"ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍"

ដោយ រាជ វិញ្ញូ
2017-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។
នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

សង្គម​ស៊ីវិល​ដែល​តាមដាន​បញ្ហា​ចរាចរណ៍​លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​មាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្លាំង​ជាង​ថ្ងៃ​ធម្មតា ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ នឹង​អាច​កាត់​បន្ថយ​អត្រា​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កាន់តែ​ប្រសើរ​ជាង​បច្ចុប្បន្ន។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​អាជ្ញាធរ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៦​ថ្ងៃ ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី កើន​ឡើង​ដល់ ១៣២​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៥៨​នាក់ និង​របួស​ធ្ងន់​ស្រាល​ចំនួន ២៦០​នាក់។

សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា នៅ​ក្នុង​ពិធី​បុណ្យទាន​ធំ​ម្ដងៗ ជាពិសេស​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ទើប​កន្លង​ទៅ​នេះ អាជ្ញាធរ​ចរាចរណ៍​ហាក់​មិន​មាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ដូច​ថ្ងៃ​ធម្មតា​ឡើយ ថ្វី​ត្បិត​ក្នុង​ឱកាស​នោះ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ក្ដី។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា យល់​ថា បើ​ទោះ​បី​ជា​អត្រា​ការ​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈពេល ៣​ថ្ងៃ​នៅ​ឆ្នាំ​២០១៧​នេះ មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​មុន​ក្ដី ប៉ុន្តែ​នៅ​តែ​ជា​ចំនួន​ច្រើន​នៅ​ឡើយ បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា។ លោក​បញ្ជាក់​ថា គិត​ជា​មធ្យម​នៃ​ចំនួន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ធម្មតា​មាន ៦​នាក់ គឺ​ប្រសើរ​ជាង​ថ្ងៃ​បុណ្យទាន ជា​ពិសេស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​តែម្ដង ដែល​មាន​ស្លាប់​លើស​ពី ១០​នាក់ ក្នុង ១​ថ្ងៃ។

លោក អ៊ា ចរិយា សង្កេត​ឃើញ​ថា បទល្មើស​មួយ​ចំនួន​ដូចជា​ការ​បើកបរ​លើស​ល្បឿន​កំណត់ និង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នៅ​តែ​កើត​មាន​តាម​ដង​ផ្លូវ​នា​នា ជាពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​ធំៗ ដែល​ពលរដ្ឋ​និយម​នាំ​គ្នា​សេព​គ្រឿង​ស្រវឹង​ច្រើន ហើយ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ចរាចរណ៍​បែរ​មិន​សូវ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដូច​ថ្ងៃ​ធម្មតា៖ «វិធានការ​កុំ​ឱ្យ​មាន​ការ​បើកបរ​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង​នេះ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ ដែល​យើង​ត្រូវ​រឹត​បន្តឹង ជាពិសេស​ក្នុង​ឱកាស​បុណ្យ​ទាន​ធំៗ ធ្វើ​យ៉ាង​ណា​កុំឱ្យ​មាន​អត្រា​ស្លាប់​ច្រើន​ជាង​ថ្ងៃ​ធម្មតា​បែប​នេះ»

​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​តួលេខ​បន្តបន្ទាប់​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា នេះ គឺ​កើន​ឡើង​ដល់ ១៣២​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៥៨​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ២៦០​នាក់។ បើ​គិត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧ វិញ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង ៦% បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ថ្លែង​ថា អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើ​គិត​តែ​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ នៅ​ឆ្នាំ​២០១៧ នេះ បាន​ថយ​ចុះ ១៩% បើ​ធៀប​រយៈពេល ៣​ថ្ងៃ​ដូច​គ្នា​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ នៅ​ឆ្នាំ​២០១៦ ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៧៥​លើក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ ៣៦​នាក់ និង​របួស​ធ្ងន់ ១០០​នាក់។

លោក​ទទួល​ស្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​នេះ​ភាគ​ច្រើន​បង្ក​ឡើង​ដោយសារ​បញ្ហា​បើកបរ​លើស​ល្បឿន​កំណត់ និង​ក្នុង​ស្ថានភាព​ស្រវឹង។

មន្ត្រី​ជំនាញ​ចរាចរណ៍​ដដែល​បញ្ជាក់​ថា ការ​ថយ​ចុះ​ចំនួន​អ្នក​ស្លាប់​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ ដោយសារ​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ច្រើន​ទាក់ទង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ពលរដ្ឋ​ចាប់​ផ្ដើម​រំលឹក​គ្នា​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ពលរដ្ឋ​ចាប់​ផ្ដើម​កែប្រែ​អាកប្បកិរិយា​បើកបរ​ដោយ​គោរព​ច្បាប់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម៖ «សីលធម៌ ១០​ចំណុច អា ៤ មិន និង​អា​៦ ដែល​ត្រូវ​ធ្វើ ក៏​បាន​ជួយ​ច្រើន​ដែរ ដែល​កន្លង​មក គណៈកម្មការ​ចរាចរណ៍​មាន​ការ​ផ្សព្វផ្សាយ​មាន​ទាំង​បិទ​ស្ទីកឃ័រ​តាម​រថយន្ត​ជាដើម»

លោក រុន រ័ត្នវាសនា បន្ត​ថា ថ្វី​ត្បិត​មាន​ការ​ថយ​ចុះ​អំឡុង​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ​ក្ដី ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ក្រោយ​ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​បញ្ចប់​មួយ​ដែល​ពលរដ្ឋ​នាំ​គ្នា​សម្រុក​ខ្លាំង​មក​រាជធានី​ភ្នំពេញ គឺ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៦​លើក សម្លាប់​មនុស្ស​ចំនួន ១៣​នាក់ គឺ​កើន​ឡើង​ជាង​ពី​ឆ្នាំ​២០១៦ ដែល​មាន​តែ ៥​នាក់។

ការ​រក​ឃើញ​របស់​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​កាល​ពី​ចុង​ឆ្នាំ​២០១៦ បាន​ឱ្យ​ដឹង​ថា ចំណេះ​ដឹង​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍ មាន​ការ​កើន​ឡើង​ប្រហែល ១០% ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ ហើយ​ផល​លំបាក​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​ដល់​ប្រជាពលរដ្ឋ ដោយសារ​រដ្ឋាភិបាល​បាន​លុបបំបាត់​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​សម្រាប់​ម៉ូតូ ដែល​សព្វថ្ងៃ​អ្នក​ប្រើប្រាស់​យានយន្ត​ប្រភេទ​ម៉ូតូ​នេះ មាន​ចំនួន​ជាង ៨០% នៃ​ការ​ប្រើប្រាស់​យានយន្ត​សរុប​គ្រប់​ប្រភេទ​នៅ​កម្ពុជា។

លោក អ៊ា ចរិយា យល់​ថា ការ​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ឱ្យ​គ្រប់ៗ​គ្នា គឺ​ជា​រឿង​ទី​មួយ​ដែល​ត្រូវ​ធ្វើ។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​ចុះ​រឹត​បន្តឹង និង​សម្របសម្រួល​នៅ​ពេល​មាន​ការ​មមាញឹក​ចរាចរណ៍​ខ្លាំង ជាពិសេស​នៅ​មុន ឬ​ក្រោយ​ពិធី​បុណ្យទាន​ធំៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​នៅ​ពេល​ក្រោយៗ​ទៀត។ លោក​បញ្ជាក់​ថា វិធានការ​ទាំង​នេះ​នឹង​អាច​កាត់​បន្ថយ​បញ្ហា​កកស្ទះ និង​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល