រដ្ឋាភិបាល​ប្រកាស​វិធានការ​រឹត​បន្តឹង​ទិដ្ឋាការ​ឱ្យ​ជនបរទេស​ខណៈ​អ្នក​កើត​ជំងឺ​កូវីដ-១៩​កើន​ដល់​១០២​នាក់

ដោយ មួង ណារ៉េត
2020-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

រដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​បន្ថែម​ទៀត សម្រាប់​ជនជាតិ​បរទេស​ចូល​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៣០ មីនា តទៅ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ស្រប​ពេល​ដែល​កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​នេះ​សរុប​ចំនួន ១០២​នាក់​។ អ្នកឃ្លាំមើល​ស្វាគមន៍​វិធានការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល តែ​យល់​ថា រាង​យឺត​ពេល​បន្តិច។

វិធានការ​រឹត​បន្តឹង​ជនជាតិ​បរទេស​ចូល​កម្ពុជា​នឹង​ចាប់​នៅ​ពាក់​កណ្ដាលយប់ (​ម៉ោង ២៣៖៥៩នាទី) ថ្ងៃ​ទី​៣០ មីនា តទៅ​គឺ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ទាំងអស់ ដល់​ជនបរទេស​ដោយ​អាជ្ញាធរ​តម្រូវ​ឱ្យ​ជនបរទេស​ស្នើសុំ​ទិដ្ឋាការ​នៅ​តាម​ស្ថាន​តំណាង​កម្ពុជា នៅ​បរទេស​ជា​មុន​សិន​។ ជនបរទេស​ដែល​អាច​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថាន​តំណាង​កម្ពុជា (​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​) ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​នោះ​ជា​មុន​សិន ថា គ្មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី កូវីដ១៩​។ វិញ្ញាបនបត្រ​សុខភាព​នោះ​ក៏​តម្រូវ​ឱ្យ​មាន​សុពល​ភាព​មិន​លើស​៧២​ម៉ោង មុន​ពេល​ចេញ​ដំណើរ​មក​កម្ពុជា។

លក្ខខណ្ឌ​មួយទៀត ជនបរទេស​ក៏​តម្រូវ​ឱ្យ​មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ចំនួន​ទឹកប្រាក់ យ៉ាងតិច ប្រាំ​ម៉ឺន (៥០ ០០០)​ដុល្លារ​អាមេរិក​ដែរ ក្នុង​កំឡុង​ពេល​ស្នាក់នៅ​កម្ពុជា​។ ប៉ុន្តែ​សម្រាប់​ជនបរទេស​កាន់​ទិដ្ឋាការ​ការទូត (​ប្រភេទ​A) និង​ទិដ្ឋាការ​ផ្លូវការ​(​ប្រភេទ​B) របស់​កម្ពុជា មិន​ចាំបាច់​អនុវត្ត​វិធានការ​ស្នើសុំ​ខាងលើ​នេះ​ឡើយ។

ទោះ​យ៉ាងណា ក្រសួងការបរទេស​បញ្ជាក់​ថា ជនបរទេស​ទាំងអស់ នឹង​ត្រូវ​ត្រួតពិនិត្យ​ហានិភ័យ​សុខភាព​បន្ថែម​ទៀត​ដោយ​មន្ត្រី​ជំនាញ នៅ​ពេល​ដែល​មកដល់​ប្រទេស​កម្ពុជា ។ ជនបរទេស ក៏​នឹង​ត្រូវ​ដាក់​ដាច់ដោយឡែក ស្របតាម​វិធានការ​សុខាភិបាល (​ចត្តាឡឺស័ក) ដែរ ដើម្បី​បង្ការ​និង​ទប់ស្កាត់​មេរោគ​នៃ​ជំងឺ​កូវីដ១៩។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​ច្រើនដង ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង នៅ​ថ្ងៃ​ទី​២៨ មីនា តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។

ទោះ​យ៉ាងណា ក្រសួង​ការបរទេស អះអាង​ក្នុង​សេចក្ដីជូនដំណឹង​ដដែល ចុះ​ថ្ងៃ​ទី​២៧ មីនា ថា វិធានការ​តឹងរ៉ឹង​លើ​អ្នកដំណើរ​ជនបរទេស​បែប​នេះ ក៏​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដាក់​ចេញ​ដើម្បី​កាត់បន្ថយ​និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ១៩ ដែរ។

កាលពី​ពាក់កណ្ដាល​ខែ​មីនា ក្រសួងសុខាភិបាល​សម្រេច​ហាម​ប្រជាជន​មកពី​ប្រទេស​លោក​ខាង​លិច​ចំនួន​៥ ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​។ ប្រទេស​ទាំង​៥​គឺ អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​មិន​ហាម​ប្រជាជន​ពី​ប្រទេស​ចិន​នោះ​ទេ ហើយ​ថ្មីៗ​នេះ​មាន​ជនជាតិ​ចិន​ជិត​ពីរ​រយ (១៧៤)​នាក់ មកពី​ទីក្រុង​វូហាន (Wuhan) ប្រទេស​ចិន ជាទី​កន្លែង​ប្រភព​ជំងឺ​កូវីដ​១៩ បាន​ចូល​មក​កម្ពុជា និង​កំពុង​ស្នាក់​នៅ​ខេត្ត​ស្វាយរៀង ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​សុខាភិបាល​ខេត្ត។

ទន្ទឹម​នឹង​ការ​រឹតបន្តឹង​ជនបរទេស​ចូល​កម្ពុជា​នេះ ក្រសួង​សុខាភិបាល ប្រកាស​នៅ​ថ្ងៃ​ទី​២៨ មីនា ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ១៩ (Covid-19) ចំនួន​៤​នាក់​ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​កើត​ជំងឺ​នេះ សរុប កើន​ដល់​១០២​នាក់​។ អ្នក​កើត​ជំងឺ​កូវីដ​១៩​ថ្មី ទាំង​៤​នាក់ គឺជា​គ្រួសារ​តែមួយ និង​ជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​។​

អ្នក​ទាំង​៤​នាក់​ជា​ពលរដ្ឋ​ខ្មែរ ទើប​ធ្វើដំណើរ​ត្រលប់​មកពី​ប្រទេស​បារាំង ចូល​កម្ពុជា​។ បុរស​ជា​កូន អាយុ​៣៩​ឆ្នាំ បាន​ត្រលប់​ពី​បារាំង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ មីនា​។ ឯ​ឪពុក​វ័យ ៦២​ឆ្នាំ ម្ដាយ​វ័យ​៦១​ឆ្នាំ និង​កូនស្រី វ័យ ៣៧​នាក់ នៃ​គ្រួសារ​នេះ បាន​ត្រលប់​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២២ មីនា។ បច្ចុប្បន្ន អ្នកជំងឺ​ទាំង​៤​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​នេះ​ដែរ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ពី​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​មាន​ចំនួន​១៣​នាក់​ហើយ​។ ក្នុង​នោះ អ្នកជា​សះស្បើយ​ម្នាក់ ជា​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​អង់គ្លេស​និង​ក្រុម​បុរស​ជនជាតិ​ខ្មែរ​ចំនួន ១១​នាក់។ រីឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មាន​ចំនួន ៩១​នាក់ ក្នុង​នោះ ស្ត្រី​២៦​នាក់ បុរស ៦៥​នាក់​។ ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់​ជាតិ និង​មន្ទីរពេទ្យ​បង្អែក​តាម​ខេត្ត​។ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ករណី​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ក្រៅពី​វិធានការ​រឹត​បន្តឹង​លើ​ជនបរទេស​នៅ​ក្នុង​ប្រទេស​វិញ អាជ្ញាធរ ក៏បាន​បង្កើន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​លើ​ជនជាតិ​ខ្មែរ​ដែរ​។ ក្នុង​នោះ មាន​ដូចជា ការ​អំពាវនាវ​កុំ​ឱ្យ​ប្រមូល​ផ្ដុំគ្នា ការ​បង្កើន​ការ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ នៅ​តាម​ភូមិ ដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​វិធី​ការ​បង្ការ​ជំងឺ ការ​បិទ​សាលារៀន រង្គសាល ហាង​ខារ៉ាអូខេ ផ្អាក​សេវា​ដឹកជញ្ជូន​សាធារណៈ​ការ​អំពាវនាវ​កុំ​ឱ្យ​ឡើងថ្លៃ​ម៉ាស់​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​កន្លែង​ទី​សាធារណៈ ជាដើម​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏បាន​បង្កើន​វិធានការ​តាម​ចាប់ខ្លួន​ពលរដ្ឋ​ណា ដែល​អាជ្ញាធរ​សន្មត​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូវីដ​១៩ ដែរ។ មក​ដល់​ពេល​នេះ មាន​មនុស្ស​ច្រើន​នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន ភាគច្រើន​គឺជា​យុវជន និង​អ្នក​ចូលចិត្ត​បញ្ចេញមតិ​តាម​ហ្វេសប៊ុក (facebook)​។​

ជាមួយ​គ្នា​នេះ នគរបាល​ខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ដុស សុខឡី អាយុ​២៩​ឆ្នាំ កាលពី​ថ្ងៃទី​២៧ មីនា​ដោយសារ​ស្ត្រី​ជា​អ្នកលក់​ខោអាវ​រូប​នេះ បង្ហោះ​សារ​ជា​វីដេអូ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុ​ក (facebook) និង​បង្ហោះ​តាម​បណ្ដាញ​កម្មវិធី Tik Tok បំផុស​ឱ្យ​ពលរដ្ឋ​ហូប​ពងមាន់​ស្ងោរ ការពារ​ជំងឺ​កូវីដ​១៩​។ បច្ចុប្បន្ន​សមត្ថកិច្ច បាន​ដោះលែង​ស្ត្រី​រូប​នោះ​វិញ​ហើយ ក្រោយ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បំផុស​ព័ត៌មាន។

ពាក់ព័ន្ធ​នឹង​វិធានការ​រឹត​បន្តឹង​លើ​ជនបរទេស​ចូល​កម្ពុជា សង្គម​ស៊ីវិល​ស្វាគមន៍​វិធានការ​នេះ ប៉ុន្តែ​យល់ថា រៀង​យឺត​ពេល​បន្តិច។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី យល់​ថា រៀង​យឺត​ពេល​បន្តិច​ដែល​រដ្ឋាភិបាល​ទើបតែ​ចាត់វិធានការ​តឹងរ៉ឹង​នេះ​។ លោក​បន្ត​ថា ស្រប​នឹង​វិធានការ​តឹងរ៉ឹង​លើ​ជនបរទេស​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការពិនិត្យ​ត្រួតពិនិត្យ​សុខភាព​ឱ្យ​បាន​តឹងរ៉ឹង​ថែមទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​ជឿជាក់៖ «ខ្ញុំ​គិត​ថា វិធានការ​ទាំងអស់ ទោះបី​ចេញ​មក​ពី​ប្រទេស​គេ​ក៏ដោ សំខាន់​គឺ​មន្ត្រី​(​សុខាភិបាល​) ខ្លួន​យើង​ហ្នឹង ត្រូវតែ​តាមដាន​យកចិត្តទុកដាក់​នៅ​តាម​ច្រក​មួយៗ ទាំងអស់​គ្នា​។ កុំ​ទាន់​អាល​ផ្ដោត​លើ​ស្រុក​គេ​ខ្លាំង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​សំខាន់​ណាស់ ដែល​ត្រូវតែ​មាន​លិខិតបញ្ជាក់​សុខាភិបាល​មក​ពី​ប្រទេស​គេ»

មក​ដល់​ពេល​នេះ​កម្ពុជា បាន​បិទ​ច្រក​ព្រំដែន​គោក និង​ព្រំ​ដែនទឹក ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​អស់​ហើយ គឺ​បិទ​តាម​ពីក្រោយ​ប្រទេស​ទាំងពីរ​។ នៅ​សល់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ មិន​ទាន់​មាន​ការ​ប្រកាស​ថា បិទ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល