លោក ស ខេង គំរាម​ដក​ស្នងការ​ខេត្ត​ដែល​មាន​បទល្មើស​ឆក់​ប្លន់​កើត​ឡើង​ច្រើន

ដោយ ប្រាជ្ញ ចេវ
2015-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រាប់​ទៅ​ស្នងការ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កណ្ដាល ឲ្យ​ដើរ​ចេញ​ពី​មុខ​តំណែង បើ​សិន​ពួក​គេ​មិន​អាច​ចាប់​ខ្លួន​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ប្លន់។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ព្រមាន​ដក​តំណែង​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ថ្នាក់​លើ​ត្រូវ​ផ្តល់​មធ្យោបាយ និង​ថវិកា​គ្រប់គ្រាន់​ដល់​សមត្ថកិច្ច ទើប​ការ​អនុវត្ត​ទទួល​បាន​ប្រសិទ្ធភាព។

ការ​ព្រមាន​ដក​តំណែង​ស្នងការ​ខេត្ត​នៅ​ពេល​នេះ ខណៈ​ករណី​ឆក់​ប្លន់​ប្រដាប់​អាវុធ​កំពុង​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ។ ទន្ទឹម​នឹង​ការ​ព្រមាន​ផ្ទាល់​មាត់​នេះ លោក ស ខេង មាន​ជំនឿ​ថា ស្នងការ​ខេត្ត​ចំនួន​បី​នេះ នឹង​ចាប់​ខ្លួន​ជនល្មើស​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ប្លន់​កន្លង​មក​នេះ។ លោក​ថា នេះ​ជា​វិញ្ញាសា​មួយ​ដែល​លោក​យល់​ថា ក្រុម​ស្នងការ​នគរបាល និង​អ្នក​ពាក់ព័ន្ធ​អាច​ធ្វើ​បាន ប៉ុន្តែ លោក ស ខេង មិន​បាន​ចោទ​សួរ​ទៅ​ស្នងការ​នគរបាល​រាជធានី ទាក់ទង​ករណី​ឆក់​ប្លន់​កើន​ឡើង​នេះ​ទេ៖ «តើ​ធ្វើ​បាន ឬ​ធ្វើ​មិន? តែ​ខ្ញុំ​ថា​ដាច់ខាត​ធ្វើ​បាន ហើយ​បើ​ធ្វើ​មិន​បាន សូម​អស់​លោក​ដក​ស័ក្ដិ​ខ្លួន​ឯង មិន​បាច់​ខ្ញុំ​ដក​ទាន់​ទេ»

ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គឺ​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កុំ​ឲ្យ​ដោះ​លែង​ទណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ប្លន់ និង​រឿង​គ្រឿង​ញៀន ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ជន​ប្រព្រឹត្តិ​មុខ​ដដែលៗ។ លោក ហ៊ុន សែន ថែម​ទាំង​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​រឿង​លើក​លែង​ទោស​នេះ។

ទាក់ទង​រឿង​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បាន​ចេញ​លិខិត​កោះ​ហៅ​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ទូទាំង​ប្រទេស ប្រជុំ​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ខាង​មុខ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នឹង​មាន​ជជែក​ទាក់ទង​ករណី​បទល្មើស​ប្លន់​កើត​ឡើង​ខ្លាំង​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ថា កិច្ច​ប្រជុំ​នោះ​ក៏​ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ថា ប៉ូលិស​ចាប់​ជនល្មើស ប៉ុន្តែ​តុលាការ​ជា​អ្នក​ដោះ​លែង៖ «ដើម្បី​អនុវត្ត​ការងារ​ទាំង​នេះ​បាន ទាល់​តែ​ស្ថាប័ន​ប៉ូលិស កង​រាជ​អាវុធហត្ថ និង​ព្រះរាជអាជ្ញា យល់​ការងារ​គ្នា ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក។ ប៉ូលិស​ចាប់​ជនល្មើស​មក​ហើយ តុលាការ​ដោះ​លែង ហើយ​តុលាការ​ថា​គ្មាន​ភស្តុតាង របាយការណ៍ ឬ​ក៏​អនុវត្ត​ខុស​នីតិវិធី»

សព្វថ្ងៃ​នេះ ករណី​ឆក់​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើង​យ៉ាង​គំហុក​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ជាពិសេស​នៅ​ពេល​យប់ ដោយ​ក្រុម​ល្មើស​ធ្វើ​សកម្មភាព​មាន​អាវុធ​ទៀត​ផង ក្នុង​នោះ​មាន​ករណី​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ករណី​ប្លន់​អាជីវករ​លក់​គ្រឿង​អលង្ការ និង​ទីតាំង​ផ្ទេរ​ប្រាក់​វីង (Wing) ចំនួន ៣​កន្លែង​ផ្សេង​គ្នា រួម​មាន​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កណ្ដាល ដោយ​ឧក្រិដ្ឋជន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់ ហើយ ៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​មុខ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បញ្ចេញ​ទស្សនៈ​ថា បទល្មើស​ឆក់​ប្លន់​ដែល​កើត​ឡើង​ខ្លាំង​នេះ បណ្ដាល​មក​ពី​ការ​រីក​រាល​ដាល​ល្បែង​ស៊ី​សង ការ​ចរាចរ​គ្រឿង​ញៀន ភាព​មិន​ប្រក្រតី​នៃ​ការ​ដោះ​លែង​អ្នក​ទោស។ លោក​ថា បើ​ទប់ស្កាត់​ឫសគល់​បញ្ហា​ទាំង​នេះ ទើប​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ទទួល​បាន​ជោគជ័យ។ លោក សន ជ័យ ស្នើ​ទៅ​មន្ត្រី​ថ្នាក់​ដឹក​នាំ គិតគូរ​ផ្តល់​មធ្យោបាយ​ទៅ​មន្ត្រី​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​ផង ទន្ទឹម​នឹង​ការ​ដាក់​បទបញ្ជា៖ «រដ្ឋ​ត្រូវ​ធានា​ថា ការ​បែង​ចែក​ថវិកា​ការ​ចំណាយ​ទៅ​លើ​ការ​បំពេញ​បេសកកម្ម​នោះ មាន​ផែនការ​ច្បាស់លាស់ តម្លាភាព ពេល​នេះ​ទើប​ធ្វើ​ឲ្យ​ការ​បំពេញ​ផែនការ​ដំណើរ​ការ​នោះ​ល្អ»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​ស្នងការ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ផ្សេង​ទៀត ឲ្យ​មាន​វិធានការ​ជាក់លាក់ មិន​ត្រូវ​រង់ចាំ​បទល្មើស​កើត​ឡើង​ហើយ ទើប​ពង្រឹង​វិធានការ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត សមត្ថកិច្ច​ត្រូវ​ស្គាល់​ទីតាំង​ដែល​ខ្លួន​ឈរ​ជើង​ឲ្យ​បាន​ច្បាស់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

stupid leader

That's stupid govn't with many stupid pple running the country that cause cambodia slow development .Same thug faces ,same failure ,same job ,same uneducational ,same one party ruler ,same mafia govn't ,same corrupter,same criminal network ,same coup d'etat and nothing new .

Dec 19, 2015 10:30 AM

ជៃ

បាយឡុកបាយឡ

Dec 16, 2015 07:43 AM

អ្នក​អាន​អនាមិក

ពី USA

Well, well Mr Hun Sen you think you came up with a good idea to threaten province position where they have rubbers with guns, how about this, Cambodian people threaten to remove you from office because can not do your job cause the country has rubbers with guns.

Dec 16, 2015 03:01 AM

អ្នក​អាន​អនាមិក

ពី usa

well, well I thought Mr Hun Sen said court is court, he can't involve tell court what to do, why now he orders court to do thing, not to release people. Mr Hun Sen is a HYPOCRETE!

Dec 16, 2015 02:39 AM

អ្នក​អាន​អនាមិក

ត្រូវ ចាត់ការ ដាក់ទោស តុលាការ ឧបករណ៍ នយោបាយ ដែល ស៊ីសស៊ុះគ្នា
ដោះលែង ចោរ ផង !

Dec 15, 2015 11:56 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល