អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់​បច្ចេកទេស​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តាម​សាលា​រៀន

ដោយ ជិន ជេដ្ឋា
2015-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​សាលា​បឋម​សិក្សា​អារញ្ញ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន នៅ​ក្នុង​បរិវេណ​សាលា ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។
សិស្ស​សាលា​បឋម​សិក្សា​អារញ្ញ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន នៅ​ក្នុង​បរិវេណ​សាលា ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Chin Chetha

គ្រូ​បង្គោល​នៃ​កម្មវិធី​ត្រៀម​បម្រុង​ឆ្លើយ​តប​នឹង​គ្រោះ​អាសន្ន​នៅ​តាម​សាលា​រៀន មក​ពី​ខេត្ត​ចំនួន​បួន គឺ​កំពង់ឆ្នាំង កំពង់ចាម ពោធិ៍សាត់ និង​ខេត្ត​ព្រះវិហារ បាន​ជួប​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង។

ក្រុម​គ្រូ​បង្គោល​ទាំង​នោះ ជួប​ជុំ​គ្នា​ដើម្បី​ទទួល​យក​ចំណេះ​ដឹង និង​បច្ចេកទេស​បង្ការ​គ្រោះ​មហន្តរាយ​នៅ​តាម​សាលា​រៀន តាម​រយៈ​ការ​បង្កើត​ផែនការ​សង្គ្រោះ​កុមារ ឬ​បង្កើត​គណៈកម្មការ​បង្ការ​គ្រោះ​ធម្មជាតិ​ប្រចាំ​សាលា។

អង្គការ សេវ ឌឹ ឆិលដ្រិន (Save the Children) បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​បួន​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​ឧសភា ស្ដីពី​ការ​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន និង​ការ​ប្រារព្ធ​ទិវា​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​នៅ​តាម​សាលា​រៀន។ សិក្ខាកាម​ដែល​ជា​មន្ត្រី​រាជការ សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​នេះ ហើយ​ត្រៀម​យក​ចំណេះ​ដឹង​ទៅ​អនុវត្ត​ក្នុង​ខេត្ត​របស់​ខ្លួន។

នាយក​ប្រតិបត្តិ​កម្មវិធី នៃ​អង្គការ សេវ ឌឹ ឆិលដ្រិន លោក ម៉ូត សាណា មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​អនុវត្ត​លើ​ខេត្ត​ចំនួន​៤ ដែល​ធ្លាប់​រងគ្រោះ​ដោយ​ព្យុះ​កេតសាណា និង​គ្រោះ​ទឹក​ជំនន់​ញឹកញាប់។ លោក​ថា សុវត្ថិភាព​សិស្ស​សាលា គឺ​ជា​ការ​ណែនាំ​របស់​ក្រសួង​អប់រំ។ ដូច្នេះ អង្គការ​លោក​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដូច​គ្នា​នេះ​ច្រើន​ដង​នៅ​ថ្នាក់​ជាតិ ហើយ​ទើប​ឈាន​មក​រៀបចំ​នៅ​ខេត្ត​កំពង់ឆ្នាំង៖ «គោល​បំណង​របស់​កម្មវិធី​នេះ គឺ​ចង់​បង្កើន​ចំណេះ​ដឹង​ថា នៅ​ពេល​ដែល​យើង​មាន​ផែនការ​នេះ​ហើយ នៅ​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង សាលា​នៅ​តែ​ដំណើរ​ការ។ នៅ​ក្នុង​នោះ លោកគ្រូ​អ្នកគ្រូ និង​សហគមន៍ ត្រូវ​រួម​គ្នា​ដើម្បី​បង្កើត​ជា​កន្លែង​រៀន​បណ្ដោះអាសន្ន។ នៅ​ក្នុង​នោះ​ទាក់ទង​នឹង​វិស័យ​អប់រំ អង្គការ សេវ ឌឹ ឆិលដ្រិន បាន​បង្រៀន​បន្ថែម​ទៀត​នូវ​បច្ចេកទេស ដែល​ហៅ​ថា បង្រៀន​យក​កុមារ​ជា​គោល»

លោក​បញ្ជាក់​ថា ក្រៅ​ពី​ផ្ដល់​បច្ចេកទេស​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​តាម​សាលា​ដល់​មន្ត្រី​អប់រំ និង​តំណាង​សហគមន៍ អង្គការ​ក៏​នឹង​ទំនុក​បម្រុង​សម្ភារៈ​ខ្លះ ដើម្បី​អនុវត្ត​ផ្ទាល់​នៅ​តាម​សាលា​នីមួយៗ​ដែរ។

គណៈអធិបតី​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នា​ថ្ងៃ​ចុង​ក្រោយ និង​ជា​អនុប្រធាន​ការិយាល័យ​បឋម​សិក្សា នៃ​មន្ទីរ​អប់រំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ សាវឿន ថ្លែង​ស្វាគមន៍​ចំពោះ​ផែនការ​បង្ការ​គ្រោះ​អាសន្ន​ចំពោះ​សិស្ស ព្រោះ​គម្រោង​នេះ​បាន​ផ្ដោត​ពី​សុវត្ថិភាព​ទូទៅ​របស់​សិស្ស ដែល​រាប់​ទាំង​ករណី​បាក់​មែក​ឈើ​សង្កត់​លើ​សិស្ស ឬ​ក្មេង​ទំនើង​ចូល​វាយ​សិស្ស​ក្នុង​សាលា ជាដើម។ លោក​រំឭក​ថា នៅ​ទូទាំង​ខេត្ត​មាន​សាលា​បឋម​សិក្សា​ចំនួន ២៧៣​កន្លែង ហើយ​សាលា​ខ្លះ​ក៏​ធ្លាប់​មាន​បញ្ហា​ទាំង​នេះ​ដែរ៖ «ដូច​កាល​ពី​ឆ្នាំ​២០១១ នៅ​សាលា​បឋម​សិក្សា​ខ្សាម និង​សាលា​បឋម​សិក្សា​សំរោង បាន​លិច​ដោយ​គ្រោះ​ទឹក​ជំនន់​ទន្លេ​សាប បណ្ដាល​ឲ្យ​រលំ​ដើម​ឈើ លិច​បន្ទប់​រៀន​បណ្ដាល​ទទឹក​សម្ភារៈ​សិក្សា និង​សៀវភៅ​គ្រូ​ជាដើម»

ចំណែក​សិក្ខាកាម​ម្នាក់​មក​ពី​ខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ការិយាល័យ​អធិការកិច្ច​នៃ​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់ លោក អេង គឹមហួយ ថ្លែង​ថា វិធី​បង្ការ​គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ និង​គ្រោះ​អាសន្ន​ផ្សេង​ទៀត រូប​លោក​បាន​យល់​ដឹង​បន្ទាប់​ពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ។ លោក​ថា ចាប់​ពី​ឆ្នាំ​២០១៥ ទៅ​លោក​នឹង​ផ្សព្វផ្សាយ និង​ចាត់ចែង​ឲ្យ​គ្រប់​សាលា​ដែល​ធ្លាប់​រងគ្រោះ អនុវត្ត​គម្រោង​នេះ៖ «ក្រោយ​សិក្ខាសាលា​នេះ​ត​ទៅ សាលា​នៅ​ពោធិ៍សាត់ ឲ្យ​មាន​គម្រោង​នេះ។ លោក ជិន ជេដ្ឋា៖ យើង​ធ្វើ​ម៉េច​បាន​អាច​រៀបចំ​បាន​ទៅ? វា​អត់​លំបាក​ទេ ដោយសារ​មន្ទីរ​មាន​ការិយាល័យ​អប់រំ​ស្រុក អ៊ីចឹង​យើង​អញ្ជើញ​មន្ត្រី​ការិយាល័យ​ស្រុក​មក​ប្រជុំ​អាណត្តិ និង​បង្ហាញ​ផែនការ​ពី​នេះ​ទៅ​មួយ​ឲ្យ​ជា​គំរូ ហើយ​មន្ត្រី​អប់រំ​ស្រុក​អញ្ជើញ​នាយក​សាលា​ក្រោម​ឱវាទ​ទាំងអស់ ដោយ​យក​អា​សៀវភៅ​ហ្នឹង​ទៅ​មើល ហើយ​មន្ទីរ និង​ការិយាល័យ​ស្រុក​ទៅ​ជួយ​រៀបចំ​គាត់»

អង្គការ សេវ ឌឹ ឆិលដ្រិន បាន​ប្រើ​ពាក្យ​ស្លោក​នៅ​លើ​អាវ​យឺត ដែល​ចែក​ជូន​សិក្ខាកាម និង​តំណាង​សហគមន៍​មក​ពី​ខេត្ត​ទាំង​បួន​ថា សុវត្ថិភាព​ក្នុង​សាលា​រៀន និង​សហគមន៍ គឺ​ជា​សុវត្ថិភាព​របស់​កុមារ។ រយៈពេល​បួន​ថ្ងៃ​នៃ​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង សិក្ខាកាម និង​គណៈ​គ្រប់គ្រង​សាលា​បឋម​សិក្សា​អារញ្ញ បាន​ព្រាង​សៀវភៅ​មួយ​ក្បាល​កម្រាស់ ៤៤​ទំព័រ ស្ដីពី​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន​នៅ​តាម​សាលា​រៀន សម្រាប់​អនុម័ត​ប្រើប្រាស់​ក្នុង​សាលា​ផង និង​ធ្វើ​ជា​គំរូ​ដល់​សាលា​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល