញ្ជាក់​ថា កម្ពុជា​មាន​មាស​ដូចដែល​នាយករដ្ឋមន្ត្រី​អះអាង​ថា មាន​ជាង ៣៦​តោន​មែន​ឬ​យ៉ាងណា​៖ «អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​មួយ​ចំនួន​ដូចជា អ៊ីរ៉ាក់ និង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា ឃើញ​ថា នៅ​ពេល​ដែល​អ្នក​កាន់​អំណាច​អស់អំណាច​ដោយសារ​កត្តា​ណាមួយ ឃើញ​មាស​របស់​រដ្ឋ​ដែល​ទុក​នៅ​ក្នុង​ធនាគារ​ជាតិ​បាត់បង់​អស់រលីង ឬ​ក៏​បន្ធូរបន្ថយ​ដោយសារ​អ្នកកាន់អំណាច​រត់ចោល​ស្រុក ក៏​យក​មាស​ទៅជា​មួយ​។ ខ្ញុំ​ថា​រឿង​នេះ​សំខាន់​ណាស់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​តាមដាន ថា តើ​មាស​របស់​រដ្ឋ​ឬ​មាស​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា មាន​ប៉ុន្មាន​ឬ​ទុក​កន្លែង​ណា​ឱ្យ​ច្បាស់លាស់ កុំ​ឱ្យ​ថ្ងៃនេះ ៣៦.៥ តោន ស្រាប់តែ​២​ឆ្នាំ​ទៀត​លោក ហ៊ុន សែន គាត់​អស់អំណាច​ដោយសារ​កត្តា​ណាមួយ ហើយ​រដ្ឋាភិបាល​ថ្មី​ទៅ​រក​មាស​នៅ​អង់គ្លេស​នៅ​ស្វីស ឃើញ​តែ​មានតែ ៥​តោន»

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣ កក្កដា សរសេរ​សារ​បង្ហោះ​លើ​ហ្វ៊េសប៊ុ​ក​របស់​លោក​ថា រយៈពេល​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​ចង់​ដឹង​អំពី​មាស​ដែល​ជា​ទុន​បម្រុង​របស់​ជាតិ​។ លោក​ថា ការ​ចង់​ដឹង​មួយ​ចំនួនធំ​មាន​ភាព​សុចរិត ប៉ុន្តែ​មួយ​ចំនួន​តូច​ជា​ជន​អាក្រក់​ដែល​កំពុង​ប្រើប្រាស់​ការ​បាត់បង់​ដំណឹង​អំពី​មាស ដើម្បី​វាយប្រហារ​រដ្ឋាភិបាល ថា​ចង់​បន្លំ​យក​មាស​ក្នុង​ពេល​មាន​ជំងឺឆ្លង​កូវីដ​១៩ ព្រោះ​មិនដែល​ឮ​លោក​និយាយ​អំពី​មាស។

លោក ហ៊ុន សែន បាន​អួត​នៅ​លើ​ហ្វ៊េសប៊ុក ដោយ​បង្ហាញ​ការ​ពន្យល់​ពី​លិខិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដោយ​លោក​ថា ពលរដ្ឋ​ប្រាកដជា​យល់ និង​អបអរសាទរ​ចំពោះ​ទុន​បម្រុង​របស់​ជាតិ​ដែល​កើន​ឡើង​ជា​លំដាប់​។ លោក​បញ្ជាក់​ក្នុង​សំណេរ​នោះ​ទៀត​ថា ប្រហែល​មួយ​ឆ្នាំ​មុន លោក​ធ្លាប់​ប្រកាស​ថា មាស​របស់​កម្ពុជា​មាន​៣០​តោន តែ​តាម​តួលេខ​ថ្មី​នេះ បាន​កើន​ដល់​៣៦.៥​តោន​ឯណោះ។

ព្រម​គ្នា​ក្នុង​ថ្ងៃ​ដដែល ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏បាន​ចេញ​សេចក្ដីបញ្ជាក់​មួយ​ដែរ​ថា បច្ចុប្បន្ន​ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០ មាន​ចំនួន ១៩.៥ ប៊ី​លាន​ដុល្លារ។ ធនាគារ​ជាតិ​នៃ​កម្ពុជា​អះអាង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា រក្សា​មាស ៣៦.៥​តោន ដែល​ក្នុង​នោះ​រួមមាន មាស​ដែល​ជា​កេរ្តិ៍មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម​មាន​ចំនួន​១២.៤ តោន ដែល​កំពុង​រក្សាទុក​នៅ​ប្រទេស​ស្វីស (Switzerland) មាស​ចំនួន​១៤.១​តោន កំពុង​វិនិយោគ​នៅ​ធនាគារ​កណ្ដាល​អង់គ្លេស និង​មាស​ចំនួន​១០​តោន ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​កម្ពុជា។

ការ​ចេញផ្សាយ​បញ្ជាក់​ពី​តួលេខ​ពី​រឿង​មាស​នេះ គឺ​ធ្វើ​ឡើង​១​ថ្ងៃ ហាក់ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ដែល​បាន​បង្ហោះ​ចម្ងល់​នៅ​លើ​ហ្វ៊េសប៊ុក​លោក​ចោទសួរ​ចំៗ ទៅ​លោក ហ៊ុន សែន ជុំវិញ​ការ​បាត់​ដំណឹង​អំពី​មាស​នៅ​កម្ពុជា ហើយ​មាន​អ្នក​ចែករំលែក​និង​ស៊ែរ (Share) រាប់​រយ​នាក់។

លោក អាឡិច យល់​ថា តាម​ដែល​លោក​តាមដាន​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​មាស​សុទ្ធ​រាប់​សិប​តោន​ចូល​កម្ពុជា រឿង​នេះ​អាច​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់​។ លោក​យល់ថា កន្លង​មក​កម្ពុជា​ទំនង​មិន​បាន​រាយការណ៍​ទៅ​ស្ថាប័ន​អន្តរជាតិ រួម​ទាំង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ថា ខ្លួន​មាន​មាស​៣០ តោន​នោះ​ទេ ដែល​ក្នុង​បញ្ជី​ឃើញ​មាន​សេចក្ដីរាយការណ៍​ថា មាន​មាស​ត្រឹមតែ ១២.៤ តោន​ប៉ុណ្ណោះ​។ លោ​កថា​ភាព​ខុសគ្នា​នេះ មាន​រហូតដល់​ទៅជា​ង​១៧.៥ តោន ដែល​មាន​តម្លៃ​ដល់​ទៅ​ប្រមាណ ១​ពាន់​លាន​ដុល្លារ។

បើ​ទោះជា​លោក ហ៊ុន សែន និង​ធនាគារ​ជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ប្រកាស​ថា មាន​មាស​សរុប​៣៦.៥ តោន​ក្ដី ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៩ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ឱ្យ​និស្សិត នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​មាន​មាស​៣០​តោន ក្នុង​នោះ​៣​តោន រក្សាទុក​នៅ​កម្ពុជា តែ​នៅ​ពេល​នេះ បែរជា​លោក​ថា មាស​រក្សាទុក​នៅ​កម្ពុជា​ដល់​ទៅ​១០​តោន​ទៅវិញ​៖ «មាស​មរតក​ដើម​ដែល​តម្កល់​នៅ​ស្វីស ដែល​គេ​ប្រគល់​ឱ្យ​មកវិញ ចំនួន​១២​តោន ដែល​ធនាគារ​ជាតិ​ទិញ​ហើយ​ទុក​នៅ​ប្រទេស​អង់គ្លេស ទីក្រុង​ឡុងដ៍ ១៥​តោន និង​មាស​ដែល​ធនាគារ​ជាតិ​តម្កល់​ទុក​នៅ​ទីក្រុង​ភ្នំពេញ ៣​តោន​អ៊ីចឹង វា​មាន​៣០​តោន​។ តែ​អាហ្នឹង​វា​តិចតួច​ទេ បើ​គិត​ជា​ប្រាក់​ដែល​យើង​មាន​តាំង​ពី​ប្រាក់​បម្រុង​សូន្យ​ដុល្លារ រហូត​ទៅដល់​១៥​ពាន់​លាន​យើង​អត់​ប៉ះពាល់​ទេ»

បើ​ទោះ​ជា​លោក ហ៊ុន សែន អួតអាង​ថា កម្ពុជា​មាន​កំណើន​ទុន​បម្រុង និង​មាស​ទាំងនេះ​ក៏ដោយ​មួយ​រយៈ​ចុងក្រោយ​នេះ កម្ពុជា​បាន​ខ្ចីបុល​លុយ​ពី​អន្តរជាតិ​ជា​បន្តបន្ទាប់ ជាជាង​យក​ទុន​បម្រុង​ទាំងនេះ​មក​ប្រើ​។ ជាក់ស្ដែង កម្ពុជា​ទើបបាន​ខ្ចី​លុយ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដល់​ទៅ​២៥០​លាន​ដុល្លារ និង​ធនាគារ​ពិភពលោក (World Bank) ចំនួន​១​រយ​លាន​ដុល្លារ ដើម្បី​យក​មក​ស្រោចស្រង់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​យក​ទៅ​កសាង​ផ្លូវថ្នល់​ជនបទ។

អ្នក​ជំនាញ សង្ស័យ​ថា ទុន​បម្រុង​អន្តរជាតិ ឬ​មាស​ទាំងនេះ អាច​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​បុគ្គល​មាន​អំណាច​ទើប​បាន​ជា​រដ្ឋាភិបាល​ទៅ​ខ្ចីបុល​លុយ​ពី​បរទេស ហើយ​មិន​ហ៊ាន​យក​លុយ​បម្រុង​ទាំងនេះ​មក​ប្រើ​ដើម្បី​ដោះស្រាយ​ជួយ​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ៊ាន​ចំណាយ​ថវិកា​តែ​បន្តិចបន្តួច​គឺ​តែ​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​នេះ ហើយ​ថវិកា​ចំណាយ​លម្អិត​នោះ​ទៀតសោត ក៏​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល