កម្មករ​រោងចក្រ​រីជែន​ប្រមាណ​៣០០​នាក់​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​សុំ​ដំណោះស្រាយ​ការងារ

ដោយ សេក បណ្ឌិត
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​កម្មករ​ជាង ៣០០​នាក់ បាន​ព្យាយាម​តវ៉ា​ជាង ១០​ថ្ងៃ​ហើយ​នៅ​មុខ​រោងចក្រ រីជែន (Regence) ក្នុង​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ហើយ​ប្រឈម​នឹង​ថៅកែ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ការងារ​ទៀត។

ក្រុម​កម្មករ​តវ៉ា​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ បើក​ប្រាក់​អតីត​ភាព​ការងារ​នៅ​ពេល​រោងចក្រ​នេះ​ប្ដូរ​ថៅកែ​ថ្មី ប៉ុន្តែ​ត្រូវ​បាន​ថៅកែ​បដិសេធ។

ក្រោយ​មាន​ជម្លោះ​ចរចា​មិន​ត្រូវ​គ្នា​ជាង ១០​ថ្ងៃ​មក​ហើយ​នោះ ថៅកែ និង​បុគ្គលិក ស្វែងរក​កិច្ច​អន្តរាគមន៍​រៀងៗ​ខ្លួន។

ដំណោះស្រាយ​ចុង​ក្រោយ​របស់​ភាគី​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​៣០ មិថុនា គឺ​សម្រេច​លុប​ឈ្មោះ​កម្មករ​ប្រមាណ​ជិត ៣០០​នាក់ ក្នុង​ចំណោម​កម្មករ​ប្រមាណ ៤០០​នាក់ ដែល​ចេញ​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ។

ប្រធាន​រដ្ឋបាល លោកស្រី លី ដា តំណាង​ភាគី​រោងចក្រ​បាន​ឲ្យ​ដឹង​ថា ការ​លុប​ឈ្មោះ​នេះ ក្រុមហ៊ុន​បាន​បិទ​ប្រកាស​ពីរ​លើក​មក​ហើយ គឺ​នៅ​ថ្ងៃ​ទី​២៦ និង​នៅ​ថ្ងៃ​ទី​២៩ មិថុនា ដោយ​បញ្ជាក់​ថា បើ​កម្មករ​ណា​មិន​ចូល​ធ្វើ​ការ ហើយ​នៅ​បន្ត​ធ្វើ​កូដកម្ម គឺ​ចាត់​ទុក​ថា មាន​កំហុស​ធ្ងន់ និង​បោះបង់​ចោល​ការងារ ដោយ​យោង​តាម​ដីកា​ពី​តុលាការ​កំណត់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ក្នុង​រយៈពេល ៤៨​ម៉ោង៖ «អ៊ីចឹង​យើង​មាន​សិទ្ធិ​ក្នុង​ការ​លុប​ឈ្មោះ​គាត់ ហើយ​បង់​តែ​ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​ដំណាច់​ឆ្នាំ​ឲ្យ​គាត់»

ស្រប​ពេល​គ្នា​នេះ ក្រុម​កម្មករ​បាន​ដឹក​នាំ​ក្បួន​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ចំណែក​ថៅកែ​បាន​ទៅ​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធផល​ទេ។

កម្មករ​ឈ្មោះ ម៉ុត បាន ប្រាប់​ថា មន្ត្រី​ក្រសួង​ការងារ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​កម្មករ ហើយ​សន្យា​នឹង​ចុះ​ទៅ​រោងចក្រ រីជែន នៅ​ថ្ងៃ​ទី​១ កក្កដា ដើម្បី​ដោះស្រាយ​ទំនាស់​នេះ។ លោក​បន្ត​ថា ការ​បញ្ឈប់​កម្មករ គឺ​ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​កម្មករ ហើយ​ពួក​គេ​នៅ​តែ​ធ្វើ​កូដកម្ម​បន្ត​ទៀត បើ​គ្មាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ៖ «បើ​ក្រសួង​ដោះស្រាយ​មិន​ចេញ ពួក​ខ្ញុំ​នាំ​គ្នា​តវ៉ា​ទៅ​រដ្ឋសភា​បន្ត​ទៀត»

ប្រធាន​ក្រុម​កម្មករ​នៃ​រោងចក្រ រីជែន លោក ថន ដា បាន​ឲ្យ​ដឹង​ថា ការ​ដោះស្រាយ​មិន​ចេញ​កន្លង​មក ដោយសារ​ភាគី​រោងចក្រ​មិន​គោរព​កិច្ច​សន្យា​ជាមួយ​កម្មករ ដែល​ព្រមព្រៀង​គ្នា​ផ្តាច់​កិច្ច​សន្យា​ការងារ​ក្នុង​ការ​គ្រប់គ្រង​របស់​ថៅកែ​ចាស់​មួយ​វគ្គ​សិន និង​ត្រូវ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​កម្មករ រួច​ចាំ​ធ្វើ​កិច្ច​សន្យា​ថ្មី​ទៀត ប៉ុន្តែ​ក្រោយ​មក ថៅកែ​ចាស់​កែប្រែ​មិន​ព្រម​គិតគូរ​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​កម្មករ​នោះ​ទេ។ បញ្ហា​នេះ នាំ​ឲ្យ​កម្មករ​មិន​ចូល​ធ្វើ​ការ ហើយ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល