យុវជន​ជាង​៦០​នាក់​ជួបជុំ​គ្នា​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​និង​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​បើកបរ

ដោយ ខែ សុណង
2017-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​​វិទ្យាល័យចូលរួម​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍ និង​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​បើកបរ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ Photo Provided
សិស្ស​​វិទ្យាល័យចូលរួម​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍ និង​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​បើកបរ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ Photo Provided
Photo Provided

សិស្ស​​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​ជាង ៦០​នាក់ បាន​ជួបជុំ​គ្នា​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍ និង​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​បើកបរ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា ​សិក្ខាសាលា​នេះ​មាន​បំណង​អប់រំ​ឲ្យ​យុវជន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​បើក​បរ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និង​ចេះ​ប្រមើល​មើល​ពី​ហានិភ័យ​នៅ​ពេល​បើកបរ​លើ​ដង​ផ្លូវ។

ការ​ប្រមើល​មើល​ពី​ហានិភ័យ​ដូច​ជា មាន​អ្នក​ថ្មើរ​ជើង អ្នក​ជិះ​ម៉ូតូ ជិះ​កង់​ឆ្លង​កាត់ ដែល​មិន​អាច​ស្មាន​បាន ត្រូវ​ចេះ​កំណត់ និង​វាយ​តម្លៃ​ពី​ស្ថានភាព​ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​ជាយថាហេតុ៖ «នៅ​ពេល​ដែល​យើង​បើកបរ​យើង​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​លើ​ផ្លូវ​ឲ្យ​បាន​ច្រើន ព្រោះ​អី​គ្រោះថ្នាក់​វា​អាច​កើត​ឡើង​គ្រប់​ពេលវេលា។ យើង​ត្រូវ​ប្រយ័ត្ន​ពេល​ខ្លះ​រថយន្ត​ដែល​នៅ​ខាង​មុខ គាត់​បើក​ត្រង់​ពេល​ខ្លះ​គាត់​អាច​បត់​ឆ្វេង បត់​ស្ដាំ ឬ​នៅ​ខាង​មុខ​វា​អាច​មាន​ម៉ូតូ​មាន​ឡាន​ឆ្លង​កាត់ អ៊ីចឹង​នៅ​ពេល​ដែល​មាន​កត្តា​ណា​មួយ​ដែល​វា​អាច​កើត​ឡើង យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា។ បញ្ចៀស​នូវ​ការ​ប្រើប្រាស់​ទូរស័ព្ទ ឬ​ក៏​ការ​និយាយ ការ​ស្ដាប់​វិទ្យុ ម៉ាញ៉េ វា​អាច​ធ្វើ​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​មាន​ការ​ថយ​ចុះ គាត់​ប្រឈម​គ្រោះថ្នាក់​ច្រើន ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​វា​អត់​មូល»

យុវជន​គឺ​ជា​អ្នក​រងគ្រោះ និង​ជា​អ្នក​បង្ក​ហេតុ មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ ទៅ ៣៥​ឆ្នាំ មាន ៤០% ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ សិក្ខាសាលា​ស្ដី​ពី​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​យុវជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​សាកលវិទ្យាល័យ​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ដែល​មាន​សិស្ស​មក​ពី​វិទ្យាល័យ​ចំនួន​៥ និង​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ចំនួន​២ ចូល​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល