មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រៃវែង​ស្នើ​តុលាការ​ពន្លឿន​សំណុំ​រឿង​ប្ដឹង​ប្រធាន​មន្ទីរ

ដោយ ថា កិត្យា
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រៃវែង។
មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រៃវែង។
RFA/Hum Chamroeun

តំណាង​មន្ត្រី​រាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រៃវែង អំពាវនាវ​ឲ្យ​សាលា​ដំបូង​ខេត្ត​មួយ​នេះ ពន្លឿន​ដំណោះស្រាយ​លើ​សំណុំ​រឿង​ពុក​រលួយ​របស់​ប្រធាន​មន្ទីរ ដែល​បាន​កាត់​យក​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​តុលាការ​បាន​ឆ្លើយ​តប​ដោយ​សន្យា​ថា នឹង​ដោះស្រាយ​ករណី​នេះ​ឲ្យ​បាន​ចប់​ឆាប់ៗ។

ទោះ​ជា​មាន​ការ​សន្យា​ពី​មន្ត្រី​តុលាការ ថា​នឹង​ដោះស្រាយ​សំណុំ​រឿង​ពុក​រលួយ​ឲ្យ​បាន​ឆាប់​យ៉ាង​នេះ​ក្ដី តំណាង​មន្ត្រី​រាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រៃវែង ពីរ​រូប ហាក់​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ទៅ​វិញ។

មន្ត្រី​រៀបចំ​ដែនដី​ក្រុម​ទី​១ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី ខេត្ត​ព្រៃវែង លោក មុជ ស្តន សម្ដែង​ពី​ការ​គ្មាន​ការ​ជឿជាក់​លើ​តុលាការ ដោយសារ​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ជា​ដើម​បណ្ដឹង​របស់​ពួក​គាត់ បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រៃវែង ឲ្យ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​រយៈពេល ៣​ឆ្នាំ​ហើយ គិត​ពី​ឆ្នាំ​២០១២ មក ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​យ៉ាង​ណា​នៅ​ឡើយ លើ​សំណុំ​រឿង​ពុក​រលួយ​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រៃវែង ឈ្មោះ នៃ សុផល និង​បក្ខពួក​ឈ្មោះ ស៊ូ គឹមសឿន ប្រធាន​គណនេយ្យ​ដែល​បាន​កិបកេង​ផល​ប្រយោជន៍​របស់​មន្ត្រី​ក្រោម​ឱវាទ​នា​ពេល​កន្លង​មក៖ «ការ​ពន្យារពេល​របស់​តុលាការ គឺ​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​ពួក​ខ្ញុំ​សោះ ហាក់​ដូច​អ្នក​តូច​រក​យុត្តិធម៌​ពិបាក​មែន​ទែន ហើយ​សម្រាប់​អ្នកធំ​ធ្វើ​អី​ក៏​ងាយ​ស្រួល​ដែរ ពោល​គឺ​ធ្វើ​អី​ក៏​ត្រូវ»

មន្ត្រី​ដដែល​រៀបរាប់​ថា លោក​ប្រធាន​មន្ទីរ នៃ សុផល និង​បក្ខពួក បាន​កិបកេង​ផល​ប្រយោជន៍​មន្ត្រី​រាជការ​ក្រោម​ឱវាទ​រាប់​ពាន់​លាន​រៀល ដូចជា​ការ​កាត់​យក​ប្រាក់​របស់​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​គម្រោង​សុរិយោដី និង​រដ្ឋបាល​ដីធ្លី (LMAP) ១០០​ភាគរយ តាំង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៧។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​រឿង​នេះ​ដឹង​ដល់​ក្រសួង​ក្តី គឺ​ប្រធាន​មន្ទីរ​រូប​នេះ​នៅ​តែ​កាត់​យក ២៦​ភាគរយ ហើយ​សូម្បី​តែ​លុយ​រដ្ឋាភិបាល​ឧបត្ថម្ភ​ជូន​មន្ត្រី​ក្នុង​ម្នាក់ ២​ម៉ឺន​រៀល​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ក៏​កាត់​យក​អស់ ៥០​ភាគរយ​ដែរ។ ទន្ទឹម​នឹង​នេះ ទឹក​ប្រាក់​សេវា​សុរិយោដី និង​សេវា​សំណង់​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូន​ជា​រង្វាន់​ដល់​មន្ត្រី​ចំនួន ៣៥​ភាគរយ គឺ​ពួក​គាត់​មិន​ដែល​បាន​ទទួល ព្រម​ទាំង​មិន​ដឹង​ថា គេ​យក​ទៅ​ចាយ​លើ​អ្វី​ឡើយ។ សម្រាប់​ប្រាក់​បេសកកម្ម​នៅ​ពេល​ចេញ​ទៅ​ណា​ម្តងៗ​វិញ រឹត​តែ​មិន​ដែល​ទទួល​បាន​ទៀត។

ជា​ការ​ឆ្លើយ​តប ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង លោក ហន សុខេមរិន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើបសួរ ហើយ​កំពុង​រៀបចំ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ជា​បន្តបន្ទាប់៖ «ខ្ញុំ​មិន​ដឹង​ថា គេ​សវនាការ​ថ្ងៃ​ណា​ទេ ស្រេច​តែ​លើ​ចៅក្រម​ជំនុំជម្រះ គាត់​ដាក់​កាលបរិច្ឆេទ​ថ្ងៃ​ណា​ថ្ងៃ​ហ្នឹង​ហើយ គឺ​ជា​សិទ្ធិ​របស់​ពួកគាត់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក នៃ សុផល ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រៃវែង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤ កន្លង​ទៅ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ព្រៃវែង លោក ហន សុខេមរិន និង​ព្រះរាជអាជ្ញា​រង មូង សារិន បាន​ចេញ​ដីកា​សម្រេច​លេខ​១៥៩ ដាក់​ឲ្យ​លោក​ប្រធាន​មន្ទីរ នៃ សុផល ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​បង្គាប់​ឲ្យ​លោក​ប្រធាន​មន្ទីរ​រូប​នេះ អនុវត្ត​នូវ​កាតព្វកិច្ច​មួយ​ចំនួន​ដែរ រួម​មាន ដាក់​ប្រាក់​ធានា​ចំនួន ៤​លាន​រៀល​តម្កល់​នៅ​គណនី​របស់​សាលា​ដំបូង​ខេត្ត​ព្រៃវែង និង​មិន​ត្រូវ​ចាកចេញ​ពី​ទឹក​ដី​កម្ពុជា ជាដើម។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​មួយ​រូប​ទៀត លោក សៀក សូត្រ ឲ្យ​ដឹង​ដែរ​ថា មក​ទល់​ពេល​នេះ តុលាការ​នៅ​តែ​ពន្យារពេល​ដោយ​មិន​ទាន់​មាន​ចំណាត់​ការ​យ៉ាង​ណា​ទៀត​នៅ​ឡើយ ហើយ​លោក​ប្រធាន​មន្ទីរ នៃ សុផល និង​បក្ខពួក នៅ​តែ​បន្ត​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​ព្រៃវែង ដដែល ថែម​ទាំង​ប្រើ​ល្បិច​គាប​សង្កត់​លើ​មន្ត្រី​ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​ប្រធាន​មន្ទីរ​រូប​នេះ​ទៀត​ផង។

តាម​បណ្ដឹង គឺ​មន្ត្រី​នៃ​មន្ទីរ​ដែនដី ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទាំងអស់ ទាមទារ​ឲ្យ​សង​ប្រាក់​ខែ​ដែល​កាត់​ទាំងអស់ ១០០​ភាគរយ និង ២៦​ភាគរយ ព្រម​ទាំង​សុំ​ឲ្យ​មាន​ការ​ឆែក​ប្រាក់​សេវា​សុរិយោដី និង​សេវា​សំណង់​ឡើង​វិញ ដែល​ប្រធាន​មន្ទីរ​កិបកេង។ ដោយឡែក​ប្រាក់​ដែល​ចាយ​ខុស​គោលការណ៍​ដទៃ​ទៀត ត្រូវ​សង​ទៅ​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល