លោក ស ខេង ឲ្យ​កែ​ច្បាប់​ចរាចរណ៍​ដាក់​ទោស​ធ្ងន់​លើ​អ្នក​បើក​បរ​មាន​ផ្ទុក​សារ​ធាតុ​​ញៀន

ដោយ អូន ភាព
2020-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ស្រូវ​បើក​លឿន​រេ​ចង្កូត​​ក្រឡាប់​​ខ្លួន​ឯង​ របួស​មនុស្ស ២នាក់ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ១១ ចំណុច​ផ្លូវ​កែង ក្នុង​ភូមិ​ពាម​កោះ ឃុំ​ពាមរក៍ ឃុំ​កំពង់​ត្របែក ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
រថយន្ត​ដឹក​ស្រូវ​បើក​លឿន​រេ​ចង្កូត​​ក្រឡាប់​​ខ្លួន​ឯង​ របួស​មនុស្ស ២នាក់ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ១១ ចំណុច​ផ្លូវ​កែង ក្នុង​ភូមិ​ពាម​កោះ ឃុំ​ពាមរក៍ ឃុំ​កំពង់​ត្របែក ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​នគរបាល​ជាតិ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បញ្ជា​ឲ្យ​​កែ​សម្រួល​​ច្បាប់​ចរាចរណ៍ ដាក់​ទោស​ធ្ងន់ធ្ងរ ដល់​អ្នក​បើក​បរ​មាន​ផ្ទុក​សារធាតុ​គ្រឿង​​ញៀន។ អ្នក​ឃ្លាំមើល​សុវត្ថិភាព​​ បង្ហាញ​ការ​គាំទ្រ និង​ជំរុញ​​ឲ្យ​​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ពេល​កែប្រែ​រួច​។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍ ​លោក ស ខេង​ បញ្ជាក់​​ថា មូល​ហេតុ​ដែល​​ចង់​កែប្រែ​​ច្បាប់​ចរាចរណ៍​ដាក់​ទោស​​អ្នក​បើក​បរ​មាន​ផ្ទុក​​សារ​ធាតុ​ញៀន​ឲ្យ​ធ្ងន់​​នេះ ដោយសារ​​របាយការណ៍​របស់​អាជ្ញាធរ​​រាជធានី​ភ្នំពេញ បង្ហាញ​ថា អ្នក​បើក​បរ​ឡាន​​ធំ​ចូល​ក្រុង​​ភាគ​ច្រើន មាន​ផ្ទុក​សារធាតុ​ញៀន។ ក្រៅពី​​នេះ លោក ស ខេង ក៏​ណែនាំ​ឲ្យ​សមត្ថកិច្ច បន្ថែម​វិធានការ​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ពេល​យប់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់៖ «ឮថា ភ្នំពេញ​ទេ ឃួង ស្រេង រាយការណ៍​មក​ម្សិលមិញ ឡាន​ ប៉ូលិស​ភ្នំពេញ​គេ​ត្រួត​ពិនិត្យ​ឡាន អា​ឡាន​ធំៗ អ្ហា ធំៗ ចូល​ ចូល​ភ្នំពេញ​ សុទ្ធ​តែ​គ្រឿងញៀន អ្នក​បើក​បរ​សុទ្ធ​តែ​គ្រឿង​ញៀន។ អា​នេះ ធំ​ណាស់ អ៊ីចឹង ដល់​យើង​កែប្រែ​ច្បាប់​អ្វី​ហ្នឹង ដាក់​អា​នេះ​ឲ្យ​ខ្លាំង​បន្តិច»

លោក​ ស ខេង ថ្លែង​បែប​នេះ ក្នុង​ពិធី​​​ សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែ​មករា ឆ្នាំ​២០២០ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៧ កុម្ភៈ។ របាយការណ៍ ​របស់​គណៈកម្មាធិការ​​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​​ផ្លូវគោក ​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​​ខែ​​មករា ដើម​ឆ្នាំ​នេះ កើត​ឡើង​​នៅ​ពេល​យប់​ ច្រើន​ជាង​ពេល​ថ្ងៃ។

ពេញ​មួយ​ខែ​មករា ឆ្នាំ២០២០ គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើង ៣៥៨លើក បណ្ដាល​ឲ្យ​ស្លាប់​ពលរដ្ឋ ២០៦នាក់ និង​របួស ៥៥៨នាក់។ តួលេខ​​នេះ គឺ​កើន​ឡើង​លើស​ខែ​មករា ឆ្នាំ២០១៩ ចំនួន ៨ភាគ​រយ ស្មើ​នឹង ២៧ករណី។ ឯ​អ្នក​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ពេញ​មួយ​ខែ​មករា ឆ្នាំ២០២០ ក៏​កើន​ឡើង​ជាង​ខែ​មករា ឆ្នាំ២០១៩ ដែរ គឺ​កើន​​​​អ្នក​ស្លាប់ ៥៨នាក់ កើន​អ្នក​របួស ៤១នាក់។

បន្ថែម​ពី​លើ​ការ​ចង់​កែប្រែ​ច្បាប់​ចរាចរណ៍ លោក ស ខេង ក៏​ជំរុញ​ជា​ថ្មី ឲ្យ​​នគរបាល​ចរាចរណ៍ អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​ ដោយ​​ហាម​ឃាត់ និង​​ផាក​ពិន័យ​ឲ្យ​បាន​ស្មើ​ភាព​គ្នា រវាង​ពលរដ្ឋ​សាមញ្ញ និង​មន្ត្រី​រាជការ ឬ​​ឥស្សរជន​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក ស​ ខេង សរសើរ​នគរបាល​ចរាចរណ៍​ថា ធ្វើ​បាន​ល្អ ក្នុង​​សកម្មភាព​ផាក​ពិន័យ​កន្លង​មក ព្រោះ​បាន​ធ្វើ​ឲ្យ​អ្នក​បើកបរ​ខ្លាច​រអា​ និង​គោរព​ច្បាប់​ចរាចរណ៍​ ដោយ​ពាក់​មួក​ការពារ​សុវត្ថិភាព​ស្ទើរ ១០០ភាគ​រយ។

លោក​រដ្ឋ​មន្ត្រី​ក៏ជំរុញ​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ពង្រឹង​សីលធម៌ វិជ្ជា​ជីវៈ និង​​វិន័យ​​ ដោយ​ត្រូវ​លើក​​ដៃ​គោរព​ ចំពោះ​​អ្នក​បើកបរ​ទូទៅ ទាំង​ឥស្សរៈ​ជន​​ធំៗ និង​​ពលរដ្ឋ​សាមញ្ញ​ មុន​នឹង​អនុវត្ត​នីតិវិធី​ផាក​ពិន័យ។

នាយក​​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក គង់ រតនៈ យល់​ថា បើ​ត្រឹម​តែ​ការ​កែប្រែ​ច្បាប់​ចរាចរណ៍ ​មិន​ទាន់​មាន​ភាព​ប្រសើរ​​ទេ សំខាន់​គឺ​ការ​អនុវត្ត​ច្បាប់​​ឲ្យ​បាន​ពេញ​លេញ ទើប​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន។ លោក​ថា អ្នក​​បើក​បរ​ឡាន​ធំៗ មាន​ផ្ទុក​សារធាតុ​ញៀន មាន​ចំនួន​ច្រើន​ជាង​​របាយការណ៍​របស់​អាជ្ញាធរ​ ដែល​បាន​បញ្ជូន​ទៅ​ថ្នាក់​លើ។

អ្នក​ឃ្លាំ​មើល​សុវត្ថិភាព​ចរាចរណ៍​រូប​នេះ​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ ចំពោះ​ពលរដ្ឋ​ និង​អ្នក​​មាន​អំណាច​ មិន​ទាន់​មាន​ភាព​ពេញ​លេញ និង​ស្មើ​ភាព​គ្នា​ទេ។ ចំណែក​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់​កើត​ឡើង​ច្រើន មិន​មែន​ដោយសារ​​អ្នក​បើក​បរ​មិន​ពាក់​មួក​សុវត្ថិភាព ឬ​​នគរបាល​ចរាចរណ៍​ មិន​សូវ​រឹត​បន្តឹង​ទេ គឺ​បណ្ដាល​មក​ពី​​គ្រឿង​ស្រវឹង។

លោក គង់ រតនៈ បន្ត​ថា របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​យប់​កន្លងមក ច្រើន​ដាក់​ថា ដោយ​សារ​បើក​ហួស​ល្បឿន​កំណត់។ តែ​លោក​រក​ឃើញ​ថា ឫសគល់ នៃ​​ការ​បើក​បរ​លឿន ភាគ​ច្រើន​ ដោយ​សារ​អ្នក​បើក​បរ​សេព​គ្រឿង​ស្រវឹង។ លោក​ថា ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​យប់ រដ្ឋាភិបាល​ត្រូវ​ដាក់​​ចេញ​វិធានការ​ទប់​ស្កាត់​គ្រឿង​ស្រវឹង និង​រឹត​បន្តឹង​ការ​​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់៖ «ដើម្បី​ពង្រឹង​អា​ហ្នឹង​បាន សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ហ្នឹង ត្រូវ​រឹត​បន្តឹង​ច្បាប់​ ឲ្យ​បាន​ ជាប់​លាប់ ហើយ​ជា​ពិសេស​នៅ​ពេល​យប់​តែ​ម្ដង ពីព្រោះ​ថា ខ្ញុំ​គិត​ថា អ្នក​ដែល​មិន​ពិសា​ស្រា អត់​មាន​ហេតុផល​អ្វី ដើរ​យប់​ច្រើន​ទេ លើកលែង​ករណី​ចាំបាច់ សុខភាព​អ្វី​ផ្សេងៗ។ ក៏​ប៉ុន្តែ​អ្នក​ដើរ​លេង​យប់​ហ្មង គាត់​ប៉ះពាល់​ជាមួយ​នឹង​គ្រឿងញៀន គ្រឿង​ស្រវឹង​ហ្នឹង ខ្ញុំ​ជឿជាក់​ថា គាត់​ចរាចរណ៍​ពេល​យប់​ច្រើន។ ផល​លំបាក​ គឺ​ក្រុម​គាត់​ហ្នឹង​ហើយ។ យើង​គួរ​តែ​រឹត​បន្តឹង​ឲ្យ​បាន​ជាប់​លាប់ អា​ហ្នឹង​យើង​ធានា​បាន​នូវ​សុវត្ថិភាព​ទាំងអស់​គ្នា»

លោក ស ខេង ក៏​ធ្លាប់​ផ្ដល់​យោបល់​ថា គ្រោង​នឹង​កែ​អនុក្រឹត្យ ដើម្បី​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច មាន​សិទ្ធិ​ព្រមាន​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ចំនួន ៣ដង រួច​​ត្រូវ​ដក​សិទ្ធិ​បើកបរ​​រយៈ​ពេល ១ឆ្នាំ ទៅ ២ឆ្នាំ។ ដោយ​ឡែក អ្នក​បើក​បរ​ទាំង​ឡាន និង​ម៉ូតូ ដែល​មាន​សារធាតុ​គ្រឿងញៀន​វិញ លោក​ប្រាប់​សមត្ថកិច្ច កុំ​បាច់​និយាយ​ច្រើន គឺ​ត្រូវ​ដក​​ហូត​សិទ្ធិ​​​បើកបរ​​ពេញ​មួយ​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល