មន្ត្រី​និង​អាជីវករ​ពិភាក្សា​គ្នា​អំពី​សង្វាក់​តម្លៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា

ដោយ ដែន អយុធ្យា
2015-06-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល សិក្សា​អំពី «​សង្វាក់​តម្លៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា» ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៅ​លើ​ទីផ្សារ​អន្តរជាតិ និង​ពង្រឹង​គុណភាព ឬ​តម្លៃ​សមរម្យ នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៥។
កិច្ច​ប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល សិក្សា​អំពី «​សង្វាក់​តម្លៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា» ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៅ​លើ​ទីផ្សារ​អន្តរជាតិ និង​ពង្រឹង​គុណភាព ឬ​តម្លៃ​សមរម្យ នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ធនធាន​ជលផល​សមុទ្រ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ជួប​ប្រជុំ​គ្នា​សិក្សា​អំពី​សង្វាក់​តម្លៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​ឲ្យ​មាន​គុណភាព និង​មាន​តម្លៃ​សមរម្យ។

​បញ្ហា​នេះ មន្ត្រី​ស្ថាប័ន​ជលផល បាន​ស្នើ​ឲ្យ​ក្រុម​អាជីវករ​នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ ត្រូវ​ចូល​រួម​សហការ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា ទទួល​បាន​ការ​គាំទ្រ​នៅ​លើ​ទីផ្សារ​បរទេស​ឲ្យ​បាន​ទូលំទូលាយ។

ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឈួន ចំណាន មាន​ប្រសាសន៍​ថា ផលិតផល​ជលផល​សមុទ្រ​កម្ពុជា បច្ចុប្បន្ន​មិន​ទាន់​មាន​គុណភាព​អាច​ដណ្ដើម​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​ទូលំទូលាយ​ទេ។ លោក​ថ្លែង​បែប​នេះ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ចពិភាក្សា​ស៊ី​ជម្រៅ​ជាមួយ​តំណាង​វិស័យ​ឯកជន សមាគម និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ​នានា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ពិភាក្សា​ទៅ​លើ​សង្វាក់​តម្លៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា ដើម្បី​បង្កើន​គុណភាព និង​ជំរុញ​ការ​នាំ​ចេញ។

​លោក​ឲ្យ​ដឹង​ថា គម្រោង​កម្មវិធី​លើក​កម្ពស់​គុណភាព​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា ដែល​ចុះ​អនុវត្ត​គម្រោង ឬ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ហៅ​កាត់ យូនីដូ (UNIDO) ពេល​នេះ បាន​កំណត់​ខេត្ត​គោលដៅ​ចំនួន ៣ មាន​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។ លោក​ថា កម្មវិធី​នេះ បាន​ផ្ដោត​លើ​គោល​អភិវឌ្ឍន៍​ចម្បង​ចំនួន​ពីរ រួម​មាន៖ ការ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំ​ចេញ របស់​វិស័យ​ផលិត​ជលផល​សមុទ្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បើក​ទីផ្សារ​ថ្មី និង​កែ​លម្អ​ការ​កំណត់​តម្លៃ​នៃ​ការ​នាំ​ចេញ។

លោក​បណ្ឌិត ឈួន ចំណាន ស្នើ​ដល់​វិស័យ​ឯកជន ឬ​អ្នក​កែច្នៃ ផលិតផល​ជលផល​សមុទ្រ​កម្ពុជា ត្រូវ​ចូលរួម​សហការ​ជាមួយ​អង្គការ​យូនីដូ ដើម្បី​ឈាន​ដល់​កែច្នៃ​ផលិតផល​សមុទ្រ​របស់​ខ្លួន​ឲ្យ​មាន​គុណភាព និង​ទទួល​ស្គាល់​ជា​អន្តរជាតិ៖ «ដូច​ដឹង​ស្រាប់​ហើយ​ថា ផ្នែក​កែច្នៃ​ផលិតផល​ជលផល​សមុទ្រ​របស់​កម្ពុជា នៅ​មាន​កម្រិត​នៃ​ការ​នាំ​ចេញ ដោយសារ​តែ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាដើម គឺ​នៅ​មាន​កម្រិត។ ជា​រៀងរាល់​ឆ្នាំ​ការ​នាំ​ចេញ​ជលផល​កម្ពុជា គឺ​នៅ​មាន​របាំង​ពាណិជ្ជកម្ម​មួយ​ចំនួន ជាពិសេស​គឺ​ពាក់ព័ន្ធ​បញ្ហា​អនាម័យ និង​គុណភាព​ជាដើម»

​បញ្ហា​នេះ លោក សុខ ណារិន នាយក​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម បាន​ស្នើ​ដល់​វិស័យ​ឯកជន ត្រូវ​សហការ​​ជាមួយ​អង្គការ​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អង្គការ​នេះ មាន​អ្នក​ឯកទេស​ជំនាញ​ខាង​កែច្នៃ​ផលិតផល​ជលផល​សមុទ្រ រង់ចាំ​ប្រឹក្សា ឬ​ជួយ​ផ្ដល់​បច្ចេកទេស​ដល់​ការ​ផលិត​ឲ្យ​មានគុណ​ភាព ដើម្បី​ឈាន​ទៅ​ដណ្ដើម​ទីផ្សារ​អន្តរជាតិ​បាន​ជោគជ័យ​នា​ថ្ងៃ​អនាគត។

​លោក សុខ ណារិន ថ្លែង​ថា តាមរយៈ​កិច្ចពិភាក្សា​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាង​មុខ​ទៅ​លើ​សង្វាក់​តម្លៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា នឹង​អាច​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា នៅ​លើ​ទីផ្សារ​អន្តរជាតិ បាន​ទាំង​តម្លៃ និង​គុណភាព៖ «គោលបំណង​មួយ​ទៀត ក៏​ដើម្បី​កំណត់​ជ្រើសរើស​នូវ​អ្នក​កែច្នៃ ខ្នាត​តូច និង​មធ្យម ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស សំដៅ​ពង្រឹង​គុណភាព ឬ​សមត្ថភាព​នាំ​ចេញ​ផលិតផល​ជលផល​សមុទ្រ​​កម្ពុជា របស់​ក្រុម​អ្នក​កែច្នៃ ឬ​អ្នក​ផលិត​ទាំង​អស់។ ក្នុង​ន័យ​ឲ្យ​ការ​កែច្នៃ​គ្រឿង​សមុទ្រ​កម្ពុជា ឲ្យ​មាន​សុវត្ថិភាព និង​គុណភាព ដើម្បី​បម្រើ​ទីផ្សារ​ក្នុង​ស្រុក និង​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​ថ្ងៃ​អនាគត»

​ទាក់ទិន​បញ្ហា​នេះ លោក នេន ចំរើន ប្រធាន​ជលផល​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ការ​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​តំណាង​វិស័យ​ឯកជន ឬ​ម្ចាស់​កែច្នៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា ពេល​នេះ។ លោក​ថា វិស័យ​ឯកជន ត្រូវ​សហការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ជាមួយ​អ្នក​ជំនាញ​អង្គការ​យូនីដូ ដើម្បី​ឲ្យ​ការ​កែច្នៃ​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា មាន​គុណភាព​ខ្ពស់ និង​បង្កើន​ការ​នាំ​ចេញ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ថ្ងៃ​អនាគត។

​ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ឈួន ចំណាន ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ពាណិជ្ជកម្ម​ត្រី តំណាង​ឲ្យ​ប្រភព​ដ៏​សំខាន់​នៃ​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ផ្ដល់​ផល​ចំណេញ​ដល់​អ្នកនេសាទ អ្នក​កែច្នៃ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​រាប់​លាន​នាក់។ លោក​ថា ប្រទេស​កម្ពុជា ចាត់​ទុក​ការ​នាំ​ចេញ​ផលិតផល​ជលផល​ជា​អាទិភាព​កំពូល និង​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ឆ្នាំ​២០១៣ របស់​រដ្ឋាភិបាល ហើយ​ថា ផល និង​ផលិតផល​ជលផល​កម្ពុជា មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​នាំ​ចេញ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា បាន​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ចាប់​ពី​ឆ្នាំ​២០០០​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

មាលា

ពី ព្រះវិហារ

ជាដំបូងពង្រឹងលើការវេចខ្ចប់ ឲ្យមានកម្រិតស្តង់ដាផង។ វិស័យរដ្ឋត្រូវជួយសម្រួល​ផ្នែក​សេវាកម្ម និង​រកទីផ្សារ។ ជាទូទៅទោះ
បីមានលិខិតផ្លូវការពីរដ្ឋបង្ហាញផង ក៏នៅតែត្រូវបង់កម្រៃក្រៅផ្លូវការ ដល់មន្រ្តីត្រួតពិនិត្យ។ ការណ៏ទាំងនោះហើយដែលធ្វើឲ្យ អ្នកវិនិ
យោគល្អៗអស់ទឹកចិត្ត លាឈប់ នៅសល់តែអ្នកវិនិយោគកាប់ដាវ។ តើបរិយាកាសវិនិយោគ​នៅកម្ពុជាទៅជាយ៉ាងណា? នាំឲ្យស្ថានភាពវិនិយោគគ្មានលំនឹង ប្រជារាស្រ្តអស់សង្ឃឹមនិង​ផលិតកសិផល ព្រោះតែគ្មានតម្លាភាពនៅ
ក្នុងការអនុវត្តន៏។ នេះក៏ដោយសារតែគ្មាន ការតាមដាន និងពិនិត្យលើការអនុវត្តន៏នោះហើយ។

Jun 27, 2015 12:29 AM

គេហទំព័រ​ទាំងមូល