ទូត​កម្ពុជា​នៅ​ឥណ្ឌូនេស៊ី​គ្រោង​បញ្ជូន​ពលករ​ខ្មែរ​រងគ្រោះ​៦០​នាក់

ដោយ ថា កិត្យា
2015-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលករ​ខ្មែរ​រងគ្រោះ​លើ​ទូក​នេសាទ​ថៃ​ជិត​៦០​នាក់ នៅ​ឥណ្ឌូនេស៊ី(Indonesia) នឹង​បញ្ជួន​មក​ដល់​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ នៅ​ចុងខែ​ឧសភា​នេះ និង​ដើមខែ​មិថុនា​ខាងមុខ។

ចំណែក នារី​ខ្មែរ​ម្នាក់ ដែល​រងគ្រោះ​ដោយ​មេខ្យល់ នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ត្រូវបាន​បាន​បញ្ជូន​មកដល់​កម្ពុ​ជា​វិញ​ហើយ នៅ​ថ្ងៃទី​២៧ ឧសភា។ ក្រោយ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ អង្គការ​សង្គម​ស៊ីវិល​ស្នើ​អោយ​រដ្ឋាភិបាល ផ្តល់​សេវា​មួយចំនួន ដូចជា​ជំនាញ​វិជ្ជាជីវៈ​ជាដើម

មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សា​ការតា (Jakarta) នឹង​បញ្ជូន​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​២១​នាក់មក​កម្ពុជា​វិញ នៅ​ដំណាច់​ខែឧសភា​នេះ បន្ទាប់ពី​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ទាំងនេះ​ចេញពី​ទូក​នេសាទ​ថៃ​ក្នុង​តំបន់​កោះ​អំបុន (Ambon) ប្រទេស​ឥណ្ឌូនេស៊ី។

ចំណែកឯ​ពលករ​ខ្មែរ​ចំនួន​៣៨​នាក់​ទៀត ដែល​រងគ្រោះ​នៅលើ​ទូក​នេសាទ​ថៃ ដែរ​ក្នុង​តំបន់​កោះ​បេនជីណា (Benjina) ប្រទេស​ឥណ្ឌូនេស៊ី​ដែរនោះ ទូត​កម្ពុជា​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ​មក​កម្ពុជា​វិញ​នៅ​សប្តាហ៍​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥ ខាងមុខ។

លោក កុយ គួង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ពលករ​ទាំងនេះ​មិនមាន​លិខិតឆ្លងដែន​ទេ ប៉ុន្តែ​ស្ថានទូត​កម្ពុជា បានចេញ​លិខិត​បើក​ផ្លូវ​ឲ្យ និង​បាន​អន្តរាគមន៍​ឲ្យ​ទូក​នេសាទ​ថៃ​បើកប្រាក់​បៀវត្ស និង​ចេញ​សោហ៊ុយ​ធ្វើដំណើ។

ទន្ទឹមនឹងនេះ មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា បញ្ជាក់ថា​នារី​ខ្មែរ​រងគ្រោះ​ម្នាក់ទៀត មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ដែល​មេខ្យល់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​អានហ៊ុយ ប្រទេស​ចិន បាន​បញ្ជូនមក​ដល់​កម្ពុជា​ហើយ នៅ​ថ្ងៃ​ទី​២៧ ឧសភា ។ លោក​ថា​ស្ត្រី​រងគ្រោះ​ភាគច្រើន ចេះ​ជឿ​តាម​មេខ្យល់​លួងលោម៖ «មេខ្យល់លួង​លោម​ថា ទៅ​រៀបការ​ជាមួយ បុរស​ជនជាតិ​ចិន គេ​មាន​លុយ​ច្រើន អាចជួយ​គ្រួ​សារបាន​ស្រូល ប៉ុន្តែ​ទីបំផុត​វា​ផ្ទុយ​ពី​ការពិត»។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​សាទរ​ចំពោះ​ការជួយ​សង្គ្រោះ និង​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ មក​ទឹកដី​កំណើត​វិញ។

លោក​បន្ត​ថា នៅ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់​ទៀត ត្រូវបាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម​ទៅធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ដោយ​ខុសច្បាប់។ ចំណែកឯ​នារី​ខ្មែរ​ជាច្រើន​នាក់​ទៀត​ដែរនោះ ក៏​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត នាំ​យក​ទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន ដែល​មាន​សតិ មិន​ល្អ ហើយ​ទ​ទូល​រង​នៅ​ការ​ធ្វើបាប​រាងកាយ។ លើស​ពី​នេះ​ទៀត មេខ្យល់​បាន​បង្ខំ​អោយ​ពួកគេ​រួមដំណេក​ជាមួយ​បុរស​ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​មួយអាទិត្យ​ទៀតផង។ បញ្ហា​ទាំងនេះ​បាន​បណ្តាល​ឲ្យ ជនរងគ្រោះ​មួយ​ចំនួន មាន​ជំងឺ​បាក់​ស្បាត់ ឬ​ជំងឺ​ភ័យខ្លាច«មុន​ពេល​ទៅ គឺ​ក្រុមហ៊ុន តែង​និយាយ​រឿង​ល្អៗ ប៉ុន្តែ​ពេល​ទៅ​ដល់​គឺ​អត់​អ៊ីចឹង​ទេដោយឡែក​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន ជារឿយៗ​គេ​ធ្វើបាប ដូចជា​ការបង្ខំ​រួមភេទ បង្ក​ហិង្សា គេ​បង្អត់បាយ។ ម្យ៉ាង​វិញ​ទៀត ស្ត្រី​ទាំងនោះ បម្រើ​ផ្លូវ​ភេទ​ផង បម្រើ​ការងារ​ផង ហើយ​អត់​ទទួល​បាន​ប្រាក់​ខែ​ទៀត»។

ដើម្បី​បញ្ចប់​នូវ​ទុក្ខ​លំបាក​ដ៏​ជូត​ចត់​របស់​ស្ត្រី និង​ពលករ​ខ្មែរ​បែបនេះ​លោក មឿន តុលា បាន​ស្នើ​អោយ​រដ្ឋាភិបាល ផ្តល់​សេវា​ផ្សេងៗ​ដូចជា​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីៈ​ដល់​ពួកគេ​នៅពេល​មក​ដល់​កម្ពុជា​វិញ ដើម្បី​កុំ​ឲ្យ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​ម្តងទៀត។

កាលពី​ថ្ងៃទី​១១ ខែឧសភា មាន​ពលករ​ខ្មែរ​ចំនួន ៥៩​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ ក្រោយ​ពេល​អាជ្ញាធរ​ឥណ្ឌូនេស៊ី ជួយសង្គ្រោះ​ពួកគេ​ពី​ទូក​នេសាទ​ថៃ ដែល​ឆ្លង​ចូល​ដែនសមុទ្រ​ឥណ្ឌូនេស៊ី ដោយ​ខុសច្បាប់។

កន្លង​មក​ក្រសួង​ការបរទេស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​មាន​លិខិតស្នាម​ត្រឹមត្រូវ​សម្រាប់​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស។

ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អះអាងថា​មូលហេតុ​ដែល​ពលករ​ខ្មែរ​នាំគ្នា​ចាកចោល​ភូមិ​ស្រុក ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នោះ ដោយសារ​តែប្រាក់​កម្រៃ​ការងារ​នៅ​កម្ពុជា​ទាប ពលរដ្ឋ​ខ្វះ​ខាត​ដី ហើយ​បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្លះ មាន​ដី​សម្រាប់​ធ្វើស្រែ ក៏​ពិត​មែន ប៉ុន្តែ​ផលិតផល​កសិកម្ម គ្មាន​ទីផ្សារ និង​គ្មាន​ដើមទុន​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល