អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍

ដោយ ជិន ជេដ្ឋា
2017-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ជិត​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chin Chetha
ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ជិត​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​បន្ត​គោរព​ច្បាប់ និង​បើកបរ​មាន​ក្រមសីលធម៌​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ការ​អំពាវនាវ​នេះ បន្ទាប់​ពិនិត្យ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា នៃ​ខេត្ត​ទាំង​ពីរ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៧ មាន​ការ​ថយ​ចុះ ហើយ​ពុំសូវ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុន។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​នៅ​តែ​តក់ស្លុត និង​ព្រួយ​បារម្ភ​ចំពោះ​ករណី​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​មាន​យាន​ជំនិះ​ស្អេកស្កះ​ធ្វើ​ចរាចរ​លើ​ផ្លូវ​ក្នុង​អំឡុង​ពេល​បុណ្យទាន​ម្ដងៗ។ ប៉ុន្តែ​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​ថា អ្នក​ប្រើប្រាស់​ផ្លូវ​កាន់​តែ​យល់​ដឹង​ច្បាស់​ពី​ច្បាប់ ទើប​ការ​ធ្វើ​ចរាចរណ៍​នៅ​ខេត្ត​ទាំង​ពីរ​មាន​ភាព​ប្រសើរ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៧ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បី​លើក​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បួន​នាក់​របួស។ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ មាន​គ្រោះ​ថ្នាក់​បី​ករណី​ដូច​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ប៉ុន្តែ​ក្នុង​នោះ​មាន​មនុស្ស​របួស​ធ្ងន់​ស្រាល​ចំនួន ៩​នាក់។

លោក​បន្ថែម​ថា ការ​បើកបរ​ដោយ​គោរព​ច្បាប់ និង​មាន​សីលធម៌​គឺ​ជា​រឿង​ចាំបាច់​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោក​ថា នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ផ្សាយ​តាម​វិទ្យុ ស្រប​ពេល​ដែល​សមត្ថកិច្ច​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ការ​បើកបរ​លើស​ល្បឿន។

លោក ឡុច សុវណ្ណារ៉ា៖ «មាន​តែ​ការងារ​រឹត​បន្ដឹង​មួយ​មិន​ទទួល​បាន​ជោគជ័យ​ទេ សំខាន់​ឲ្យ​គាត់​មាន​ការ​យល់​ដឹង ហើយ​គាត់​ចូល​រួម។ មើល​ទៅ​រយៈ​ពេល​បី​ថ្ងៃ​នេះ​មាន​ស្លាប់​តែ​ម្នាក់​ទេ អ៊ីចឹង​បាន​ថា បី​ថ្ងៃ​ស្លាប់​ម្នាក់ វា​ដូច​នៅ​ថា ប្រជាជន​នៅ​ក្នុង​ខេត្ត​យើង​បាន​គោរព​ច្បាប់​ហើយ ការ​ស្លាប់​នេះ​ដោយសារ​គាត់​បើកបរ​លើស​ល្បឿន​ហើយ​ក្នុង​ស្ថានភាព​ស្រវឹង​ផង។ អ៊ីចឹង​ដូច​ជា​ពុំ​មាន​ការ​អី​ប្រែប្រួល​ទេ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន ឃើញ​ថា​ស្មើ​គ្នា រួច​អ្នក​ស្លាប់​ក៏​ស្មើ​គ្នា​ដែរ ប៉ុន្តែ​អ្នក​របួស​ឆ្នាំ​នេះ​បាន​ថយ​ចុះ»

ចំណែក​នៅ​ខេត្ត​ពោធិ៍សាត់ រយៈ​ពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧​ករណី បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ធ្ងន់​ស្រាល ១៨​នាក់។ តួលេខ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ពោល​គឺ​គ្រោះ​ថ្នាក់​មាន ៩​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល ២០​នាក់។ ករណី​គ្រោះ​ថ្នាក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន ឬ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​សំឡេង​ថា ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​ពោធិ៍សាត់ ​បច្ចុប្បន្ន​មិន​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ឬ​បារម្ភ​ខ្លាំង​នោះ​ទេ ព្រោះ​សមត្ថកិច្ច​បាន​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​មូលដ្ឋាន និង​តាម​រយៈ​វិទ្យុ ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​ភាគ​ច្រើន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល