អតីត​ជន​ភៀស​ខ្លួន​ប្រឈម​ការ​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ

ដោយ ថន ថារ៉ូ
2019-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អតីត​ជន​ភៀស​ខ្លួន​មួយ​រូប​ក្រោយ​សង្គ្រាម​វៀតណាម លោក ថាច់ ហ្វីលីយ៉ា (Philya Thach) អាយុ ៤២ឆ្នាំ កំពុង​ប្រឈម​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដែល​គាត់​មិន​ដែល​ធ្លាប់​ស្គាល់​ទាល់​តែ​សោះ​កាល​ពី​មុន​មក។ លោក ហ្វីលីយ៉ា ដែល​មាន​ឪពុក​ម្តាយ​ជា​ជនជាតិ​ខ្មែរ តែ​រូប​លោក​បាន​កើត​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ច្បាប់​អាមេរិក​ឃុំ​ខ្លួន​ក្នុង​យុទ្ធនាការ​ចូល​ឆែកឆេ​មួយ កាល​ពី​ដើម​ខែ​តុលា​នេះ។ បុរស​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ ចេញ​បញ្ជា​ឱ្យ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​គាត់​បាន​ជាប់​ក្នុង​ពន្ធនាគារ​អាមេរិក​ក្នុង​ពេល​កន្លង​មក។ លោក​កំពុង​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​អប់រំ​កែប្រែ ក្នុងរដ្ឋតិចសាស (Texas) ដើម្បី​រង់ចាំ​ឯកសារ​ពី​រដ្ឋាភិបាល​កម្ពុជា​ មុន​ពេល​ត្រូវ​បញ្ជូន​ចេញ​ពី​ទឹក​ដី​អាមេរិក។ ​កូន​ស្រី​បុរស​រូប​នេះ​ឈ្មោះ ថាច់ អាលីហ្សា (Alyssa Thach) បាន​ប្រាប់​សារព័ត៌មាន អិនប៊ីស៊ី (NBC) ថា​ ឪពុក​របស់​នាង​តែងតែ​ចូល​ទៅបង្ហាញ​ខ្លួន​ជា​ប្រចាំ និង​ទៀងទាត់ ដល់​អាជ្ញាធរ​អាមេរិក​រៀង​រាល់ ២ឆ្នាំ​ម្តង ក្នុង​រយៈ​ពេល ២០ឆ្នាំ​ចុងក្រោយនេះ​ ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ ទើប​តែ​ដើម​ខែ​តុលា​នេះ ទើប​អាជ្ញាធរ​អាមេរិក​បាន​ចូល​ឆែក​ផ្ទះ​របស់​ឪពុក​នាង​ក្នុង​រដ្ឋ​កាលីហ្វញ៉ា (California) ហើយ​ចាប់​រូប​លោក​តែ​ម្តង។​

ក្រុម​គ្រួសារ​របស់​លោក ហ្វីលីយ៉ា បាន​រត់​គេច​ខ្លួន​ចេញ​ពី​របប​ខ្មែរ​ក្រហម ទៅ​កាន់​ប្រទេស​វៀតណាម។ ក្រុម​គ្រួសារ​នេះ​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ មុន​ពេល​ទទួល​បាន​សិទ្ធិ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។ លោក​ត្រូវ​បាន​អាជ្ញាអាមេរិកចាប់ខ្លួន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ ក្នុង​បទ​ល្មើស​លួច និង​វាយ​បំបែក​កញ្ចក់​រថយន្ត​នៅ​ពេល​លោក​មាន​អាយុ ១៨ឆ្នាំ។

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច ដែល​អាជ្ញាធរ​អាមេរិក​ចាត់​ទុក​ថា មិន​បាន​សហការ​ពេញលេញ​ជាមួយ​អាជ្ញាធរ​អាមេរិក ដោយ​រដ្ឋាភិបាល​កម្ពុជា​ជា​រឿយៗ ​បាន​បដិសេធន៍​ក្នុង​ការ​ផ្តល់​ឯកសារ​ធ្វើ​ដំណើរ​ដល់​អាជ្ញាធរ​អាមេរិក ក្នុង​ការ​អនុវត្តន៍​ការ​បញ្ជូន​ចេញ​នូវ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ អាជ្ញាធរ​អាមេរិក បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៧នាក់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ ចាប់​តាំង​ពី​កម្ពុជា និង​សហរដ្ឋ​អាមេរិក ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ជិត​មួយ​ពាន់​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ច្បាប់​អាមេរិក ឬ​ហៅ​កាត់​ថា អាយ (ICE) បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។

ក្រោម​ច្បាប់​អាមេរិក អាជ្ញាធរ​អាច​បញ្ជូន​តែ​ជន​អន្តោប្រវេសន៍​ណា ដែល​មិន​មាន​សញ្ជាតិ​អាមេរិក ហើយ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ដោយសារ​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ ទៅ​ប្រទេស​កំណើត​វិញ​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល