បុគ្គលិក​បើកបរ​រថយន្ត​ពិធីការ​ផ្លូវ​រដ្ឋ​តវ៉ា​ទាមទារ​ប្រាក់​ធ្វើ​ការ​លើស​ម៉ោង​ជាង​៣​ឆ្នាំ

ដោយ សេក បណ្ឌិត
2015-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​អ្នក​តវ៉ា លោក យ៉ែម សុជាតិ បុគ្គលិក​ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស (Royal Cambodian Limousine Service) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
តំណាង​អ្នក​តវ៉ា លោក យ៉ែម សុជាតិ បុគ្គលិក​ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស (Royal Cambodian Limousine Service) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Sek Bandith

បុគ្គលិក​ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស (Royal Cambodian Limousine Service) តវ៉ា​ដោយ​នាំ​គ្នា​លើក​បដា​នៅ​មុខ​ច្រក​ចូល​ក្រុមហ៊ុន ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ថ្លៃ​ធ្វើ​ការ​លើស​ម៉ោង​រយៈពេល​ជាង ៣​ឆ្នាំ​ចុង​ក្រោយ។ ប៉ុន្តែ​ការ​ទាមទារ​នេះ ត្រូវ​បាន​ភាគី​ខាង​ក្រុមហ៊ុន​បដិសេធ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​អ្នក​បើកបរ​រថយន្ត​ពិធីការ​ផ្លូវ​រដ្ឋ​សំខាន់ៗ ចេញ​មុខ​តវ៉ា​នៅ​ទី​សាធារណៈ បន្ទាប់​ពី​ការ​ចរចា​ច្រើន​លើក​តាម​ច្បាប់​មិន​ត្រូវរ៉ូវ​គ្នា។

ក្នុង​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​ខោ​អាវ​ពណ៌​ទឹក​ប៊ិច ដែល​ភាគ​ច្រើន​ជា​បុរស​សង្ហា មាន​មុខ​ងារ​ជា​អ្នក​បើកបរ​រថយន្ត​ពិធីការ​សម្រាប់​ភ្ញៀវ​អន្តជាតិ​សំខាន់ៗ​នោះ បាន​នាំ​គ្នា​លើក​បដា​ទូង​ស្គរ ប្រកាស​ទាមទារ​រក​យុត្តិធម៌ ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស រំលោភ​បំពាន​ការងារ​គាត់​នៅ​ថ្ងៃ​ទី​២៧ កក្កដា។

អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​គ្នា​ប្រមាណ​ជាង ៤០​នាក់ លោក យ៉ែម សុជាតិ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ចង់​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈ្នួល​ធ្វើ​ការ​កន្លង​មក​រយៈពេល ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ចាប់​តាំង​ពី​ពេល​ចូល​ធ្វើ​ការ​កាល​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ឆ្នាំ​២០១៤ ពីព្រោះ​ក្រុមហ៊ុន​ពុំ​ដែល​បាន​ទូទាត់​ប្រាក់​ធ្វើ​ការ​លើស ៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដល់​បុគ្គលិក​នោះ​ឡើយ និង​សូម​ឲ្យ​ផ្តល់​ប្រាក់​សម្រាប់​សុខភាព ១៥​ដុល្លារ​ក្នុង​មួយ​ខែ​ថែម​ទៀត៖ «មិន​ដែល​គិត​ប្រាក់​បន្ថែម​ម៉ោង​ឲ្យ​ពួក​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​នោះ​ឡើយ ពួក​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​កាល​ពី​ពេល​កន្លង​មក ព្រោះ​តែ​បម្រើ​សេវាកម្ម​ទាំង​យប់​ទាំង​ថ្ងៃ បាយ​ទឹក​ក៏​ក្រុមហ៊ុន​មិន​គិត​ដែរ សុំ ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ទិញ​ទឹក​ហូប​ក៏​អត់​បាន​ដែរ»

ស្រប​ពេល​គ្នា​នោះ អ្នក​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​កាល​ពី​ដើម​ខែ​កក្កដា នេះ៖ «ពួក​ខ្ញុំ​បាន​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ហើយ​បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​ក្រុមហ៊ុន​សង​មួយ​ថ្ងៃ ៤​ម៉ោង​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ តែ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នោះ​ទេ»

តែ​ទោះ​យ៉ាង​ណា ប្រធាន​ផ្នែក​ធនធាន​មនុស្ស អ្នកស្រី រ័ត្ន វណ្ណៈ តំណាង​ខាង​ក្រុមហ៊ុន បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​ទាមទារ​ប្រាក់​ធ្វើ​ការ​លើស​ម៉ោង​ការងារ​រដ្ឋបាល ដែល​បាន​ព្រមព្រៀង​គ្នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ​នោះ៖ «ការងារ​បើកបរ​មិន​ដូច​រោងចក្រ​ទេ ដែល​ចូល​មក​មាន​ការងារ​ធ្វើ​ភ្លាម​នោះ​ទេ ព្រោះ​អី​ក្រុមហ៊ុន​ជា​ប្រភេទ​ភ្ញៀវ វី.អាយ.ភី (VIP) គណៈប្រតិភូ​អ៊ីចឹង​ទាល់​តែ​មាន​បុកឃីង (Booking) បាន​យើង​ចេញ​ដំណើរ​ការ អ៊ីចឹង​អ្វី​ដែល​យើង​ដោះដូរ​កន្លង​មក​ហ្នឹង ពេល​ណា​គាត់​រវល់ គឺ​គាត់​ត្រូវ​តែ​ធ្វើ​ការងារ​នោះ​ឲ្យ​ចប់​កាតព្វកិច្ច​របស់​គាត់ នៅ​ថ្ងៃ​បន្ទាប់​បាន​យើង​និយាយ​ដោះដូរ​ថ្ងៃ​ឈប់​គ្នា​សង​វិញ»

បុគ្គលិក​បើកបរ​រថយន្ត​ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស (Royal Cambodian Limousine Service) លើក​បដា​តវ៉ា​មុខ​ច្រក​ចូល​ក្រុមហ៊ុន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Sek Bandith
បុគ្គលិក​បើកបរ​រថយន្ត​ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស (Royal Cambodian Limousine Service) លើក​បដា​តវ៉ា​មុខ​ច្រក​ចូល​ក្រុមហ៊ុន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Sek Bandith

អ្នកស្រី​បន្ត​ថា ដោយ​ការ​មិន​យល់​គ្នា​កន្លង​មក​នោះ ទើប​នៅ​ឆ្នាំ​២០១៥ នេះ ក្រុមហ៊ុន​បាន​រៀបចំ​ប្រព័ន្ធ​ម៉ោង​ធ្វើ​ការ​ដោយ​មាន​ម៉ាស៊ីន​ថត​ខ្ចៅ​ដៃ​ពេល​ចេញ​ចូល​ធ្វើ​ការ ហើយ​បើ​មាន​ករណី​លើស​ម៉ោង ក្រុមហ៊ុន​បាន​គិត​ប្រាក់​បន្ថែម​ម៉ោង​ជូន​ពួក​គាត់​តាម​ច្បាប់​ការងារ។ ចំពោះ​ចំណុច​មួយ​ចំនួន​ដែល​មិន​ទាន់​សះ​ជា​នឹង​គ្នា ក្នុង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នោះ ក្រុមហ៊ុន​បាន​បន្ត​ប្ដឹង​ទៅ​តាម​ផ្លូវ​តុលាការ​ទៀត។

ទោះ​យ៉ាង​ណា​ក្តី ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា បើ​មិន​មាន​ដំណោះស្រាយ​តាម​ការ​ទាមទារ​នោះ​ទេ ឬ​មាន​ការ​បញ្ឈប់​បុគ្គលិក​ណា​ម្នាក់​ដែល​ចូលរួម​តវ៉ា​នោះ ពួក​គេ​នឹង​នាំ​គ្នា​តវ៉ា​ដល់​ប្រមុខ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​ពួក​គេ​ធ្លាប់​បម្រើ​សេវាកម្ម​ជូន​កន្លង​មក​នោះ ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ក្នុង​រឿង​នេះ។

ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូសីន សឺវីស ជា​សាខា​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង និង​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៩ មក ដោយ​ទទួល​ការងារ​ផ្តាច់​មុខ​ខាង​ពិធីការ​ទទួល​បដិសណ្ឋាកិច្ច​ភ្ញៀវ​ជាតិ​អន្តរជាតិ​សំខាន់ៗ ដែល​មក​ប្រជុំ ឬ​ទស្សនកិច្ច​នៅ​កម្ពុជា ដូចជា​កិច្ច​ប្រជុំ​អាស៊ាន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គួរតែមានដំណោះស្រាយ១ដ៏សមរម្យសំរាប់បុគ្គលិកដើម្បីប្រយោជន៌រួម

Jul 27, 2015 04:09 PM

គេហទំព័រ​ទាំងមូល