សមត្ថកិច្ច​បន្ត​រុក​រក​ជន​រង​គ្រោះ​ក្នុង​គំនរ​អគារ​បាក់​រលំ​នៅ​ខេត្ត​កែប

ដោយ ខែ សុណង
2020-01-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ២០២០។
អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ២០២០។
រូប៖ RFA

សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​ក្នុង​បំណែក​អគារ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៣ មករា។ រដ្ឋបាល​ខេត្ត​កែប​អះអាង​ថា ពេល​នេះ កម្លាំង​ជំនាញ​បាន​រក​ឃើញ​ជន​រង​គ្រោះ​ចំនួន ២៩នាក់ ក្នុង​នោះ​ស្លាប់ ៧នាក់ គឺ​មាន​ស្រី ៣នាក់។

អាជ្ញាធរឲ្យដឹងថា មូលហេតុ​ដំបូង​បណ្ដាល​ឲ្យ​មាន​ការ​បាក់​រលំ​អគារ​នេះ គឺ​សំណង់​ខ្វះ​គុណភាព ហើយ​ពេលនេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ ក៏​មាន​ម្ចាស់​អគារ​ជា​ជន​ជាតិ​ខ្មែរ​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ចូល​រួម​ក្នុង​ការ​រុក​រក​នេះ។ លោក ស ខេង បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី៤ ខែ​មករា​ថា តាម​ការ​ស្រាវជ្រាវ​ពេល​នេះ នៅ​មាន​មនុស្ស​ម្នាក់​នៅ​មាន​ជីវិត ដែល​កំពុង​ជាប់​ក្នុង​គំនរ​អគារ​នេះ ដូច្នេះ ការងារ​ចម្បង​របស់​ក្រុម​រុក​រក គឺ​បន្ត​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដែល​នៅ​សល់​ជីវិត​នោះ​សិន៖ «ឥឡូវ​ធ្វើ​ម៉េច​ជួយ​ជីវិត​មនុស្ស​សិន​អ្នក​ដែល​នៅ​រស់ ហើយ​អ្នក​ដែល​ស្លាប់​មិន​ចង់​និយាយ​ថា យើង​បោះ​បង់​ចោល​ទេ ប៉ុន្តែ​អាទិភាព​អ្នក​នៅ​មាន​ជីវិត អំមិញ​ស្រែក​សួរ​ទៅ​នៅ​ឆ្លើយឆ្លង​គ្នា»

លោក ស ខេង បន្ត​ទៀត​ថា សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បាក់​អគារ​នៅ​ឡើយ​ទេ មក​ដល់​នេះ។ ប៉ុន្តែ បញ្ហា​ទំនង​ជា​បញ្ហា​ខ្វះ​ការ​ត្រួតពិនិត្យ គុណភាព​សំណង់​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​ថា រដ្ឋាភិបាល​នឹង​បន្ត​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​បន្ត​ទៀត ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៖«យើង​នឹង​ធ្វើ​ការងារ​ត្រួតពិនិត្យ ព្រោះ​មក​ដល់​ពេល​នេះ​យើង​បាន​ឃាត់ ខ្លួន​មនុស្ស​មួយ​ចំនួន​ហើយ ទាំង​អស់​គ្នា​ត្រូវ​គោរព​ច្បាប់​ទាំង​ផ្នែក​សាងសង់ និង​អ្នក​ដែល​សម្រេច​ឲ្យ​ច្បាប់​សាង​សង់»

សេចក្ដី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្ត​កែប ចុះ​ថ្ងៃ​ទី៤ ខែ​មករា ឲ្យ​ដឹង​ទៀត​ថា អគារ​បាក់​រលំ​នេះ ស្ថិត​នៅ​ក្នុង​ក្រុង​កែប។

ប៉ុន្តែ អ្នក​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​នៅ​ខេត្ត​កែប លោក យន់ ផល្លី ដែល​មាន​វត្តមាន​នៅកន្លែង​កើតហេតុ​និយាយ​ថា អគារ​នេះ​ទើបតែ​បន្ត​សង់​ជាន់​ទី៧ ផ្ទុយ​នឹង​ច្បាប់​អនុញ្ញាត​ និង​មាន​កម្មករ​ធ្វើការ​ប្រហែល ៤០នាក់។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្ត កែប លោក បែន តារា បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី៤ ខែ​មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ និយាយ​ថា មន្រ្តី​មន្ទីរ​ដែនដី​និង​រដ្ឋបាល​ខេត្ត​កែប គួរ​តែ​ត្រូវ​រង​ការ​ស្ដីបន្ទោស​ករណី​នេះ។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​អគារ និង​អ្នក​ពាក់ព័ន្ធ ដែល​អនុវត្ត​ការងារ​មិន​បាន​ល្អ រហូត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បែប​នេះ៖ «យើង​ចង់​ឃើញ​វិធានការ​ពីរ​ហ្នឹង ទី​មួយ​វិធានការ​ជាមួយ​ម្នាស់​សំណង់​អគារ ហើយ​វិធាការ​ផ្នែក​រដ្ឋបាល ឬ​អាច​ថា មិន​មែន​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ទេ​អាច ឈាន​ដល់​ការ​អនុវត្ត​ច្បាប់​ការ​ព្រងើយ​កន្តើយ របស់​រដ្ឋបាល​ដែល​ខ្លួន​ធ្វើ​ការ​មិន​បាន​ល្អ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្លៀក​ពាក់​ជា​ឯក​សណ្ឋាន​យោធា ពាក់​ផ្កាយ​ផុត​លេខ  បាន​ចេញ​មុខ​មក​ដឹក​នាំ​ការ​រុក​រក​ការ​បាក់​អគារ​នេះ។ ដូច​រាល់​នៃ​សោកនាដកម្ម​បាក់​អគារ​​មុនៗ ដែរ លោក​​ប្រកាស​តាម​បណ្ដាញ​សង្គម ឧបត្ថម្ភ​ថវិកា​ដល់​ជន​រង​គ្រោះ និង​អ្នក​រង​របួស​នៅ​ក្នុង​ករណី​បាក់​រលំ​អគារ​នេះ។ លោក​ថា សព​ជន​រង​គ្រោះ​ម្នាក់ៗ ទទួលបាន ៥ម៉ឺនដុល្លារ និង​បន្ថែម ១០លាន​​រៀលទៀត សម្រាប់​ពិធី​បុណ្យ​សព ចំណែក​អ្នក​រង​របួស​ម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនដុល្លារ។ មន្រ្តី​សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​គ្រប់គ្រង​ការ​អនុវត្ត​ច្បាប់ និង​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ឲ្យ​បាន​ត្រឹម​ត្រូវ ដែល​បង្ការ​បញ្ហា​ជា​ជាង​ការ​កើត​បញ្ហា​រួច​ហើយ ទើប​នាំ​គ្នា​ចេញ​មក​អន្តរាគមន៍ និង​ឲ្យ​លុប​បំបាត់​បញ្ហា​ជា​ក្រោ។

នេះ​ជា​ករណី​បាក់​អគារ​លើក​ទីបី​ហើយ ក្នុង​រយៈពេល ៦ខែ​ចុង​ក្រោយ​នេះ ដែល​បាន​សម្លាប់​មនុស្ស​ជិត ៤០នាក់ និង​របួស​រាប់​សិប​នាក់​ផ្សេងទៀត។ កាលពីដើម​ខែ​ធ្នូ កម្មករ​បី​នាក់​ស្លាប់​ក្នុង​ករណី​បាក់​សាលា​ឆាន់ និង​បណ្ដាល​ឱ្យ​កម្មករ​ជាង ១០នាក់​រង​របួស​ នៅ​ខេត្ត​សៀមរាប។ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៩ ដែរ​​ អគារ​វិនិយោគ​របស់​ជនជាតិ​ចិន​កម្ពស់ ៧ជាន់ ដែល​កំពុង​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨នាក់ និង​របួស​ ២៦នាក់៕