រដ្ឋាភិបាល​ប្រកាស​លុប​ចោល​ពន្ធ​លើ​របប​ម៉ៅការ​និង​ពន្ធ​ផ្លូវ​ម៉ូតូ​ចាប់​ពីឆ្នាំ​២០១៦

ដោយ សេក បណ្ឌិត
2015-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​ម៉ូតូ​ដែល​មិន​ដាក់​កញ្ចក់ និង​ម្ចាស់​មិន​ពាក់​មួក នៅ​លើ​វិថី​ព្រះ​នរោត្តម នា​ថ្ងៃ​ទី​៥ សីហា ២០០៩។
សកម្មភាព​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​ម៉ូតូ​ដែល​មិន​ដាក់​កញ្ចក់ និង​ម្ចាស់​មិន​ពាក់​មួក នៅ​លើ​វិថី​ព្រះ​នរោត្តម នា​ថ្ងៃ​ទី​៥ សីហា ២០០៩។
RFA/Zakariya

រដ្ឋាភិបាល​ប្រកាស​ថា នឹង​លុប​ចោល​នូវ​ប្រភេទ​ពន្ធ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជា​កសិករ និង​អាជីវករ​ខ្នាត​តូចតាច​នៅ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

ប្រភេទ​ពន្ធ​ទាំង​នោះ មាន​ដូចជា​ពន្ធ​លើ​របប​ម៉ៅការ និង​លុប​ពន្ធ​ផ្លូវ​សម្រាប់​យានយន្ត​មួយ​ចំនួន​ដូចជា​គ្រឿងចក្រ​សម្រាប់​កសិកម្ម និង​ជលយាន​ជាដើម។ ទាក់ទង​បញ្ហា​នេះ​អ្នកឃ្លាំមើល​ដំណើរ​ការ​សេដ្ឋកិច្ច​កម្ពុជា គាំទ្រ​ចំពោះ​ការ​សម្រេច​បែប​នេះ។

អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា គម្រោង​កាត់​បន្ថយ​ពន្ធ​នេះ​ជា​មធ្យោបាយ​ល្អ​មួយ​សម្រាប់​ជួយ​ដល់​កសិករ និង​ម្ចាស់​អាជីវកម្ម​តូចតាច និង​ជា​ការ​ដោះ​បន្ទុក​រដ្ឋាភិបាល​ផង។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា នឹង​លុបចោល​ពន្ធ​លើ​របប​ម៉ៅការ និង​ពន្ធ​ផ្លូវ​លើ​ម៉ូតូ ម៉ូតូ​រ៉ឺម៉ក​កង់​បី គ្រឿងចក្រ​សម្រាប់​កសិកម្ម និង​ជលយាន​ជាដើម នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា។

តាម​ឯកសារ​ស្ដីពី​ប្រភេទ​ពន្ធ​បាន​បង្ហាញ​ថា ពន្ធ​លើ​របប​ម៉ៅការ គឺ​សំដៅ​លើ​ពន្ធ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ទូទៅ​ពន្ធ​ប្រភេទ​នេះ​ជា​ការ​កំណត់​ពន្ធ​តាម​ការ​ពិភាក្សា​គ្នា​រវាង​ភ្នាក់ងារ​ប្រមូល​ពន្ធ​ជាមួយ​ម្ចាស់ ឬ​តំណាង​អាជីវកម្ម។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ស្រី ចន្ធី យល់​ឃើញ​ថា វិធានការ​នេះ​ជា​ការ​ផ្តល់​ឱកាស​ប្រកួត​ជែង​ស្មើភាព​មួយ និង​ធ្វើ​ឲ្យ​ចំណូល​តាម​រយៈ​ការ​ប្រមូល​ពន្ធ​នោះ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៖ «របៀប​ម៉ៅការ​អ៊ីចេះ ដូច​ថា ខ្ញុំ​ជា​ក្រុមហ៊ុន​ខ្ញុំ​ដេញ​ថ្លៃ​បាន​គ្រប់គ្រង​ផ្សារ​មួយ​ហ្នឹង​រយៈពេល ៥​ឆ្នាំ ហើយ​ខ្ញុំ​បង់​ឲ្យ​រដ្ឋ​វិញ ៥០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ។ ខ្ញុំ​យក​ថ្លៃ​ភាស៊ី​ប៉ាតង់​អី​គ្រប់​សព្វ ហើយ​ខ្ញុំ​អាច​ឡើង​ថ្លៃ​បាន​តាម​អតិផរណា ខ្ញុំ​ទទួល​បាន ៦០​លាន​រៀល​ជាង​ឆ្នាំ​ទី​មួយ ឆ្នាំ​ទី​២ ខ្ញុំ​បាន ៨០​លាន​រៀល តែ​ខ្ញុំ​បង់​ឲ្យ​រដ្ឋ​តែ ៥០​លាន​រៀល​រហូត ប៉ុន្តែ ៥០​លាន​ឆ្នាំ​នេះ និង ៥០​លាន​ឆ្នាំ​ក្រោយ​វា​អត់​ដូច​គ្នា​ទេ ដោយសារ​អតិផរណា​ឧទាហរណ៍»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​លុបចោល​ពន្ធ​លើ​របប​ម៉ៅការ និង​ការ​កាត់​តម្លៃ​ប៉ាតង់​តាម​ទំហំ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នោះ គឺ​ជា​ការ​សម្រួល​យ៉ាង​ច្រើន​សម្រាប់​អាជីវកម្ម​ដែល​លក់​ដូរ​តិចតួច​មិន​ត្រូវ​បាន​ជាប់​ពន្ធ​ទៀត​ទេ៖ «នេះ​ជា​ការ​បន្ធូរបន្ថយ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​អា​ជាប់​របប​ម៉ៅការ​នេះ ជួនកាល​ម៉ៅការ​តាំង​ពី​ឆ្នាំ​៩៥ (១៩៩៥) ដល់​ឆ្នាំ​២០០៥ ២០​ឆ្នាំ​ក្រោយ គឺ​នៅ​ដដែល មាន​ន័យ​ថា ម៉េច...? ម៉ៅការ​កាល​ពី​ជាន់​នោះ​មួយ​ឆ្នាំ ៥០​ម៉ឺន​រៀល ២០​ឆ្នាំ​ក្រោយ​នៅ​តែ​បង់ពន្ធ ៥០​ម៉ឺន​រៀល​ដដែល នេះ​ជា​ការ​បាត់បង់​ចំណូល​ពន្ធ​មួយ ប៉ុន្តែ​រឿង​លំបាក​ជាង​គេ មន្ត្រី​ពន្ធដារ​ជា​ច្រើន​របស់​យើង​ទៅ​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​លក់​តូចតាច អា​ពន្ធ​ម៉ៅការ​មួយ​ខែ ២ ទៅ ៣​ម៉ឺន​រៀល​នោះ អា​ហ្នឹង​លុប​វា​ចោល​ទៅ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​របស់​យើង»

សេចក្ដី​ព្រាង​ស្ដីពី​ការកំណត់​ពន្ធ​ថ្មី​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ដែរ​ថា ការ​សម្រេច​លុបចោល​ពន្ធ​លើ​របប​ម៉ៅការ​នេះ​គឺ​សម្រាប់​ពលរដ្ឋ​មាន​អាជីវកម្ម​តូចតាច ដែល​ត្រូវ​បង់ពន្ធ​ប្រចាំ​ខែ​ពី​ចំនួន ២-​៣​ម៉ឺន​រៀល ឬ​ប្រចាំ​ឆ្នាំ​ចំនួន ៥០​ម៉ឺន​រៀល​ជាដើម។ ប៉ុន្តែ​មាន​ការ​កែសម្រួល​ប្រាក់​ពន្ធ​ប៉ាតង់ ចំពោះ​អ្នក​ជាប់​ពន្ធ​តូច និង​មធ្យម ដើម្បី​ប៉ះប៉ូវ​ពី​ការ​បាត់បង់​ប្រាក់​ដែល​ប្រមូល​បាន​ពី​របប​ម៉ៅការ​កន្លង​មក។

ការ​ប៉ះប៉ូវ​នេះ​សម្រាប់​អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់​ចំនួន ៤០​ម៉ឺន​រៀល អ្នក​ជាប់​ពន្ធ​មធ្យម ១,២០​លាន​រៀល ចំណែក​ឯ​អ្នក​ជាប់​ពន្ធ​ធំ ចាប់​ពី​កម្រិត​អប្បបរមា​ចំនួន ៣​លាន​រៀល ទៅ​អតិបរមា​ចំនួន ៥​លាន​រៀល​ជា​ប្រចាំ​ឆ្នាំ។

ការ​លុបចោល​របប​ពន្ធ​ម៉ៅការ​ត្រូវ​ជំនួស​មក​វិញ​នូវ​របប​កំណត់​ពន្ធ​តែមួយ គឺ​របប​ស្វ័យ​ប្រកាស​ដែល​បែងចែក​អ្នក​ជាប់​ពន្ធ​ជា ៣​ប្រភេទ។ ទី​១ អ្នក​ជាប់​ពន្ធ​តូច គឺ​សហគ្រាស​ដែល​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់​ពី ២៥០​លាន​រៀល ដល់ ៧០០​លាន​រៀល ទី​២ អ្នក​ជាប់​ពន្ធ​មធ្យម គឺ​សហគ្រាស​ដែល​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់​ពី ៧០០​លាន​រៀល ដល់ ២.០០០​លាន​រៀល និង​ទី​៣ អ្នក​ជាប់​ពន្ធ​ធំ គឺ​សហគ្រាស​ដែល​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់​ពី ២.០០០​លាន​រៀល ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ការ​កែទម្រង់​លើ​ការ​ប្រមូល​ពន្ធ​ដោយ​អនុគ្រោះ​ដល់​អ្នក​រក​ស៊ី​តូចតាច ដូចជា​នៅ​តាម​ផ្សារ​ជាដើម​នេះ នឹង​ជួយ​ឲ្យ​ពួកគាត់​មាន​លំនឹង និង​ងាយ​ស្រួល​បោះ​ជំហាន​ទៅ​មុខ ម្យ៉ាង​ទៀត នឹង​អាច​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ថ្នាក់​ក្រោម​ជាតិ​បាន៖ «ហើយ​អាច​ថា មន្ត្រី​ដែល​នៅ​ខាង​ក្រោមៗ​នោះ ខិលខូច​អី​អ៊ីចឹង​ទៅ គាត់​អាង​ថា រដ្ឋាភិបាល​មើល​មិន​អស់​គាត់​ជំរិត​សហគ្រាស​ខ្នាត​តូច មធ្យម​អី​អ៊ីចឹង​ទៅ ដល់​ធ្វើ​អ៊ីចឹង​ទៅ​វា​អាច​សម្រួល​ដល់​បរិស្ថាន​នៃ​អភិបាលកិច្ច​ល្អ​ហ្នឹង​វា​កាន់តែ​ប្រសើរ​ថែម​ទៀត ហើយ​ការ​ប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ក៏​កាន់តែ​ល្អ​ដែរ»

​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​នឹង​លុបចោល​នូវ​ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ ចំពោះ​ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត មាន​រ៉ឺម៉ក ឬ​រ៉ឺម៉ក​កង់​បី គ្រឿងចក្រ​សម្រាប់​កសិកម្ម និង​ជលយាន​ជាដើម។ បច្ចុប្បន្ន​យានយន្ត​ទាំង​នេះ​ត្រូវ​បង់ពន្ធ​ក្នុង​តម្លៃ​ចាប់​ពី ៣.៥០០​រៀល ៤.៥០០​រៀល និង ៧.៥០០​រៀល ទៅ​តាម​កម្លាំង​ម៉ាស៊ីន ត្រីចក្រយានយន្ត បង់​តម្លៃ ១៥.០០០​រៀល សម្រាប់​គោយន្ត​ឆ្នៃ​តម្លៃ ១៥​ម៉ឺន​រៀល ត្រាក់ទ័រ​ត្រូវ​បង់​តាម​កម្លាំង​ម៉ាស៊ីន ​តម្លៃ​ចាប់​ពី ៣​ម៉ឺន ទៅ ៥​ម៉ឺន​រៀល។ ចំណែក​ជលយាន ដូចជា​ទូក​ម៉ាស៊ីន​ចំហៀង (ជើងបង្កង) ត្រូវ​បង់​ចំនួន ១​ម៉ឺន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ពី ក្រចេះ

បើដូច្នេះមែនរដ្ឋបាលសារពើពន្ធនឹងបង្ខំអោយអ្នក ជាប់ពន្ធតាមរបបម៉ៅការចូលជារបបពិតហើយ ហើយពេលនោះទំនិញនឹងត្រូវឡើងថ្លៃ១០%ទៀតមិនខាន

Oct 22, 2015 11:03 AM

អ្នក​អាន​អនាមិក

>. បង់ពន្ធផ្លូវ ម៉ូតូ មួយឆ្នាំ ពី 3000 រៀល ទៅ 7500 រៀល មិនថ្លៃ ទេ !
>. តម្លៃដែលថ្លៃ គឺ ប្រេងសាំង បង់ពន្ធ ថ្លៃខ្លាំងណាស់ គឺ ក្នុង 1លីត្រ បង់ពន្ធ 1500 រៀល !
ប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងម្នាក់ ប្រើ ប្រេងសាំង ជាមធ្យម ពី 1លីត្រ ទៅ 10លីត្រ ក្នុង 1ថ្ងៃ គុណ 1ឆ្នាំ 365ថ្ងៃ គុណ 1500រៀល = 365000រៀល ទៅ 3650000រៀល !
>. បើ រដ្ឋាភិបាល ហ៊ុន សែន ចិត្តល្អ ត្រូវ បញ្ចុះ ថ្លៃ ប្រេងសាំង ក្នុង 1លីត្រ 1000រៀល ទើបល្អ ពិតប្រាកដ !

Oct 22, 2015 07:12 AM

ដានី

ពី កំពង់ចាម

ខ្ញុំគិចថានេះវាធ្វើអផយបាត់បង់ចំណូលរដ្ឋ ដោយការបង់ពន្ធទាំងនោះវាជាថវិការដែលយើងត្រូវយកមកជួសជល់ផ្លូវឡើងវិញ ដោយពុំចាំបាច់ចាំតែខ្ចីពោះបរទេស ណាមួយការយកពន្ធនោះវាបានតំរូវអោយប្រជាពលរដ្ឋត្រូវមានកតព្វកិច្ចរបស់ខ្លួន ចំពោះការអភិវឌ្ឍជាតិ។ ខ្ញុំសង្ឃឹមថាអ្នកដឹកនាំនឹងយកពីបញ្ហាសេដ្ឋកិច្ច ឬហិរញ្ញវត្ថុខ្លាំងជាតិឡើងវិញ។
សូមអរគុណ។

Oct 22, 2015 02:23 AM

គេហទំព័រ​ទាំងមូល