រដ្ឋ​មន្ត្រី​មហាផ្ទៃ ព្រមាន​ស្នងការ​ខេត្ត​កណ្ដាល​ថា ខ្ជីខ្ជា​ការ​ងារ និង​ដឹកនាំ ក្រោយ​​ពី​​​បញ្ឈរ​ជើង​​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​ល្បែង​​ស៊ីសង​ជា​​ច្រើន​នាក់​

ដោយ ហេង រស្មី
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និងលោក អ៊ាវ ចំរើន ​​ស្នងការ​ខេត្ត​កណ្ដាល។
លោក ស ខេង (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និងលោក អ៊ាវ ចំរើន ​​ស្នងការ​ខេត្ត​កណ្ដាល។
រូប៖ ហ្វេសប៊ុក Pol. Gen. Neth Savoeun, Commissioner General of National Police

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ព្រមាន​ស្នងការ​ខេត្ត​កណ្ដាល​លើក​ទី១ ដោយ​មូល​ហេតុ​ខ្ជីខ្ជា​ការងារ​គ្រប់គ្រង និង​ដឹកនាំ​។ សង្គម​ស៊ីវិល​ថា ​ការ​ដំឡើង​ឋានន្តរ​សក្ដិ របស់​មន្ត្រី​រាជការ​មិន​ឆ្លង​កាត់​ ការ​យល់​ព្រម​ ឬ​សួរ​មតិ​ថ្នាក់​ក្រោម ទើប​បណ្ដាល​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត។

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ព្រមាន​​ចាត់​វិធានការ​តាម​វិន័យ​កង​នគរបាល​ជាតិ ប្រសិន​​​​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន មិន​កែប្រែ​កំហុស​ និង​ឥរិយាបថ​ ដឹកនាំ តាម​ការ​ណែនាំ​របស់​លោក។ ប៉ុន្តែ​មិន​បង្ហាញ​ជាក់​លាក់​ថា វិធានការ​នោះ ជា​អ្វី​ឡើយ។ លិខិត​ចុះ​ថ្ងៃ​ទី​២៥ កក្កដា តែ​ទើប​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​លោក​ ស ខេង ​ស្ដី​បន្ទោស​​ស្នងការ​ខេត្ត​កណ្ដាល​​ថា ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​គ្រប់គ្រង និង​ដឹកនាំ​។

នៅ​មុន​ការ​ចេញ​លិខិត​នេះ ច្រើន​ខែ គឺ​កំឡុង​ខែ​ឧសភា ក្រសួង​មហាផ្ទៃ ធ្លាប់​​​ចាត់​ក្រុម​អធិការ​កិច្ច​ ចុះ​ទៅ​ស៊ើប​អង្កេត ​ករណី​​ប៉ូលិស​១២​នាក់ លាក់​អត្តសញ្ញាណ​ បាន​​​សរសេរ​លិខិត​ ​ប្ដឹង​ថា​ ​ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ដឹកនាំ​របៀប​​ប្រើ​អំណាច​ផ្ដាច់ការ ​ធ្វើបាប​កូនចៅ ​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ លិខិត​​អនាមិក នោះ​ ចុះ​ថ្ងៃទី​១៩ ខែ​មេសា ​មាន​​ផ្ដិត​ស្នាម​មេដៃ​​​ ចំនួន ១២​មេដៃ តែ​មិន​បង្ហាញ​ឈ្មោះ​ឡើយ។ អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ធ្លាប់​បាន​បដិសេធ​​​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​អនាមិក​នោះ ដោយ​សំអាង​ថា មាន​ភាព​មិន​ច្បាស់​លាស់។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ លោក អ៊ាវ ចំរើន មិន​​ធ្វើ​អត្ថាធិប្បាយ​ទេ ចំពោះ​ការ​ព្រមាន​របស់​ លោក ស ខេង​ នេះ៖ «ខ្ញុំ​យល់​ថា ខ្ញុំ​អត់​ត្រូវ​មាន​អ្វី ត្រូវ​បក​ស្រាយ​អ្វី​ទេ​ណា។ សុំ​ទោស​ណា»

ក្រោយ​មាន​លិខិត​អនាមិក​ប្ដឹង​លោក អ៊ាវ ចំរើន ក្រុម​ប៉ូលិស​ចំនួន ១០៤​នាក់ ​ក្រោម​បង្គាប់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​ផ្ដិត​មេដៃ​ធានា​អះអាង​ថា លោក អ៊ាវ ចំរើន មិន​បាន​ដឹក​នាំ​របៀប​ផ្ដាច់​ការ​ ពុក​រលួយ ​ឬ​ធ្វើ​បាប​កូន​ចៅ​ទេ។ ស្នាម​មេដៃ​របស់​ក្រុម​ប៉ូលិស​ទាំង ១០៤​នាក់ បាន​បង្ហាញ​ឈ្មោះ និង​តួនាទី​ច្បាស់​លាស់ ដែល​មាន​ចាប់​ពី​ស្នងការ​រង​ខេត្ត​កណ្ដាល ដល់​មន្ត្រី​ប៉ូលិស​មូលដ្ឋាន។ ក្រុម​ប៉ូលិស​ទាំង ១០៤​នាក់ ចោទ​ថា លិខិត​អនាមិក មាន​ចេតនា​បំបែក​បំបាក់​សាមគ្គី​ផ្ទៃ​ក្នុង​ដោយសារ ខឹង​លោក អ៊ាវ ចំរើន បញ្ជា​ឲ្យ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង ជល់​មាន់ អាប៉ោង កាលពី​កំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។

កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា លោក អ៊ាវ ចំរើន បញ្ជា​ឲ្យ​បង្ក្រាប​ទី​តាំង​ល្បែង​ជល់​មាន់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ពាម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង។ លោក អ៊ាវ ចំរើន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ទីតាំង​ជល់​មាន់​នោះ បើក​ ៥ថ្ងៃ​ជាប់​គ្នា​ កំឡុង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ តែ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ដឹង ហើយ​ក្នុង​ចំណោម​មនុស្ស​នៅ​សៃវៀន​ជល់​មាន់​ជាង ៣០០​នាក់ សមត្ថកិច្ច​ចាប់​បាន ៤នាក់ ឯ​ជាង ៣០០​នាក់​ទៀត ខ្លះ​រត់​ចោល​ស្បែក​ជើង ម៉ូតូ​ ឡាន និង​មាន់​ជល់​ច្រើន​ក្បាល។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្នងការ​ខេត្ត​កណ្ដាល បាន​ដក​មន្ត្រី​ប៉ូលិស​មូលដ្ឋាន ៣នាក់ ពី​តំណែង គឺ​អធិការ​នគរបាល​ស្រុក​ស្អាង លោក សេង សុជាតិ អធិការរង​នគរបាល​ស្រុក​ស្អាង លោក ស៊ុប លាង​សែ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល លោក ជៃ សំអាត ​ឲ្យ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការ​ខេត្ត​កណ្ដាល​ ដើម្បី​ត្រួត​ពិនិត្យ​ការងារ​រដ្ឋបាល។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ព្រមាន​​របៀប​ស្ដី​បន្ទោស​ តាម​នីតិវិធី​រដ្ឋ​បាល ជា​ការ​ល្អ។ តែ​ការ​ពិនិត្យ​វាយ​តម្លៃ​ការងារ និង​របៀប​កែ​ប្រែ​ឥរិយាបថ​ការងារ បន្ទាប់​ពី​ស្ដី​បន្ទោស​រួច​ មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​អនុវត្ត​ត្រឹមត្រូវ​ទេ។ លោក​ថា ការ​ស្ដី​បន្ទោស ឬ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ការ​បង្ហាញ​ថា ការ​ដំឡើង​ឋានន្តរ​សក្ដិ​​ស្នង​ការ​ខេត្ត​កណ្ដាល​កន្លង​មក​ មាន​ភាព​មិន​ប្រក្រតី និង​មិន​បាន​សុំ​យោបល់​មន្ត្រី​ថ្នាក់​ក្រោម ទើប​មាន​​ការ​ជំទាស់​ពី​ថ្នាក់​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល