បុណ្យ​ទន្លេ​នៅ​បាត់ដំបង​មិន​សូវ​មាន​ពលរដ្ឋ​ទៅលេង​កម្សាន្ត ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩

ដោយ អាស៊ីសេរី
2020-03-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​បុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់ដំបង នៅ​យប់​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០២០។
ទិដ្ឋភាព​បុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់ដំបង នៅ​យប់​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០២០។
Photo Provided

ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ថ្ងៃ​ដំបូង ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ទៅលេង​កម្សាន្ត​ច្រើន​នៅឡើយ​ទេ ដោយសារ​ពួកគាត់​ខ្លាច​ឆ្លង​មេរោគ​ជំងឺ​កូវីដ-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា ដើម្បី​ការពារ​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​អំឡុង ពេល​មាន​ជំងឺ​នេះ​កំពុងតែ​រាតត្បាត គឺ​អាជ្ញាធរ​មិន​គួរ​រៀបចំ​បុណ្យ​ដែល​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ធំ​នេះ​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាត់ដំបង​ម្នាក់ លោក អ៊ិន គង់​ជិត ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​១៤ មីនា​ថា ក្រុម​គ្រួសារ​របស់​លោក​មិនបាន​ទៅលេង​កម្សាន្ត​ពិធីបុណ្យ​ទន្លេ ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​រៀបចំឡើង​នៅ​ក្នុង​ខេត្ត​ដែល​លោក​រស់នៅ​នោះ​ទេ ពីព្រោះ​ខ្លាច​ឆ្លង​មេរោគ​បង្ក​ជំងឺ​កូវីដ-១៩​។ លោក​បន្ថែម ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ភាគច្រើន ក៏​មិនសូវ​ចាប់អារម្មណ៍​ទៅ​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​ដែរ៖ «ដោយសារតែ​ទីនោះ​ទីប្រជុំ​សាធារណៈ អីចឹង​បានជា​យើង​មិន​ចង់​ទៅ​ទីនោះ រាល់ដង​មានកម្ម​វិធី​អីចឹង​នាំគ្នា​ទៅ​ហើយ នាំគ្នា​ដើរលេង​តាម​សួន​ច្បាប់​ហ្នឹង​ដើរ​ហូប​អីៗ​នៅ​តាម​មាត់​ស្ទឹង​ក្នុង​កម្មវិធី​អី​នានា។​យើង​វា​ថ្វី​ត្បិត​ក្នុង​ខេត្ត​បាត់ដំបង​វា​មិនទាន់​មានអី​លេចចេញ​ទេ ប៉ុន្តែ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ម្នាក់ទៀត ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា អំឡុង​ពេល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩ កំពុងតែ​រាតត្បាត​ខ្លាំង​នៅ​លើ​ពិភពលោក​នោះ ទោះបីជា​បុណ្យ​ទន្លេ​ឆ្នាំនេះ​រៀបចំ​ក្នុង​ខេត្ត​របស់​ខ្លួន​ក៏ដោយ ក៏​លោក​និង​ក្រុម​គ្រួសារ​មិន​ហ៊ាន​ទៅ​លេង​កម្សាន្ត​ដែរ។ លោក​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​មិន​ហ៊ាន​ទៅលេង​បុណ្យ​នេះ ដោយសារ​ខ្លាច​ជំងឺ​កូវីដ-១៩ ឆ្លង​ពី​អ្នកទេសចរ ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ដូច្នេះ ពួកគាត់​សុខចិត្ត​នាំ​ប្រពន្ធ និង​កូន​ដាំ​ដុះ​នៅផ្ទះ​ប្រសើរ​ជាង៖ «បើ​និយាយ​ទៅ​គេ​មិន​ចាប់អារម្មណ៍​រឿង​បុណ្យ​ទន្លេ​ហ្នឹង​ផង វា​មិនដែល​មាន​ស្រុក​យើង​រៀបចំ​បុណ្យ​ទន្លេ​អីចឹង ហើយ​គេ​សើច​ទៀត​ផង​ធ្វើបុណ្យ​ទន្លេ​អីចឹង។ និយាយ​ទៅ​គេ​មិន​ចូលចិត្ត​បុណ្យ​ទន្លេ​នេះ ហើយ​វា​មិន​ត្រូវ​ផង ទីមួយ​វា​កំពុង​តែ​មាន​បញ្ហា​រោគ ទី​២​ទៀត កសិករ​ក្រលំបាក ព្រោះស្រូវ​ក៏​ថោក​បន្លែ​ក៏​ថោក ហើយ​ការងារ​មិនសូវ​មាន គេ​មិន​គិត​ថា វា​មិន​គួរ​មាន​បុណ្យ​នេះ»

ចំណែក​អ្នក​លក់ដូរ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ក្រុង​បាត់ដំបង ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​ដឹង​ថា ពិធីបុណ្យ​ថ្ងៃ​ទី​១ មាន​ប្រជាពលរដ្ឋ​មកលេង​តិចតួច ខុស​ពី​ពិធី​បុណ្យ​ពេល​កន្លែង​ទៅ ដែល​អាជ្ញាធរ​រៀបចំ​នៅ​ក្នុង​ខេត្ត​នេះ មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ​ពេញ​ផ្លូវ ទៅលេង​កម្សាន្ត តាំង​ពី​ព្រឹក​រហូតដល់​យប់​។ លោក​បន្ត​ថា ពិធីបុណ្យ​ក្នុង​ថ្ងៃ​ដំបូង​មានតែ​អ្នក​ដាក់​ស្តង់​លក់ទំនិញ​រាប់​រយ​កន្លែង ដាក់​តាំង​ពិព័រណ៍​ទំនិញ តែ​គ្មាន​អ្នកទិញ៖ «ខ្ញុំ​លក់ដូរ​នេះ​ខ្ញុំ​លក់​បានតែ​អ្នក​ដែល​ចាំ​មក​ទទួល​សម្ដេច​បាទ​ដាច់​ក្រុម​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​តិចតួច​ជាង​ថ្ងៃ​ធម្មតា​ផង​។​ប៉ុន្តែ​យប់​ម៉ោង​១២​ទៅ​ហ្នឹង​គេ​បើកចំហ​សេរី​ដែរ ហើយ​ពួក​ធ្វើការ​ក្នុង​ហាង​អីហ្នឹង​ចូល​មក​ហូប​ធម្មតា​ហ្នឹង។ វា​ដូច​ខ្ញុំ​ថា​អីចឹង​បញ្ហា​ប្រហែល​មកពី​ជំងឺ​កូវីដ​១៩​ផង មកពី​សន្តិសុខ​សម្ដេច​ផង គេ​ការពារ​តឹងតែង​ផង គ្រាន់តែ​ឡាន​ទាហាន​បួន​ប្រាំ​នៅ​ជុំវិញ​ហ្នឹង​រហូត ទាហាន​ឈរ​យ៉ាងហ្នឹង​ថ្កល់​គេ​កាន់​កាំភ្លើង​ដូច​ម៉ាឡាកាំង​អីចឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ និង​អ្នកនាំពាក្យ​ក្រសួង​ទេសចរ លោក តុ​ប សុភ័ក ដើម្បី​សុំ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១៤ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាង​នេះ​ក្ដី​គេហទំព័រ​ក្រសួង​ទេសចរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៤ មីនា ឱ្យ​ដឹង​ថា ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​មួយ គឺ​ថ្ងៃ​ទី​១៣ មីនា មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ប្រមាណ ៣​ម៉ឺន​នាក់ (៣០.០០០) ក្នុង​នោះ​មាន​បរទេស​ប្រមាណ ៣០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​បារាំង។

ក្រសួង​ទេសចរណ៍​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ មីនា​។ ពិធី​នេះ​មានការ​ប្រគំ​តន្ត្រី តាំង​ពិព័រណ៍​ទំនិញ​គ្រប់​ប្រភេទ និង​បើក​ឱ្យ​អ្នកចូលរួម​ទស្សនា​រៀងរាល់ថ្ងៃ​។ អាជ្ញាធរ​ប្រារព្ធ​ពិធី​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ជំរុញ​និង​ផ្សព្វផ្សាយ​ទេសចរ​តាម​ដង​ទន្លេ​របស់​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដ៏​ធំ​នេះ​ដែរ ចាប់​ពី​រសៀល​ថ្ងៃ​ទី​១៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ មីនា។

ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើង​ថា រដ្ឋាភិបាល​មិន​គួរ​រៀបចំ​បុណ្យ​ទន្លេ​អំឡុង​ពេល​នេះ​ឡើយ ពីព្រោះ​ពិធី​នេះ​មាន​មនុស្ស​មកពី​គ្រប់​ទិស​ចូលរួម ហើយ​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩ ដល់​អ្នក​ដែល​ទៅលេង​កម្សាន្ត ប្រសិនបើ​មាន​អ្នកណាម្នាក់​កើត​ជំងឺ​នេះ​រួច​មក​ហើយ​នោះ​៖ «អីចឹង​រឿង​ដែល​សំខាន់​ហ្នឹង​គឺថា​តើ​ការដែល​នៅតែ​បន្ត​រៀបចំ​នេះ បាន​អ្វី​ជា​លទ្ធផល​មកវិញ​។​អីចឹង​សម្រាប់​ខ្ញុំ​យល់ថា ការដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​តិច​ឬ​មិន​ចូលរួម​វា​ជា​សិទ្ធិ​មួយ​របស់​ពលរដ្ឋ ដែល​គាត់​សម្រេចចិត្ត​ត្រឹមត្រូវ ពីព្រោះ​អី​ពេលនេះ​ទោះបី​ខេត្ត​បាត់ដំបង​មិន​មាន​ការ​ឱ្យ​ដឹង​ថា មាន​អ្នក​ឆ្លង​ក៏ដោយ ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​បារម្ភ អីចឹង​ការ​បង្ការ​ខ្លួន​នេះ​វា​ជា​ភាព​ឈ្លាសវៃ​មួយ​របស់​ប្រជាពលរដ្ឋ»

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​មិន​ទៅលេង​បុណ្យ​មួយ​នេះ ជា​រឿង​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឱ្យ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ស្រប​ពេល​ដែល​កម្ពុជា​ក៏​មាន​អ្នក​កើត​ជំងឺ​នេះ​ជាច្រើន​ករណី​មក​ហើយ​ដែរ​។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​នៅ​ក្នុង​ខេត្ត​បាត់ដំបង​មិន​ទាន់​មា​ន​ប្រជាពលរដ្ឋ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ក៏ដោយ ក៏​នៅតែ​អាច​ឆ្លង​ជំងឺ​នេះ​បាន​ដែរ ពីព្រោះ​ខេត្ត​មួយ​នេះ​ជាប់​ព្រំដែន​ប្រទេស​ថៃ ដែល​មាន​ជនបរទេស និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ធ្វើដំណើរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល