ក្រសួង​ប្រៃសណីយ៍​ថា មិន​ទាន់​ទទួល​ដំណឹង​រឿង​ចិន​គ្រោង​បាញ់​បង្ហោះ​ផ្កាយរណប ហើយ​អាច​ធ្លាក់​កម្ទេច​ក្នុង​ដែន​អាកាស​ខ្មែរ

ដោយ មាន ឫទ្ធិ
2019-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសញ្ញា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍
រូបសញ្ញា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍
រូប​ពី​ហ្វេសប៊ុក​​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​មុន​ម៉ោង​ផ្សាយ​នេះ​បន្តិច​ថា គិត​មក​ទល់​ពេល​នេះ ក្រសួង​ប្រៃសណីយ៍ នៅ​មិនទាន់​ទទួល​បាន​ការ​ជូនដំណឹង​ណាមួយ ពី​សំណាក់​ភាគី​ចិន ជុំវិញ​រឿង​ចិន​គ្រោង​បាញ់​បង្ហោះ​ផ្កាយរណប​នៅ​ប្រទេស​ខ្លួន ហើយ​កម្ទេចកំទី​ពី​ការ​បាញ់​បង្ហោះ​នេះ អាច​ធ្លាក់​ចូល​មក​ក្នុង​ដែនអាកាស​កម្ពុជា៖ «ខ្ញុំ​មិន​ដឹង​ថា នៅ​ស្រុក​ចិន​ហ្នឹង គាត់​បង្ហោះ​នៅ​គន្លង​ណា​ទេ​។ ប៉ុន្តែ​ជាទូទៅ បើ​យើង​នៅ​ប្រទេស​ជិត​គ្នា ដូចជា​ឡាវ វៀតណាម អី​ហ្នឹង គឺ​យើង​តែងតែ​ជូន​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក សូម្បីតែ​ដំឡើង​ស្ថានីយ​ផ្កាយរណប​នៅ​លើ​ដី ក៏​យើង​ត្រូវតែ​ជូន​ព័ត៌មាន​គ្នា​ដែរ ហើយ​យើង​ត្រូវ​មាន​ច្បាប់​ពី ITU ដែរ​។ គេ​មាន Forms គេ​ដែល​ត្រូវ​បំពេញ ត្រូវ​ជូន​ព័ត៌មាន។ ប៉ុន្តែ ដោយឡែក​នៅ​ប្រទេស​ចិន ខ្ញុំ​មិន​បាន​ព័ត៌មាន​ហ្នឹង​ទេ»

ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​រូប​នេះ កើតមាន​ក្រោយពី​មាន​សារព័ត៌មាន​អនឡាញ​ផ្សាយ​ជា​ភាសា​អង់គ្លេស ឈ្មោះ រ៉ុកកែត រ៉ាន់ដោណ (Rocket Rundown) មាន​ប្រភព​នៅ​សហរដ្ឋអាមេរិក ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ តុលា ថា ចិន​គ្រោង​បាញ់​រ៉ុកកែត​បង្ហោះ​ផ្កាយរណប​ឈ្មោះ Long March 4C នៅ​ថ្ងៃ​ទី​៣ តុលា នៅ​វេលា​ម៉ោង ១៨៖៤៤ នាទី​ល្ងាច ម៉ោង​សាកល ត្រូវ​នឹង​ម៉ោង ១៖៤៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៤ តុលា នៅ​កម្ពុជា។

សារព័ត៌មាន​ដដែល​នេះ រាយការណ៍​បន្ត​ថា កម្ទេចកំទី​ពី​ការ​បាញ់​បង្ហោះ​ផ្កាយរណប​នេះ អាច​នឹង​ធ្លាក់​ចូល​ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​។ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ជាក់លាក់​នៅឡើយ សារព័ត៌មាន​ដដែល​នេះ រាយការណ៍​ថា ការ​បាញ់​រ៉ុកកែត​នេះ គឺ​ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​ប្រមូល​ព័ត៌មាន​អំពី​អាកាសធាតុ​។ ការ​បាញ់​បង្ហោះ​ផ្កាយរណប​នេះ នឹង​ធ្វើ​ឡើង​ចេញពី​ស្ថានីយ៍​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្មោះ Taiyuan Satellite Launch Center មាន​មូលដ្ឋាន​នៅ​ខេត្ត​សានឈី (Shanxi) ភាគ​ខាងជើង​ប្រទេស​ចិន មាន​ចម្ងាយ​ប្រមាណ​ជាង ២​ពាន់ ៦​រយ​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ។​អាស៊ីសេរី​កំពុង​ព្យាយាម​ទាក់ទង​ស្ថានទូត​ចិន​នៅ​កម្ពុជា និង​ពី​ស្ថាប័ន សហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ ហៅ​កាត់​ថា ITU ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​បញ្ហា​នេះ។

យ៉ាងណាក៏ដោយ លោក មាស ប៉ូ ថា ខាង​ក្រសួង​នឹង​ធ្វើ​ការស្រាវជ្រាវ​បន្ថែម​ពី​ករណី​នេះ ដើម្បី​ជូនដំណឹង​ទៅ​ពលរដ្ឋ​ពាក់ព័ន្ធ ប្រសិនបើ​មានរឿង​នេះ​កើតមានឡើង​មែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល