អង្គការ​ជាតិ​និង​អន្តរជាតិ ស្នើ​ក្រសួង​អប់រំ​បញ្ចូល​ការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

ដោយ ម៉ៅ សុធានី
2019-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

អង្គការ​សង្គម​ស៊ីវិល ២ ដែល​កំពុង​បំពេញការងារ លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ដាក់បញ្ចូល​ការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលារៀន​។ បន្ថែម​ពី​នេះ អង្គការ​ទាំងពីរ ក៏​ជំរុញ​ឱ្យ​បញ្ចូល​សំណួរ អំពី​សុវត្ថិភាព​ចរាចរណ៍ នៅ​ក្នុង​វិញ្ញាសា​ប្រឡង​ថ្នាក់​ជាតិ​ថែមទៀត​។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ​ថា ក្រសួង​កំពុង​បន្ត​ផ្សព្វផ្សាយ​អំពី​រឿង​នេះ រួចហើយ តាំង​ពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី និង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ផ្ញើ​លិខិតស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ដើម្បី​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា និង​ទៅ​ក្នុង​វិញ្ញាសា​ប្រឡង​ថ្នាក់​ជាតិ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នេះ គឺ​ដោយសារ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​អត្រា​ខ្ពស់​នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

នាយក​អង្គការ​មូលនិធិ​បង្កា​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​សិស្ស និស្សិត លោកគ្រូ​អ្នកគ្រូ មាតាបិតា​និង​អាណាព្យាបាល​សិស្ស គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឱ្យ​ពួកគេ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង និង​ចូលរួម​កាន់តែ​សកម្ម ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ៖ «អ៊ីចឹង​បើសិនជា​យើង​បាន​ដាក់​ចូល​ក្នុង​ប្រធានបទ​ប្រឡង​ថ្នាក់​ជាតិ ទី​១ យើង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សិស្ស​និស្សិត​ភាគច្រើន គាត់​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​។ ទី​២ ដើម្បី​តេស្ត​សមត្ថភាព​គាត់​ផង ថា​តើ​គាត់​រៀន​សូត្រ​ពី​ច្បាប់​ចរាចរណ៍ គាត់​បាន​យល់​ដឹង​បាន​កម្រិត​ប៉ុណ្ណា​។ យើង​ចង់​ឱ្យ​គាត់​គិត​ថា ប្រធានបទ​នេះ​សំខាន់ ដើម្បី​គាត់​ជជែក​ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​គាត់​យើង​ចង់​ឱ្យ​ព័ត៌មាន​ហ្នឹង​កាន់តែ​ទូលំទូលាយ»

លោក គឹម បញ្ញា បន្ត​ថា លិខិត​របស់​លោក​ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន កាលពី​ថ្ងៃ​ទី៣០ ខែ​តុលា កន្លង​ទៅ​នេះ អង្គការ​ទាំងពីរ​នៅ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយតប​នៅឡើយ​ទេ។ ក្នុង​លិខិត​នោះ អង្គការ​ទាំង ២ ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ក្នុង​មួយឆ្នាំៗ មាន​ចំនួន​លើស​ជាង ៣០ ដង ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និង​គ្រាប់មីន​បូក​បញ្ចូល​គ្នា​ទៅទៀត​។ លិខិត​បញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ អ្នក​ស្លាប់​យ៉ាង​តិច​ណាស់ ១០ ភាគរយ ក្នុងចំណោម​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​សិស្ស​-​និស្សិត ហើយ​ភាគច្រើន កើតឡើង​នៅ​ពេល​ដែល​សិស្ស​និស្សិត​ទាំងនោះ​ធ្វើដំណើរ​ទៅ​មក​សាលារៀន។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញ​ថា រយៈពេល​៦​ខែ ដើម​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា បាន​កើតឡើង​ចំនួន​ជិត ២​ពាន់ ២​រយ​លើក (,១៧១) គឺ​កើន​ឡើង ៥៣៨​លើក ស្មើនឹង​ប្រមាណ ៣៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ គ្រោះថ្នាក់​ចរាចរ​នៃ​អំឡុង​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១៩​នេះ បាន​ផ្ដាច់​ជីវិត​ប្រជាពលរដ្ឋ ចំនួន ១​ពាន់ ៣៣​នាក់ (,០៣៣​នាក់​) និង​របួស​ចំនួន​ជាង ៣​ពាន់ ២​រយ​នាក់ (,២២៤​នាក់)។ របាយការណ៍​ដដែល បង្ហាញ​ទៀត​​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ចំនួន ៦​នាក់ និង​របួស​ចំនួន ១៨​នាក់​។ របាយការណ៍​បន្ត​ថា មូលហេតុ​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ​គ្នា បើកបរ​ប្រជែង​គ្នា បើកបរ​មិន​ប្រកាន់​ស្ដាំ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​កត្តា​យានយន្ត​ជាដើម។

 

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន បានទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។ ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ ថា ក្រសួង​អប់រំ បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) បាន​ផ្ដល់​ការអប់រំ និង​ផ្សព្វផ្សាយ ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​កម្មវិធីសិក្សា ចាប់​តាំងពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ៖ «ក្រសួង​អប់រំ​បាន​បញ្ជ្រាប និង​បាន​បោះពុម្ពផ្សាយ​ជា​សៀវភៅ​មាន​ឈ្មោះថា ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៩ ចាប់ពី​ឆ្នាំ​២០០៦ ដោយ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ចំណែក​កម្រិត​សិក្សា ពី​ថ្នាក់​ទី ៧ ដល់​ទី​៩ ក៏​មាន​ការប្រើប្រាស់​សៀវភៅ​នេះ​ដូចគ្នា ដែល​សម្រាប់​សិស្ស​និង​សម្រាប់​ជំនួយស្មារតី​គ្រូ​។ សម្រាប់​ថ្នាក់​ទី ១០ និង​ទី​១២ ក្រសួង​បាន​រៀបចំ​ជា​វេទិកា​ផ្សព្វផ្សាយ ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ»

អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ មិន​បាន​បញ្ជាក់ ថា តើ​ក្រសួង​នឹង​ដាក់​ចូល​វិញ្ញាសា​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ក្នុង​ពេល​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឬ​បាក់​ឌុប ឬ​យ៉ាងណា​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដល់​សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​ទូទៅ បាន​យល់​កាន់តែ​ច្បាស់​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក៖ «ក្រសួង​អប់រំ​ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ទៀត ទាក់ទង​ការ​ពង្រឹង​ការ​អនុវត្ត​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស ដោយ​ធ្វើការ​ផ្សព្វផ្សាយ និង​បន្ត​សហការ​ជាមួយ​អន្តរក្រសួង​។ បន្ថែម​ពី​នេះ ក្រសួង​ក៏​មាន​កម្មវិធី​បណ្ដុះបណ្ដាល​លោកគ្រូ​តាំងពី​ឆ្នាំ​២០០៩ ហើយ​នឹង​បន្ត​រហូតដល់​បច្ចុប្បន្ន»

ទោះជា​យ៉ាង​នេះ​ក្ដី នាយក​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា បន្ត​ថា អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី និង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង​ប្រឹងប្រែង​ផ្ដល់​ការអប់រំ និង​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ ពី​ផលវិបាក​នានា​ដល់​ការខាតបង់​ថវិកា និង​អាយុជីវិត​៖ «យើង​នឹង​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នៅ​ថ្នាក់​ឧត្ដមសិក្សា ដើម្បី​ឱ្យ​ដើរ​តួនាទី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​និស្សិត​ថ្នាក់​មហាវិទ្យាល័យ»

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លង​មក​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក ស៊ុន ចាន់ថុល បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ វិធានការ​នោះ រួមមាន ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​និង​បទដ្ឋាន​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ការរៀបចំ​ផ្លូវថ្នល់​ឱ្យ​មាន​សុវត្ថិភាព និង​ការសិក្សា​ស្រាវជ្រាវ​កែ​លម្អ​ខ្លឹមសារ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ក្នុង​កម្រិត​អប្បបរមា​។ លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​រូប​នេះ ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នេះ បណ្ដាល​ឱ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់ ចំនួន​ជាង ៣​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល