មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បង្ហាញ​មូលហេតុ​នៃ​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ

ដោយ សុជីវី
2015-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​នាំ​គ្នា​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មុខ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ធ្នូ ឆ្នាំ​២០១៣។
កម្មករ​នាំ​គ្នា​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មុខ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ធ្នូ ឆ្នាំ​២០១៣។
RFA/Den Ayuthyea

ទាញ​យក​កម្មវីធី

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល រក​ឃើញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​កូដកម្ម​នៅ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង។ កូដកម្ម​ភាគ​ច្រើន ទាក់ទង​នឹង​ការ​ទាមទារ​ប្រាក់​ឈ្នួល បន្ទាប់​មក គឺ​ការ​បញ្ឈប់ និង​ការ​ចោទ​ប្រកាន់​អំពី​ការ​រើសអើង​សហជីព។ ស្រប​គ្នា​នេះ ការ​អនុវត្ត​ដែល​មិន​ប្រកប​ដោយ​វិជ្ជាជីវៈ ដូចជា ការ​ស៊ី​សំណូក ការ​គំរាម​កំហែង និង​ការ​ជ្រៀតជ្រែក​ដោយ​មិន​ស្រប​ច្បាប់ ក៏​ជា​កត្តា​បង្ក​ឲ្យ​មាន​កូដកម្ម​ដែរ។

របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​ចេញ​ដោយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ស្ដីពី​វិវាទ​ការងារ និង​ការ​ប្រើប្រាស់​កូដកម្ម ដែល​ចេញ​សម្រាប់​ខែ​សីហា បញ្ជាក់​ពី​កត្តា​ធំៗ​ចំនួន​៣ ដែល​បង្ក​ឲ្យ​កើត​មាន​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង។

កត្តា​ទាំង​នោះ​រួម​មាន កម្មវត្ថុ ឬ​បំណង​ប្រាថ្នា​នៃ​ការ​ទាមទារ ដែល​មាន​ក្នុង​សំណុំ​រឿង​កូដកម្ម​ក្នុង​ពេល​ថ្មីៗ កត្តា​ជំរុញ និង​បរិយាកាស​ដែល​នាំ​ឲ្យ​មាន​កូដកម្ម។ ការ​រក​ឃើញ​នេះ ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដោយ​ប្រើ​វិធីសាស្ត្រ​ចម្រុះ រួម​បញ្ចូល​ទាំង​ការ​ស្រាវជ្រាវ​ឯកសារ និង​ការ​សាកសួរ​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជិត ១០០​នាក់។ ការ​សិក្សា​នោះ បាន​ផ្ដើម​ពី​ខែ​មេសា ឆ្នាំ​២០១៤។ អ្នក​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជួប​សម្ភាស​នោះ​រួម​មាន កម្មករ​និយោជិត និយោជក មន្ត្រី​ក្រសួង​ការងារ អង្គការ​អន្តរជាតិ​ខាង​ការងារ និង​អ្នក​បញ្ជា​ទិញ​ផង។

ប្រធាន​ផ្នែក​តាម​ដាន និង​វាយ​តម្លៃ​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល លោក ហ៊ុន ចិន្តា មាន​ប្រសាសន៍​ពី​ការ​រក​ឃើញ​នោះ​ថា កម្មវត្ថុ​នៃ​ការ​ទាមទារ សំដៅ​ដល់​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ការ​បណ្ដេញ​ចេញ ការ​ចោទ​ប្រកាន់​ពី​ការ​រើសអើង​សហជីព កង្វះ​ការ​អនុវត្ត​បទដ្ឋាន​ច្បាប់​អប្បបរមា អនាម័យ និង​សន្តិសុខ​ការងារ៖ «បណ្ដាល​មក​ពី​សម្ពាធ​ខាង​សេដ្ឋកិច្ច ធ្វើ​ឲ្យ​កម្មករ​និយោជិត គាត់​ធ្វើ​ការ​ទាមទារ ដើម្បី​ឲ្យ​ទទួល​បាន​កម្រៃ​បន្ថែម មាន​ថ្លៃ​ស្នាក់​នៅ ថ្លៃ​សេវា​សុខភាព និង​ការ​ទទួល​បាន​សន្តិសុខ។ ម្យ៉ាង​ទៀត គាត់​ក៏​ចង់​បាន​ថវិកា​ខ្លះ ដើម្បី​ផ្ញើ​ទៅ​គ្រួសារ​គាត់​ដែល​នៅ​ឯ​ជនបទ​ដែរ។ ទី​២ ទៀត គឺ​ការ​ចោទ​ប្រកាន់​ពី​ការ​បណ្ដេញ​ចេញ​កើត​ពី​ការ​រើសអើង​សហជីព ឃើញ​ថា បញ្ហា​នេះ​ជា​បញ្ហា​ចម្បង​ដែល​សហជីព​ជាទូទៅ ច្រើន​យក​បញ្ហា​នេះ​មក​ដោះស្រាយ ហើយ​ធ្វើ​កូដកម្ម​ភ្លាមៗ​តែ​ម្ដង»

កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​សហជីព​ចំនួន​១៩ ជួប​ជុំ​គ្នា​នៅ​សួន​កាណាឌីយ៉ា (Canadiana) តាម​ដង​ផ្លូវ​វ៉េងស្រេង ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Uon Chhin
កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​សហជីព​ចំនួន​១៩ ជួប​ជុំ​គ្នា​នៅ​សួន​កាណាឌីយ៉ា (Canadiana) តាម​ដង​ផ្លូវ​វ៉េងស្រេង ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Uon Chhin

លោក ចិន្ដា បន្ត​ថា បញ្ហា​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អ្នក​ឆ្លើយ​សំណួរ​អះអាង​ថា ជា​កត្តា​ជំរុញ​ឲ្យ​មាន​កូដកម្ម ដូចជា ភាព​ទន់​ខ្សោយ​ក្នុង​កិច្ច​សហការ និង​ការ​ដោះស្រាយ​វិវាទ​នៅ​កន្លែង​ធ្វើ​ការ ការ​បណ្ដេញ​ចេញ និង​ចោទ​ប្រកាន់​ពី​ការ​រើសអើង​សហជីព ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​អនុវត្ត​ច្បាប់​អប្បបរមា បញ្ហា​ទំនាក់ទំនង​រវាង​សហជីព និង​សហជីព សហជីព និង​និយោជក នៅ​កន្លែង​ដែល​មាន​សហជីព​ច្រើន​ជាង​មួយ និង​ទម្លាប់​នៃ​ការ​ចំណាយ​ប្រាក់​ក្រៅ​ផ្លូវ​ការ៖ «ការ​អនុវត្ត​ដែល​មាន​ការ​ចូលរួម​ពី​ច្រើន​ភាគី ដែល​មាន​ទំនាស់​ផល​ប្រយោជន៍។ យើង​បាន​រក​ឃើញ​នូវ​ចំណុច​មួយ​ចំនួន​ដូចជា មន្ត្រី​សហជីព​មួយ​ចំនួន​ហ្នឹង​គាត់​ធ្វើ​កូដកម្ម ដើម្បី​ទទួល​បាន​ប្រាក់​ក្រៅ​ផ្លូវ​ការ​ពី​និយោជក»

លើស​ពី​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​លើក​ឡើង​ថា ជា​ឱកាស​ដែល​ងាយ​នឹង​កើត​មាន​កូដកម្ម។ លោក ហ៊ុន ចិន្តា លើក​ឡើង​ពី​ចម្លើយ​របស់​អ្នក​ដែល​បាន​សម្ភាស​បន្ត​ទៀត​ថា បញ្ហា​ទាំង​នោះ​រួម​មាន ការ​មិន​សប្បាយ​ចិត្ត​នឹង​ប្រសិទ្ធភាព​របស់​អនុសញ្ញា​រួម កង្វះ​ប្រសិទ្ធភាព​នៃ​កិច្ច​សហការ និង​ការ​អនុវត្ត​នៅ​កន្លែង​ការងារ និង​ទម្លាប់​នៃ​ការ​បើក​ប្រាក់​ឈ្នួល​ក្នុង​ពេល​ធ្វើ​កូដកម្ម ដែល​ប្រៀប​បាន​នឹង​ការ​លើក​ទឹក​ចិត្ត​មួយ៖ «វា​ជា​កត្តា​មួយ​មិន​លើក​ទឹក​ចិត្ត​ដល់​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី វា​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​វិជ្ជាជីវៈ»

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល រំពឹង​ថា លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ នឹង​ជួយ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ការងារ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង ឲ្យ​ធ្វើ​ការងារ​ដោយ​ចុះ​សម្រុង និង​មាន​និរន្តរភាព​ការងារ។

ប្រធាន​ផ្នែក​បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល អ្នកស្រី អាន វីរៈ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​បង្កើត​ឲ្យ​មាន​ការ​ស្រាវជ្រាវ​នេះ គឺ​បន្ទាប់​ពី​ស្ថាប័ន​នេះ​ទទួល​បាន​បណ្ដឹង​ជាច្រើន ហើយ​ភាគ​ច្រើន​នៃ​បណ្ដឹង​ទាំង​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​កើត​មាន​កូដកម្ម។ អ្នកស្រី​ថា បញ្ហា​ខ្លះ​គួរ​តែ​អាច​ដោះស្រាយ​បាន​នៅ​មុន​ពេល​កើត​មាន​កូដកម្ម៖ «តាម​ការ​សិក្សា​ហ្នឹង គឺ​យើង​ចង់​ឲ្យ​តួអង្គ​ទាំងអស់ គួរ​តែ​រៀបចំ​ខ្លួន​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​វា​មាន​ស្ថិរភាព​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សុខដុម​នៅ​កន្លែង​ធ្វើ​ការ»

ការ​សិក្សា​ដដែល ក៏​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​កូដកម្ម​ទៅ​លើ​សេដ្ឋកិច្ច និង​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​ការ​បាត់បង់​ផលិត​ភាព បាត់បង់​ប្រាក់​ឈ្នួល បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​តានតឹង​ផ្លូវ​ចិត្ត ភាព​រកាំរកូស ខូចខាត​សីលធម៌​រវាង​កម្មករ​និយោជិត និង​និយោជក។ ស្រប​គ្នា​នេះ ការ​សិក្សា​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ក្នុង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ដោះស្រាយ​វិវាទ កែលំអ​ការងារ​ផ្សះផ្សា។

ប្រធាន​ផ្នែក​តាម​ដាន និង​វាយ​តម្លៃ​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល លោក ហ៊ុន ចិន្តា មាន​ប្រសាសន៍​ថា ការ​អនុវត្ត​អនុសញ្ញា​រួម​ឲ្យ​បាន​ត្រឹមត្រូវ នឹង​ជួយ​ឲ្យ​មាន​សុខដុមរមនា​ក្នុង​ការងារ៖ «គ្រាន់​តែ​ស្នើ​ថា ការ​ចរចា​អនុសញ្ញា​រួម ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ប្រសិន​បើ​ខាង​និយោជក​សន្យា​ថា​ផ្ដល់​លក្ខខណ្ឌ​ដូច​នឹង​កិច្ចព្រមព្រៀង​ហ្នឹង គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន»

ក្រុម​សហជីព ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ និង​គាំទ្រ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​មុន​ពេល​មាន​កូដកម្ម។

បន្លា​លួស​ដែល​អាជ្ញាធរ​ដាក់​រាំង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។ RFA/Leng Maly
បន្លា​លួស​ដែល​អាជ្ញាធរ​ដាក់​រាំង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។ RFA/Leng Maly

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា សហជីព​មិន​ប្រាថ្នា​ធ្វើ​កូដកម្ម​ឡើយ ប្រសិន​បើ​និយោជក​ទទួល​យក​ការ​ចរចា។ យ៉ាង​នេះ លោក​លើក​ឡើង​ដែរ​ថា សហជីព​មួយ​ចំនួន​ជ្រើសរើស​ការ​ចរចា​ដែល​មិន​បាន​គិត​អត្ថប្រយោជន៍​កម្មករ​ត្រូវ​ចោទ​ប្រកាន់​ថា ជា​សហជីព​កាន់​ជើង​ភាគី​និយោជក៖ «ខាង​សហជីព​សុទ្ធសឹងតែ​បាន​ស្នើសុំ​ជួប​ចរចា​ពិភាក្សា​ជាដើម ប៉ុន្តែ​និយោជក​ហ្នឹង​គាត់​ព្យាយាម​គេចវេស។ សម្រាប់​រោងចក្រ​ដែល​គ្មាន​តំណាង​សហជីព វា​អាច​ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​កូដកម្ម​ភា្លមៗ ដោយ​ពុំ​មាន​ការ​ដោះស្រាយ»

ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក ជួន មុំថុល មាន​ប្រសាសន៍​ដែរ​ថា កន្លង​មក សហជីព​របស់​លោក​ជ្រើស​រើស​យក​មធ្យោបាយ​ចរចា​សម្រប​សម្រួល មិន​ទម្លាប់​ជ្រើស​រើស​យក​ការ​ធ្វើ​កូដកម្ម​ឡើយ។ លោក​ថា ទោះ​យ៉ាង​ណា សហជីព​របស់​លោក​ក៏​តែង​តម្កល់​អត្ថប្រយោជន៍​កម្មករ​ជា​ធំ៖ «ថ្នាក់​ដឹក​នាំ​សហជីព​របស់​ខ្ញុំ អត់​ត្រូវ​វាយ​គ្នា​ជាមួយ​ថៅកែ គឺ​គេ​អាច​រស់នៅ​ជាមួយ​គ្នា​សុខដុម​ជាមួយ​គ្នា​បាន ខ្ញុំ​យក​ផ្លូវ​ចរចា»

ក្រុម​សហជីព​បាន​លើក​ឡើង​ដែរ​ថា ការ​ផ្ដល់​ប្រាក់​ឈ្នួល​សម្រាប់​ពេល​ធ្វើ​កូដកម្ម គឺ​ជា​ការ​ចរចា​ទាមទារ​សម្រប​សម្រួល​របស់​ភាគី​កម្មករ​ជាមួយ​ភាគី​និយោជក នៅ​ពេល​ដែល​ច្បាប់​មិន​បាន​តម្រូវ​ឲ្យ​ផ្ដល់​នោះ​ឡើយ។

មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​ភាគី​និយោជក ចំពោះ​របាយការណ៍​របស់​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នេះ​នៅ​ឡើយ។

កន្លង​មក តំណាង​ភាគី​ថៅកែ​រោងចក្រ និង​ជា​ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) លោក វ៉ាន់ ស៊ូអៀង ធ្លាប់​មាន​ប្រសាសន៍​ថា បញ្ហា​កូដកម្ម​ខុស​ច្បាប់ កំពុង​រុញ​ច្រាន​ឲ្យ​ដំណើរ​ការ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ ឬ​ពិបាក​ប្រកួត​ប្រជែង​នឹង​ប្រទេស​ជិត​ខាង៖ «សហជីព​កូដកម្ម​ខុស​ច្បាប់ អត់​តាម​នីតិវិធី។ ទី​២ វៀតណាម គេ​មាន​រោងចក្រ​ថ្មី​រហូត យើង​ក្នុង​មួយ​ឆ្នាំ​កើត​បាន​រោងចក្រ​ប្រហែល ៨០ ទៅ ១០០​ជាង។ ខ្ញុំ​អត់​ដឹង​ថា ឆ្នាំ​នេះ​មាន​ប៉ុន្មាន​ទេ តែ​ខ្ញុំ​ដឹង​ថា មាន​រោងចក្រ​ប្រហែល ១៤ ឬ ១៥​រោងចក្រ ដែល​ខ្ញុំ​ស្គាល់​គេ​កាត់​ផលិតផល​ពាក់​កណ្ដាល​យក​ទៅ​វៀតណាម»

របាយការណ៍​ពី​ក្រសួង​ការងារ ពី​ឆ្នាំ​២០៨ ដល់​ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា អត្រា​កូដកម្ម​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ចំនួន​កូដកម្ម​បាន​កើន​ឡើង និង​បាន​ធ្លាក់​ចុះ​វិញ​ក្នុង​ឆ្នាំ​២០១៤ ហើយ​បាន​កើន​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៥។ បើ​ទោះ​ជា​ក្នុង​ឆ្នាំ​ខ្លះ​មាន​និន្នាការ​ថយ​ចុះ ប៉ុន្តែ​ចំនួន​កូដកម្ម​មិន​បាន​ថយ​ចុះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល