នាយក​វិទ្យាល័យ​ជីភូ​ក្រុង​បាវិត​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ ម៉ែន សុធីរ
2015-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
RFA/Chum Rasy

ថ្នាក់​ដឹក​នាំ​នៃ​វិទ្យាល័យ ជីភូ ក្រុង​បាវិត ខេត្ត​ស្វាយរៀង រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​គ្រូបង្រៀន​រក​ឃើញ​ថា នាយក​សាលា និង​នាយក​រង​វិទ្យាល័យ ជីភូ ឃុបឃិត​គ្នា​កិបកេង​កញ្ចប់​ថវិកា​ភីប៊ី (PB) ដែល​បាន​មក​ពី​ក្រសួង​អប់រំ និង​ប្រាក់​ម៉ោង​គ្រូបង្រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ។

ចំណែក​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អះអាង​ថា ករណី​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ គឺ​កើត​ឡើង​ស្ទើរ​តែ​គ្រប់​សាលា តែ​លោក​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​លើ​បញ្ហា​នេះ​ពី​ក្រសួង​ឡើយ។

ក្រុម​គ្រូបង្រៀន​វិទ្យាល័យ ជីភូ ឋិត​នៅ​ភូមិ​សំពោតប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ មេសា អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ ចុះ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ថវិកា​ភីប៊ី​របស់​ក្រសួង​អប់រំ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ជប៉ុន ដែល​ផ្តល់​ឲ្យ​សាលា​មួយ​ឆ្នាំ ៤​ដង ដែល​មាន​ទឹក​ប្រាក់ ២.៥០០​ដុល្លារ​ដល់ ៣​ពាន់​ដុល្លារ ដើម្បី​អភិវឌ្ឍ​សាលា។ ក៏ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​ទាំង​នោះ​អះអាង​ថា ថវិកា​របស់​ក្រសួង​អប់រំ រួម​ទាំង​ថវិកា SIG របស់​សហរដ្ឋ​អាមេរិក ផង មិន​ត្រូវ​បាន​នាយក​សាលា​យក​មក​អភិវឌ្ឍ​សាលា​រៀន តាម​គោលការណ៍​កំណត់​របស់​ក្រសួង​ឡើយ ជា​កត្តា​ចម្បង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​អប់រំ។

តំណាង​គ្រូបង្រៀន​ម្នាក់​ដែល​បង្រៀន​គណិតវិទ្យា ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា នាយក​វិទ្យាល័យ ជីភូ លោក ចិន វ៉ុន និង​លោក​នាយក​រង មាឃ សាម៉ន ឃុបឃិត​គ្នា​ប្រើ​ឈ្មោះ​ខ្មោច​គ្រូ​ចំនួន ៨​នាក់ ដើម្បី​បើក​ប្រាក់​បៀវត្សរ៍​រៀង​រាល់​ខែ តែ​មិន​ដែល​មក​ធ្វើ​ការ​ឡើយ។ លោក​បន្ត​ថា ឈ្មោះ​ខ្មោច​ចំនួន ៨​នាក់​នោះ​មាន​ការងារ​ធ្វើ​ផ្សេងៗ​នៅ​ខាង​ក្រៅ ដូចជា ខ្លះ​កាត់​ដេរ​រោងចក្រ ខ្លះ​ទៀត​ធ្វើ​ជា​ជាង​ជួសជុល​ទូរស័ព្ទ ជាដើម។ បន្ថែម​ពី​លើ​នេះ​ទៀត នាយក​វិទ្យាល័យ​នេះ​បាន​កេង​ប្រវ័ញ្ច​ប្រាក់​បន្ថែម​ម៉ោង​របស់​គ្រូ និង​មាន​ចេតនា​ប្រើ​កាលវិភាគ​គ្រូបង្រៀន​មិន​ស្រប​នឹង​កាលវិភាគ​របស់​មន្ទីរ​អប់រំ។

លោក​ថា សកម្មភាព​ខាង​លើ​នេះ គឺ​នាយក​សាលា​ប្រព្រឹត្ត​តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​សព្វថ្ងៃ មិន​ទាន់​មាន​មន្ត្រី​មន្ទីរ​អប់រំ​ចុះ​ត្រួត​ពិនិត្យ​ឡើយ។ លោក​បារម្ភ​ថា បើ​នាយក​សាលា និង​បក្ខពួក​នៅ​តែ​ប្រព្រឹត្ត​ទង្វើ​ដូច្នេះ​ទៀត នឹង​បង្ក​ឲ្យ​គុណភាព​អប់រំ​កាន់​តែ​ធ្លាក់​ចុះ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​សិក្សា​២០១៤ សិស្ស​ប្រឡង​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ជីភូ មាន​ចំនួន​ជាង ២០០​នាក់ ក្នុង​នោះ​មាន​សិស្ស​មិន​ដល់ ២០​នាក់​ទេ​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ លោក​ចាត់​ទុក​ថា នេះ​ជា​សញ្ញា​អវិជ្ជា​យ៉ាង​ធ្ងន់ធ្ងរ នៃ​ការ​ធ្លាក់​ចុះ​វិស័យ​អប់រំ អាច​ទាក់ទិន​គ្រូ បង្រៀន​មិន​គ្រប់​ម៉ោង ការ​ខកខាន​មិន​មក​បង្រៀន និង​ភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់គ្រង​ថវិកា និង​កត្តា​គ្រប់គ្រង​ជាដើម៖ «លាក់​គ្រូ ៨​នាក់​ស៊ី​ប្រាក់​ខែ​រាល់​ថ្ងៃ​ហ្នឹង​ចែក​គ្នា ជា​ថវិកា​សម្រាប់​លោកគ្រូ​អ្នកគ្រូ ស.ប.ស.ខ គាត់​មិន​បាន​យក​មក​បង់​ឲ្យ​គេ​ទេ»

ជាមួយ​គ្នា​នេះ​ដែរ សិស្ស​ថ្នាក់​ទី​១០​បេ នៃ​វិទ្យាល័យ ជីភូ យុវ​សិស្ស ឈឹម សុន ឲ្យ​ដឹង​ថា គ្រូ​មក​បង្រៀន​មិន​បាន​ដិតដល់ បង្ក​ឲ្យ​រូប​គេ និង​មិត្ត​រួម​ថ្នាក់​មួយ​ចំនួន មិន​ចង់​ចូល​សាលា។ ជា​ហេតុ​ធ្វើ​ឲ្យ​ចំណេះ​ដឹង​របស់​សិស្ស​កាន់​តែ​ធ្លាក់​ចុះ និង​មាន​សិស្ស​មួយ​ចំនួន​លះបង់​ការ​សិក្សា ព្រោះ​តែ​ខ្វះ​ជំនឿ​លើ​ការ​បង្រៀន។ យុវ​សិស្ស​ដដែល អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ មេត្តា​បញ្ជូន​គ្រូបង្រៀន​ដល់​សាលា​ឲ្យ​បាន​គ្រប់គ្រាន់៖ «គ្រូ បង្រៀន​អត់​សូវ​ដិតដល់ គាត់​បង្រៀន ១​ម៉ោង​ខាន ១​ម៉ោង ខ្ញុំ​សូម​ឲ្យ​គ្រូៗ​មក​បង្រៀន​សិស្ស​ឲ្យ​បាន​ដិតដល់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ពី​នាយក​វិទ្យាល័យ ជីភូ លោក ចិន វ៉ុន បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ មេសា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​នាយក​រង​សាលា​ដែល​រង​ការ​ចោទ​ដែរ លោក មាឃ សាម៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មេសា ថា លោក​បដិសេធ​ការ​លើក​ឡើង​របស់​ក្រុម​គ្រូបង្រៀន ដោយ​លើក​ហេតុផល​ថា ឈ្មោះ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តែ​មិន​មក​បង្រៀន គឺ​ពួក​គាត់​កំពុង​បន្ត​ការ​សិក្សា​នៅ​បរទេស ដូចជា​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​កូរ៉េ តែ​លោក​មិន​បាន​បញ្ជាក់​ពិស្ដារ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​កញ្ចប់​ថវិកា​ភីប៊ី​របស់​ក្រសួង​អប់រំ ទេ៖ «រដ្ឋមន្ត្រី​ទៅ​រៀន​ខ្លះ​យក​បណ្ឌិត ខ្លះ​បន្ត​យក ម៉ាសស្ទ័រ (Master) នៅ​វៀតណាម ហើយ​នៅ​កូរ៉េ»

ក្រុម​គ្រូបង្រៀន​អះអាង​ថា ឈ្មោះ​ខ្មោច​ចំនួន ៨​នាក់​ដែល​មិន​មក​បង្រៀន ដោយ​ចាំ​តែ​បើក​ប្រាក់​ខែ គឺ គង់ ប្រណិត យ៉ែម សំអ៊ាន់ ពិន ថន្ថន ម៉ែន សុវណ្ណា យ៉ាំ ឌីណា ព្រំ សារ៉ន ខ្នាន់សុំ ពណ៌សំរេច និង​រដ្ឋ សំអាត។ បន្ថែម​ពី​លើ​នេះ​ទៀត គ្រូបង្រៀន​ដែល​បាន​បង្រៀន​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន ២​នាក់ ដែល​ពួក​គាត់​មិន​បាន​រាប់​បញ្ជូន​ក្នុង​ចំណោម​អ្នក​ទាំង ៨​នាក់​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បញ្ហា​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ មេសា ព្រោះ​លោក​កំពុង​ជាប់​ប្រជុំ៖ «សុំ​ទោស​ខ្ញុំ​ចាប់​ផ្ដើម​ប្រជុំ​គ្នា​ហើយ»

ក្នុង​ករណី​នេះ អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា បញ្ហា​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ គឺ​តែង​តែ​កើត​ឡើង​ស្ទើរ​តែ​គ្រប់​សាលា​ទាំងអស់។ លោក​បន្ត​ថា ក្រសួង​ត្រូវ​មាន​វិធានការ​ជា​បន្ទាន់ ជុំវិញ​ទុក្ខ​កង្វល់​របស់​លោកគ្រូ​អ្នកគ្រូ​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​គ្រប់គ្រង​ថវិកា។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ ចុះ​ស៊ើប​អង្កេត​ទៅ​លើ​សាលា​រៀន​ដែល​មាន​ឈ្មោះ​ខ្មោច ជា​កត្តា​បង្ក​ភាព​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ការ​សិក្សា​របស់​សិស្ស​ជាដើម៖ «អ្វី​ដែល​លោកគ្រូ​លើក​ឡើង​ហ្នឹង​វា​ប្រាកដ​ជា​ការ​ពិត​ហើយ ក្រសួង​អប់រំ ត្រូវ​មាន​វិធានការ​ព្រោះ​រឿង​នេះ​វា​ជា​រឿង​ដដែលៗ»

នាយក​រង​វិទ្យាល័យ ជីភូ ឲ្យ​ដឹង​ថា វិទ្យាល័យ​នេះ​មាន​អគារ​ចំនួន ៥ ក្នុង​នោះ​មាន​បន្ទប់​សិក្សា​ចំនួន ៣២​បន្ទប់ និង​សិស្ស​សរុប​ចំនួន ១.៤៧៩​នាក់ ក្នុង​នោះ​សិស្ស​ស្រី​ចំនួន ៥៧៨​នាក់ មាន​គ្រូ​សរុប​ចំនួន ៦២​នាក់ ក្នុង​នោះ​មាន​ស្រី ៨​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

som chetra

ពី Bavet City

ខ្ញុំជាអតិតសិស្សនៅវិទ្យាល័យជីភូនេះដែរ កាលខ្ញុំនៅរៀនពិតជាមានអំពើពុករលយនេះមែន ដោយពេលប្រឡងម្តងៗ(ពេលប្រលងឆមាស)​បើមានសិស្សណាឲ្យលុយលោកគ្រូ(ប្រហែល៦០០០០៛កាលខ្ញុំនៅរៀនឆ្នាំ២០១០​ថ្នាក់ទី១២) ពួកគេនឹងបានពិន្ទុរល្អ។ សូមក្រសួងដែលពាក់ព័ន្ទចុះសើុបអង្កេតជាបន្ទាន់ពីបញ្ហានេះ។ ព្រោះឥលូវក្មួយខ្ញុំកំពុងសិក្សានៅទីនោះដែរ។

May 01, 2015 12:22 PM

គេហទំព័រ​ទាំងមូល